អាដហុក​រក​ឃើញ​ថា ​មន្ត្រី​មូលដ្ឋាន​នៅ​ បាត់ដំបង​ប្រព្រឹត្ត​អំពើ​ ពុក​រលួយ​បង្ក​ឲ្យ​ទំនាស់​ដី​រ៉ាំរ៉ៃ

9/07/2014 0 Comments A+ a-

image (3)ដី ​ជាង ៣.៦០០​ហិកតារ នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​ក្លាយ​ជា​តំបន់​មាន​ទំនាស់​ដ៏​រ៉ាំរ៉ៃ និង​ជា​ចំណុច​រសើប​បំផុត​ក្នុង​ចំណោម​តំបន់​ផ្សេង​ទៀត ចាប់​តាំង​ពី​ឆ្នាំ​២០០៦។ ប្រជាពលរដ្ឋ​ជាច្រើន ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ និង​អ្នក​ខ្លះ​ទៀត ត្រូវ​ចុះ​ចោល​ផ្ទះ ព្រោះ​ត្រូវ​មេ​ឃុំ​គំរាម​ចាប់​ដាក់​គុក។
ពាក់ព័ន្ធ​បញ្ហា​នេះ បុគ្គលិក​នៃ​សមាគម​អាដហុក (adhoc) រក​ឃើញ​ថា មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​ហិង្សា​ដី​នេះ​កើត​ឡើង គឺ​ដោយសារ​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។
លុយ​ជិត ៥០០​លាន​រៀល (៤៧៣.៨៩០.០០០​រៀល) ឬ​ស្មើ​ប្រមាណ​ជិត ១២​ម៉ឺន​ដុល្លារ (១១៨.៤៧២,២​ដុល្លារ) សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​រក​ឃើញ​ថា បាន​ស្ថិត​ក្រោម​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​នោះ គឺ​ជា​ហេតុផល​តែ​មួយ​គត់ ដែល​នាំ​ឲ្យ​ការ​ដោះស្រាយ​ក្នុង​រឿង​ដីធ្លី​ជិត ៤​ពាន់​ហិកតារ នៅ​ឃុំ​បឹងប្រាំ ដោះ​មិន​ចេញ ហើយ​បន្ត​ជាប់​គាំង​អស់​ពេល ៨​ឆ្នាំ​មក​នេះ។
អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ទម្លាក់​បញ្ហា​ទាំង​នេះ​ទៅ​លើ​អាជ្ញាធរ និង​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត​ថា គឺ​ជា​អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​នៃ​បញ្ហា​ទាំង​នេះ។
កាល​ពី ១៦​ឆ្នាំ​មុន ពោល​គឺ​ក្រោយ​ពេល​ដែល​កម្លាំង​ផ្ដាច់​ខ្លួន​របស់​យោធា​ខ្មែរ​ក្រហម សម្រេច​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​១៩៩៨ នោះ ដី​តំបន់​នេះ​ត្រូវ​បាន​អតីត​មេបញ្ជាការ​រង​នៃ​កងពល​ធំ​១៩ របស់​ខ្មែរ​ក្រហម លោក ឈឹម សាវ៉ុន ប្រគល់​ឲ្យ​អតីត​ក្រុម​គ្រួសារ​យោធា​កាត់​រំសាយ ស្រប​តាម​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល ក្រោម​កម្មវិធី​នយោបាយ​ជា​ដី​សមាហរណកម្ម​នៃ​ក្រុម​គ្រួសារ​យោធិន​កាត់​ រំសាយ។
ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ លោក ឈា នី អះអាង​ថា ៨​ឆ្នាំ​ក្រោយ ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០០៦ មក ផ្ទៃ​ដី​ជិត ៤​ពាន់​ហិកតារ​នេះ ត្រូវ​បាន​មេ​ឃុំ​បឹងប្រាំ លោក ឈា នី ធ្វើ​គម្រោង​សំណើ​ទៅ​រដ្ឋាភិបាល កាល​ណោះ គឺ​ក្នុង​អាណត្តិ​របស់​អតីត​អភិបាល​ខេត្ត លោក ប្រាជ្ញ ច័ន្ទ ដើម្បី​បង្កើត​ឃ្មុំ​ថ្មី​មួយ​ទៀត​ក្នុង​តំបន់​ដី​សមាហរណកម្ម​នោះ មុន​នឹង​តំបន់​នេះ​ក្លាយ​ជា​ចំណុច​ដែល​មាន​ជម្លោះ និង​ឈាន​ទៅ​ដល់​ប្រើ​ហិង្សា រហូត​បណ្ដាល​ឲ្យ​ស្ត្រី​ជា​កសិករ​ម្នាក់​បាត់​បង់​ជីវិត ព្រម​ទាំង​មាន​មនុស្ស​មួយ​ចំនួន ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ​ផង។ ជាង​នេះ​ទៀត​នោះ មាន​អ្នក​ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ។
អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី និយាយ​ថា ចំណុច​ដែល​នាំ​ឲ្យ​កើត​ទំនាស់​នេះ គឺ​ផ្ដើម​ចេញ​ពី​ការ​បង្កើត​ឃុំ​ថ្មី​នេះ​ហើយ។ លោក​បញ្ជាក់​ថា ដើម្បី​បាន​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​លើ​ឃុំ​ថ្មី​នេះ កាល​ណោះ លោក ឈា នី បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ពី​មូលដ្ឋាន​ផ្សេង ដោយ​មធ្យោបាយ​លក់​ទិញ​ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សង្គមកិច្ច។ លោក​បន្ត​ថា ស្ថិត​ក្រោម​មធ្យោបាយ​នេះ លោក ឈា នី ទទួល​បាន​លុយ​ច្រើន​សម្បើម​ណាស់​ពី​ការ​លក់​ទិញ​គ្រា​នោះ ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា លុយ​ទាំង​នេះ​ត្រូវ​គេ​ចាត់​ចែង​លើ​អ្វី​នោះ​ឡើយ។
លោក យិន ម៉េងលី៖ «អ៊ីចឹង​ទឹក​លុយ​ដែល​ខ្ញុំ​មើល​ឃើញ​នៅ​ក្នុង​ឯកសារ​ របស់​ប្រជាពលរដ្ឋ​នោះ វា​រាប់​រយ​លាន​រៀល។ នេះ​ហើយ​ដែល​ជា​បញ្ហា​មួយ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង​នៅ​ទំនាស់​ដីធ្លី នឹង​អាច​នៅ​បឹងប្រាំ​ហ្នឹង​ដែរ។ ដោយសារ​តែ​ប្រជាពលរដ្ឋ ហើយ​ដី​វា​តិច ហើយ​ពាក់ព័ន្ធ​ថា​លុយ​នេះ គឺ​យក​ទៅ​ណា​យក​ទៅ​ប្រើប្រាស់​អី។ អា​នោះ​យើង​មិន​បាន​ដឹង​ច្បាស់​ទេ ដោយសារ​តែ​យើង​មិន​បាន​បន្ត​ការ​ស៊ើប​អង្កេត ពាក់ព័ន្ធ​ទៅ​លើ​បញ្ហា​លុយ​ហ្នឹង​ទេ»
វិទ្យុ​អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​ពី​មេ​ឃុំ​បឹងប្រាំ លោក ឈា នី ដែរ តែ​ពុំ​មាន​អ្នក​ទទួល​ជាច្រើន​ដង។ ឆ្លើយ​តប​បញ្ហា​នេះ កាល​ពី​ខែ​សីហា លោក ឈា នី បាន​បកស្រាយ​ថា លោក​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទិញ​លក់​ដី​ដែល​កំពុង​មាន​វិវាទ​នេះ​ ទេ។ លើស​ពី​នេះ​ទៀត លោក ឈា នី ថែម​ទាំង​ជំរុញ​ឲ្យ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​ការ​ស៊ើប​អង្កេត​ទៀត​ផង ដើម្បី​រក​ឲ្យ​ឃើញ​សរ​ខ្មៅ។ លោក​ចោទ​ប្រកាន់​ថា ក្រុម​អ្នក​ភូមិ​ដែល​តែង​តវ៉ា​នៅ​ពេល​នេះ គឺ​ជា​ក្រុម​ដែល​តែង​បង្ក​បញ្ហា ហើយ​រក​ឃើញ​ថា លោក​មាន​កំហុស​ដោយសារ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ព្រោះ​ការ​បង្កើត​ភូមិ ឬ​ថា​ឃុំ​នេះ លោក​ចាត់​ទុក​ថា ស្មើ​នឹង​ចោទ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដូច្នេះ​ដែរ៖ «គាត់​បាន​ថា​ ប្រជាជន​អូស​ប្រជាជន​ថ្មី មក​បង្កើត​ជា​រដ្ឋបាល​ឃុំ​មួយ ដោយ​យក​លុយ​យក​កាក់។ វា​ស្មើ​នឹង​ចោទ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​ភូមិ​បង្កើត​ឃុំ​សុទ្ធតែ​យក​លុយ​ពី​អ្នក​ស្រុក ទើប​បង្កើត​ភូមិ​បាន​បង្កើត​ឃុំ​បាន»
ទោះ​ជា​បែប​ណា របាយការណ៍​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​អំពី​លិខិត​ទិញ​លក់​ដី​កំពុង​មាន​ទំនាស់​នេះ មាន​ទឹក​ប្រាក់​ជិត ៥០០​លាន​រៀល (៤៧៣.៨៩០.០០០​រៀល) ឬ​ស្មើ​ប្រមាណ​ជិត ១២​ម៉ឺន​ដុល្លារ (១១៨.៤៧២,២​ដុល្លារ) សហរដ្ឋ​អាមេរិក។ ដោយ​ឡែក​ការ​ចំណាយ​វិញ មិន​ត្រូវ​បាន​គេ​បង្ហាញ​នៅ​ក្នុង​របាយការណ៍​នោះ​ឡើយ។ តួលេខ​នេះ នៅ​មិន​ទាន់​គិត​ពី​ចំនួន​អ្នក​ទិញ​ជា​លុយ​បាត និង​មាន​អ្នក​ខ្លះ​ប្រគល់​ជា​ម៉ូតូ​ម៉ាក​ហុងដា​ទ្រីម (Honda Dream) ជា​ថ្នូរ​នឹង​ដី ៥​ហិកតារ​ក្នុង​មួយ​គ្រួសារ​ផ្សេង​ទៀត​នៅ​ឡើយ​ផង។
លោក យិន ម៉េងលី អះអាង​ថា ក្នុង​រឿង​នេះ​នៅ​មាន​មន្ទិល​សង្ស័យ​ជាច្រើន ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​នេះ​ជាមួយ​មន្ត្រី​មាន​អំណាច ដោយ​លោក​ចាត់​ទុក​ថា ទំនង​ជា​សកម្មភាព​នៃ​ការ​ទិញ​លក់​នេះ​មាន​ភាព​ស្ងប់ស្ងាត់ ឬ​ថា​អាច​ដំណើរ​ការ​ទៅ​បាន ប្រហែល​មាន​ជាប់​ទាក់ទិន​នឹង​មន្ត្រី​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​ជុំវិញ​ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នេះ៖ «បើ​សិន​ជា​ដឹង តើ​ខេត្ត​បាន​ដោះស្រាយ​ទេ។ ចុះ​បើ​ដី​នេះ​ជា​ដី​ផ្នែក​សម្បទាន​សង្គមកិច្ច។ ចុះ​បើ​ផ្នែក​សង្គមកិច្ច មិន​មែន​តែ​ឃុំ​មួយ​ទេ ដែល​គាត់​ចាត់​ចែង​ម្នាក់​ឯង គឺ​នៅ​មាន​ចូលរួម​ពី​គណៈកម្មការ​ខេត្ត​ទៀត។ តើ​បញ្ហា​នេះ​ជា​កំហុស​របស់​ឃុំ ឬ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ថែម​ទៀត​នៅ​ស្រុក និង​ថ្នាក់​ខេត្ត។ នេះ​ជា​ចម្ងល់​ដែល​យើង​ត្រូវ​សាកសួរ​បាទ»
លោក យិន ម៉េងលី បន្ត​ថា ភាគ​ច្រើន​អ្នក​ទិញ​ដី​ពី លោក ឈា នី នៅ​ពេល​នេះ​រក​ឃើញ​ថា មាន​តែ​ប័ណ្ណ​អចលនទ្រព្យ​កាន់​ក្នុង​ដៃ តែ​ពុំ​មាន​ដី​កាន់​កាប់​ឡើយ ឬ​ថា​បើ​មាន​ដី​ដែរ ប៉ុន្តែ​មាន​ប្លង់​ពីរ​ជាន់​គ្នា​ក៏​មាន។ លោក​បន្ត​ថា រឿង​ក្រៅ​ពី​នេះ​ទៀត ដែល​នាំ​ឲ្យ​មាន​ទំនាស់​ក្នុង​ការ​គ្រប់គ្រង​ដី​នេះ​ដែរ គឺ​មេ​ឃុំ​បឹងប្រាំ លោក ឈា នី បាន​ទទួល​លុយ​ពី​ប្រជាពលរដ្ឋ​ចំណូល​ថ្មី និង​បាន​ធ្វើ​ប្លង់​ជាន់​លើ​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ចាស់ រួច​គំរាម​ឲ្យ​ពួក​គេ​ចាក​ចេញ​ទាំង​បង្ខំ។
ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ កាល​ពី​ខែ​សីហា មេ​ឃុំ​បឹងប្រាំ លោក ឈា នី អះអាង​ថា ប្រជាពលរដ្ឋ​ដែល​តែង​ឡើង​តវ៉ា និង​ចោទ​ប្រកាន់​ប្រឆាំង​រូប​លោក​ទាំង​នោះ គឺ​ជា​ក្រុម​មក​ពី​ខាង​ក្រៅ ដែល​ពុំ​មាន​នៅ​ក្នុង​ស្ថិតិ​រដ្ឋបាល​លោក​គ្រប់គ្រង​ឡើយ។ បើ​ទោះ​ជា​បែប​ណា គិត​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ (៣០៣) កំពុង​រង​ផល​ប៉ះពាល់។
ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​ដីធ្លី លោក ងួន រតនៈ បកស្រាយ​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ឡើយ ហើយ​ក៏​ពុំ​ដែល​បាន​ទទួល​លិខិត​ទិញ​លក់​ណា​មួយ​នោះ​ទៀត​ផង។ លោក​បន្ត​ថា យន្តការ​បន្ត​នៅ​ពេល​នេះ គឺ​ត្រូវ​ដោះស្រាយ​លើ​ដី​ដែល​កំពុង​មាន​វិវាទ តាម​គោល​នយោបាយ​នៃ​បទបញ្ជា​លេខ​០១ ស្ដីពី​នយោបាយ​ចាស់​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា៖ «មាន​លិខិត​ទិញ​លក់។ ពុក​រលួយ ខ្ញុំ​ឥត​មាន​ពុក​រលួយ​ហ្នឹង​ណា ព្រោះ​វា​អ៊ីចេះ គោលការណ៍​ដោះស្រាយ​រឿង​នេះ គេ​ហៅ​ថា​គោលការណ៍​ដោះស្រាយ​ទំនាស់​តើ ឥត​មាន​ផល​ប្រយោជន៍​ទាក់ទង​រឿង​ពុក​រលួយ​ទិញ​ដី​លក់​ដី​ទេ។ អ្វី​ដែល​យើង​ដោះ​នេះ គឺ​ដោះស្រាយ​ទំនាស់ ព្រោះ​ដី​នេះ​វា​ឈ្លោះ​គ្នា​យូរ​មក​ហើយ។ យើង​ដោះ​វា​ប៉ុណ្ណឹង​បាទ»
បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ អង្គការ​សង្គម​សង្គម​ស៊ីវិល ចាត់​ទុក​ថា បើ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ពុំ​មាន​ចំណែក​ណា​មួយ​នៃ​អំពើ​ពុក​រលួយ​ នេះ​ទេ គប្បី​ចាត់​វិធានការ​ដោយ​តម្លាភាព និង​លឿន​ជាង​នេះ។ ជុំវិញ​វិវាទ​នេះ កាល​ពី​ដើម​ឆ្នាំ​២០១៤ កន្លង​ទៅ គណៈកម្មការ​មួយ​បាន​លេច​រូប​រាង​ឡើង ដើម្បី​រក​ឲ្យ​ឃើញ​ពី​បញ្ហា​ដែល​កំពុង​ប្រឈម។
គណៈកម្មការ​ដែល​មាន​សមាសភាព​មក​ពី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ផង ហាក់​បង្ហាញ​លទ្ធផល​បញ្ច្រាស​គ្នា។ របាយការណ៍​របស់​សង្គម​ស៊ីវិល ហាក់​មើល​ឃើញ​ការ​ផ្ដល់​ដី​តាម​កម្មវិធី​នយោបាយ​សមាហរណកម្ម គឺ​ទំនង​មាន​ទម្ងន់​ផ្នែក​ផ្លូវ​ច្បាប់​ជាង ព្រោះ​គោល​នយោបាយ​ផ្ដល់​សម្បទាន​ដី​សង្គមកិច្ច ហាក់​ពុំ​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ល្អិតល្អន់​នោះ​ទេ។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ទើប​បន្ត​បញ្ហា​រហូត​ដល់​បច្ចុប្បន្ន៕
ប្រភពពី វិទ្យុអាស៊ីសេរី