សាលា​ដំបូង​ភ្នំពេញ​ ជំនុំ​ជម្រះ​បណ្តឹង​ បរិហារកេរ្តិ៍​ដែល​ ឧកញ៉ា កុក អាន ប្តឹង​

8/25/2014 0 Comments A+ a-

20140825_10
ភ្នំពេញៈ សាលា ​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ បាន​លើក​យក​សំណុំ​រឿង​លោក​ឧកញ៉ា កុក អាន ប្រធាន​ក្រុម​ហ៊ុន អានកូ ប្រាដ័រ ដែល​ប្តឹង​លោក ហេង ឈាង អតីត​អគ្គ​នាយក​រង​ក្រុម​ហ៊ុន អានកូ ប្រាដ័រ និង​អ្នក​ស្រី ទេព កុលាប សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ» កាល​ពី​អំឡុង ឆ្នាំ​២០១២ និង​ទាមទារ​ជំងឺ​ចិត្ត ១ លាន​ដុល្លារ​អាមេរិក មក​ធ្វើ​ការ​ជំនុំ​ជម្រះ​ប៉ុន្តែ បាន​សម្រេច​លើក​ការ​ប្រកាស​សាល​ក្រម​ទៅ​ពេល​ក្រោយ។
សវនាការ​ជំនុំ​ជម្រះ​ដឹក​នាំ​ដោយ​លោក​ចៅក្រម កែវ មុនី និង​មាន​តំណាង​អយ្យការ​លោក​ស្រី​ព្រះ​រាជអាជ្ញា​រង ស៊ឺ វណ្ណនី ដែល​ធ្វើ​កំបាំង​មុខ​លោក ហេង ឈាង និង​អ្នក​ស្រី ទេព កុលាប ជា​ចុង​ចម្លើយ ប៉ុន្តែ​នៅ​ចំពោះ​មុខ​មេធាវី​តំណាង​ពីរ​រូប​មាន​លោក​មេធាវី ពិន វណ្ណៈ និង​មេធាវី អ៊ីវ ប៉ូលី ចំណែក​លោក​ឧកញ៉ា កុក អាន ជា​ភាគី​ដើម​ចោទ​ក៏​អវត្តមាន​ដែរ តែ​មាន​លោក​មេធាវី ឡុង ដារ៉ា ជា​តំណាង​ចូល​រួម។
លោក​ចៅ​ក្រម កែវ មុនី បាន​ថ្លែង​ថា សំណុំ​រឿង​នេះ​ជន​ជាប់​ចោទ​ឈ្មោះ ហេង ឈាង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ និង ឈ្មោះ ទេព កុលាប ភេទ​ស្រី អាយុ ៣៨​ឆ្នាំ (ជា​ភាគី​ចុង​ចម្លើយ) ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពីបទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ» តាម​មាត្រា ៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​បន្ទាប់​ពី​ត្រូវ​ប្តឹង​ពី​ឈ្មោះ កុក អាន ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជា​ភាគី​ដើម​ចោទ។
នៅ​ក្នុង​សវនាការ​លោក​មេធាវី ឡុង ដារ៉ា តំណាង​ឲ្យ​ដើម​ចោទ​បាន​ឡើង​ថ្លែង​និង​លើក​ពី​មូល​ហេតុ​នៃ​ការ​ប្តឹង​របស់​ កូន​ក្តី​ថា លោក ឧកញ៉ា កុក អាន បាន​ប្តឹង​ប្តី​ប្រពន្ធ​របស់ ហេង ឈាង ចំនួន ២ ករណី។ បណ្តឹង ទី១ ចុះ​ថ្ងៃ ទី២២ ខែ​វិច្ឆិកា ២០១១ លោក​ឧកញ៉ា ប្តឹង​អ្នក​ទាំង ២ ពី​បទ «ឆ​បោក​ប្រាក់» ក្រោយ​មក​តុលាការ​បាន​ប្តូរ​បទ​ចោទ ទៅ​ជា​បទ «រំលោភ​លើ​ទំនុក​ចិត្ត​ថ្នាក់​អភិបាល​ពិសេស» វិញ។ សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​តុលាការ​កំពូល។ បណ្តឹង ទី២ ចុះ​ថ្ងៃ ទី២០ ខែ​ធ្នូ ឆ្នាំ​២០១៣ លោក​ឧកញ៉ា កុក អាន បាន​ប្តឹង​ប្តី​ប្រពន្ធ​លោក ហេង ឈាង ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ» ពាក់ព័ន្ធ​នឹង​ការ​និយាយ​ប៉ះ​ពាល់​នឹង​លោក​ឧកញ៉ា ដែល​បាន​ចោទ​ប្រកាន់​ថា លោក​ឧកញ៉ា កុក អាន បាន​ឃុប​ឃិត​ជាមួយ​ចៅក្រម​ទាំង​អស់​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី​របស់​គាត់ ហើយ​សម្តី​នេះ​ត្រូវ​បាន​ដក​ស្រង់​និង​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត ៣ មាន​កាសែត​កោះ​សន្តិភាព កាសែត​កម្ពុជា​ថ្មី និង​កាសែត ឌឺ​ឃែមបូឌា ដេលី កាល​ពី​ថ្ងៃ ទី៧ ខែ​កក្កដា ឆ្នាំ​២០១២។
លោក ឡុង ដារ៉ា លើក​ឡើង​ថា៖ «ការ​និយាយ​និង​លើក​ឡើង​របស់​លោក ហេង ឈាង ដែល​ចុះ​ផ្សាយ​នៅ​ទំព័រ​កាសែត​ទាំង​នេះ គឺ​មាន​ចេតនា​មូល​បង្កាច់ បង្ខូច​កេរ្តិ៍​ឈ្មោះ​និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​និង​ កិត្តិយស​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កូន​ក្តី​ខ្ញុំ។ ហេតុ​នេះ​កូន​ក្តី​ខ្ញុំ​សូម​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ដល់​រូប​គាត់ និង​ប្តឹង​ទាមទារ​ជំងឺ​ចិត្ត​ចំនួន ១ លាន​ដុល្លារ​អាមេរិក»។
ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ មេធាវី​លោក​ឧកញ៉ា កុក អាន នេះ មេធាវី​ទាំង ២ រូប​តំណាង​ឲ្យ​ចុង​ចោទ​បាន​បដិសេធ​និង​ច្រាន​ចោល​ការ​ចោទ​នេះ​ទាំង​ស្រុង។
លោក​មេធាវី ពិន វណ្ណៈ បាន​ថ្លែង​ថា ការ​បំភ្លឺ​របស់​លោក ហេង ឈាង ហើយ​ដែល​ត្រូវ​គេ​ដក​ស្រង់​យក​មក​ចុះ​ផ្សាយ​ដោយ​កាសែត​ទាំង ៣ នោះ​មិន​អាច​ចាត់​ទុក​ជា «ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ» ទេ។ ប៉ុន្តែ គឺជា​ការ​បំភ្លឺ​ឆ្លើយ​តប​ទៅ​នឹង​ប្រសាសន៍​របស់​លោក​ឧកញ៉ា កុក អាន ដែល​ផ្តល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន (មុន​កូន​ក្តី​លោក​បំភ្លឺ) ហើយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​កាសែត​កម្ពុជា​ថ្មី កាល​ពី​ថ្ងៃ ទី៧ ធ្នូ ឆ្នាំ​២០១២ ដែល​ថា «អ្វី​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បាត់​បង់​ប្រាក់​យ៉ាង​សន្ធឹក​ សន្ធាប់​ពី​ក្រុម​ហ៊ុន អានកូ ត្រូវ បាន​បើក​កកាយ​អស់​ហើយ ហើយ​ក្នុង​នាម​លោក​ជា​ជន​រងគ្រោះ ត្រូវ​តែ​មក​ចូល​រួម​ដោយ​ក្តី​ក្លាហាន​ដើម្បី​ការពារ​ប្រយោជន៍​ក្រុម​ហ៊ុន​ ផង និង​ការពារ​សច្ចភាព​ផង»។
លោក​ឧកញ៉ា​បញ្ជាក់​ថា៖ «លោក​ស្រឡាញ់ ហេង ឈាង និង​ប្រពន្ធ​គាត់​ដូច​ជា​កូន ព្រម​ទាំង​បាន​ប្រគល់​ភារកិច្ច​ធំ​ឲ្យ​គេ​ធ្វើ ប៉ុន្តែ​នៅ​ពេល​មាន​វិបត្តិ​ធ្ងន់ធ្ងរ​យ៉ាង​នេះ​ក្នុង​ក្រុម​ហ៊ុន លោក​មិន​អាច​ទទួល​យក​បាន​ឡើយ»។
លោក ពិន វណ្ណៈ បន្ថែម​ថា រឿង​ក្តី​នេះ​អ្នក​ស្រី ទេព កុលាប មិន​ពាក់​ព័ន្ធ​ទេ។ ក្នុង​ការ​សន្និដ្ឋាន​របស់​មេធាវី​រូប​នេះ លោក​សំណូមពរ​ឲ្យ​លោក​ចៅ​ក្រម​ជំនុំ​ជម្រះ​លើក​ការ​ចោទ​ប្រកាន់​ចំពោះ​កូន​ ក្តី​លោក​ទាំង ២ នាក់​ប្តី​ប្រពន្ធ។
លោក​មេធាវី អ៊ីវ ប៉ូលី មេធាវី​ការពារ​ក្តី​ឲ្យ​ប្តី​ប្រពន្ធ​លោក ហេង ឈាង បាន​ថ្លែង​ដែរ​ថា រឿង​នេះ​វា​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក កុក អាន ដែល​ថា កូន​ក្តី​លោក​បាន​លួច​ប្រាក់​ពី​ក្រុម​ហ៊ុន​គាត់ ហើយ​ការ​អះអាង​ពី​ចំនួន​ប្រាក់​ដែល​បាត់​បង់​មាន​ការ​ប្រែ​ប្រួល​មិន​ប្រាកដ ​គឺ​ចាប់​ពី​ចំនួន ៧ លាន​រហូត​ទៅ​ដល់​ជាង ៣០ លាន និង​ឡើង​ដល់​ជាង ៥៨ លាន​ដុល្លារ​អាមេរិក​ក៏​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ ខាង​តុលាការ​មិន​ទាន់​រក​ឃើញ​ប្រាក់​ដែល​បាន​បាត់​ដូច​ការ​អះអាង​របស់​លោក ឧកញ៉ា កុក អាន ទេ។
លោក​មេធាវី អ៊ីវ ប៉ូលី បាន​បន្ត​ថា៖ «ការ​ដែល​លោក​ឧកញ៉ា កុក អាន បាន​ចោទ​ប្រកាន់​លោក ហេង ឈាង ថា បាន​លួច​លុយ​ពី​ក្រុម​ហ៊ុន​នោះ​មក​ដល់​ពេល​នេះ​តុលាការ​រក​មិន​ឃើញ​លុយ​ដែល​ បាត់​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ ដល់​កេរ្តិ៍​ឈ្មោះ និង​កិត្តិយស​របស់​លោក ហេង ឈាង»។
លោក​មេធាវី ប៉ូលី បន្ថែម​ថា៖ «លិខិត​បំភ្លឺ​របស់​លោក ហេង ឈាង ដែល​បាន​ចុះ​ផ្សាយ​នោះ គឺជា​ការ​ឆ្លើយ​បំភ្លឺ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​ឧកញ៉ា កុក អាន និង​ជា​ស្វ័យ​ការពារ​ខ្លួន​លោក​ផង។ វា​មិនមែន​ជា​ការ​បរិហារកេរ្តិ៍​លោក​ឧកញ៉ា​នោះ​ទេ។ រឿង​នេះ គ្មាន​ភ័ស្តុតាង​គ្រប់​គ្រាន់ និង​លើស​ពី​វិមតិ​សង្ស័យ​ទៅ​ទៀត។ ហេតុ​នេះ ​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​លោក​ចៅ​ក្រម​លើក​ការ​ចោទ​ប្រកាន់​ចំពោះ​កូន​ក្តី​ ខ្ញុំ ទាំង ២ នាក់​ប្តី​ប្រពន្ធ»។
ទោះ​យ៉ាង​ណា​តំណាង​អយ្យការ លោក​ស្រី ស៊ឺ វណ្ណនី បាន​សន្និដ្ឋាន​ដោយ​បាន «សំណូមពរ​ឲ្យ​លោក​ចៅក្រម​ជំនុំ​ជម្រះ ធ្វើ​ការ​វិនិច្ឆ័យ​រឿង​ក្តី​នេះ​ទៅ​តាម​ច្បាប់»។
បន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ​មេធាវី​តំណាង​ ភាគី​ទាំង ២ យ៉ាង​តានតឹង​អស់​ពេល​ជិត ២ ម៉ោង​រួច​មក លោក​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ កែវ មុនី ក៏​បាន​សម្រេច​លើក​ការ​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿង​នេះ ទៅ​ធ្វើ​នៅ​ថ្ងៃ ទី១៩ ខែ​កញ្ញា ២០១៤ ខាង​មុខ​នេះ។
គួរ​បញ្ជាក់​ថា ពាក់​ព័ន្ធ​នឹង​បណ្តឹង​ព្រហ្មទណ្ឌ​របស់​លោក​ឧកញ៉ា កុក អាន លោក ហេង ឈាង ត្រូវ​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ ទី២៨ ខែ​ឧសភា ឆ្នាំ​២០១៤ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៣​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​សំណង​រដ្ឋប្បវេណី​ជាង ២៣ លាន​ដុល្លារ​និង​សង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ២៥ ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​លោក​ឧកញ៉ា កុក អាន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «រំលោភ​លើ​ទំនុក​ចិត្ត​ថ្នាក់​អភិបាល​ពិសេស»។ ប៉ុន្តែ​លោក ហេង ឈាង បាន​ជំទាស់​នឹង​ការ​សម្រេច​នេះ​ហើយ​បាន​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល។ ថ្មីៗ​នេះ​លោក ហេង ឈាង ត្រូវ​បាន​រួច​ទោស​និង​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​បន្ទាប់​ពី​បាន​ជាប់​ ឃុំ​អស់​ពេល ៣​ឆ្នាំ នៅ​គុក ព្រៃ​ស ប៉ុន្តែ​សំណុំ​រឿង​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ៕