កម្មករសំណង់របស់ ក្រុមហ៊ុន KDC ដាក់ញត្តិតវ៉ាជំទាស់ ការដោះលែងអ្នកភូមិឡពាង
តំណាងក្រុមកម្មករសំណង់លោក ស៊ិន ឃីម
រស់នៅក្នុងភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
បានប្រាប់ VOD នៅថ្ងៃព្រហស្បតិ៍ឲ្យដឹងថា កម្មកររងគ្រោះ៦នាក់
ដាក់ញត្តិបាន៦កន្លែងហើយចាប់ពីថ្ងៃម្សិលមិញរហូតដល់ថ្ងៃនេះ
ដើម្បីតវ៉ាជំទាស់ទៅនឹងការទាមទារឲ្យទម្លាក់ការចោទប្រកាន់លើ
អ្នកភូមិឡពាង៥នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនា
ព្រមទាំងបទប្រើហិង្សាមកលើក្រុមកម្មករកាលពីថ្ងៃទី២២ ខែកក្កដា
ឆ្នាំ២០១៤កន្លងទៅ ដោយអ្នកភូមិឡពាង បានប្រើចម្ពាមកៅស៊ូគ្រាប់ដែក
និងគប់ដុំថ្មលើពួកគាត់ ដែលបណ្តាលពួកគាត់ត្រូវរបួស
ដោយអ្នកខ្លះរបួសដៃ និងអ្នកខ្លះរបួសដងខ្លួន
ហើយជាក់ស្តែងដូចជារូបលោកផ្ទាល់ត្រូវរងរបួសក្បាល
ដែលដួលសន្លប់នៅនឹងកន្លែង និងត្រូវបានដេរចំនួន៧ថ្នេរផងដែរ។
ស្ថាប័នទាំង៦កន្លែងដែលក្រុមកម្មករបាន
ដាក់ញត្តិរួមមាន ព្រឹទ្ធសភា រដ្ឋសភា ក្រសួងយុត្តិធម៌
អង្គការសិទ្ធិមនុស្សលីកាដូ អង្គការសហប្រជាជាតិ
និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ។ លោក ស៊ិន ឃីម
ថាក្រុមកម្មករនឹងបន្តដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធនានាបន្ថែមទៀត។
កម្មករសំណង់៦នាក់
ដែលបានផ្តិតមេដៃដាក់ញ្ញតិ្តជំទាស់ដោះលែងអ្នកភូមិឡពាងរួមមាន លោក
ស៊ិន ឃីម លោក លី ភ្លី លោក អឿន វណ្ណី លោក អ៊ុង សួង លោក ជុក ស្រស់ និងលោក
សាន ម៉ៅ។
ទោះជាយ៉ាងណាក៏ដោយ តំណាងអ្នកភូមិឡពាង
អ្នកស្រី អ៊ុំ សូធី បានមានប្រសាសន៍ថា
ការអះអាងរបស់ក្រុមកម្មករសំណង់របស់ក្រុមហ៊ុន KDC ជាការបំផ្លើសការពិត
ដោយសកម្មភាពនេះគឺចង់ទម្លាក់ទម្ងន់ទោសកាន់តែខ្លាំង
ដើម្បីកុំឲ្យមានការដោះលែងអ្នកភូមិរងគ្រោះ៥នាក់។
អ្នកស្រីបន្ថែមថា
ក្នុងស្ថានភាពនោះអ្នកភូមិឡពាង ក៏បានរងគ្រោះដូចគ្នាដែរ
ហើយការតតាំងនោះគឺជាទង្វើរបស់កម្មករសំណង់នៃក្រុមហ៊ុនKDC
ពីព្រោះអ្នកភូមិឡពាងមិនមានលទ្ធភាពណាទិញសម្ភារៈដូចជាគ្រាប់ដែក
ដូចដែលការចោទរបស់កម្មករសំណង់ឡើយ។
សមាគមអាដហុក
ឲ្យដឹងថាក្រុមកម្មករស៊ីឈ្នួលរបស់ក្រុមហ៊ុនខេឌីស៊ី
បានយកញត្តិជំទាស់របស់ពួកគេមកដាក់នៅស្នាក់ការណ្តាលសមាគម អាដហុក
ភ្នំពេញ ដើម្បីសុំជួយអន្តរាគមន៍
កុំឲ្យមានការដោះលែងអ្នកភូមិចំនួន៥នាក់។ ញត្តិនោះចាត់ទុកថា
ករណីចាប់ខ្លួនជនទាំង៥នាក់ដោយសាលាដំបូងខេត្តកំពង់ឆ្នាំង
មិនជាប់ពាក់ព័ន្ធជាមួយបញ្ហាដីធ្លីនោះទេ គឺជាការប្រព្រឹត្តបទល្មើស។ សមាគមអាដហុក
យល់ថានេះជាសេរីភាពរបស់ប្រជាជនក្នុងការធ្វើបណ្តឹងតវ៉ាឬបណ្តឹង
បរិហារ ដើម្បីទាមទារភាពយុត្តិធម៌ ។
អាដហុកចាត់ទុកថានេះជាករណីស្មុគស្មាញ
ដោយសារជម្លោះរវាងប្រជាពលរដ្ឋឡពាងជាមួយក្រុមហ៊ុនខេឌីស៊ី
មិនទាន់ចប់សព្វគ្រប់ផង
រួចក្រុមហ៊ុនជួលកម្មករមកឲ្យធ្វើរបងព័ទ្ធព្រំដីដែលមានជម្លោះ។
អ្នកឃ្លាំមើលការរំលោភសិទិ្ធមនុស្សនៅអង្គការ
លីកាដូ លោក ឆេង សុភ័ស្ត មានប្រសាសន៍ថា កាលពីព្រឹកមិញនេះ
អង្គការលោកបានទទួលញត្តិពីកម្មករសំណង់ ស្រុកកំពង់ត្រឡាច
ប៉ុន្តែក្នុងនាមជាអង្គការសិទិ្ធមនុស្ស
គឺមិនមានតួនាទីក្នុងការសម្រេចឲ្យភាគីណាខុសឬត្រូវទេ
គ្រាន់តែមានសិទិ្ធឃ្លាំមើលករណីដែលបានកើតឡើង
ហើយរាល់ការសម្រេចគឺតុលាការជាអ្នកវិនិច្ឆ័យ។
ទំនាស់ដីធ្លីរវាងក្រុមហ៊ុន KDC របស់លោកស្រី
ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
ជាមួយអ្នកភូមិឡពាង ភូមិសូរវង្ស ភូមិបឹងកក់ និងភូមិសំរោង
បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៦មកម្លេះ។
តំណាងប្រជាពលរដ្ឋដែលតស៊ូក្នុងករណីដីធ្លីនេះ
ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដែលមកដល់ពេលនេះ
មានពលរដ្ឋ៥នាក់ហើយត្រូវបានចាប់ខ្លួន។ ពលរដ្ឋអះអាងថា
ពួកគាត់បានស្វែងរកដំណោះស្រាយទៅអាជ្ញាធរគ្រប់ថ្នាក់
និងតុលាការផងដែរ តែរហូតមកទល់ពេលនេះនៅតែមិនមានដំណោះស្រាយ៕
ប្រភពពី vodhotnews.com
