ភ្នំពេញៈ តារាកំប្លែងល្បីឈ្មោះជំនាន់ក្រោយនាយ ក្រូច ដែលធ្លាប់តែលំបាកវេទនាដាច់បាយក្រហាយទឹកតាំងពីតូចនោះ នៅពេលនេះ ហាក់កំពុងសម្ញែងពីភាពមានបានរបស់ខ្លួនជាមួយការជិះរថយន្តទំនើប និងមានជំនួញកាន់ក្នុងដៃរវល់គ្មានពេលដេក។
រថយន្តទំនើបម៉ាក ធុន ដ្រា ដែលនាយក្រូច ជិះរាល់ថ្ងៃ។ សេត គឹមសឿន
រយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ នាយ ក្រូច បានស្តារជីវភាពរបស់ខ្លួនពីចំណុចសូន្យរហូតដល់ចំណុចកំពូល ហើយនៅពេលនេះ នាយ ក្រូច កំពុងតែសម្ញែងទ្រព្យធនដែលខ្លួនទទួលបានពីអាជីពកំប្លែងរបស់ខ្លួនជាមួយការប្រើប្រាស់របស់ទ្រព្យទំនើបៗទាំងយានជំនិះ និងឧបករណ៍ផ្សេងៗ។
ក្រៅពីអាជីពកំប្លែងដ៏មមាញឹករកចំណូលចូលរាប់ម៉ឺនដុល្លារក្នុងមួយខែៗនោះ គេក៏បានដឹងថា តារាកំប្លែងសមាជិកក្រុមកំប្លែងស៊ីធីអិន នាយ ក្រូច ក៏កំពុងពង្រីករបររកស៊ីរបស់ខ្លួនតាមជំនាញផង។ ក្នុងនោះនាយមានក្រុមភ្លេងមង្គលការ ក្រុមតន្ត្រីបុរាណសម័យ និងមានឆាកទទួលរៀបចំការប្រគំតន្ត្រីថ្នាក់តូច និងកណ្តាលផងដែរ។
ជាមួយនឹងការផ្តើមរដូវកាលអាពាហ៍ពិពាហ៍ និងការប្រគំតន្ត្រីនេះ នាយ ក្រូច បានឲ្យដឹងថា នាយមានភាពមមាញឹកយ៉ាងខ្លាំង ពេលខ្លះរកពេលដេកស្ទើរតែមិនចង់បានផង។ នាយក្រូចបញ្ជាក់ថា៖«ដូចពីម្សិលមិញនេះ ខ្ញុំត្រូវទទួលការងារគេនៅពេលព្រឹក ថ្ងៃឡើងខ្ញុំត្រូវចេញទៅសម្តែងនៅខេត្តព្រះសីហនុនាពេលយប់ លុះសម្តែងចប់ទាំងយប់ខ្ញុំត្រូវបើកឡានមកភ្នំពេញវិញ ដើម្បីរៀបចំដំឡើងឆាកឲ្យគេទាំងយប់សម្រាប់ប្រគំតន្ត្រីថ្ងៃបុណ្យអុំទូក អ៊ីចឹងអត់បានគេងទេ»។
ទោះបីជាសម្ញែងរថយន្តទំនើបម៉ាក ធុន ដ្រា (Tundra) ជិះផ្អើលគេឯង និងរវល់នឹងការងាររកប្រាក់ចំណូលចូលរាប់ម៉ឺនដុល្លារយ៉ាងណា ប៉ុន្តែតារាកំប្លែងមានកំណើតពីខេត្តកំពង់ស្ពឺ នាយ ក្រូច បាននិយាយត្អូញត្អែរដូចព្រាបថា នៅពេលនេះ នាយមិនទាន់សល់លុយជាដុំកំភួននោះទេ អ៊ីចឹងហើយទើបត្រូវប្រឹងទាំងយប់ទាំងថ្ងៃមិនអាចបន្ធូរដៃបានដូច្នេះ។
តារាកំប្លែងជើងថ្មីតែមានលុយច្រើននាយក្រូច បាននិយាយថា៖«នៅពេលនេះ ខ្ញុំអត់ទាន់សល់លុយកាក់អីនោះទេ បើលុយសល់ច្រើនដូចជាគេនិយាយមែននោះ ខ្ញុំប្រហែលជាត្រូវបន្ធូរដៃខ្លះហើយ មិនមែនប្រឹងដាច់បាយដាច់ទឹកអ៊ីចឹងទេ»៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍