ពិភពលោកព្រួយបារម្ភពីការវាយប្រហារបែបទំនើបតាមប្រព័ន្ធព័ត៌មានវិទ្យា
ស្របពេលជាមួយការរីកចំរើននៃប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទំនើប អ្នកជំនាញធំៗលើពិភពលោក កំពុងមានការព្រួយបារម្ភជាខ្លាំង អំពីការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា។ ការវាយប្រហារប្រភេទនេះអាចធ្វើឡើង ដោយក្រុមភេរវករ រឺក៏គេញសម្ងាត់ ទៅលើស្ថាប័នធំៗ ដែលប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីបន្លំលួចយកប្រាក់ រឺព័ត៌មានសំងាត់ផ្សេងៗ រឺមួយក៏ធ្វើឲ្យប្រព័ន្ធលែងដំណើរការតែម្តង។
SPAM រឺមេរោគលើអ៊ីនធឺនែត ជាការវាយប្រហារតាមប្រព័ន្ធវិទ្យា ដែលមានវ័យចំណាស់ជាងគេ
REUTERS/Kacper Pempel/Files
ទូរស័ព្ទ កុំព្យូទ័រ បណ្តាញអ៊ីនធឺនែតមាននៅគ្រប់ទិសទីទាំងអស់។ មនុស្សលោកសម័យទំនើបត្រូវការវា ដើម្បីធ្វើការងារ និងទំនាក់ទំនងគ្នា។ ប្រព័ន្ធព័ត៌មានវិទ្យាជាន់ខ្ពស់ គឺសំខាន់ណាស់នៅតាមបណ្តាក្រុមហ៊ុន ធនាគារ រឺស្ថាប័នរដ្ឋធំៗ រាប់ចាប់តាំងពីការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងគណនីក្រុមហ៊ុន ការគ្រប់គ្រងចរន្តទឹកប្រាក់នៅតាមធនាគា ការគ្រប់គ្រងបណ្តាញចរាចរណ៍រថភ្លើង និងការហោះហើររបស់យន្តហោះជាដើម។ ដូច្នេះ តែកាលណាប្រព័ន្ធព័ត៌មានវិទ្យាមិនដំណើរការ មានន័យថា អ្វីៗនឹងរាំងស្ទះ ហើយវាអាចបង្កគ្រោះថា្នក់ធ្ងន់ធ្ងរទៀតផង។
យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានអាមេរិក ឈ្មោះ Pew Research Center ក្នុងចំណោមអ្នកជំនាញព័ត៌មានវិទ្យាចំនួន ១៦៤២នាក់ មាន៦១ភាគរយដែលបានឆ្លើយថា ការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា នឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចនិងសន្តិសុខរបស់បណ្តាប្រទេសទាំងអស់។ ការវាយប្រហារប្រភេទនេះ នឹងកើនឡើងកាន់តែខ្លាំងទៅៗ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៥។
មនុស្សម្នាក់ៗ ក៍ដូចជាក្រុមហ៊ុនធំៗប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីទំនាក់ទំនងគ្នា និងផ្ទុកឯកសារ។ ដូច្នេះ ព័ត៌មានទាំងអស់នេះ អាចនឹងត្រូវពួកជនល្មើសលួចយកបាន ដោយបន្លំចូលទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យារបស់បុគ្គល រឺក្រុមហ៊ុននោះ ដែលគ្មានប្រព័ន្ធការពាររឹងមាំ។ ក្រៅពីការបង្កើតមេរោគបំផ្លាញប្រព័ន្ធពត៌មានវិទ្យាណាមួយ ពួកជនល្មើស អាចប្រើប្រាស់វិធីនេះ ដើម្បីលួចដកប្រាក់ចេញពីធនាគារ រឺក៏យកព័ត៌មានដែលពួកវាលួចបាន ទៅប្រើប្រាស់ក្នុងការធ្វើបទឧក្រិដ្ឋ មួយផ្សេងទៀត។ ទោះបីជាយ៉ាងណា មានអ្នកជំនាញ ៣៩ភាគរយ បាននិយាយថា ការវាយប្រហារតាម ប្រព័ន្ធពត៌មានវិទ្យា អាចត្រូវគេបញ្ជៀសបាន បើសិនជាគេមានប្រព័ន្ធកាពាររឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។
ប្រព័ន្ធការពារជាតិទំនើបរបស់ប្រទេសជាច្រើន ជាពិសេសប្រទេសធំៗ ត្រូវការជាចាំបាច់ប្រព័ន្ធព័ត៌មានវិទ្យា។ កាលពីជំនាន់សង្គ្រាមត្រជាក់ដែលមានការប្រឈមមុខគ្នារវាងប្រទេសលោកសេរី និងប្រទេសកុម្មុយនិស្ត ការស៊ើបការណ៍សំងាត់ ទៅវិញទៅមក ត្រូវបានគេប្រើប្រាស់ជានិច្ច ដើម្បីទទួលបានព័ត៌មានសំងាត់របស់សត្រូវ ហើយងាយស្រួលក្នុងការរៀបយុទ្ធសាស្ត្រវាយប្រហារ។
បច្ចុប្បន្ននេះ ប្រទេសធំៗប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីវាយប្រហារគ្នា។ ជាក់ស្តែង សេតវិមានប្រធានាធិបតីអាមេរិក តែងតែរងនូវការវាយប្រហារជាញឹកញាប់ ហើយដែលជាទូទៅគេចោទថា ជាអំពើរបស់ពួកចារកម្មរុស្ស៊ី។ ប្រទេសចិន និងជប៉ុនដែលមានជម្លោះព្រំដែនសមុទ្រនឹងគ្នា កំពុងតែត្រៀមខ្លួន ចំណាយប្រាក់សន្ធឹកសន្ធាប់ ដើម្បីស្ថាបនាប្រពន្ធ័ការពារខ្លួន ពីការវាយប្រហាររបស់សត្រូវ តាមបណ្តាញព័ត៌មានវិទ្យា។ អាមេរិក និងអ៊ីស្រាអែលវិញ បានស្ថាបនាមេរោគពត៌មានវិទ្យាពិសេសមួយ ដើម្បីរំខានប្រព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕ rfi