រឿង​កីឡាករ​​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​អត់​ច្បាប់​​ ​ឈាន​ដល់​​ក្រសួង​អប់រំ​

10/13/2014 0 Comments A+ a-

សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​​ស្នើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​​ដើម្បី​​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​កីឡាករ​ប្រដាល់​រូប​ណា​ដែល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​​ប្រទេស​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ បន្ទាប់​ពី​សហព័ន្ធ​មួយ​នេះ​មិន​អាច​គ្រប់គ្រង​លើ​កីឡាករ​បាន​ល្អ។

លោក មាស សុខគ្រី អតីត​ស្ថាបនិក​ក្លិប​ក្រសួង​មហាផ្ទៃ និង​ជា​សមាជិក​គណៈកម្មការ​ចៅ​ក្រម និង​អាជ្ញា​កណ្ដាល​នៃ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ដែល​មានលោក​ តែម ម៉ឺន​ ជា​ប្រធាន​បាន​ស្នើ​​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​រួច​ហើយ ហើយ​ខាង​ក្រសួង​ក៏​បាន​ផ្ដល់​សញ្ញា​វិជ្ជមាន​ដើម្បី​ចាត់​វិធាន​ការ​ជុំ​វិញ​ករណី​នេះ។

លោក​​និយាយ​ថា ៖«កន្លង​មក​យើង​អត់​បាន​ចាត់​វិធានការ​ក្ដៅ​ទេ អីចឹង​ហើយ​បាន​ជា​កីឡាករ​មួយ​ចំនួន​បាន​ចិត្ត​ចេញ​ទៅ​ប្រកួត​តាម​ទំនើង​ចិត្ត។ ពេល​នេះ​យើង​ធ្វើ​មែន​ទែន​ យើង​បាន​រៀប​ចំ​រួច​រាល់​ ហើយ​ខាង​ក្រសួង​ក៏​បាន​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​យើង​ចាត់​វិធាន​ការ​ហើយ»។

SENBUNTHEN-VS-MOEUNលោក តែម ម៉ឺន (កណ្តាល) សេន ប៊ុនថេន (ស្តាំ) និងកីឡាករ​បារាំង (ឆ្វេង)

លោក​បាន​បញ្ជាក់​ពី​ចំណាត់​ការ​ថា ៖«សហព័ន្ធ​ចាត់​វិធានការ​តាម​ផ្លូវ​ការ​ទូត។ យើង​ធ្វើ​លិខិត​ជា​លាយលក្ខណ៍​អក្សរ​ផ្ញើ​ទៅ​គ្រប់​ច្រក​ចេញ-ចូល​តាម​ព្រំ​ដែន អាជ្ញាធរ​ថៃ និង​ទៅ​ស្ថានភាព​​​​ឲ្យ​បាន​ច្បាស់​ថា ប្រសិន​បើ​កីឡាករ​ខ្មែរ​​ណា​មួយ​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​ ឬ​នៅ​ប្រទេស​ផ្សេង​ទៀត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ ត្រូវ​ចាត់​វិធាន​ការ​តាម​ច្បាប់ ហើយ​បញ្ជូន​មក​ស្រុក​ខ្មែរ វិញ។ យើង​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ពួក​គេ»។


«សហព័ន្ធ​មិន​មែន​ជា​អ្នក​ចិញ្ចឹម​កីឡាករ​មែន ​តែ​ក៏​មិន​ហាម​ឃាត់​​មិន​ឲ្យ​ពួក​គេ​ចេញ​ទៅ​ប្រកួត​​នៅ​ក្រៅ​ប្រទេស​​ដែរ​ ​សហព័ន្ធ​យើង​គ្រាន់​តែ​​ត្រូវ​​គ្រប់​គ្រង​កីឡាករ​​ឲ្យ​មាន​​​ច្បាប់ទម្លាប់​ត្រឹម​ត្រូវ​​ក្នុង​គោល​បំណង​​រក្សា​កេរ្តិ៍​ឈ្មោះ តម្លៃ និង​កិត្តិយស​នៃ​ក្បាច់​គុន​ខ្មែរ​បុរាណ»។
  
«កីឡាករ​បើ​ស្រលាញ់​លុយ​ពេក ​ដូច​ជា​លក់​ឧត្ដម​គតិ​របស់​ខ្លួន​ លក់​ក្បាច់​គុន​បុរាណ​ខ្មែរ។ ម្យ៉ាង​ទៀត​ខាង​ភាគី​ថៃ​ហាក់​ដូច​ជា​លួច​យើង​អីចឹង​ បើ​ខ្លួន​ពិត​ជា​មាន​ក្បាច់​គុន​របស់​ខ្លួន​មែន ហេតុ​អី​ចំ​បាច់​លួច​លាក់​យក​កីឡាករ​ខ្មែរ​ទៅ​ស្ងាត់​​ៗ​ធ្វើ​អី ម៉េច​មិន​ធ្វើ​តាម​ផ្លូវ​ច្បាប់​ទូត​ឲ្យ​បាន​ត្រឹម​ត្រូវ»។
 លោក​បន្ត​ថា ប្រសិន​បើ​នៅ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​កីឡាករ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដូច​ជា​ប្រទេស​ថៃ​ជា​ដើម​ដោយ​គ្មាន​ច្បាប់​គ្រប់​គ្រង​ត្រឹម​ត្រូវ​ទេ​នោះ វា​ប្រៀប​ដូច​ជា​យក​ក្បាច់​គុន​មរតក​​ដូន​តា​ខ្មែរ កិត្តិយស​ និង​មុខ​មាត់​ប្រទេស​ជាតិ​ទៅ​ចាក់ចោល និង​បន្ទាប​បន្ថោក​នៅ​ស្រុក​គេ ពី​ព្រោះ​កីឡាករ​ខ្មែរ​មួយ​ចំនួន​ដែល​ចេញ​ទៅ​​ប្រកួត​គ្មាន​គិត​អ្វី​ក្រៅ​ពី​តែ​ពី​រឿង​លុយ។ ពួក​គេ​មាន​មេ​ខ្យល់​ដឹក​នាំ​យក​ទៅ​ប្រកួត​ដើម្បី​ជា​ល្បែង​ភ្នាល់​​តែ​ប៉ុណ្ណោះ។ កន្លង​មក​មាន​កីឡាករ​ណា​ម្នាក់​ធ្លាប់​ទទួល​បាន​ជ័យជម្នះ​ទេ​ពេល​ចេញ​ទៅ​ប្រកួត​ម្តងៗ? អត់​មាន​ទេ​ឃើញ​តែ​ចាញ់។
 លោក​បន្ត​រៀប​រាប់​ថា ម្យ៉ាង​ទៀត​កីឡាករ​ល្អ​ៗ​មួយ​ចំនួន​ដូច​ជា សេន ប៊ុនថេន និង​វង្ស ណយ​ជា​ដើម្បី​សុទ្ធ​តែ​ជា​កីឡាករ​ល្អ ប៉ុន្តែ​ទៅ​ប្រកួត​ពេល​ណា​ក៏​បរាជ័យ​ដែរ​ដោយ​សារ​តែ​គ្មាន​អ្នក​ចាត់​ចែង​ការ​ប្រកួត​​ឲ្យ​បាន​ត្រឹម​ត្រូវ។ ភាព​អនាធិបតេយ្យ​បែប​នេះ​ យូរ​ៗ​ពួក​គេ​ក្លាយ​ជា​កីឡាករ​អន់​អស់។
 កន្លង​មក​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ធ្លាប់​ចាត់​វិធាន​ការ​​ដែរ​ចំពោះ​កីឡាករ​មួយ​ចំនួន​ដែល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​វិធាន​ការ​ទាំង​នោះ​ហាក់​ធូរ​រលុង​​ដែល​បណ្ដាល​ឲ្យ​កីឡាករ​នៅ​តែ​បាន​ចិត្ត​ចេញ​ទៅ​ប្រកួត​ដោយ​គ្មាន​សុំ​ការ​អនុញ្ញាត​ពី​ក្លិប និង​សហព័ន្ធ​ឡើយ។

Nongnoy-1វង្ស ណយ លើ​ឆាក​ប្រដាល់​នៅ​ប្រទេស​ថៃកាល​ពី​​​​ប៉ុន្មាន​ថ្ងៃ​មុន (រូបថត វង្ស ណយ)
ជា​រឿយ​ៗ​កីឡាករ​មួយ​ចំនួន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​មិន​សុំ​ការ​អនុញ្ញាត​ពី​ក្លិប​របស់​ខ្លួន និង​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ឡើយ បើ​ទោះ​ជា​សហព័ន្ធ​មិន​មាន​ការ​កាត់​លុយ​លើ​ឯកសារ​ក៏​ដោយ។

ជាក់​ស្តែង សេន ប៊ុនថេន​អត់​បាន​ចេញ​ទៅ​ប្រកួត​នៅ Thai Fight ម្តង​​ហើយ​ដោយ​សារ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ក្លិប​និង​សហព័ន្ធ។ ប៉ុន្តែ​បន្ទាប់​ពី​មក​ពី​ប្រទេស​បារាំង​ សេន ប៊ុនថេន​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​ទាល់​តែ​បាន​ដោយ​ចាញ់​ពិន្ទុ​​ ហើយ​​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មហាជន និង​សហព័ន្ធ​ចំពោះ​ការ​ពាក់​ខ្សែ​ក្បាល​ដូច​ថៃ។ នៅ​ថ្ងៃ​ទី​២៥​ ខែ​តុលា​ខាង​មុខ​នេះ សេន ប៊ុនថេន​ឈ្មោះ​ប្រកួត​នៅ​ថៃ​ទៀត ខណៈ​សហព័ន្ធ និង​ក្លិប​ដែល​ជា​អាណាព្យាបាល​អត់​ដឹង​ទៀត។ កាល​ពី​ប៉ុន្មាន​ថៃ​មុន​ជើង​ខ្លាំង វង្ស ណយ បាន​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​​ដោយ​គ្មាន​ការ​អនុញ្ញាត​ទៀត ហើយ​លទ្ធផល​ចាញ់​ដោយ​សន្លប់​ពាក់​កណ្តាល​ទី៕

អត្ថបទ៖ ជាន ចាន់រ៉ា