ឃាត់ខ្លួនកម្មករសំណង់២នាក់ ជាប់ពាក់ព័ន្ធចាក់សម្លាប់ជាមេការរបស់ខ្លួន
រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឃាត់ខ្លួនបុរសជាកម្មករសំណង់២នាក់ ពីបទជាប់ពាក់ព័ន្ធចាក់សម្លាប់មនុស្សម្នាក់ ជាមេការរបស់ពួកគេ នៅក្នុងរឿងទំនាស់មួយក្នុងពេលផឹកស៊ីស្រវឹង កាលពីម៉ោងប្រហែលជាង១១រំលងអាធ្រាត្រ នាថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ ២១៤ នៅក្នុងបរិវេណការដ្ឋានសំណង់មួយ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំងពីរមានឈ្មោះ ខែន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហួន ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ។ ទាំងពីរនាក់មានមុខរបរ ជាកម្មករសំណង់ និងស្នាក់នៅក្នុងការដ្ឋានសំណង់ស្ថិតក្នុងចំណុច កើតហេតុខាងលើ។
ក្រុមកម្មករដែលបានដឹងហេតុការណ៍នេះ បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានកំពុងតែដេកលង់លក់នៅក្នុងបន្ទប់ការដ្ឋានសំណង់នេះ លុះដល់ម៉ោង១១ យប់ក្រុមកម្មករបានស្រែកឡូឡារំខានដល់អ្នកដទៃ គ្មានអ្នកណាហ៊ានមកស្តី បន្ទោសអោយឡើយ ពេលនោះជនរងគ្រោះឈ្មោះ សាយ វែង ភេទប្រុសអាយុ២៩ឆ្នាំ ដែលជាអ្នកមើលការខុសត្រូវក្នុងការដ្ឋាននេះ បានក្រោកពីដំណេកដើរមកស្ដីបន្ទោសអោយ កុំអោយស្រែកឡូឡារំខានដំណេក គេឯង។ ពេលនោះគេឃើញ ឈ្មោះ ខែន ពិសិដ្ឋ និងឈ្មោះ ហួន ចំរើនបានឈ្លោះតបតដោយពាក្យសំដីគ្នាតឹងសរសៃកជាមួយជនរងគ្រោះ ហើយក៏បានចាក់ជនរងគ្រោះចំដើមទ្រូងធ្លាយបណ្តាលអោយស្លាប់តែម្តង។
ភ្លាមៗនោះក្រុមកម្មករបានផ្អើល ហើយបាននាំគ្នាចាប់ឃាត់ខ្លួនជនដៃដល់ទុក រួចក៏ទូរស័ព្ទហៅឪពុកជនរងគ្រោះនិងនគរបាលមូលដ្ឋាន មកកន្លែងកើតហេតុជួយអន្តរាគមន៏ ចាប់ខ្លួនជនទាំងពីរនាក់នេះ។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋានចាត់ការតាមច្បាប់ ។
ជនសង្ស័យ
សាកសពបុរសជាមេការ
ប្រភពពី Free Press Magazine