អ្នក​មាន​ជម្លោះ​ដីធ្លី​ថា តំណាងរាស្ត្រ CPP នៅ​កំពង់ឆ្នាំង​ឡើង​មក ​ចរចា​ជាមួយ​ពួកគាត់

8/21/2014 0 Comments A+ a-

lorpeang1-2014-08-21អ្នក ​មាន​ជម្លោះ​ដីធ្លី​មកពី​ភូមិ​ចំនួន​៥​នៅ​ខេត្ត​កំពង់ឆ្នាំង រួម​នឹង​សង្គម​ស៊ីវិល​លើកឡើងថា ការ​ចេញ​មុខ​មក​ចរ​ចា​រក​ដំណោះស្រាយ​របស់​តំណាងរាស្ត្រ​ខេត្ត​កំពង់ឆ្នាំង​ គឺ​ដោយសារតែ​ខ្លាច​បាត់បង់​តំណែង​របស់​ខ្លួន ក្រោយពី​មាន​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។​
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង លោកស្រី កែ ច័ន្ទ​មុនី ឡើង​មក​ជួប​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​ដល់​រាជធានី​ភ្នំពេញ​តាមរយៈ​ការ​សម្រួល ​ពី​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង​អភិបាលរង​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុ​ធ​។ ក្នុងការ​ឡើង​មក​ជួប​នេះ លោកស្រី កែ​ច័ន្ទ មុនី បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រលប់​ទៅ​វិញ ជាមួយនឹង​ការ​សន្យាថា​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំងអស់គ្នា​។​
​ក្រោយ​ពី​ការស្នើឲ្យ​ប្រជាពលរដ្ឋ​ត្រលប់ទៅវិញ​ មិនបាន​សម្រេច លោកស្រី កែ ច័ន្ទ​មុនី បាន​សន្យា​ចំពោះ​ការទាមទារ​ចំនួន​៣​ចំនុច​របស់​ប្រជាពលរដ្ឋ ថា​នឹង​ព្យាយាម​ដោះស្រាយ​តាមរយៈ​ការពិភាក្សា​ម្តង​មួយ​ចំនុច​។
​ដំណោះស្រាយ​បី​ចំណុច​ដែល​ក្រុម​ប្រជាពលរដ្ឋ​ ទាមទារ​ឲ្យមាន រួមមាន ទី​១​ទាមទារ​ឲ្យមាន​ការដោះលែង​អ្នកតំណាង​ទាំង​៥​នាក់​ដែល​ត្រូវបាន​ ចាប់ខ្លួន ទី​២​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី និង​ទី​៣​បញ្ចប់​ការធ្វើ​របង​លើ​ដី​របស់​ពួកគាត់​និង​បញ្ឈប់​ការចោទប្រកាន់​ លើ​ពលរដ្ឋ​ទាំង​អស់ ។​
​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​តំណាងរាស្ត្រ​ នេះ តំណាង​ពលរដ្ឋ​មកពី​ឃុំ​តា​ជេស អ្នកស្រី អ៊ុំ សុ​ភី ប្រាប់ថា ប្រជាពលរដ្ឋ​ធ្លាប់​បាន​ដាក់​ញត្តិ និង​ជូនដំណឹង​ទៅ​លោក​ស្រី កែ ច័ន្ទ​មុនី រួចមកហើយ តែ​លោក​ស្រី​មិន​ដែល​បាន​អើពើ​នឹង​ពួកគាត់​ទេ​។ អ្នកស្រី​បន្ត​ថា ថ្ងៃនេះ​លោក​ស្រី​តំណាងរាស្ត្រ​ឡើង​មក​ជួប​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ហើយ​ព្យាយាម​ចរចា​ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគាត់ គឺ​ដោយសារតែ​ខ្លាច​ធ្លាក់​ពី​តំណែង ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​មន្ត្រី​ដោះស្រាយ​បញ្ហា​ដីធ្លី​តាម​តំបន់​របស់​ខ្លួន​នោះ​។
​ទោះបីជា​យ៉ាងណា កាលពី​ព្រឹក​មិញ​នេះ លោកស្រី កែ ច័ន្ទ​មុនី មានប្រសាសន៍ថា កន្លងមក​លោក​ស្រី​ធ្លាប់​ចុះ​ទៅ​ភូមិ​ឡ​ពាង​ក្នុងនាម​ជា​វាគ្មិន​ តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ។​
​អ្នកស្រី អ៊ុំ សុ​ភី សង្ឃឹមថា តំណាងរាស្ត្រ​រូបនោះ​នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​អូសបន្លាយ​នេះ​ បាន​ឆាប់​។ បើទោះជា​យ៉ាងណា អ្នកស្រី រួម​នឹង​ប្រជាពលរដ្ឋ​រងគ្រោះ​ផ្សេង​ទៀត​អះអាង​ថា នៅតែ​បន្ត​ធ្វើ​ការតវ៉ា​នៅ​ភ្នំពេញ រហូត​ដល់​ការដោះស្រាយ​ចប់សព្វគ្រប់​ទើប​ត្រលប់​ទៅ​វិញ​។​
​ក្នុងនោះ ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ ក៏​យល់​ដូចគ្នា​ទៅ​នឹង​ប្រជាពលរដ្ឋ​រងគ្រោះ​ដែរ​ថា ការ​ចេញ​មក​ចរចា​នេះ ដោយសារតែ​មាន​ការប្រកាស​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមាន​ការយកចិត្តទុកដាក់ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ពី​សំណាក់​មន្ត្រី​តាម​មូលដ្ឋាន​របស់​ ខ្លួន​។ ទោះជា​យ៉ាងណា លោក​ក៏​មិន​សង្ឃឹម​ថា​ការសន្យា​របស់​ថ្នាក់​ដឹកនាំ​នេះ​អាច​ទទួលបាន​ជោគជ័យ​ ដែរ​។
​លោក សៀ ភារម្យ បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ទម្លាប់​ការនិយាយ​ភូតភរ និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​តា​ម​ការសន្យា​។​
​គួរបញ្ជាក់​ថា អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​ប្រាំ​ភូមិ​គឺ​ភូមិ ឡ​ពាង សូរ​វង្ស បឹងកក់ បន្ទាយមាស និង​ភូមិ​សំរោង ក្នុង​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​៧០​នាក់ បាន​ឡើងមក​ភ្នំពេញ ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍ឲ្យ​ដោះលែង និង​ទម្លាក់​បទ​ចោទ​លើ​តំណាង​ពួកគេ​៥​នាក់ និង​ទាមទារ​ឲ្យជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ ដែល​កើតឡើង​ជិត​១០​ឆ្នាំ​ហើយ ជាមួយ​ក្រុមហ៊ុន​KDC របស់​អ្នកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ​សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​៕
ប្រភពពី vodhotnews.com