ជម្លោះ​រឿង​គោ​ចូល​ស៊ី​អំពៅ​ យុវជន​ចិត្ត​ភ្លើង​ម្នាក់​ទាញ​ពូថៅ​មក​កាប់​ប្រហារ​ស្ត្រី​​អ្នក​ជាប់​ផ្ទះ​គ្នា​ម្តាយ​ស្លាប់​កូនស្រី​របួសធ្ងន់​ចៅប្រុស​អាយុ​១​ខួប​កន្លះ​របួសស្រាល​

11/18/2014 0 Comments A+ a-


lamuxjks
ខេត្ត​ត្បូងឃ្មុំ​ ៖​ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អ​ធ័​ម​ និង​កូនស្រី​បាន​រង​របួស​ធ្ងន់ធ្ងរ​ រួម​នឹង​ចៅប្រុស​ រង​របួសស្រាល​ បន្ទាប់​ពី​ត្រូវ​បាន​ យុវជន​ចិត្ត​ភ្លើង​ម្នាក់​ យក​ពូថៅ​ទៅ​កាប់​ប្រហារ​ ក្នុង​ខ​ណះ​ពេល​គ្រួសារ​ជន​រង​គ្រោះ​ និង​គ្រួសារ​ជន​ដៃដល់​ កំពុង​ឈ្លោះប្រកែក​គ្នា​ រឿង​សត្វ​គោ​របស់​គ្រួសារ​ ជន​ដៃដល់​ ចូល​ទៅ​ស៊ី​អំពៅ​ក្នុង​ចម្ការ​របស់​គ្រួសារ​ជន​រង​គ្រោះ​។​
ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៥​ និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ស្ថិត​ក្នុងភូមិ​ស្ពាន​ជ្រៃ​ ឃុំ​ដូនតី​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​
អធិការ​នគរបាល​ស្រុក​ពញាក្រែក​លោក​ ឱម​ មុន្នី​វណ្ណ​ បាន​ឲ្យ​នគរវត្ត​ដឹង​ថា​ ជនសង្ស័យ​ដៃដល់​ ឈ្មោះ​ តាក​ សិត​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​  បាន​រត់គេច​ខ្លួន​ឆ្លង​ព្រែក​បាត់​។​ ចំណែក​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ ឈ្មោះ​ ប៊ុ​ន​ មុន​ អាយុ​៥៦​ឆ្នាំ​ ត្រូវ​បាន​ជន​ដៃដល់​កាប់​ត្រូវ​ចំនួន​២​ពូថៅ​ (​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​ខាងលើ​កញ្ចឹងក​១​ពូថៅ​ និង​ចំ​ខាងលើ​ក្បាល​១​ពូថៅ​)​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ថ្លុកឈាម​ ឯ​កូនស្រី​ឈ្មោះ​ ប៊ុ​ន​ មុំ​ អាយុ​២១​ឆ្នាំ​ ត្រូវ​បាន​ជន​ដៃដល់​កាប់​ត្រូវ​ ចំ​ក្រោម​ក្លៀក​ខាងឆ្វេង​១​ពូថៅ​ ដាច់​ឆ្អឹងជំនី​អស់ពីរ​ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ និង​ចៅប្រុស​(​ត្រូវជា​កូន​នារី​រង​គ្រោះ​របួសធ្ងន់​)​ឈ្មោះ​ ស៊ី​ កាច​ន្នី​ មាន​អាយុ​មួយ​ខួប​កន្លះ​ រង​របួសស្រាល​។​
លោក​អធិការ​បន្ត​ថា​ អ្នក​ទាំងអស់​មាន​ទីលំនៅ​ជាប់​របង​គ្នា​ក្នុងភូមិ​ ស្ពាន​ជ្រៃ​  ឃុំ​ ដូនតី​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​
លោក​អធិការ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ នៅ​មុន​ពេល​កើតហេតុ​ គោ​របស់​គ្រួសារ​ជន​ដៃដល់​បាន​ចូល​ទៅ​ស៊ី​ អំពៅ​នៅ​ក្នុង​ចម្ការ​ របស់​គ្រួសារ​ជន​រង​គ្រោះ​ហើយ​គ្រួសារ​ទាំង​ពី​ដែល​មានផ្ទះ​ជាប់​របង​នឹង​គ្នា​ក៏​បាន​បង្ក​ជា​ជម្លោះ​បែង​ផ្សែង​កើតឡើង​ ។​ ពេល​នោះ​ជន​ដៃដល់​ក៏​ស្ទុះ​ទៅ​យក​ពូថៅ​ មក​កាប់​ប្រហារ​ជន​រង​គ្រោះ​បណ្តាល​ឲ​ស្លាប់​និង​រង​របួស​កូន​និង​ចៅ​តែ​ម្តង​។​
​ទាក់ទង​នឹង​ករណី​នេះ​លោក​អធិការ​ស្រុក​ពញាក្រែក​ ឱម​ មុន្នី​វណ្ណ​ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​កំពុង​ស្រាវជ្រាវ​តាម​ស្វែងរក​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕