ចូវ យុនហ្វាត និងលី តឺហួ រិះគន់រឿងប្រើឧស្ម័ន បង្ហូរទឹកភ្នែកលើហ្វូង បាតតុករហុងកុង
តារាសម្ដែង ចូវយុនហ្វាត បាននិយាយគាំទ្រចំពោះក្រុមអ្នកតវ៉ា និងបានរិះគន់ក្រុមប៉ូលិសចំពោះការប្រើឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមបាតុករ ក្នុងទីក្រុងហុងកុង នាពេលថ្មីៗនេះ។
នៅក្នុងការសម្ភាសន៍ជាមួយកាសែត Apple Daily កាលពីថ្ងៃទី១ ខែតុលា តារារូបនេះបាននិយាយថា “ខ្ញុំបានជួបក្រុមបាតុករ និងក្រុមនិស្សិត ដែលមើលទៅពួកគេក្លាហានណាស់ ហើយវាជារឿងគួរឲ្យរំជួលចិត្តដែលពួកគេចេះក្រោកឡើងតវ៉ាសម្រាប់អ្វីដែលពួកគេចង់បាន។ ក្រុមនិស្សិតទាំងនោះមានមូលហេតុរបស់ពួកគេ។ ប្រសិនបើរដ្ឋាភិបាលមិនអាចរកដំណោះស្រាយដែលប្រជាជន និងនិស្សិតចង់បាន ខ្ញុំជឿថាវិបត្តិនេះនឹងមិនបញ្ចប់ឡើយ”។
ប៉ុន្តែតារាវ័យ ៥៣ឆ្នាំរូបនេះបានសន្និដ្ឋានចុងក្រោយថា ការសុំឲ្យលោកប្រធានាធិបតី Leung Chun-ying ចុះចេញពីតំណែង នឹងមិនធ្វើឲ្យស្ថានភាពនយោបាយប្រសើរឡើយ។ លោកបានបន្តថា “ការទាមទារឲ្យនរណាម្នាក់ចុះចេញនឹងមិនជួយអ្វីនោះឡើយ។ អ្វីដែលសំខាន់នៅពេលនេះ គឺត្រូវដោះស្រាយបញ្ហាចំពោះមុខជាមុនសិន”។
Chow បាននិយាយថាការដែលប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករកាលពីថ្ងៃអាទិត្យ គឺជារឿងហួសហេតុ។ “នៅពេលរដ្ឋាភិបាលប្រើវិធានការហិង្សាលើក្រុមនិស្សិតបែបនេះ វាកាន់តែធ្វើឲ្យប្រជាជនហុងកុងកាន់តែមានកំហឹងទៅវិញទេ។ ខ្ញុំមិនចង់ឃើញនរណាម្នាក់ឈឺចាប់នោះទេ… វាជាបាតុកម្មអហិង្សា ដែលមិនចាំបាច់ប្រើអំពើហិង្សា ឬឧស្ម័នបង្ហូរទឹកភ្នែកអ្វីនោះទេ”។
កាលពីថ្ងៃពុធនេះដែរ តារាសម្ដែង លី តឺហួ (Andy Lau) ក៏បាននិយាយអំពីការតវ៉ានេះដែរ ដោយបានអំពាវនាវសុំឲ្យមានដំណោះស្រាយអហិង្សា ស្របពេលដែលក្រុមបាតុករបានបិទផ្លូវជាច្រើនក្នុងទីក្រុងហុងកុង។ តាមរយៈគេហទំព័រសម្រាប់អ្នកគាំទ្រ Andy Lau បានសុំឲ្យក្រុមបាតុករទាំងអស់មិនត្រូវទោរទន់ទៅតាមការញុះញង់របស់មនុស្សតែពីរបីនាក់នោះទេ និងបាននិយាយថា មិនគួរមានឧស្ម័នបង្ហូរទឹកភ្នែក អំពើហិង្សា និងការបៀតបៀនក្នុងបាតុកម្មនេះទេ។
តារារូបនេះនិយាយបន្ថែមថា “សម្រាប់និស្សិតនិងបាតុករទាំងអស់ សូមយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ខ្លួន និងគួរដឹងថាអ្នកនៅមានសមាជិកគ្រួសារដែលបារម្ភអំពីអ្នក” ៕