មន្ត្រី​ស្និទ្ធ​នឹង​នាយក​រដ្ឋមន្ត្រី​រង​ការ​គំរាម​សម្លាប់​​

11/03/2014 0 Comments A+ a-

មន្ត្រី​ជាន់ខ្ពស់​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​គេ​ស្គាល់​ថា ជា​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី អះអាង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា គាត់​ត្រូវបាន​គេ​គំរាម​សម្លាប់​ជាច្រើនលើក ខណៈ​ចុះបង្ក្រាប​អ្នកប្រព្រឹត្ត​អំពើ​ពុករលួយ​។​
ការអះអាង​នេះ ធ្វើឡើង​នៅពេល​លោក ឆ្លើយតប​ទៅនឹង​ការ​ចោទសួរ​របស់​អ្នកវិភាគ ក្រុមនិស្សិត និង​ពលរដ្ឋ​ប្រមាណ​២០០​នាក់ ដែល​បាន​ចូល​រួម​​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី «​ការបញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​» ក្នុង​សកល​វិទ្យាល័យ​ខេមរៈ​នៅ​ព្រឹក​ថ្ងៃ​នេះ​។​
oum-yinteang-140115--samean--2014-11-02
ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ លោក ឱម យ៉ិនទៀង កាល​ពី​កន្លង​ទៅ (រូបថត៖ ឡាយ សាមាន)
ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា លោក​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់ ២​ដង ដោយសារ​លោក​បង្ក្រាប​អ្នកប្រព្រឹត្ត​អំពើ​ពុករលួយ​។ លោក​បញ្ជាក់ថា ការ​គំរាម​សម្លាប់​នោះ គឺ​គេ​មិន​សម្លាប់​ដោយ​អាវុធ​ទេ ប៉ុន្តែ​គឺ​គេ​សម្លាប់​ក្នុង​រូបភាព​គ្រោះ​ថ្នាក់​​ចរ​រាចរ​ណ៍​។ លោក​ថា មាន​ករណី​គំរាម​បោះ​គ្រឿងញៀន​ចូល​រថយន្ត​របស់​ពួកលោក បន្ទាប់​ពី​អង្គភាព​នេះ​ចាប់​អ្នក​ប្រព្រឹត្ត​ល្មើស​ផ្ទួនៗ​ក្នុង​រយៈពេល​ ចុងក្រោយ​នេះ​។
លោក ឱម យ៉ិនទៀង បន្ថែមថា ការចុះ​បង្ក្រាប​អំពើ​ពុករលួយ​នេះ​មិន​ងាយស្រួល​នោះទេ ដោយសារ​អង្គភាព​ត្រូវការ​ភស្តុតាង​ច្បាស់លាស់​ច្រើន ដើម្បី​អាច​ដាក់បន្ទុក​លើ​អ្នក​ប្រព្រឹត្ត​ល្មើស ព្រោះ​ជនល្មើស​មាន​ប្រព័ន្ធ​តុលាកា​ការពារ​។ លោក​បន្ថែមថា ករណី​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​វិស័យ​សុខាភិបាល កន្លងមក ដែល​អង្គភាព​តម្រូវ​ឲ្យ​ត្រឹមតែ​សង​ប្រាក់​ទៅ​ម្ចាស់​ជំនួយ​វិញ​នោះ ដោយសារ ករណី​នេះ​កើតឡើង​មុន​ពេល​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ចូល​ជា​ធរមាន​។​
ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​សរសើរ​ពី​ការបំពេញ​ការងារ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ តែ​លោក​ថា ប្រសិនបើ​សូម្បីតែ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ក៏​រង​ការ​គំរាម​សម្លាប់​ដែរនោះ មានន័យ​ថា អំពើ​ពុករលួយ និង​និទណ្ឌភាព​នៅ​កម្ពុជា​ស្ថិតក្នុងស​ភាព​ធ្ងន់ធ្ងរ​ណាស់​៕ ប្រភព ៖ VOD