មីយ៉ាន់ម៉ា អះអាងថា កំពុងពិនិត្យជំងឺ បុរសវ័យ ២២ឆ្នាំ រកវីរុស Ebola

8/20/2014 0 Comments A+ a-

រ៉ង់ហ្គូន៖ ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានចេញផ្សាយក្នុងគេហទំព័ររបស់ខ្លួនថា ក្រុមវេជ្ជបណ្ឌិតកំពុងតែត្រួត ពិនិត្យ និង តាមដានយ៉ាងល្អិតល្អន់លើបុរសវ័យ ២២ឆ្នាំ មួយរូបដែលបាន ទៅបំពេញការងារនៅប្រទេស ហ្គីណេ និង លីបេរីយ៉ា ហើយបានត្រឡប់មកវិញដោយ អការៈ ក្តៅខ្លួន នោះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែសីហា នេះទៀតថា បុរសម្នាក់ដែលបាន ធ្វើដំណើរពីប្រទេសថៃ ចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះ ត្រូវបាន ផ្នែកវេជ្ជសាស្ត្រសង្ស័យថា មានផ្ទុកនូវវីរុស Ebola ដ៏កាចសាហាវ បំផុត ដែលបានសម្លាប់ មនុស្សរាប់ពាន់នាក់រួចមកហើយ នៅតំបន់អាហ្វ្រិកខាងលិច ប៉ុន្តែគេត្រូវធ្វើការតាមដាន ស្ថានភាពជំងឺជាបន្តទៀត។
អ្នកជំងឺដែលកំពុងស្ថិត ក្នុងការតាមដាននៅឡើយ រូបលោកធ្លាប់បានបំពេញការងារនៅ ប្រទេសហ្គីណេ និង លីបេរីយ៉ា ហើយបាន ធ្វើដំណើរមកដល់ព្រលានយន្តហោះទីក្រុង បាងកក ប្រទេសថៃ រួចក៏បន្តជើងហោះហើរ មកកាន់ទីក្រុងរ៉ង់ហ្គូន របស់ប្រទេសមីយ៉ាន់ម៉ា កាលពីវេលាម៉ោង ៨ យប់ថ្ងៃអង្គារ ម្សិលមិញនេះ។
រហូតមកដល់រសៀលថ្ងៃពុធ នេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនទាន់មានការបញ្ជាក់ថា បុរសខាង លើ មានផ្ទុក នូវវីរុស Ebola នោះមែនដែរ ឬទេ ប៉ុន្តែកន្លងមកមីយ៉ាន់ម៉ា បានចេញប្រតិបត្តិការ ក្តៅរួចហើយក្នុងការទប់ ស្កាត់ជំងឺនេះ តាមរយៈការបំពាក់ឧបករណ៍ វេជ្ជសាស្ត្រទំនើបៗសម្រាប់តាមដានរកអ្នកជំងឺសង្ស័យ នៅតាម ព្រលានយន្តហោះរបស់ខ្លួន។ ក្រៅពីនេះមីយ៉ាន់ម៉ា ក៏បានរួមសហការ ជាមួយនឹងភ្នាក់ងារសុខាភិបាលអន្តរជាតិ ពាក់ព័ន្ធនានាផងដែរ៕
Photo by DAP-News
________________
ផ្តល់សិទ្ទិដោយ៖dap-news