លោក ហ៊ុន សែន គាំទ្រការកោះហៅ រដ្ឋមន្ត្រីទៅសួរនាំនៅសភា
ការលើកឡើងដូច្នេះ នៅក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
មួយថ្ងៃបន្ទាប់ពីគណៈកម្មការទី ៧ នៃរដ្ឋសភា បានសួរនាំនិង ស្ដាប់ការបំភ្លឺពីរដ្ឋមន្ត្រីក្រសួងអប់រំជុំវិញកំណែទម្រង់របស់ក្រសួងកាលពីថ្ងៃទី ១៧ កញ្ញា ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគាំទ្រចំណាត់ការរបស់រដ្ឋសភា។
លោក ហ៊ុន សែន ៖ « ខ្ញុំពិតជាមានការអបអរសារទរជាមួយនឹងការរួមគ្នាដោះស្រាយបញ្ហានៅក្នុងក្របខណ្ឌសភាព្រោះដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សគឺដំណើរការនៅក្នុងសភានោះឯង។គេអត់និយាយនៅក្រៅ តាមចិញ្ចើមថ្នល់ឬការនិយាយដើម្បីធើ្វការឃោសនាទេ»។
លោកនាយករដ្ឋមន្ត្រីបានហៅការកោះហៅរដ្ឋមន្ត្រីរបស់ខ្លួនទៅសួរនាំ និង បំភ្លឺនៅក្នុងរដ្ឋសភានេះថា ជាការរួមគ្នាដោះស្រាយបញ្ហារបស់ប្រទេសជាតិ។ លោកក៏បានក្រើនរម្លឹកដល់រដ្ឋមន្ត្រីក្រោមឪវាទផងដែរ ថា ត្រូវតែទៅចូលឆ្លើយនៅក្នុងរដ្ឋសភា នៅពេលដែលគណៈកម្មការរបស់សភា ឬ រដ្ឋសភាកោះហៅទៅសួរនាំ ឫបំភ្លឺពីបញ្ហាអ្វីមួយនោះ។ ផ្អែកតាមរដ្ឋធម្មនុញ្ញដែលចែងថា រដ្ឋមន្ត្រីត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋសភា និង នាយករដ្ឋមន្ត្រីនោះ លោក ហ៊ុន សែន បានបញ្ជាក់ថា ពេលមានការកោះហៅ រដ្ឋមន្ត្រីទាំងឡាយមិនចាំបាច់សួរយោបល់ពីនាយករដ្ឋមន្ត្រីថាត្រូវទៅឬមិនទៅ ឬក៏ត្រូវសុំយោបល់ថាត្រូវឆ្លើយបែបណានោះទេ។
គួរបញ្ជាក់ថា ក្រោយពីចូលក្នុងរដ្ឋសភា គណបក្សសង្គ្រោះជាតិ បានផ្តើមប្រើប្រាស់យន្តការសភា ដើម្បីដោះស្រាយបញ្ហាផ្សេង។ ជាក់ស្តែងគណៈកម្មការមួយចំនួនដែលដឹកនាំគណ បក្សប្រឆាំងនេះ បានកោះហៅរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមកសាកសួរជាបន្តបន្ទាប់។ ថ្មីៗនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និង ជាអនុប្រធានទី១ នៃរដ្ឋសភា បានប្រកាសថា លោកគ្រោងប្រើយន្តការសភាបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីដែលពុករលួយ។ ភា្លមៗ លោក កឹម សុខា បានរងការព្រមានតបពីលោក ហ៊ុន សែន ថា នឹងបោះឆ្នោតទម្លាក់លោកពីអនុប្រធានទី១ នៃរដ្ឋសភាវិញ។ ក៏ប៉ុន្តែ នៅពេលនេះ លោកនាយករដ្ឋមន្ត្រី បែរជាគាំទ្រឲ្យមានការកោះហៅរដ្ឋមន្ត្រីទៅសួរនាំនៅក្នុងរដ្ឋសភា ហើយថែមទាំងចង់មានដំណើរការបែបនេះ កើតមានបន្តទៀត៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ