ព្រះសង្ឃនិងពលរដ្ឋ ជាង១០០អង្គនិងនាក់ នាំគ្នាទៅវត្តសន្សំកុសល គាំទ្រព្រះសង្ឃ១អង្គ
ប៉ុន្តែ
ក្រុមអ្នកគាំទ្រព្រះសង្ឃដែលត្រូវមន្ត្រីសង្ឃ
និងមន្ត្រីមន្ទីរធម្មការ និមន្តទៅនោះ
សង្ស័យថាមន្ត្រីសង្ឃខណ្ឌមានជ័យ ចាត់វិធានការចំពោះព្រះសង្ឃអង្គនោះ
ដោយសារតែព្រះអង្គធ្លាប់ចូលរួមធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម
និងបានចែកចាយសៀវភៅប្រវត្តិសាស្ត្រឫសគល់ថ្ងៃ ៧មករា។
ព្រះសង្ឃខ្មែរក្រោម
ព្រះសង្ឃនៃបណ្ដាញសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម សកម្មជនដីធ្លី
យុវជន និងពលរដ្ឋប្រមាណជាង ១០០អង្គនិងនាក់
នាំគ្នាទៅកាន់វត្តសន្សំកុសល ទីដែលព្រះសង្ឃមកពីវត្តស្ទឹងមានជ័យ
១អង្គ គឺព្រះតេជព្រះគុណ យិន ដារ៉ា
ត្រូវបាននិមន្តឲ្យទៅជួបមន្ត្រីសង្ឃ និងមន្ត្រីមន្ទីរធម្មការ
និងសាសនា រាជធានីភ្នំពេញ។
ការប្រមូលផ្តុំនោះ
បានធ្វើឲ្យទីអារាមវត្តសន្សំកុសល ដែលធ្លាប់តែស្ងាត់នោះ
ប្រែក្លាយជាអ៊ូអរមួយរំពេច ហាក់ដូចជាថ្ងៃដាក់បិណ្ឌមួយអ៊ីចឹង
ប៉ុន្តែមិនឃើញមានកម្លាំងសមត្ថកិច្ចចុះរារាំង
ឬបំបែកការប្រមូលផ្តុំអ្វីឡើយ។
បន្ទាប់ពីមន្ត្រីសង្ឃ និងមន្ត្រីធម្មការ
និងសាសនាមកដល់ ព្រះតេជព្រះគុណ យិន ដារ៉ា
ត្រូវបាននិមន្តឲ្យចូលក្នុងកុដិដើម្បីពិភាក្សាការងារ
ប៉ុន្តែក្នុងពេលនោះ ព្រះសង្ឃ និងពលរដ្ឋដែលទៅគាំទ្រព្រះអង្គ
មិនអនុញ្ញាតឲ្យព្រះតេជព្រះគុណ យិន ដារ៉ា និមន្តចូលតែអង្គឯងឡើយ។
ពួកគេបាននាំគ្នាសម្រុកចូលពេញកន្លែងប្រជុំតែម្តង
ហើយបាននិយាយយកត្រូវរៀងៗខ្លួន៖ «សំឡេងប្រកែកគ្នា»។
ដោយមើលឃើញថាមិនអាចនិយាយគ្នាស្តាប់បាន
ព្រះវិន័យធរអនុគណខណ្ឌមានជ័យ ព្រះតេជព្រះគុណ សុខ ប៊ុនធឿន
ក៏និមន្តចេញមកថ្លែងឲ្យមានការអធ្យាស្រ័យគ្នា
រួចព្រះអង្គប្រកាសរំសាយការប្រជុំតែម្តង។ ពេលនោះ ព្រះសង្ឃ
និងអ្នកគាំទ្រព្រះតេជព្រះគុណ យិន ដារ៉ា
បាននាំគ្នាចេញពីកន្លែងប្រជុំ ហើយក៏ទះដៃអបអរ
និងជារបៀបចំអកឲ្យមន្ត្រីសង្ឃ។
ពលរដ្ឋ
ដែលមកគាំទ្រព្រះតេជព្រះគុណ យិន ដារ៉ា គង់នៅវត្តស្ទឹងមានជ័យ
ដែលត្រូវមន្ត្រីសង្ឃនិមន្តចូលរួមពិភាក្សាការងារនៅវត្តសន្សំកុសល
ឈរចាំនៅខាងក្រៅកុដិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤។ RFA/Yeang
Socheametta
ការប្រមូលផ្តុំ
បានរំសាយទៅវិញនៅម៉ោងប្រមាណ ៣ និង ៣០នាទី។ ក្រោយពីការរំសាយនោះ
ព្រះតេជព្រះគុណ សុខ ប៊ុនធឿន មានថេរដីកាឲ្យដឹងថា
ការដែលព្រះអង្គនិមន្តព្រះចៅអធិការស្តីទីព្រះគ្រូសូត្រស្តាំ
និងព្រះសង្ឃវត្តស្ទឹងមានជ័យ មកប្រជុំនេះ
គ្មានអ្វីក្រៅពីការងាររដ្ឋបាលនោះទេ
មិនមានពាក់ព័ន្ធនឹងរឿងនយោបាយ ឬការធ្វើបាតុកម្មប្រឆាំងវៀតណាម
ឬការចែកចាយសៀវភៅឫសគល់ថ្ងៃ៧មករា ឬក៏យ៉ាងណានោះឡើយ។
ព្រះតេជព្រះគុណ សុខ ប៊ុនធឿន សម្ដែងការសោកស្ដាយ
ដោយសារវាគ្រាន់តែជាបញ្ហារដ្ឋបាលសង្ឃសោះ ប៉ុន្តែត្រូវបានព្រះសង្ឃ
និងពលរដ្ឋមួយចំនួន បែរជាអូសទាញចូលរឿងផ្សេង ដែលព្រះអង្គអះអាងថា
ព្រះអង្គមិនបានដឹងសោះឡើយ៖ «អត់មានអីទេពរ
អត់មានរឿងអីត្រូវគំរាមកំហែង
អានេះជាការលោកដែលបំផុសបញ្ហាឡើងអ៊ីចឹង
និងវាគ្មានអីថាទៅដល់ថ្នាក់ហ្នឹងទេ
យើងពង្រឹងមន្ត្រីសង្ឃយើងក្នុងវត្ត តាមបណ្ដាវត្តក្នុងខណ្ឌយើងតើ
ដើម្បីឲ្យលោកយល់អំពីតួនាទី ហើយលើកឡើងនូវចំណុចណាខ្វះខាត
ការបដិបត្តិពីមុនមកខ្វះខាតយ៉ាងណា ជួបឧបសគ្គយ៉ាងណា
យើងពិភាក្សាគ្នា ហើយយើងលើកទិសដៅមួយទៅ ហើយធ្វើអីមួយ
ដើម្បីឲ្យពុទ្ធសាសនាយើងមានតម្លៃ មានកិត្យានុភាពបាន
ព្រោះអាហ្នឹងវាសំខាន់ណាស់ព្រះសង្ឃ ហើយប្រសិនយើងជាអ្នកបួស
យើងមិនគោរពតាមវិន័យ យើងមិនគោរពតាមធម៌អារ្យ យើងបួសដើម្បីអីទេ
អាហ្នឹងយើងកុំបួសល្អច្រើនជាង»។
ចំណែកព្រះចៅអធិការស្តីទីវត្តស្ទឹងមានជ័យ
ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន និងប្រធានមន្ទីរធម្មការ និងសាសនា
រាជធានីភ្នំពេញ លោក ផន ដាវី
ដែលចូលរួមក្នុងកិច្ចពិភាក្សាមិនបានសម្រេចនោះ ក៏មានថេរដីកា
និងលើកឡើងស្រដៀងព្រះតេជព្រះគុណ សុខ ប៊ុនធឿន ដែរ។ ពួកគេថា
ពួកគេគ្មានចេតនាគំរាមព្រះតេជព្រះគុណ យិន ដារ៉ា ឡើយ ហើយថា
ពួកគេក៏មិនដឹងពីរឿងចែកសៀវភៅ៧មករាអ្វីនោះទេ។
យ៉ាងណាក៏ដោយ ទាំងព្រះតេជព្រះគុណ យិន ដារ៉ា
និងអ្នកគាំទ្រព្រះអង្គ ជឿជាក់ថា វាមិនមែនចៃដន្យទេ
ដែលមន្ត្រីសង្ឃ និងមន្ត្រីមន្ទីរធម្មការ និមន្តព្រះតេជព្រះគុណ យិន
ដារ៉ា ទៅជួបនៅពេលនេះ ដោយពួកគេលើកឡើងថា វត្តស្ទឹងមានជ័យ
មានព្រះសង្ឃគង់នៅជាច្រើន ហេតុអ្វីក៏និមន្តចំព្រះតេជព្រះគុណ យិន
ដារ៉ា ទៅវិញ។ ម្យ៉ាងទៀត ព្រះតេជព្រះគុណអង្គនេះ កាលពីពេលថ្មីៗនេះ
បានចូលរួមបាតុកម្មប្រឆាំងវៀតណាម ជាហូរហែ
ហើយថែមទាំងបានចែកចាយសៀវភៅឫសគល់ថ្ងៃ៧មករា
ដែលរិះគន់គណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ទៀតផង។ រីឯអ្នកខ្លះទៀតថែមទាំងថ្លែងថា
ប្រសិនបើគ្មានអ្នកគាំទ្រមកចូលរួមជួយជ្រោមជ្រែងព្រះតេជព្រះគុណ យិន
ដារ៉ា នោះទេ ព្រះអង្គអាចត្រូវបានរងគំនាបពីមន្ត្រីសង្ឃ
និងមន្ត្រីធម្មការ និងសាសនា ទាំងនោះ៕
ប្រភពពី វិទ្យុអាស៊ីសេរី