យកស្មៅលក់ឲ្យ ប្រជាពលរដ្ឋប្រាប់ថា ជាស្មៅយកពូជពីកូរ៉េ ថ្នាំកែរោគ១៤មុខមន្ទីរ សុខាភិបាលហាម ឃាត់មិនឲ្យលក់
ការលក់ស្មៅព្យាបាលរោគ គឺចាប់តាំពីថ្ងៃទី០១ និង០២ខែកញ្ញា ឆ្នាំ២០១៤ ដែលលក់ដោយគ្រូឱសថបុរាណម្នាក់ ឈ្មោះ ជា ភន អាយុ៥៤ឆ្នាំ មានទីលំនៅក្រុងភ្នំពេញ និងបានស្នាក់នៅដាំស្មៅនេះនៅខេត្តបន្ទាយមានជ័យ ។
ការលក់ស្មៅនេះ គឺគ្រូឱសថបុរាណរូបនេះបាន ដាក់ឧបករណ៍បំពងសំឡេង ដោយនិយាយអួតថា ដើមស្មៅដែលលោកបានយកមកលក់នេះ មានឈ្មោះថា រ៉ាប់ពីកា ជាមួយប្រភេទស្មៅដែលបានយកពូជពីប្រទេសកូរ៉េ ហើយលោកបានយកទៅដាំដុះនៅខេត្តបន្ទាយមានជ័យដោយខ្លួនលោកផ្ទាល់ ។ថ្នាំនេះជាឱសថព្យាបាលជំងឺរហូតដល់១៤មុខ បានស័ក្តិសិទ្ធិផងដែរ ព្យាបាលជំងឺ១៤មុខ ដែលអាចព្យាបាល ដូចជា ជំងឺទាចទឹក ជំងឺមហារីកស្បូន…ជាដើម ដែលនៅពេលនេះសង្ស័យថា គ្រូសឱសថបុរាណនេះកំពុងតែបោកប្រាស់ប្រជាពលរដ្ឋ ។
ដោយសារតែបានស្រែកតាមឧបករណ៍បំពងសំឡេងនៅចំពីមុខផ្សារពន្លៃ ស្រុកបរិបូរណ៌នោះ ធ្វើអោយប្រជាពលរដ្ឋដែលមកផ្សារបានចោមរោម និងទិញស្មៅនេះ ជាបន្តបន្ទាប់ផងដែរ ហើយក្នុងរយៈពេលមួយថ្ងៃគ្រូឱសថបុរាណនេះបានលក់ស្មៅអស់ ប្រមាណជាង៣០០ទៅ៤០០គីឡូក្រាម ដែលលក់ក្នុងតម្លៃ១គីឡូក្រាម៣ម៉ឺនរៀល ហើយនៅថ្ងៃនេះ គ្រូឱសថបុរាណបន្តធ្វើការលក់ថែមទៀត ប៉ុន្តែត្រូវបានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងដឹងទាន់ ក៏បានធ្វើការហាមឃាត់មិនអនុញ្ញាតឲ្យគ្រូឱសថបុរាណនោះបន្តលក់ ទៅទៀតទេ ដោយបញ្ជាក់ថា ការលក់នេះគឺពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ ។
កន្លងមកប្រជាពលរដ្ឋស្រុកបរិបូរណ៌ក៏ធ្លាប់ចាញ់បោកគ្រូថ្នាំ បុរាណបែបនេះដែរ ធ្វើឲ្យពួកគាត់ម្នាក់ៗអស់លុយរាប់ម៉ឺនរៀល ក្រោយពីទិញយកទៅប្រើហើយមិនបានលទ្ធផលអីនោះទេ ៕
________________
ប្រភពពីនគរវត្ត