ខេមរៈ សិរីមន្ត បិទការសម្តែងនានា ទុកពេលវេលាទៅចូលរួម បុណ្យភ្ជុំបិណ្ឌ នៅស្រុក
ឆ្លើយឆ្លងតាមរយៈទូរស័ព្ទ ជាមួយគេហទំព័រ CEN កាលពីពេលថ្មីៗនេះ លោក ខេមរៈ សិរីមន្ត បាននិយាយថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ លោក និងក្រុមគ្រួសារ គ្រោងទៅ ចូលរួមធ្វើបុណ្យឧទិ្ទសកុសល ជូនដល់ជីដូនជីតា នៅឯស្រុកកំណើត ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកបានបញ្ជាក់ថា ជាធម្មតា រៀងរាល់ឆ្នាំ លោក និងបងប្អូន ព្រមទាំងសាច់ញាតិ ផ្សេងៗទៀត តែងតែចំណាយពេលវេលា ទៅចូលរួមធ្វើបុណ្យ ជូនជីដូនជីតា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅស្រុកកំណើត មិនដែលអាក់ខានម្តងណាឡើយ ដោយលោកយល់ថា ក្នុងបុណ្យប្រពៃណីធំៗរបស់ខ្មែរ គឺមានតែពិធីបុណ្យភ្ជុំបិណ្ឌ មួយប៉ុណ្ណោះ ដែលសំខាន់បំផុត សម្រាប់ធ្វើបុណ្យដាក់ទាន និងឧទ្ទិសកុសល ដល់ជីដូនជីតា ដែលបានចែកឋាន ទៅលោកខាងមុខ។
បើតាមការអះអាង របស់តារាចម្រៀង ឈានមុខរបស់ផលិតកម្ម សាន់ដេ លោក ខេមរៈ សិរីមន្ត គឺលោកមិនទទួលយកនូវ ការសម្តែងនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះទេ ព្រោះលោកបានកំណត់ គោលដៅរួចហើយ គឺទៅចូលរួមធ្វើបុណ្យ នៅឯស្រុកកំណើត នាទឹកដីខេត្តកំពង់ចាម ដូចអ្វីដែលលោកធ្លាប់បានធ្វើ ជារៀងរាល់ឆ្នាំ។
ជាការកត់សម្គាល់ ជារៀងរាល់ឆ្នាំ អោយតែចូលដល់រដូវ បុណ្យភ្ជុំបិណ្ឌម្តងៗ បណ្តាសិល្បករ សិល្បការិនី ជាច្រើន តែងតែមមាញឹក ក្នុងការកើបប្រាក់ចំណូល ពីការសម្តែងផ្សេងៗ ស្ទើរតែរកពេលសម្រាកគ្មាន ។ ផ្ទុយទៅវិញ សម្រាប់តារាចម្រៀង កំពុងមានប្រជាប្រិយភាព លោក ខេមរៈ សិរីមន្ត ដែលគេគិតថា នឹងអាចស្រូបយកនូវ ប្រាក់ចំណូលខ្ពស់ពីការសម្តែងនាឱកាសបុណ្យភ្ជុំបិណ្ឌនោះ បែរជាបដិសេធ មិនទទួលយក ការសម្តែងនានា និងសុខចិត្តចំណាយពេលវេលា ក៏ដូចជា ថវិកាទៅចូលរួមធ្វើបុណ្យ ជូនជីដូនជីតា នៅឯស្រុកកំណើត ខេត្តកំពង់ចាមទៅវិញ៕V/S
ប្រភពពី CEN