Mourinho ទម្លាយអាថ៌កំបាំងថាធ្លាប់បដិសេធ PSG និងព័រទុយហ្គាល់
លោក Jose Mourinho ដែលសព្វថ្ងៃជាអ្នកចាត់ការក្លិប Chelsea បានអះអាងថារូបលោកធ្លាប់បដិសេធមិនទៅដឹកនាំក្លិប PSG ២ដងមកហើយ និងធ្លាប់បានបដិសេធទៅដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ផងដែរ។
អ្នកចាត់ការវ័យ៥១ឆ្នាំរូបនេះបាននិយាយថា៖ “ខ្ញុំជាជម្រើសដំបូងសម្រាប់ក្លិប Paris Saint German ប៉ុន្តែខ្ញុំបដិសេធ២ដងមកហើយ។ PSG អាចនឹងឈ្នះពានរង្វាន់ Champions League។ វាជារឿងល្អណាស់ប្រសិនបើក្រុម Chelsea ប៉ះ PSG នៅវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់នេះ ពីព្រោះ Laurent Blanc (អ្នកចាត់ការក្រុម PSG) ជាអ្នកចាត់ការល្អ”។
Mourinho ក៏ធ្លាប់ត្រូវបានខាងក្រុមជម្រើសជាតិព័រទុយហ្គាល់ហៅទៅធ្វើជាគ្រូបង្វឹកដែរ ប៉ុន្តែរូបលោកមិនទាន់ចង់ទៅគ្រប់គ្រងក្រុមជម្រើសជាតិនៅឡើយទេ ព្រោះលោកចង់ធ្វើជាអ្នកចាត់ការនៅក្លិបធំៗឱ្យបានច្រើនឆ្នាំសិន។ ក្នុងន័យនេះអតីតអ្នកចាត់ការក្រុម Real Madrid រូបនេះបាននិយាយថា៖ “ក្លាយជាគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់? សូមរង់ចាំបន្តិចទៀតសិនទៅ ខ្ញុំទើបតែឈានដល់ពាក់កណ្ដាលនៃអាជីពជាអ្នកចាត់ប៉ុណ្ណោះ ខ្ញុំនៅពេល១៥ឆ្នាំទៀត”។
Jose Mourinho ចាប់តាំងពីក្លាយជាអ្នកចាត់ការនៅឆ្នាំ២០០០មក ធ្លាប់ឆ្លងកាត់ក្រុម៦រួចមកហើយគឺ Benfica, Uniao de Leiria, Porto, Chelsea (២ដង), Inter Milan និង Real Madrid៕
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ goal