iPhone 6/6 Plus នៅចិនទទួលការកុម្ម៉ង់ទិញជាង១លានគ្រឿងត្រឹម៦ម៉ោងដំបូង
ខណៈមិនទាន់ដល់ថ្ងៃទី១៦ តុលាដែល iPhone 6/6 Plus នឹងត្រូវឈានជើងចូលទឹកដីមហាអំណាចចិនផង ស្រាប់តែមានការកុម្ម៉ង់ទិញមុនរហូតដល់ទៅ ជាងមួយលានគ្រឿងបាត់ទៅហើយ។
សារព័ត៌មានFortuneបានរាយការណ៍ថា ក្រុមហ៊ុនទទួលបន្ទុកនាំចូលiPhone 6/6 Plus ចំនួនបីនៅចិនរួមមាន China Mobile, China Telecom និង China Unicom ទទួលការកុម្ម៉ង់ទិញiPhone 6/6 Plus កាលពីថ្ងៃសុក្រកន្លងទៅរហូតដល់ទៅជាង១លានគ្រឿងឯណោះត្រឹមតែ៦ម៉ោងដំបូងប៉ុណ្ណោះ។
របាយការណ៍ដដែលក៏បានបញ្ជាក់ទៀតដែរថាមិនត្រឹមតែក្រុមហ៊ុនទាំងបីខាងលើទេដែលដាក់ឲ្យមានការកុម្ម៉ង់ទិញiPhone 6/6 Plus សូម្បីតែApple Online Store និងហាងយកទៅលក់បន្តស្របច្បាប់ចំនួន៦៧០០ក៏ដាក់ឲ្យអតិថិជនកុម្ម៉ង់តាមOnline ផងដែរ។ ប៉ុន្តែប្រភពមិនបានបញ្ជាក់ថាតើចំនួនកុម្ម៉ង់ទិញ iPhone 6/6 Plus ប្រមាណជាងមួយលានគ្រឿងនោះរួមបញ្ចូលទាំងចំនួនដែលបានកុម្ម៉ង់ទិញពីApple Online Store ឬក៏តាមហាងដែលបានយកទៅលក់បន្តនោះទេ។
ចំណែកឯវិបសាយមួយទៀតរបស់ចិនដែលដាក់ឲ្យអតិថិជនកុម្ម៉ង់ទិញiPhone 6/6 Plus លើអ៊ីនធឺណិតទទួលការកុម្ម៉ង់រហូតដល់ទៅ ៩លានគ្រឿង (ក្នុងសប្ដាហ៍ដំបូងគិតចាប់ពីថ្ងៃសុក្រទី១០) ដែលក្នុងនោះចំនួនiPhone 6/6 Plus ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ស្មើគ្នា៕