នារីវ័យក្មេង ជិះម៉ូតូទៅលេងបងប្អូន បានតែបន្តិចត្រូវភ្លើង ឆាបឆេះរត់ផ្អើលពេញផ្លូវ
នារីរងគ្រោះមានឈ្មោះ ផុល ស្រីពៅ អាយុ ១៩ឆ្នាំ រស់នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ បើកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរី០៥ ពណ៌ខ្មៅ អត់ស្លាកលេខ ឌុបប្អូនស្រីម្នាក់ ចេញពីផ្ទះ ធ្វើដំណើរទៅលេងបងប្អូន នៅភូមិពន្លៃ ស្រុកបរិបូរណ៌។ ពេលមកដល់កន្លែងកើតហេតុប្អូនស្រីដែលជិះនៅខាងក្រោយ បានស្រែកប្រាប់បងស្រីថា «បងៗដូចជាក្តៅជើង» ពេល ក្រឡេកមើលទៅក្រោម ក៍ឃើញអណ្តាតភ្លើង ឆេះសន្ធោសន្ធៅ ចេញពីធុងសាំងម៉ូតូ។
ពេលនោះពួកនាង បានបត់ទៅឆ្វេងដៃបន្តិច ហើយផ្តួលម៉ូតូចោល ស្រែកអោយគេជួយ ហើយលោកនាយនគរបាលប៉ុស្តិ៍ និងកូនចៅ បាននាំគ្នាយកធុងស្ពេត្រូ ដងទឹកពីស្រះឈូក ដែលនៅក្បែរនោះ យកចាក់ស្រោចពន្លត់ម៉ូតូ អស់ប្រមាណ ១០នាទី នៅតែមិនរលត់ បន្ទាប់មកអ្នកលក់ហ្គាស ដែលនៅក្បែរនោះដែរ បានអោយបំពង់ពន្លត់អគ្គីភ័យ មកបាញ់ពន្លត់ ទើបភ្លើងរលត់ទៅវិញ ប៉ុន្តែម៉ូតូបានឆេះ ខូចអស់ប្រមាណ ៦០ ភាគរយទៅហើយ។
ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពី ទុយោសាំងម៉ូតូ លិចស្រក់សាំងទៅលើម៉ាស៊ីនម៉ូតូ ដែលកំពុងក្តៅ ឬប៊ូហ្សីម៉ូតូ ដែលគ្មានពាក់ក្បាលការពារ ឲ្យបានត្រឹមត្រូវ ទើបបណ្តាល អោយឆាបឆេះបែបនេះ តែសំណាងល្អ ដែលធុងសាំងមិនផ្ទុះ និងមិនបង្កគ្រោះថ្នាក់ ដល់អ្នកបើកបរ។ ក្រោយពេលកើតហេតុ នារីរងគ្រោះបានទូរស័ព្ទ ហៅក្រុមគ្រួសារ មកជួយដឹកយកម៉ូតូ ទៅកាន់លំនៅដ្ឋានវិញ ដើម្បីធ្វើការជួសជុល ប្រើប្រាស់វិញ៕
_____________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
