​​ប្រេង​​សាំង​​នៅ​​កម្ពុជាពិបាកហ្នឹងចុះថ្លៃខ្លាំងណាស់ដោយសារតែ........................................................!

11/27/2014 0 Comments A+ a-

ក្រុមហ៊ុន​ប្រេង​សាំង​នៅ​ប្រទេស​កម្ពុជា បាន​បញ្ចុះ​តម្លៃ​​​ប្រមាណ ៣% ស្រប​ពេល​ដែល​ប្រេង​សាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ថ្លៃ​​ប្រមាណ៣០%។ បញ្ហា​នេះ អ្នក​វិភាគ​សេដ្ឋកិច្ច​និង​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ការ​បញ្ចុះ​តម្លៃ​តិច​តួច​នេះ បណ្ដាល​មក​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​​ប្រេង​​សាំង​នៅ​កម្ពុជា រួម​គ្នា​រក​ស៊ី​​​ ផ្ដាច់មុខ​ដែល​ប្រាសចាក​ខុស​ពី​ក្រឹត្យក្រម​សេដ្ឋកិច្ច​ទីផ្សារ​សេរី។
​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ប្រេងសាំង​អន្តរជាតិ ដែល​ហៅ​កាត់​ថា អូប៉ិច (OPEC) បាន​បង្ហាញ​ថា តម្លៃ​ប្រេង​ឆៅ​​​បច្ចុប្បន្ន​ មាន​តម្លៃ ៨០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល ឬ​ស្មើ​នឹង ១៦០​លីត្រ ដែល​ធ្លាក់​ចុះ​ពី ១១០​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។ ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​សាំង​​អន្តរជាតិ​នេះ បាន​ជំរុញ​ឲ្យ​​តម្លៃ​ប្រេង​សាំង​លក់​នៅ​ប្រទេស​កម្ពុជា ធ្លាក់​ថ្លៃ​ដែរ។
imagessអតិថិជន​ចូល​ចាក់​សាំង​នៅ​ក្នុង​ស្ថានីយ​ប្រេង​មួយ​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១១
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​​ធ្វើ​អាជីវកម្ម​ប្រេង​សាំង​នៅ​កម្ពុជា​​ បាន​បញ្ចុះ​ថ្លៃ​លក់​របស់​ខ្លួន​​ដោយ​លក់​ក្នុង​ចន្លោះ​ប្រេង​មួយ​លីត្រ​ នឹង​បញ្ចុះ​​ពី ៥.០៥០​រៀល ​មក​ត្រឹម​ ៤.៧៥០​រៀល​ក្នុង​មួយ​លីត្រ។
ការ​អះអាង​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា ការ​បញ្ចុះ​តម្លៃ​របស់​ក្រុមហ៊ុន​​ផ្គត់ផ្គង់​ប្រេង​សាំង​ទាំង​អស់​នេះ ​ដោយ​ឈរ​លើ​មូលដ្ឋាន​តម្លៃ​ប្រេង​សាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ ​និង​មាន​ការ​ស្នើ​សុំ​​​​របស់​អនុ​ប្រធាន​គណៈកម្មការ​ទី​​៩​នៃ​រដ្ឋ​សភា ​ដែល​សុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​ការ​បញ្ជុះ​តម្លៃ​ប្រេង​សាំង​នេះ​កាល​ ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា។ បច្ចុប្បន្ន ​តម្លៃ​ប្រេង​សាំង​អន្តរជាតិ​ ​ក្នុង​ប្រេង​សាំង​មួយ​លីត្រ​មាន​តម្លៃ​តិច​ជាង ២​ពាន់​​រៀល។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា គឺ​អាច​បញ្ចុះ​តម្លៃ​​ទាប​ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​ក្រុមហ៊ុន​​ផ្គត់ផ្គង់​ប្រេង​សាំង​នៅ​កម្ពុជា ទាំង​អស់ ​ពិត​ជា​អនុវត្ត​​​របរ​រក​ស៊ី​របស់​ខ្លួន​ស្រប​តាម​ក្រឹត្យក្រម​សេដ្ឋកិច្ច​ ទីផ្សារ​សេរី​នោះ។
អនុ​ប្រធាន​គណៈកម្មការ​ទី​ពីរ​នៃ​រដ្ឋសភា លោក សុន ឆ័យ​ មាន​ប្រសាសន៍​ថា អាជីវកម្ម​ប្រេង​សាំង​នៅ​កម្ពុជា ហាក់​ដូច​ជា​ការ​រក​ស៊ី​ផ្ដាច់​មុខ ដោយ​ក្រុមហ៊ុន​ទាំង​អស់​ព្រមព្រៀង​គ្នា​ដោយ​មិន​លក់​បញ្ចុះ​​ថ្លៃ​ខ្លាំង​ ឡើយ​ ទោះ​បី​ជា​តម្លៃ​ប្រេង​សាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ​យ៉ាង​ណា​ ក៏​ដោយ៖ «សំឡេង»។
​បន្ថែម​លើ​នេះ អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា ​លក្ខណៈ​​សម្គាល់​នៃ​របប​រួម​គ្នា​ផ្ដាច់​មុខ​ គឺ​ជា​រចនាសម្ព័ន្ធ​មួយ​ដែល​ក្នុង​ទីផ្សារ​មាន​សហគ្រាស​តែ​មួយ​ប៉ុណ្ណោះ ដែល​ការ​រក​ស៊ី​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក។ របប​រួម​គ្នា​ផ្ដាច់​មុខ​នោះ ​ដោយសារ​តែ​មាន​អំណាច​សេដ្ឋកិច្ច​​សំខាន់​​ពីរ។ ទី​មួយ​ ក្រុមហ៊ុន​នោះ​មាន​សមត្ថភាព​ផ្គត់ផ្គង់​ទំនិញ​បាន​ច្រើន​​​ ឬ​ជា​ប្រភេទ​រោងចក្រ ឬ​ក្រុមហ៊ុន​ធំ​ដែល​សកម្មភាព​ផលិត​ ​មាន​ប្រសិទ្ធភាព​បំផុត។ ​ទី​ពីរ ​ក្រុមហ៊ុន​នោះ​មាន​អំណាច​ក្នុង​ការ​រារាំង​ក្រុមហ៊ុន​ដទៃ​ទៀត​មិន​ឲ្យ​​ ប្រកប​របរ​រក​ស៊ី​ដូច​ខ្លួន​បាន​ឡើយ ​​​ដែល​ការ​រារាំង​នោះ ​កើត​ឡើង​តាម​រូប​ភាព​នៃ​ការ​កំណត់​ដោយ​ច្បាប់ ឬ​ការ​កំណត់​បរិមាណ​ផលិត​ជា​ដើម។
​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​ លោក អូន ព័ន្ធមុនីរ័ត្ន មាន​ប្រសាសន៍​​នៅ​ក្នុង​កិច្ចប្រជុំ​រៀប​ចំ​ថវិកា​ជាតិ​នៅ​វិមាន​រដ្ឋសភា​នៅ ​ក្នុង​ខែ​វិច្ឆិកា​ថា ប្រទេស​កម្ពុជា​ ​បាន​ចាប់​យក​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី​​ ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា ​មិន​អាច​លូក​ដៃ​ចូល​អន្តរាគមន៍​​ក្នុង​ការ​ទម្លាក់​ថ្លៃ​បាន​ឡើយ។ ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​ ​​រាជ​រដ្ឋាភិបាល​អាច​​កែ​តម្រូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​បាន​ បន្តិចបន្តួច​ ក្នុង​ករណី​ដែល​ទីផ្សារ​នោះ មិន​ដំណើរ​ការ​​ដោយ​ប្រសិទ្ធភាព៖ «សំឡេង»។
អ្នក​វិភាគ​សេដ្ឋកិច្ច​វិញ​បាន​យល់​ឃើញ​ថា រាជរដ្ឋាភិបាល​អាច​ចូល​រួម​អន្តរាគមន៍​នៅ​សេដ្ឋកិច្ច​ទីផ្សារ​ ដើម្បី​ធានា​ការ​ប្រកួតប្រជែង​ពេញ​លេញ និង​ធានា​ឲ្យ​មាន​សមធម៌​សង្គម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ​ធ្លាប់​បាន​ឆ្លើយ​តប​ទៅ​ការ​លើក​ឡើង​របស់​​សមាជិក​សភា​​គណបក្ស​ប្រឆាំង​ថា​ ក្រសួង​បាន​​​បើក​កិច្ច​ប្រជុំ​ជា​មួយ​ក្រុមហ៊ុន​ប្រេង​សាំង​នៅ​កម្ពុជា កន្លង​ទៅ​ គួរ​តែ​បញ្ចុះ​ថ្លៃ​លក់​ប្រេង​សាំង​​ ដោយសារ​តែ​ការ​ធ្លាក់​ថ្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​កម្ពុជា មួយ​ចំនួន​ បាន​ត្អូញត្អែរ​ថា​ តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា គឺ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​ បើ​ទោះ​បី​ជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា តម្លៃ​ប្រេង​សាំង​​ដែល​លក់​​នៅ​ប្រទេស​កម្ពុជា បាន​បញ្ចុះ​មក​ត្រឹម ៤.៧០០​រៀល​ក្នុង​មួយ​លីត្រ​ក្ដី។
បន្ថែម​លើ​នេះ ការ​វាយតម្លៃ​របស់​ក្រុម​អ្នក​សេដ្ឋកិច្ច​រក​ឃើញ​ថា ប្រទេស​កម្ពុជា​អាច​បញ្ចុះ​តម្លៃ​​លក់​ប្រេង​សាំង​នៅ​ក្រោម ៤.០០០​រៀល​ក្នុង​មួយ​លីត្រ ​ដោយ​ឈរ​លើ​មូលដ្ឋាន​ពី​របាយការណ៍​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ នាំ​ចេញ​នាំ​ចូល​ប្រេង​សាំង​និង​ការ​យក​ពន្ធ។
​ការ​វាយ​តម្លៃ​របស់​​ក្រុម​អ្នក​សេដ្ឋកិច្ច​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ បើ​ផ្អែក​លើ​​តម្លៃ​ទីផ្សារ​ប្រេង​ឆៅ​អន្តរជាតិ​​បច្ចុប្បន្ន ​ក្រុមហ៊ុន​ប្រេង​សាំង​​​ដែល​កំពុង​ប្រតិបត្តិការ​ទាំង​​អស់​នៅ​កម្ពុជា​ បាន​ចំណាយ​លុយ​ប្រមាណ ៨០​លាន​ដុល្លារ​អាមេរិក ​លើ​ការ​នាំ​ចូល​ប្រេង​សាំង​ មាន​ចំនួន ១.៦​លាន​តោន​នៅ​ឆ្នាំ​២០១៣ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​កម្ពុជា អាច​ប្រមូល​ពន្ធ​​ពី​វិស័យ​នេះ មាន​ចំនួន​​ជាង ៥៤០​លាន​ដុល្លារ​អាមេរិក។
បើ​បូក​បន្ថែម​លើ​ការ​បង់​ពន្ធ​​ និង​ការ​ចំណាយ​​ថ្លៃ​ដើម​នាំ​ចូល​ប្រេង​សាំង​ពី​បរទេស​​នោះ តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា មាន​តម្លៃ​ប្រមាណ ៣.៥០០​​រៀល​ប៉ុណ្ណោះ​​ក្នុង​មួយ​លីត្រ។ ​ប៉ុន្តែ​បើ​ធៀប​នឹង​តម្លៃ​លក់​បច្ចុប្បន្ន​ គឺ​មាន​តម្លៃ​ខ្ពស់​ជាង​នេះ ដែល​មាន​តម្លៃ​​រហូត​ដល់ ៤.៩០០​រៀល​ក្នុង​មួយ​លីត្រ។ តួលេខ​នេះ បញ្ជាក់​ថា​ ផល​ចំណេញ​របស់​ក្រុមហ៊ុន​ប្រេង​សាំង​នៅ​កម្ពុជា ​ទាំង​អស់​ មាន​​ចន្លោះ​ពី​ជាង ២.១០០​លាន​ដុល្លារ​​អាមេរិក ទៅ​ជាង ២.៤០០​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ​ ឬ​​​​​​ប្រេង​សាំង​​ក្នុង​មួយ​លីត្រ​ ក្រុមហ៊ុន​លក់​​យក​ចំណេញ​ពី​អតិថិជន​រហូត​ដល់ ១.៥០០​រៀល៕ ប្រភពៈ RFA