គេថា ប៉េអឹម ស្រុកចុងកាល់ ជំរិតទារប្រាក់ពីអ្នក គាស់គល់ឈើ
ឧត្តរមានជ័យៈ មន្រ្តី
អាវុធហត្ថ ស្រុកចុងកាល់ រងការចោទប្រកាន់ថា បានជំរិតទារប្រាក់ជិត ២
ពាន់ដុល្លារ ពីគ្រូបង្រៀន និងពលរដ្ឋចំនួន ៦
នាក់ជាថ្នូរនឹងការដោះលែងរឿងគាស់គល់ឈើតាមស្រែ។
អ្នកសម្របសម្រួលអង្គការអាដហុក
ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានឲ្យដឹងកាលពីម្សិលមិញថា
ពលរដ្ឋបានសុំអន្តរាគមន៍ពីអាដហុក បន្ទាប់ពីមានការចាប់ឃុំខ្លួន
និងបង្ខំឲ្យបង់ប្រាក់នោះមក។
លោកបញ្ជាក់ថា
គ្រូបង្រៀនអនុវិទ្យាល័យម្នាក់ រួមនឹងបងប្អូនចំនួន ៥នាក់ ផ្សេងទៀត
បាននាំគ្នាទៅកាប់គាស់គល់ឈើធ្នង់ចំនួន ៦
នៅតាមស្រែនិងទីទួលរបស់ប្រជាពលរដ្ឋនៅក្នុង ភូមិព្រៃធំ
ឃុំ-ស្រុកចុងកាល់ កាលពីថ្ងៃអង្គារក្នុងសប្តាហ៍នេះ។
នៅពេលដែលពួកគាត់កំពុងតែដឹកគល់ឈើនោះតាមគោយន្តទៅផ្ទះ
ក៏ត្រូវបានមន្រ្តីអាវុធហត្ថស្រុកពីរនាក់ និងទាហានម្នាក់
ចាប់ឃុំខ្លួនអស់មួយយប់មួយថ្ងៃ
ហើយបង្ខំឲ្យបង់ប្រាក់ក្នុងម្នាក់ៗចំនួន ៣០០
ដុល្លារជាថ្នូរនឹងការដោះលែងបញ្ចប់រឿងមិនបញ្ជូនទៅតុលាការ។
លោក ស្រី ណារ៉េន បានចាត់ទុកថា៖
«នេះគឺជាការជំរិតទារប្រាក់ដើម្បីដោះលែងហើយគំរាមបញ្ជូនទៅខេត្ត
និងមិនឲ្យប្រាប់គេឯង។ បើគាត់ខុសធ្វើតាមច្បាប់ទៅ។
កុំធ្វើពុករលួយជំរិតបែបនេះ»។
លោកបន្ថែមថា ពលរដ្ឋមានកំហុសត្រង់ថា
គាស់គល់ឈើមិនបានសុំការអនុញ្ញាតពីម្ចាស់ស្រែ ហើយការកាប់នោះ
ក៏មិនមែនប្រព្រឹត្តក្នុងដីសហគមន៍ ឬព្រៃការពារ អភិរក្សនោះដែរ។
លោក ណារ៉េន ថ្លែងថា៖ «គល់ធ្នង់នោះ
មានប្រវែងពី ៣ ទៅ ៤ តឹកប៉ុណ្ណោះ។ យកទៅលក់ក៏មិនបានប៉ុន្មានដែរ
ហើយបើទារប្រាក់ច្រើនម្លឹងៗគ្នាបានប្រាក់អីណាទៅបង់។
រកគ្រាន់តែចិញ្ចឹមជីវិតតែពេលវ៉ាកង
មិនមែនរកស៊ីខុសច្បាប់ធំដុំនោះទេ»។
ពលរដ្ឋម្នាក់ក្នុងចំណោម ៦
នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទាហានម្នាក់
និងមន្រ្តីអាវុធហត្ថពីរនាក់ ក្នុងនោះម្នាក់ឈ្មោះ ឌុច គឹមសេង ហៅ ខ្នា
ជាមេបញ្ជាការរងអាវុធហត្ថ ស្រុកចុងកាល់
បានដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់បំបែកក្បាល
ដោយប្រើពាក្យគំរោះគំរើយ
និងបញ្ជាឲ្យពួកលោកបើកគោយន្តដឹកគល់ឈើនោះទៅមូលដ្ឋានអាវុធហត្ថ
ស្រុកទាំងភ្លៀងហើយបានឃុំពួកលោកនៅក្នុងបន្ទប់មួយអស់មួយយប់
ដែលមានការយាមកាម និងតាមមើលដូចឧក្រិដ្ឋជន។ នៅថ្ងៃបន្ទាប់
(ថ្ងៃពុធ) មន្រ្តីអាវុធហត្ថបានធ្វើកំណត់ហេតុឲ្យពួកលោកផ្តិតមេដៃ
ហើយបានឲ្យពួកលោកទៅយកលុយមកបង់ក្នុងម្នាក់ៗ ៣០០
ដុល្លារដើម្បីបញ្ចប់រឿងមិនបញ្ជូនទៅតុលាការ។
លោកនិយាយថា៖
«ពួកយើងជាពលរដ្ឋតូចតាចភ័យស្លន់ស្លោគ្រប់គ្នា។
យំអង្គុយអង្វរគេដូចទាសករសុំចុះត្រឹមម្នាក់ ២០០ ដុល្លារ។
គេចុះឲ្យហើយ យើងរកលុយមិនបានទៀត
គេក៏យកខ្នោះមកដាក់ក្បែរគំរាមដោះខោអាវ
ខ្នោះមួយដាក់ពីរនាក់ដឹកទៅតុលាការ»។
លោកបន្តថា ឃើញដូចនោះ
ពួកលោកកាន់តែភ័យហើយបានបង្ខំឲ្យប្រពន្ធរត់ទៅវិញទៅមកពីរបីដង
ទំរាំខ្ចីលុយគេបាន ៩០០ ដុល្លារយកទៅបង់ ទើបលោក គឹមសេង ព្រមដោះលែង
ប្រគល់គោយន្តឲ្យមកវិញ។ ចំណែកគល់ឈើ កាំបិត ១ ពូថៅ ១ ចបកាប់ ១ ចបជីក ១
រណារដៃ ១ និងម៉ាស៊ីនត្រង់សឺន័រ ១ ត្រូវគេដកហូតយក។
បុរសម្នាក់នេះអះអាងថា៖
«ការជំរិតយកលុយនេះក៏មានប៉េអឹមខេត្តចូលរួមដែរ។
ពលរដ្ឋមិនសូវជាពេញចិត្តនឹងប៉េអឹមហ្នឹងទេ។
ពីមុនគេធ្លាប់ជិះម៉ូតូបុកពលរដ្ឋម្នាក់ ហើយយកជើងជាន់ទៀត។
តែទម្លាក់កំហុសថា ពលរដ្ឋទៅបុកគេទៅវិញ»។
លោក ឌុច គឹមសេង មេបញ្ជាការរងអាវុធហត្ថ
ស្រុកចុងកាល់ បានបដិសេធការចោទប្រកាន់នេះ ដោយថ្លែងថា
លោកមិនបានជំរិតទារប្រាក់ទេ
ប៉ុន្តែប្រជាពលរដ្ឋជាអ្នកសុំសម្រុះសម្រួលបញ្ចប់រឿង។
លោកបានថ្លែងថា៖ «វាជារឿងមិនពិតទេ។
អត់មានជំរិតទារលុយទេ។
គាត់សុំសម្រុះសម្រួលដោយបង់លុយឲ្យបន្តិចបន្តួច។ យើងក៏យល់ព្រម
ព្រោះយល់ថា រឿងនេះវាតូចតាចដែរ»៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍