ហ៊ុយ ច័ន្ទ​រាជនី ប្រកាស​ទទួល​ថត ​ឈុត​ក្តៅសាច់

9/15/2014 0 Comments A+ a-

20140915_28ភ្នំពេញៈ បើ​ទោះ​ជាដឹង​ថា ​សំឡេង​នៃ​ការ​រិះ​គន់​នៅ​តែ​បន្ត​កើត​មាន​​ក្នុង​ឈុត​សម្តែង​ស្រើប​ស្រាល​ សិច​ស៊ី​លែង​ល្វែង​ខាង​លើ​របស់ កញ្ញា ឌុច លីដា នៅ​ក្នុង​រឿង ​ស្បែក​គង់ ក្តី តែ​​ស្រី​ស្អាត​ជំនាន់​ទី​១០​ឆ្នាំ​២០១១ តួ​ឯក​ក្នុង​រឿង «ផ្ទះ​ស្នេហ៍» កញ្ញា ហ៊ុយ ច័ន្ទ​រាជនី ​បាន​ប្រកាស​​ពី​ជំហរ​​ទទួល​យក​ការ​សម្តែង​តាម​គន្លង​ របស់​ កញ្ញា ឌុច លីដា ពិសេស​ឈុត​ឆាក​លែង​ខ្លួន។
ក្នុង​ជំហរ​ដ៏ម៉ឺង​ម៉ាត់​នោះ ស្រី​ស្អាត​ដ៏​ស្រស់​សោភា​ មាន​វ័យ​១៩​ឆ្នាំ​ កញ្ញា ហ៊ុយ ច័ន្ទរាជនី ​បញ្ជាក់​ថា៖​«មិនទៅ​ខ្លាច​ទេ ចំពោះ​ឈុត​សម្តែង​ ដូច​ជា​ លីដា នៅ​ក្នុង​រឿង​ស្បែក​គង់ ឲ្យ​តែ​មាន​ផលិត​កម្ម​ហៅ​ថត​ ខ្ញុំ​នឹង​ពិចារណា​ភ្លាម ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា​ ការ​ថត​ឈុត​បែប​នេះ ប្រាកដ​​ជា​ចៀស​មិន​ផុត​ពី​ការ​រិះ​គន់​ឡើយ»។
ស្រី​ស្អាត ដែល​សម្ផស្សមុខ​មាន​មន្ត​ស្នេហ៍​ទាក់​ទាញ​ និង​ជា​ថៅកែ​ហាង​លក់​អាហារ​សមុទ្រ​នៅ​កោះ​ពេជ្រ ច័ន្ទរាជនី បាន​លើក​ជា​ឧទាហរណ៍​មក​បង្ហាញ​មហាជន​ផង​ដែរ ពី​ឈ្មោះ​តារា​សិល្បៈ​ដែល​ទទួល​បាន​ភាព​លេចធ្លោ ក្នុង​ទីផ្សារ​សម្តែង ដោយសារ​ហ៊ាន​ថត​ឈុត​សិចស៊ី។
នាង​រៀប​រាប់​ឈ្មោះ​ថា មាន​ដូច​ជា​ បង​ស្រី សាន សុម៉ាលី អ្នក​បង ចន ច័ន្ទលក្ខិណា បងស្រី​វ៉ាង ស្រី​ណូ និង​ចុង​ក្រោយ​ ឌុច លីដា ជា​ដើម»។
កញ្ញា ហ៊ុយ ច័ន្ទរាជនី បាន​លាន់​មាត់​ថា លីដា នាង​មាន​ប្រជាប្រិយ​ភាព​ហក់​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៤​នេះ ពិសេស​ក្រោយ​ពី​នាង​ថត​រឿង​ស្បែក​គង់ ក្នុង​ឈុតស្រើប​ស្រាល​។ ​
ទន្ទឹម​នឹង​ទំនោរចិត្ត​ទាមទារ​រក​ភាព​លេច​ធ្លោក្នុង​​អាជីព​សម្តែង​នេះ​ ស្រី​ស្អាត​ជំនាន់​​ទី​១០​ម្នាក់​​នេះ​ បាន​​​អះ​អាង​ដដែល​ថា៖​«អត់ខ្លាច​សោះ ចំពោះ​ការ​ថត​សម្តែង​ដូច​ ឌុច លីដា ក្នុង​រឿង​ស្បែក​គង់​ ព្រោះ​នោះ​ជាកា​រសម្តែង​បែប​ប​ច្ចេក​វិទ្យា​អត់មាន​ប៉ះ​ពាល់អ្វី​ដល់​នាង​ ខ្ញុំ​ឡើយ ផ្ទុយ​ទៅ​វិញ​អាច​ជួយ​យឹត​យោង​កេរ្តិ៍​ឈ្មោះ​កាន់​​តែ​ល្បី​ល្បាញ​ថែម​ទៀត​ ផង»។
បន្ថែម​លើការ​ទទូច​នោះ កញ្ញា ហ៊ុយ ច័ន្ទ​រាជនី បាន​សម្តែង​​ក្តី​សង្ឃឹមប្រយោល​ថា នាង​នឹង​ទទួល​បាន​ប្រជាប្រិយ​ភាព​ល្បី​ល្បាញ​ដូច ឌុច លីដា ប្រ​សិន​បើ​នាង​បាន​សម្តែង​ឈុត​ប្លែកៗ​ដូច​នេះ។
ឱកាស​​ទទួល​បាន​តំណែង​ជា​តួឯកក្នុង​វី​ដេអូភាគ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ ទូរទស្សន៍ ក្រោយ​​ពី​ទទួល​ជ័យ​លាភី​ជាប់ជា​ស្រី​ស្អាត​ឆ្នាំ​២០១១ ហ៊ុយ ច័ន្ទរាជនី ចាប់​បាន​មិន​តិច​ជាង ៥​រឿង​នោះ​ទេ។ មោទនភាព​ខ្លាំង​នោះ គឺ​គ្រាន់​តែ​ទទួល​បាន​ការ​បំពាក់​ព័ទ្ធ​ឆៀង​ជា​ស្រី​ស្អាត​ភ្លាម​នោះ​ រាជនី ក៏​ទទួល​បាន​ឱកាស​ឡើង​គ្រង​តំណែង​តួឯក​ភ្លែត ក្នុង​រឿង «​ស្នេហ៍​គ្រាដំបូង» ដែល​ការ​សម្តែង​របស់​រាជនី​នោះ​ទៀត​សោត​ ភាគ​ច្រើន​​ចាក់​បញ្ចាំង​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍ CTN។
ទទួល​ស្គាល់​ពី​ឱកាស​លេច​មុខ​លើ​កញ្ចក់​ទូរទស្សន៍​នេះ រាជនី បាន​ថ្លែង​ទាំង​មោទនភាព​ថា៖​«ដូចជា​កម្រដែរ សម្រាប់​អ្នក​ទទួល​បាន​ជ័យ​លាភី ទទួល​បាន​ឱកាស​សម្តែង​ភាពយន្ត​ជា​តួឯក​ភ្លាម ប៉ុន្តែ​ខ្ញុំ​ពេល​នោះ​ ខ្ញុំ​បាន​ភ្លាម ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ណាស់​ដែរ បាន​ទទួល​ឱកាស​សម្តែង​ជា​តួឯក​ភ្លាមៗ​ក្នុង​រឿង​ស្នេហ៍​គ្រាដំបូង សម្តែង​ជាមួយ​​តួល្បី​ដូចជា​បង សក្ខណា បង នី មុល្លិកា ជា​ដើម»។
រាជនី បន្ត​ថា៖​«ដូចជា​ចុង​ក្រោយ​នេះ រឿង ផ្ទះ​ស្នេហ៍​ ដែល​ខ្ញុំ​សម្តែង​ក៏​ចាក់​បញ្ចាំង​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​ផង​ដែរ»។
រាជនី ថា ការ​ទាក់​ឆក់​យក​បេះ​ដូង​មហាជន​ឲ្យ​សើច​សប្បាយ​​តាម​រយៈការ​សម្តែង​ បែប​ក្រមិច​ក្រមើម វា​ហាក់​មាន​កម្រិត ប៉ុន្តែ​បើ​សម្តែង​ដូច លីដានោះ​ក៏​ល្អដែរ។ នាង​ទទូច​ទៀត​ថា៖ «មើល​ ឌុច លីដា ឆ្នាំ​២០១៤នេះ ពេល​នាង​សម្តែង​រឿង​សិច​​ស៊ី​ភ្លាម​ នាង​កាន់​តែ​ល្បី»៕
_______________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍