បុគ្គលិក​ក្រុមហ៊ុន​ ឋានសួគ៌​បូកគោ​ផ្នែក​ ចុងភៅ​តវ៉ា​ទាមទារ ​ដំឡើង​ឋានៈ​និង​ប្រាក់​ខែ

9/06/2014 0 Comments A+ a-

image (17)បុគ្គលិក ​ផ្នែក​ផ្ទះ​បាយ និង​ចុងភៅ​ចំនួន ២០​នាក់ បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឋានសួគ៌​បូកគោ ក្នុង​ខេត្ត​កំពត នាំ​គ្នា​តវ៉ា​មិន​ចូល​ធ្វើ​ការ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២ គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​កញ្ញា ដោយ​ទាមទារ​អោយ​ថៅកែ​ដំឡើង​ឋានៈ និង​ប្រាក់​ខែ​ទៅ​តាម​បទពិសោធន៍​ការងារ​របស់​ពួក​គេ។
ការ​តវ៉ា​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​ឋានសួគ៌​បូកគោ បាន​ប្រជុំ​ជាមួយ​បុគ្គលិក ហើយ​បដិសេធ​សំណើ​ពួក​គេ​ដែល​បាន​ដាក់​ទៅ​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា។
បុគ្គលិក​ក្រុមហ៊ុន​ឋានសួគ៌​បូកគោ ផ្នែក​ផ្ទះ​បាយ និង​ចុងភៅ​ប្រមាណ ២០​នាក់ គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ទីរ​ការងារ ខេត្ត​កំពត ប្រសិន​បើ​ភាគី​ក្រុមហ៊ុន​មិន​ដោះស្រាយ​សំណើ​សុំ​ដំឡើង​ឋានៈ និង​ប្រាក់​ខែ។
ស្ត្រី​ចុងភៅ​ផ្នែក​ម្ហូប​ត្រជាក់ ឈ្មោះ ធី ចាន់ធៀន ឲ្យ​ដឹង​ថា គាត់​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឋានសួគ៌​បូកគោ ជិត ៤​ឆ្នាំ​ហើយ។ ពួក​គាត់​ទទួល​ប្រាក់​ខែ ១០០​ដុល្លារ ហើយ​ធ្វើ​ការ​មួយ​ថ្ងៃ ៩​ម៉ោង។ លោកស្រី​ថា បើ​ថ្ងៃ​បុណ្យ​វិញ ពួក​គាត់​ដាំ​ស្ល​ស្ទើរ​ពេញ​១​ថ្ងៃ​១​យប់ ព្រោះ​ភ្ញៀវ​ច្រើន អ្នក​ធ្វើ​ការ​នៅ​ចង្ក្រាន​បាយ​រវល់​ខ្លាំង ត្រូវ​ជួយ​គ្នា​ដើម្បី​បម្រើ​ភ្ញៀវ​ឲ្យ​ពេញ​ចិត្ត។
ប្រភព​ដដែល​បន្ត​ថា ពី​មុន​មក ពួក​គាត់​មិន​តវ៉ា​ដំឡើង​ប្រាក់​ខែ និង​ឋានៈ​ទេ ព្រោះ​ក្រុមហ៊ុន​ទើប​បើក​ថ្មី។ ប៉ុន្តែ​ឥឡូវ ក្រុមហ៊ុន​ដំណើរ​ការ​ល្អ មាន​ភ្ញៀវ​ច្រើន​រយ​នាក់​ក្នុង​១​ថ្ងៃៗ ទើប​ពួក​គាត់​សុំ​ថៅកែ​ដំឡើង​ប្រាក់​ខែ​ពី ២០ ទៅ ៣០​ដុល្លារ ក្នុង​១​ខែ និង​សុំ​ដំឡើង​ឋានៈ​ឲ្យ​ត្រូវ​តាម​បទពិសោធន៍​ការងារ​យូរ​ឆ្នាំ៖ «បញ្ហា​ ហ្នឹង ពួក​ខ្ញុំ​បាន​លើក​ច្រើនសា​ហើយ​រយៈពេល​កន្លះ​ឆ្នាំ ចូល​ជិត​១​ឆ្នាំ​ហើយ ប៉ុន្តែ​ពួក​គាត់​អត់​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ គឺ​នៅ​តែ​សន្យាៗ អត់​មាន​បាន​អី​ផង»
កម្មករ​លាង​ចាន ឈ្មោះ អ៊ិត មានិត ឲ្យ​ដឹង​ថា ពួក​គាត់​តវ៉ា​ក្រោយ​ពី​អ្នក​គ្រប់គ្រង ប្រជុំ​មិន​ទទួល​សំណើ​ពួក​គាត់។ លោក​ថា ពួក​គាត់​នៅ​ចង្ក្រាន​បាយ ធ្វើ​ការ​លើស​ម៉ោង​ក្នុង​១​ថ្ងៃ​មិន​តិច​ជាង ២​ម៉ោង​ចំពោះ​ថ្ងៃ​ធម្មតា។ ប៉ុន្តែ​បើ​ថ្ងៃ​បុណ្យ ពួក​គាត់​មិន​បាន​ឈប់​ដូច​គេ​ឯង ហើយ​ធ្វើ​ការ​ស្ទើរ​ដល់​ភ្លឺ ក៏​ថៅកែ​មិន​លើក​ទឹក​ចិត្ត​ដែរ។ មូលហេតុ​នេះ ទើប​បុគ្គលិក​នៅ​ចង្ក្រាន​បាយ ទាំង​ចុងភៅ និង​កម្មករ​ប្រមាណ ២០​នាក់ មិន​ចូលរួម​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ ខែ​កញ្ញា រង់ចាំ​ការ​សម្រេច​ពី​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ឋានសួគ៌​បូកគោ៖«ខាង​ អូតែល គាត់​អត់​ឲ្យ​ពួក​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន តែ​ខ្ញុំ​ចូល​សួរ​គាត់​ថា តើ​ក្រុមហ៊ុន​បញ្ឈប់​ដេញ​ខ្ញុំ​ឬ​អត់? គាត់​ថា ក្រុមហ៊ុន​មិន​ដេញ​ទេ តែ​សំខាន់​ពេល​ដែល​យើង​ស្ថិត​នៅ​ក្នុង​ការ​តវ៉ា គឺ​គាត់​អត់​ឲ្យ​បាយ​ទឹក ហើយ​និង​អត់​ឲ្យ​កន្លែង​ស្នាក់​នៅ»
ពាក់ព័ន្ធ​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​ឋានសួគ៌​បូកគោ យក់ សេដ្ឋា មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា។
សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពត អ្នកស្រី សំ ចរិយា ថ្លែង​ថា បុគ្គលិក​ក្រុមហ៊ុន​ឋានសួគ៌​បូកគោ ប្ដឹង​មក​ដល់​ក្រុម​ប្រឹក្សា​ខេត្ត​ឲ្យ​ជួយ​អន្តរាគមន៍។ លោកស្រី​នឹង​លើក​ពាក្យ​បណ្ដឹង​នេះ​ពិភាក្សា​នៅ​ក្នុង​ការ​ប្រជុំ​ថ្នាក់​ ខេត្ត៖ «ខាង​បូកគោ​ហ្នឹង ត្រូវ​មាន​គោល​នយោបាយ បើ​ថា​ចង់​ដេញ​គាត់​ចេញ ក៏​ត្រូវ​គិត​ជូន​គាត់​គោល​នយោបាយ ៣​ខែ ៥​ខែ​អ៊ីចឹង​ទៅ ដើម្បី​ឲ្យ​គាត់​ទម្រាំ​រក​ការងារ​ថ្មី»
មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) លោក យន់ ផល្លី ឲ្យ​ដឹង​ថា បុគ្គលិក​ក្រុមហ៊ុន​ឋានសួគ៌​បូកគោ កំពុង​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ទីរ​ការងារ​ខេត្ត​កំពត ឲ្យ​ជួយ​ដោះស្រាយ​ការ​ទាមទារ​របស់​ពួក​គេ។ លោក​ថា ទោះ​ជា​យ៉ាង​ណា ក្រុមហ៊ុន​នោះ​មិន​ទាន់​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ឡើយ៖ «រឿង ​ទាក់ទិន​នឹង​តវ៉ា បើ​សិន​គាត់​នៅ​បន្ត​តវ៉ា ឲ្យ​គេ​មាន​ដំណោះស្រាយ គាត់​មាន​តែ​ចុះ​មក​ក្រោម​ទេ ដើម្បី​យើង​ដាក់​បណ្ដឹង​ទៅ​តាម​នីតិវិធី​ទៅ គឺ​ទៅ​មន្ទីរ​ការងារ ដើម្បី​ឲ្យ​ខាង​មន្ទីរ​ការងារ គេ​មាន​វិធានការ​មក​វិញ»
បុគ្គលិក​ចុងភៅ​ក្រុមហ៊ុន​ឋានសួគ៌​បូកគោ មួយ​ចំនួន​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​សញ្ញាបត្រ​ចុងភៅ ទើប​សុំ​ឲ្យ​ក្រុមហ៊ុន​វាយ​តម្លៃ​ការងារ បទពិសោធន៍​ការងារ ហើយ​ផ្តល់​ប្រាក់​ខែ​តាម​សញ្ញាបត្រ​ដែល​មាន៕
ប្រភពពី វិទ្យុអាស៊ីសេរី