យុវជន​៣​នាក់​របស់​ បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ តុលាការ​កោះ​ហៅ​ ឲ្យ​ចូល​បំភ្លឺ​ជា​ថ្មី

9/07/2014 0 Comments A+ a-

ក្រុម ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់ ដែល​ទើប​នឹង​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ទី​២២ សីហា កន្លង​ទៅ​នោះ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​ទៅ​សាកសួរ​ជា​ថ្មី​ទៀត នៅ​ចុង​ខែ​កញ្ញា នេះ និង​នៅ​ដើម​ខែ​តុលា ខាង​មុខ។
image (4)ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ការ​ចេញ​ដីកា​កោះ​ហៅ​សាកសួរ​ពួក​គេ​ជា​ថ្មី​នេះ គឺ​ជា​ការ​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​ទៅ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ជា​ការ​រំខាន​ដល់​ពួក​គេ។
យុវជន​ទាំង​បី​នាក់​នោះ​មាន​ឈ្មោះ សាន គឹមហេង នាង សុឃុន និង​ឃិន ជំរឿន។ អ្នក​ទាំង​បី ត្រូវ​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ម្តង​រួច​មក​ហើយ កាល​ពី​ដើម​ខែ​សីហា កន្លង​ទៅ ហើយ​មេធាវី​ប្ដឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ ហើយ​ចុង​បញ្ចប់ សាលា​ឧទ្ធរណ៍​ក៏​សម្រេច​ដោះ​លែង​ពួក​គេ​នោះ​វិញ​កាល​ពី​ថ្ងៃ​ទី​២២ សីហា។
យុវជន សាន គឹមហេង ដែល​ទទួល​បាន​ដីកា​កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា ឲ្យ​ដឹង​ថា ដីកា​នោះ​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី ឲ្យ​ចូល​ទៅ​បំភ្លឺ​លើ​បទ​ចោទ​ដដែល គឺ​ចូលរួម​ធ្វើ​កុបកម្ម​ប្រឆាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច នៅ​តំបន់​ស្ពាន​នាគ​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។
លោក សាន គឹមហេង បន្ត​ថា នេះ​គ្រាន់​តែ​ជា​រូបភាព​នយោបាយ ដើម្បី​ដាក់​សម្ពាធ​ទៅ​ក្រុម​យុវជន​កុំ​ឲ្យ​ចេញ​មុខ​តវ៉ា ឬ​តស៊ូ​មតិ​លើ​បញ្ហា​អ្វី​មួយ​នៅ​ក្នុង​សង្គម ហើយ​លោក​មិន​គិត​ថា នឹង​មាន​ការ​ចាប់​ខ្លួន​រូប​លោក​ទៀត​ទេ៖ «ព្រោះ​អី​កាល​នៅ​សាលា​ឧទ្ធរណ៍ មុន​នឹង​គេ​ដោះ​លែង​ពួក​ខ្ញុំ គេ​មាន​លក្ខខណ្ឌ​៤ មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស និង​បង្ក​ហេតុ​ផ្សេងៗ ហើយ​ពួក​ខ្ញុំ​អត់​មាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លក្ខខណ្ឌ​ទាំងអស់​ហ្នឹង​ទេ អ៊ីចឹង​ខ្ញុំ​គិត​ថា​មិន​អី​ទេ»
ចំណែក​យុវជន​ពីរ​នាក់​ផ្សេង​ទៀត គឺ​លោក នាង សុឃុន និង​លោក ឃិន ជំរឿន បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​មិន​ទាន់​បាន​ទទួល​ដីកា​ផ្ទាល់​ដៃ​នៅ​ឡើយ​ទេ ប៉ុន្តែ​មេធាវី​របស់​ពួក​គេ​បញ្ជាក់​ថា គាត់​បាន​ឃើញ​មាន​ដីកា​នោះ​ហើយ គឺ ឃិន ជំរឿន ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា សាន គឹមហេង ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១ តុលា និង នាង សុឃុន ចូល​ទៅ​នៅ​ថ្ងៃ​ទី​២ តុលា ខាង​មុខ​នេះ។
លោក នាង សុឃុន បង្ហាញ​ទស្សនៈ​ថា នេះ​ជា​ការ​រំខាន​ពី​អ្នក​នយោបាយ​ដែល​មិន​ចង់​ឲ្យ​យុវជន​ចេញ​មុខ​ជួយ​តវ៉ា ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​សង្គម៖ «ប៉ុន្តែ​ខ្ញុំ​គិត​ ឃើញ​ថា ការ​ចូល​ទៅ​បំភ្លឺ មើល​ទៅ​តុលាការ​អត់​មាន​សួរ​អី​ច្រើន​ទេ ហើយ​បំភ្លឺ​អី​បើ​ខ្លួន​ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស​ដូច​តុលាការ​ចោទ​ប្រកាន់ ​នោះ​ផង ហើយ​គាត់​អត់​មាន​ភស្តុតាង​អី​ដែល​ត្រូវ​ដាក់​បន្ទុក​ខ្ញុំ​ផង ហើយ​គាត់​ត្រូវ​សួរ​អី គាត់​សួរ​ដដែលៗ អ៊ីចឹង​មាន​ន័យ​ថា តុលាការ​កំពុង​ធ្វើ​ការ​អុកឡុក​ចំពោះ​យុវជន»
ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ ដោយសារ​ការ​ចោទ​ប្រកាន់​កន្លង​មក​មិន​មាន​ភស្តុតាង​ជាក់ស្តែង ដើម្បី​ដាក់​បន្ទុក ឬ​ចោទ​ប្រកាន់​នោះ​ឡើយ ហើយ​ស្រប​ពេល​គ្នា​នោះ​ដែរ លោក​ថា ខាង​សង្គម​ស៊ីវិល​ក៏​បាន​ទទូច​សុំ​ឲ្យ​តុលាការ​បញ្ឈប់​ចេញ​ដីកា​កោះ​ហៅ និង​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​មក​លើ​ក្រុម​យុវជន​នោះ​បន្ត ​ទៀត៖ «ពីព្រោះ​ជៀសវាង​យើង​មិន​ចង់​ឲ្យ​មាន​ការ​បន្ទោស​ទៅ​លើ​តុលាការ ថា​អ្នក​នយោបាយ​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​នយោបាយ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​នោះ​ទេ។ អ៊ីចឹង​ទាក់ទង​នឹង​ការ​កោះ​ហៅ​នេះ យើង​ឃើញ​ម្តង​ហើយ​ម្តង​ហើយ​ម្តង​ទៀត អស់​ពី​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​កោះ​ហៅ​បន្ត​ទៀត វា​ជា​ផ្នែក​មួយ​នៃ​ការ​គំរាម​កំហែង ជា​ការ​រំខាន​យាយី​ដល់​ពួក​គាត់​ណា»
ប៉ុន្តែ ខាង​រដ្ឋាភិបាល​វិញ មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រឿង​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ហើយ​ក៏​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​នីតិវិធី​របស់​តុលាការ៖ «ខ្ញុំ​មិន​ឲ្យ​តម្លៃ​នៃ​ការ ​លើក​ឡើង​នោះ​ទេ ប៉ុន្តែ​គួរ​តែ​មេធាវី​របស់​ពួក​គេ​លើក​ឡើង​វិញ​ល្អ​ជាង ថា​តើ​នីតិវិធី​នៃ​ការ​កោះ​ហៅ​ហ្នឹង​ជា​ការ​ឆ្លើយ​តប​នឹង​អ្វី​ដែល​បាន​ចែង​ ក្នុង​ច្បាប់​ដែរ​ឬ​ទេ? ចំពោះ​អ្នក​អ្នក​នយោបាយ ខ្ញុំ​មិន​ចង់​ឲ្យ​រឿង​ហ្នឹង​ក្លាយ​ជា​បរិបទ​នយោបាយ​ទេ ចង់​ឲ្យ​តុលាការ​ច្បាស់​ជា​តុលាការ»
យ៉ាង​ណា​ក៏ដោយ​ចុះ លោក អំ សំអាត មាន​ប្រសាសន៍​ថា តាម​ការ​សង្កេត​ជាទូទៅ​ឃើញ​ថា របត់​នយោបាយ និង​សកម្មភាព ឬ​នីតិវិធី​របស់​តុលាការ​កន្លង​មក ហាក់​រត់​តាម​ទំនោរ​របស់​អ្នក​នយោបាយ។ លោក​បន្ត​ថា យ៉ាង​ណា​ក៏ដោយ ក៏​មិន​គួរ​យក​នីតិវិធី​របស់​តុលាការ ធ្វើ​ជា​លេស​ក្នុង​ការ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​គណបក្ស​នយោបាយ​មួយ​ណា​នោះ​ទេ។
ក្រៅ​ពី​យុវជន​បី​នាក់​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​កោះ​ហៅ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ៥​នាក់ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ទាក់ទង​រឿង​ប្រើ​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នោះ​ដែរ កាល​ពី​ចុង​ខែ​សីហា ប៉ុន្តែ​មិន​មាន​ការ​ចាប់​ឃាត់​ខ្លួន​ទេ ដោយ​គ្រាន់​តែ​សម្រេច​ដាក់​អោយ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ បន្ទាប់​ពី​ធ្វើ​ការ​សាកសួរ​រួច៕
ប្រភពពី វិទ្យុអាស៊ីសេរី