ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ​នៅ​ក្រចេះ​មិន​ទទួល​យក ​របៀប​ដោះស្រាយ​ដោយ ​អាជ្ញាធរ​ថ្នាក់​ជាតិ

8/29/2014 0 Comments A+ a-

image (7)ពលរដ្ឋ ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ បដិសេធ​របៀប​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់ ដែល​ផ្តល់​ដោយ​អាជ្ញាធរ​ថ្នាក់​ជាតិ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ដីធ្លី​ជាក់ស្តែង​របស់​ពលរដ្ឋ នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ។
ពលរដ្ឋ​លើក​ឡើង​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​នៅ​តែ​មិន​អាច​ធ្វើ​សេចក្តី​សម្រេច​បាន ហើយ​បែរ​ជា​នៅ​តែ​ឱ្យ​ពួក​គាត់​រង់ចាំ​បន្ត​ទៀត។ ចំណែក​អាជ្ញាធរ​បញ្ជាក់​ថា ការ​ដោះស្រាយ គឺ​គេ​ត្រូវ​ធ្វើ​តាម​នីតិវិធី មិន​អាច​តាម​ការ​បង្ខំ​របស់​ពលរដ្ឋ​បាន​ឡើយ។
ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ សម្រេច​ឡើង​ទៅ​ភ្នំពេញ​សាជាថ្មី​បន្តបន្ទាប់​គ្នា នៅ​ថ្ងៃ​ទី​២៨ សីហា ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ដឹក​នាំ​ធំៗ​ម្តង​ទៀត។ ការ​សម្រេច​ឡើង​ទៅ​ភ្នំពេញ​នោះ បន្ទាប់​ពី​ពួក​គាត់​មិន​អាច​ទទួល​យក​នូវ​ការ​ដោះស្រាយ និង​ការ​វិនិច្ឆ័យ​របស់​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ថ្នាក់​ជាតិ កាល​ពី​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ សីហា បាន​នោះ​ទេ ដោយ​ពលរដ្ឋ​អះអាង​ថា ការ​ត្រួត​ពិនិត្យ​ទាំង​ឡាយ គឺ​ធ្វើ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ថ្នាក់​ខេត្ត​ដដែលៗ។
តំណាង​ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ស្នួល លោក សួន វិច្ឆិកា ឱ្យ​ដឹង​ថា ពលរដ្ឋ​បាន​សម្រេច​ចិត្ត​ភ្លាមៗ​ថា មិន​អាច​ទទួល​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន​ កូរ៉េ ឈ្មោះ ហូរ៉ាយស៊ិន អាគ្រីខាល់ឆឺរ ឌីវ៉ូឡប់មែន (Horizon Agriculture Development) ពី​សំណាក់​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ថ្នាក់​ជាតិ​បាន​ឡើយ។ លោក​បន្ត​ថា ការ​ដោះស្រាយ​នោះ គឺ​ធ្វើ​តាម​របាយការណ៍ និង​ការ​ចង្អុល​បង្ហាញ​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត ហើយ​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​នៅ​តែ​ពន្យារ​បន្ត​ទៀត។ លើស​ពី​នេះ​ទៀត ក្រុម​អាជ្ញាធរ​ទាំង​នោះ​មិន​បាន​បកស្រាយ​នូវ​រាល់​ចម្ងល់​របស់​ពលរដ្ឋ ថា​តើ​ពេល​ណា​នឹង​មាន​ការ​ដោះស្រាយ​ជាក់​លាក់​សម្រាប់​ពួក​គាត់​នោះ? ហើយ​ពលរដ្ឋ​យល់​ថា ក្រុម​អាជ្ញាធរ​ហាក់​ធ្វើ​ការ​ដោះស្រាយ​ឱ្យ​ក្រុមហ៊ុន​ច្រើន​ជាង​ពួក​គាត់​ ទៅ​វិញ។
លោក សួន វិច្ឆិកា៖ «ចំណុច​អវិជ្ជមាន​ដែល​ ប្រជាពលរដ្ឋ​មិន​ព្រម​ទទួល​យក​ហ្នឹង ទី​មួយ គឺ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ចុះ​មក​ដើម្បី​ដោះស្រាយ​ហ្នឹង គឺ​សំណូមពរ​ឱ្យ​មន្ត្រី​ថ្នាក់​ជាតិ​ហ្នឹង សម្រេច​មិន​ផ្តល់​ប័ណ្ណ​ជូន​តែ​ម្តង។ ហើយ​មន្ត្រី​ថ្នាក់​ជាតិ មិន​បាន​ធ្វើ​តាម​សំណូមពរ​របស់​ពលរដ្ឋ​ទេ។ ហើយ​មួយ​ទៀត ការ​ពិនិត្យ​នេះ​ហាក់​បី​ដូច​ជា​ដោះ​ឱ្យ​ក្រុមហ៊ុន​ទាំង​ស្រុង ទើប​ប្រជាពលរដ្ឋ​មិន​ព្រម​ទទួល​យក»
តំណាង​ពលរដ្ឋ​ដដែល​បន្ថែម​ថា អាជ្ញាធរ​នៅ​តែ​បញ្ជាក់​ថា ពួក​គេ​ធ្វើ​ទៅ​តាម​នីតិវិធី ប៉ុន្តែ​ពួក​គាត់​យល់​ថា នីតិវិធី​នោះ គឺ​ជាង ២​ឆ្នាំ​មក​ហើយ ដោយ​មិន​អាច​សម្រេច​អ្វី​បាន​សោះ។ មិន​តែ​ប៉ុណ្ណោះ អាជ្ញាធរ​ដូច​ជា​បន្ទោស​ទៅ​លើ​ប្រជាពលរដ្ឋ ហើយ​កាន់​ជើង​ក្រុមហ៊ុន ដែល​ប្រាសចាក​ពី​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​១៨ សីហា ដែល​តម្រូវ​ឱ្យ​កាត់​ដី​ដែល​ប៉ះពាល់​ជូន​ពលរដ្ឋ។
ប្រជាពលរដ្ឋ បាន​ធ្វើ​ប្រជា​មតិ​ដោយ​សម្រេច​ថា​នាំ​គ្នា​ឡើង​ទៅ​ភ្នំពេញ​ម្តង​ទៀត ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឱ្យ​បាន​សម្រេច ហើយ​គ្រោង​ដើរ​ដាក់​ញត្តិ​នៅ​ស្ថាប័ន​កំពូលៗ រួម​មាន ស្ថាប័ន​ព្រះមហាក្សត្រ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ស្ថាប័ន​រដ្ឋសភា ជាដើម។ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​នោះ គឺ​មាន​ប្រមាណ​ជាង ៣០០​គ្រួសារ លើ​ទំហំ​ផ្ទៃ​ដី​មាន​ជម្លោះ​ជាង ១​ពាន់​ហិកតារ ហើយ​ទំនាស់​ដីធ្លី​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១២ បន្ទាប់​ពី​ដី​របស់​ពួក​គាត់​បាន​ទទួល​ការ​វាស់​វែង​ក្បាល​ដី​ពី​ក្រុម​ និស្សិត​ស្ម័គ្រ​ចិត្ត និង​មាន​បង្កាន់​ដៃ​រួច​រាល់​ហើយ ប៉ុន្តែ​ត្រូវ​ខកខាន​ទទួល​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ទៅ​វិញ បន្ទាប់​ពី​ខាង​ក្រុមហ៊ុន​ដាក់​ពាក្យ​បណ្ដឹង​ជំទាស់​នៅ​ក្រសួង។
អភិបាល​ស្រុក​ស្នួល ដែល​ចូលរួម​ត្រួត​ពិនិត្យ​បញ្ហា​នោះ លោក គង់ គឹមនី មាន​ប្រសាសន៍​ថា ទាំង​អាជ្ញាធរ​ថ្នាក់​ស្រុក ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​ផង គឺ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់។ លោក​បញ្ជាក់​ថា វិវាទ​ដីធ្លី​របស់​ពលរដ្ឋ និង​ក្រុមហ៊ុន​កូរ៉េ​នេះ គឺ​ផុត​ដែន​សមត្ថកិច្ច​ថ្នាក់​ខេត្ត​ហើយ ហើយ​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​ពី​សំណាក់​អាជ្ញាធរ​ថ្នាក់​ជាតិ​កន្លង​មក គឺ​នឹង​ឈាន​ទៅ​ដល់​ប្រកាស​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ទៅ​វិញ​ទេ ដែល​មិន​យល់​ពី​នីតិវិធី​របស់​អាជ្ញាធរ។ជាង​នេះ​ទៅ​ទៀត ពលរដ្ឋ​ទាំង​នោះ​បាន​ដើរ​តួ​ជា​អ្នក​ញុះញង់​ឱ្យ​ពលរដ្ឋ​ឯ​ទៀត ប្រឆាំង​នឹង​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ជា​បន្តបន្ទាប់។
លោក គង់ គឹមនី៖ «ប៉ុន្តែ​ខ្ញុំ​សូម​ជម្រាប​ ថា បង​ប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​អត់​យល់​ពី​នីតិវិធី​របស់​ថ្នាក់​ជាតិ ​ទេ។ គាត់​អត់​យល់​ទេ។ គាត់​បែរ​ជា​មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ជាតិ ហើយ​ថែម​ទាំង​ប្រើ​សម្ដី​មិន​សមរម្យ។ តាម​ពិត​ទៅ ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​មិន​ជា​បញ្ហា​ប៉ុន្មាន​ទេ ប៉ុន្តែ​មាន​មេ​ខ្យល់​អ្នក​ដឹក​នាំ​មួយ​ចំនួន បូក​ទាំង​លោក​សង្ឃ​អី​ហ្នឹង គាត់​ជា​អ្នក​ញុះញង់ ដើម្បី​ធ្វើ​ឱ្យ​ស្ថានការណ៍​បង្គ្រប់​នីតិវិធី សម្រាប់​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​ហ្នឹង ទើប​ធ្វើ​ឱ្យ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង»
លោក​បន្ថែម​ថា ការ​ឡើង​ទៅ​តវ៉ា​ណា​មួយ​នោះ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់ ប៉ុន្តែ​ជា​ការ​ល្អ​ប្រសើរ គប្បី​ពលរដ្ឋ​ទាំង​នោះ​រង់ចាំ​ការ​ប្រកាស​ពី​ដំណោះស្រាយ​នៅ​ប៉ុន្មាន​ថ្ងៃ​ ខាង​មុខ​ទៀត ពីព្រោះ​ទុក​ពេល​វេលា​ឱ្យ​គណៈកម្មាធិការ​ថ្នាក់​ជាតិ ធ្វើ​សេចក្តី​សម្រេច​ជុំវិញ​បញ្ហា​មួយ​នេះ។
កាល​ពី​ថ្ងៃ​ទី​១៨ សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ទាំងអស់ ពិសេស​ចៅហ្វាយ​ខេត្ត​តែ​ម្តង ឱ្យ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ស្រុក​ស្នួល នេះ ជា​បន្ទាន់។ លោក​ថែម​ទាំង​ព្រមាន​ទៀត​ថា ប្រសិន​អាជ្ញាធរ​ខេត្ត​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន ពួក​គាត់​អាច​នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង​ទៀត​ផង។ ការ​ព្រមាន​ទាំង​នោះ ធ្វើ​ឱ្យ​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន ពិសេស​ខេត្ត​ក្រចេះ រត់​ជើង​បី​ជើង​បួន ដើម្បី​ទៅ​កោះ​ហៅ​ពលរដ្ឋ​ដែល​ឡើង​ទៅ​តវ៉ា​នៅ​ភ្នំពេញ ឱ្យ​វិល​ត្រឡប់​មក​ខេត្ត​វិញ ប៉ុន្តែ​ពេល​ពួក​គាត់​ត្រឡប់​មក​វិញ​នោះ បញ្ហា​នៅ​តែ​មិន​ទាន់​អាច​រក​ច្រក​ចេញ​ដដែល។
ប្រធាន​ផ្នែក​ដីធ្លី និង​សាលា​ក្តី​ខ្មែរ​ក្រហម នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ឡាត់ គី គត់​សម្គាល់​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​កន្លង​ទៅ គឺ​មាន​គោលដៅ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ជា​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ ឆាប់​រហ័ស។ ប៉ុន្តែ​អ្វី​ដែល​ប្រែ​ក្លាយ​ប្រសាសន៍​របស់​លោក​ទៅ​ជា​គ្មាន​តម្លៃ​នោះ គឺ​ដោយសារ​តែ​មន្ត្រី​ថ្នាក់​ក្រោម​ទាំង​នោះ​មិន​បាន​អនុវត្ត​តាម។
លោក ឡាត់ គី៖ «នៅ​តែ​មាន​ការ​សោកស្ដាយ​ចំពោះ ​លទ្ធភាព និង​សមត្ថភាព​ក្នុង​ការ​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ហ្នឹង ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រោម​ឱវាទ​របស់​លោក​នាយក​រដ្ឋមន្ត្រី។ អ៊ីចឹង​បាន​ធ្វើ​ឱ្យ​អនុសាសន៍​ប្រែ​ទៅ​ជា​អនុសាសន៍​មួយ​គ្មាន​ប្រសិទ្ធភាព ដោយសារ​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់ មិន​អាច​អនុវត្ត​តាម។ ឧទាហរណ៍​ដូច​ជា បង​ប្អូន​នៅ​ក្រចេះ អ៊ីចឹង ប្រសិន​បើ​ការ​ដោះស្រាយ​តាម​របៀប​ហ្នឹង ដោយ​អត់​ព្រម​អនុវត្ត​តាម​ស្មារតី​នៃ​អនុសាសន៍។ អ៊ីចឹង​បញ្ហា​ហ្នឹង​វា​អត់​អាច​ដោះស្រាយ​បាន ហើយ​វា​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​អនុសាសន៍​របស់​សម្ដេច​តេជោ»
លោក​បន្ថែម​ថា ចំពោះ​នីតិវិធី​ក្នុង​ការ​ដោះស្រាយ គឺ​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​នោះ​ទេ ប្រសិន​បើ​អាជ្ញាធរ​ទាំង​នោះ​អនុវត្ត​តាម​គោលការណ៍​ដែល​មាន​ស្រាប់ ប៉ុន្តែ​វា​អាច​មាន​ភាព​មិន​ប្រក្រតី​របស់​មន្ត្រី​ថ្នាក់​ក្រោម ឬ​ថ្នាក់​ខេត្ត​តែ​ម្តង ទើប​ធ្វើ​ឱ្យ​បញ្ហា​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន។ ជាង​នេះ​ទៅ​ទៀត​នោះ នរណា​ដែល​បាន​ជួយ​ជ្រោមជ្រែង​ពលរដ្ឋ តែង​តែ​ត្រូវ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ញុះញង់ ប៉ុន្តែ​លោក​បញ្ជាក់​ថា វា​គ្រាន់​តែ​ជា​ហេតុផល​ប្រាប់​ទៅ​ថ្នាក់​លើ ដើម្បី​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ​តែ​ប៉ុណ្ណោះ។ ទាក់ទង​នឹង​បញ្ហា​ដីធ្លី​ដែល​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នៅ​ខែ​សីហា នេះ គឺ​វា​កើត​ឡើង​ស្រប​គ្នា​ទៅ​នឹង​ការ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹក​ នាំ​ប្រទេស​ក្នុង​សភា ដែល​ធ្វើ​ឱ្យ​លោក​យល់​ដែរ​ថា វា​អាច​ជា​យុត្តិសាស្ត្រ​មួយ ដើម្បី​បង្វិល​មតិ​មហាជន ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​បញ្ហា​ដីធ្លី ជា​ជាង​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​រដ្ឋសភា​នោះ៕
ប្រភពពី វិទ្យុអាស៊ីសេរី