ឪពុកម្ដាយកុមារីម្នាក់ សំណូមពរសប្បុរស ជនជួយសង្គ្រោះ ព្យាបាលជំងឺកូនស្រីផង ព្រោះអត់លុយព្យាបាល
លោក នៅ បញ្ញា អាយុ៤៥ឆ្នាំ(ទូរស័ព្ទ០៩៧ ៧២៩ ២៩៧៣) និងប្រពន្ធឈ្មោះបួរ ផល្លា អាយុ៤៣ឆ្នាំ ជាកសិកររស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូរណ៍ មានកម្រិតជីវភាពមធ្យម តែពេលនេះដោយសារខិតខំព្យាបាលកូនស្រី បានធ្លាក់ខ្លួនក្រអស់លុយពីផ្ទះទៅហើយ។ លោកបាននិយាយឲ្យអ្នកយមព័ត៌មានយើងដឹងថា ពួកគាត់មានកូន៤នាក់កូនប្រុសច្បងបានធ្វើការងារជាសន្តិសុខ រោងចក្រនៅទីក្រុងភ្នំពេញ កូនទី២កំពុងរៀននៅភ្នំពេញ កូនទី៣និងទី៤ នៅរៀនក្នុងមូលដ្ឋានឃុំពពេល។ ចំណែកកូនពៅរបស់ពួកគាត់ដែលកំពុងមានជំងឺប្រឈមនឹងសេចក្ដីស្លាប់នេះ មានឈ្មោះផូ ខេមរី អាយុ១២ឆ្នាំរៀនថ្នាក់ទី៧ពេលចូលកងវិញនេះ។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៤មកនាងមានជំងឺចម្លែក ពិបាកនិងយល់ គឺចេះតែស្គមទៅៗ ដំបូងគាត់បានយកនាងទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញ រយៈពេលជា២០ថ្ងៃគ្រាន់បានធូរស្រាលក៏យកកូនមកផ្ទះឲ្យចូលរៀន សូត្រវិញ។ លើកទី២ពួកគាត់បានយកនាងទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាក្បែរ វត្តភ្នំក្រុងភ្នំពេញម្តងទៀតរយៈពេលជាង២០ថ្ងៃដែរ ពេលនោះគ្រូពេទ្យបានធ្វើការវះកាត់រូបនាង និងបានប្រាប់ពួកគាត់ថា នាងមានជំងឺរបេងកូនកណ្តុរ។
ប៉ុន្តែក្រោយពីការវះកាត់មកដល់ពេលនេះជំងឺកូនស្រីរបស់គាត់មិនបាន ធូរស្រាលឡើយគឺកាន់តែធ្ងន់ធ្ងរ និងស្គមរីងរៃទៅៗ ធ្វើឲ្យគាត់អស់ក្ដីសង្ឃឹមយ៉ាងខ្លាំងមកដល់ពេលនេះពួកគាត់បានចំណាយ ប្រាក់ដែលមានក្នុងផ្ទះ និងលក់ដូរមាសប្រាក់អស់ពីខ្លួនជាងជាង៦លានរៀលទៅហើយ នៅតែព្យាបាលនាងមិនជា។ ដើម្បីជួយកូនក្នុងពេលនេះគ្មានអ្វីក្រៅពីលើកដៃសំពះសំណូមពរដល់ អ្នកកាសែតឲ្យជួយផ្សព្វផ្សាយ ស្វែងរកសប្បុរសជន និងលោកគ្រូពេទ្យឯកឧត្តម លោកជំទាវ ដែលមានធម៌សប្បុរស និងក្ដីមេត្តាករុណាទេទើបអាចជួយសង្គ្រោះ និងព្យាបាលស្រោចស្រង់ជីវិតកូនស្រីពៅគាត់បាន។
អ្នកយកព័ត៌មានយើងពេលឃើញរូបរាងស្បែកដណ្ដប់ឆ្អឹងរបស់នាងពិតជា គួរឲ្យអាណិតអាសូរខ្លាំងណាស់ សង្ឃឹមថា លោក លោកស្រី ដែលមានធម៌មេត្តាករុណាអាណិតស្រឡាញ់កុមារពិតជាជួយព្យាបាល សង្គ្រោះជីវិតរបស់នាង ដែលកំពុងប្រឈម និងសេចក្តីស្លាប់ឲ្យបានរស់ជាក់ជាមិនខានឡើយ៕
ប្រភពពី Free Press Magazine
