បទវិភាគ៖ តើការកំណត់អាណត្តិ នាយករដ្ឋមន្ត្រីមាន សារសំខាន់យ៉ាងណា?
លោកក៏តែងមានប្រសាសន៍ថា
លោកនឹងកាន់តំណែងនេះបន្តទៅទៀត រហូតដល់លោកមានអាយុ ៧៥ឆ្នាំ
ប្រសិនបើប្រជាជននៅតែបោះឆ្នោតជូនលោក។ ក៏ប៉ុន្តែ ខុសពីអ្វីដែល លោក
ហ៊ុន សែន ប៉ង ក្រុមសង្គមស៊ីវិលមួយចំនួន
រួមនិងមេដឹកនាំគណបក្សប្រឆាំងផង
បែរជានាំគ្នាពិភាក្សាធ្វើចលនាអោយមានច្បាប់កំណត់អោយនាយក
រដ្ឋមន្ត្រី កាន់អំណាចត្រឹមតែពីរអាណត្តិទៅវិញ។
តើការកំណត់អាណត្តិនាយករដ្ឋមន្ត្រីមាន
សារសំខាន់យ៉ាងណា បានជាអ្នកដែលមិនបានធ្វើជានាយករដ្ឋមន្ត្រី
ខំនាំគ្នាគិតគូរម្ល៉េះ?
គ្រាន់តែបានទទួលតំណែងជាអនុប្រធានទីមួយ
នៃរដ្ឋសភាជាផ្លូវការមិនបានប៉ុន្មានម៉ោងផង លោក កឹម សុខា
ប្រាប់គេប្រាប់ឯងថា លោកនឹងលើករឿងកំណត់អាណត្តិនាយករដ្ឋមន្ត្រី
ទៅនិយាយជាមួយ លោក ហ៊ុន សែន។
តាមពិតទៅ
មុននឹងចេញមកជួបនឹងអ្នកកាសែតនៅក្រៅវិមានរដ្ឋសភា លោក កឹម សុខា
បានជួបរឿងគួរអោយសើចមិនសូវសមមួយនៅខាងក្នុងសភា
គឺអ្នកដែលអង្គុយកៅអីសម្រាប់តំណែងអនុប្រធានទីមួយ
មិនព្រមលែងកៅអីនោះអោយលោកងាយៗបានឡើយ
ទោះបីជាអង្គសភាបានបោះឆ្នោតប្រគល់តំណែងអនុប្រធានសភាទីមួយនោះ
អោយលោកហើយក៏ដោយចុះ។ រហូតទាល់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលជាសមាជិកសភាធម្មតាចេញមុខអន្តរាគមន៍
ទើបអ្នកចាស់បង្ខំចិត្តងើបចេញ ហើយប្រគល់កៅអីនោះទៅ លោក កឹម សុខា។
សេចក្តីរាយការណ៍ព័ត៌មានដទៃទៀត ក៏អោយដឹងដែរថា
សូម្បីតែបន្ទប់ធ្វើការសម្រាប់តំណែងអនុប្រធានសភាទីមួយ
ក៏អ្នកចាស់នៅតែតោងស្អិត មិនប្រគល់អោយ លោក កឹម សុខា ដែរ។
ប្រហែលជាមកពីមានការក្រាញននៀលមិនព្រម
ចុះចេញពីកៅអីតំណែង កៅអីអំណាចនេះហើយ
ដែលជាផ្នែកមួយជំរុញអោយមានការស្នើប្ដូរច្បាប់កំណត់អាណត្តិនាយក
រដ្ឋមន្ត្រី។
ការកាន់អំណាចតែម្នាក់ឯងរាប់សិបឆ្នាំ
អាចជាឧបសគ្គរារាំងដ៏ធំមួយ មិនអោយមានអ្នកចេះដឹងដទៃទៀត
មានឱកាសក្នុងការចូលរួមផ្តល់អ្វីដែលថ្មី ដែលជឿនលឿនជាង
ក្នុងការដឹកនាំកសាងជាតិនោះដែរ។ ក្រៅពីនេះ
ការកាន់អំណាចតែម្នាក់ឯងយូរ
អាចផ្តល់ឱកាសអោយអ្នកកាន់អំណាចបញ្ជាក្បាលម៉ាស៊ីនដឹកនាំប្រទេស
តាមផ្លូវដដែលៗ តាមរបៀបដដែលៗ
ទន្ទឹមគ្នានឹងខំរកវិធីលាក់បាំងនូវការដឹកនាំ
និងចំណាត់ការនានារបស់ខ្លួន
ដែលធ្វើអោយប្រទេសជាតិហិនហោចទៅវិញនោះ។
ជាច្រើនឆ្នាំច្រើនអាណត្តិណាស់មកហើយ
ដែលអ្នកដឹកនាំកម្ពុជា ប្រកាសគ្មានក្រែងថា ខ្លួនចេះជាងគេ
មានយុទ្ធសាស្ត្រប្រសើរជាងគេក្នុងការដឹកនាំប្រទេស
និងក្នុងការរំលាយគូប្រកួត ជាដើម។ ប៉ុន្តែ អ្នកដែលប្រឆាំងនឹងលោក
តែងចោទថា
លោកហាក់ដូចជាមិនមានវិធីអ្វីក្នុងការដឹកនាំប្រទេសជាតិ
ក្រៅតែរកស៊ីកាប់ព្រៃលក់
ជួលបេតិកភណ្ឌជាទីសក្ការៈរបស់ជាតិអោយឈ្មួញរកស៊ី
និងបណ្ដេញអ្នកស្រុកទាំងបង្ខំពីដីស្រែចម្ការ
យកដីនោះទៅជួលអោយក្រុមហ៊ុនបរទេស ជាដើម។ ទោះជាមនុស្សពេញប្រទេស
រួមទាំងសហគមន៍អន្តរជាតិផង នាំគ្នាស្រែកតវ៉ា
ដោយបញ្ចេញនូវរបាយការណ៍អង្កេតមានភស្តុតាងត្រឹមត្រូវយ៉ាងណាក៏ដោយ
ក៏អ្នកដឹកនាំនៅតែប្រកែកមិនទទួលយកការពិត។ មិនតែប៉ុណ្ណោះ
ថែមទាំងជេរប្រទេចអ្នកដែលចង្អុលបង្ហាញពីសកម្មភាពខុសឆ្គងនោះទៀត
ផង។
ប្រហែលជាមិនមានការអភិវឌ្ឍអ្វីជាដុំ
កំភួនហើយមើលទៅ
បានជាប្រមុខដឹកនាំតែងខំធ្វើអោយគគ្រឹកគគ្រេងខ្លាំងណាស់
ចំពោះការងារសាមញ្ញធម្មតា ហើយគួរតែដោះស្រាយប៉ុន្មានអាណត្តិមកហើយ
មានដូចជា
ការសង់ស្ពានអាកាសដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងទីក្រុងមួយដែលកក
ស្ទះ និងសង់ផ្សារទំនើបលក់ទំនិញនាំចូលពីបរទេស ជាដើម។ នៅប្រទេសដទៃ
ការងារសង់ និងសម្ពោធស្ពាន ឬផ្សារ ជាដើម
គឺជាភារកិច្ចរបស់អ្នកជំនាញនៅតាមសាលាសង្កាត់
សាលាក្រុងតែប៉ុណ្ណោះ។
ដូចនេះ
ប្រសិនបើមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រី
វាអាចផ្តល់ឱកាសអោយមានការដឹកនាំថ្មី ដែលអាចមានគំនិតថ្មី
មិនរំពឹងតែទៅលើការលក់ ឬជួលកេរដំណែលប្រវត្តិសាស្ត្រជាតិ
លក់ទឹកលក់ដី លក់ព្រៃព្រឹក្សានោះទេ។
ការកាន់អំណាចយូរ
ក៏ផ្តល់ឱកាសអោយអ្នកកាន់អំណាច
កសាងនូវយន្តការការពារអំណាចរបស់ខ្លួនអោយបានរឹងមាំ
ដែលកម្រនឹងមានវិធីធ្វើអោយងាយចុះចេញពីតំណែងបានឡើយ។
យន្តការការពារអំណាចរបស់ខ្លួនអោយនៅយូរអង្វែងនោះ មានដូចជា
ការដាក់ស្ថាប័នទទួលបន្ទុកការបោះឆ្នោតអោយនៅក្រោមការត្រួត
ពិនិត្យរបស់ខ្លួន ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ
និងការក្តោបក្តាប់កងកម្លាំងប្រដាប់អាវុធ ជាដើម។
សូម្បីតែព្រះមហាក្សត្រ
ក៏ត្រូវលោកនាយករដ្ឋមន្ត្រីជាអ្នកជួយជ្រោមជ្រែងអោយឡើងសោយរាជ្យ
ដែរ។ ធ្វើម៉េចបើលោកនាយករដ្ឋមន្ត្រីកាន់អំណាចយូរជាង
លោកត្រូវមានភារៈជាអ្នកជ្រើសរើសស្ទើរគ្រប់ស្ថាប័នអ៊ីចឹងហើយ។
ដល់អ៊ីចឹងទៅ អ្នកដែលត្រូវលោកជ្រើសរើសនោះ
តែងតែស្តាប់បង្គាប់លោក។ ទីបំផុត
អំណាចរត់ទៅប្រមូលផ្តុំតែទៅលើបុគ្គលម្នាក់។
មន្ត្រីដែលនៅជុំវិញលោក
ដែលភាគច្រើនសុទ្ធតែលោកប្រោសប្រទានផ្តល់អំណាចអោយ
នាំគ្នាគោរពបូជាលោក ចាត់ទុកលោកជាទីសក្ការៈ។
ពួកគេមិនត្រឹមតែអោនលំទោននៅចំពោះមុខលោកទេ
សូម្បីតែការសរសេរលិខិតស្នាមនានា អោយតែប៉ះចំឈ្មោះ
ឬគោរមងាររបស់លោក ក៏គេត្រូវប្ដូរពុម្ពអក្សរអោយធំជាង ច្បាស់ជាង
ប្រណិតជាងអក្សរដទៃទៀតក្នុងលិខិតទាំងមូលនោះដែរ។
យូរៗទៅ
ក្រុមមន្ត្រីនៅក្រោមឱវាទលោកស្ទើរទាំងអស់
ហាក់ដូចជានាំគ្នាធ្វើការដើម្បីតែបង្ហាញសកម្មភាពរបស់ខ្លួនទៅ
លោក ហ៊ុន សែន អោយ លោក ហ៊ុន សែន បានឃើញ
ជាងមានទិសដៅក្នុងការបម្រើប្រទេសជាតិ និងប្រជាជន។
មានមន្ត្រីមិនតិចទេដែលពេលចុះធ្វើសកម្មភាពផ្សេងៗ
តែងជួលអ្នកកាសែតអោយចុះផ្សាយពីសកម្មភាពរបស់ខ្លួន
ប្រសិនបើមេធំចេញទៅបេសកកម្មនៅក្រៅប្រទេស
គេអោយលុយអ្នកកាសែតថែមទៀត ដើម្បីអោយផ្អាប់រឿងនោះទុកសិន
កុំទាន់ចេញផ្សាយ ចាំសម្ដេចមកវិញសិនចាំផ្សាយ
ដើម្បីអោយសម្ដេចបានឃើញ។
បន្ថែមលើនេះ អ្នកកាន់អំណាច
ជាពិសេសអ្នកកាន់អំណាចកាន់តែយូរ
កាន់តែមានប្រៀបច្រើនជាងអ្នកដែលមិនកាន់អំណាច
ក្នុងការអួតអាងពីសមិទ្ធផលទាំងឡាយដែលខ្លួនបានធ្វើ ទោះតិច
ឬច្រើនក្តី។ ក្នុងការឃោសនារកសំឡេងឆ្នោតម្តងៗ
ក្រុមអ្នកកាន់អំណាចតែឆក់ឱកាសនោះវាយបកទៅអ្នកដែលមិនមានឱកាស
បានកាន់អំណាច។ ពាក្យដែលក្រុមអ្នកកាន់អំណាច និងអ្នកគាំទ្រ
តែងតែលើកឡើងនោះ គឺថា មើលចុះគណបក្សប្រឆាំងបានធ្វើអ្វីខ្លះ
ក្រៅតែពីស្រែកបន្ទច់បង្អាក់ដំណើរអភិវឌ្ឍ ជាដើម។
ឥទ្ធិពលនៃទឹកប្រាក់របស់អ្នកដែលរកស៊ី
កាក់កបជាមួយនឹងអ្នកកាន់អំណាចដុះស្នឹម
ក៏ជួយបង្កើតប្រព័ន្ធរបាំងការពារមួយ មិនអោយបេក្ខជននយោបាយដទៃ
ហក់ចូលក្នុងសង្វៀនដឹកនាំប្រទេសបានដោយងាយៗនោះឡើយ។ នៅកម្ពុជា
បច្ចុប្បន្ន គេកម្រឃើញមានថៅកែរកស៊ីធំៗណា
ដែលមិនមានតំណែងណាមួយក្នុងរចនាសម្ព័ន្ធអំណាចរដ្ឋាភិបាលទេ។
បើមិនមានតួនាទីជាសមាជិកសភា ឬព្រឹទ្ធសភាទេ
ក៏មានតំណែងជាទីប្រឹក្សាសម្ដេចនេះ ឬឯកឧត្តមនោះដែរ។
ពួកគាត់រកស៊ីមានបាន
ដោយសារគាត់មានទំនាក់ទំនងដ៏ជិតស្និទ្ធយូរអង្វែង
ចាក់ស្រេះជាមួយក្រុមមេដឹកនាំ។ ដូច្នេះ
ពួកគាត់ក៏ត្រូវតែធ្វើយ៉ាងណា
ដើម្បីជួយទំនុកបម្រុងអោយអ្នកកាន់អំណាចនោះ
នៅក្រាញក្នុងអំណាចជាបន្តទៅទៀតដែរ។
បើពួកគាត់ត្រូវចំណាយលុយសាងសង់សំណង់អ្វី
ដែលអាចកេងចំណេញនយោបាយបាន ពួកគាត់មិនខ្លាចហុចប្រាក់ទាំងខ្ទាស់ៗ
ជូនលោកនាយករដ្ឋមន្ត្រីនៅចំពោះមុខម៉ាស៊ីនថតរូប ថតទូរទស្សន៍
នោះទេ។ មើលទៅ ពួកគេហាក់ដូចជាមានទឹកចិត្តជ្រះថ្លាណាស់។
ដើម្បីលើកទឹកចិត្តក្រុមសន្តិសុខស៊ីឈ្នួល
ដែលបានវាយបំបែកក្រុមបាតុករ វាយអ្នកកាសែត
ពេលដែលក្រុមនេះបានភ្លក់រសជាតិដំបងរបស់បាតុករម្តងវិញ
ថៅកែរកស៊ីជួញដីធំៗនៅស្រុកខ្មែរ
នាំគ្នាតម្រង់ជួរខ្ចប់លុយទៅជួយដល់ពេទ្យ
ប្រកបដោយទឹកមុខសោកសង្រេង ដូចចេញពីបាតបេះដូងពិតៗ។
គេធ្វើយ៉ាងណាអោយតែគេបានអែបអបនឹងមេដឹកនាំ ដែលបានផ្តល់ឱកាស
និងជួយទំនុកបម្រុងអោយគេរកស៊ីមានបានតាំងពីពេលចាប់កវែកកឆ្នាំង
ដំបូងមកម្ល៉េះ។
ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី
ក៏ប្រហែលជាអាចជួយកាត់បន្ថយអំពើពុករលួយបានមួយចំណែកធំ។
បើក្រុមអ្នកដឹកនាំកាន់តំណែងក្នុងរយៈពេលជាកំណត់មួយ
ពួកគាត់ក៏ប្រហែលជាមិនមានលទ្ធភាពឥតព្រំដែន
ក្នុងការបង្កើតបណ្ដាញបក្ខពួកនិយម គ្រួសារនិយមពេញស្ថាប័នរដ្ឋ
ដែលបង្កអោយមានអំពើពុករលួយ
និងក្នុងការឆក់ឱកាសក្នុងការកេងចំណេញពីតួនាទីរបស់ខ្លួនដែរ។
ជាងនេះទៅទៀត
ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី
ក៏ប្រហែលជាអាចបញ្ចៀសបាននូវជំងឺលង់ខ្លួន។
ការអង្គុយស្រួលយូរពេកនៅក្នុងការិយាល័យទំនើប មានព្រំស្រស់ស្អាត
មានអ្នកបម្រើ មានអ្នកជំនួយការ
ទីប្រឹក្សាអាម៉ីអាថោងឆ្វេងស្តាំចាំតែលើកជើងច្រើនពេកទៅ
អាចធ្វើអោយពួកគាត់ភ្លេចនឹកគិតដល់ជីវិតសាមញ្ញធម្មតារបស់
ប្រជាពលរដ្ឋទូទៅ ដែលគាត់មានភារៈបម្រើ និងដោះស្រាយជូន។ មានពេលខ្លះ
ក្រុមអាម៉ីអាថោងប្រហែលជាមិនចង់រំពល់ទុកមេរបស់ខ្លួន
ក៏លាក់បាំងបញ្ហាមួយចំនួនមិនអោយមេដឹង ហើយពេលនោះ
ទោះជាអ្នកដឹកនាំនោះប្រកបដោយគតិបណ្ឌិតឈ្លាសវៃយ៉ាងណា
ក៏ទីបំផុតចេញមុខសារភាពថា ខ្លួនមិនបានដឹងរឿងអីសោះ។
ម្យ៉ាងទៀត
ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីអាចជួយអោយក្រុមអ្នកកាន់អំណាច
យកចិត្តទុកដាក់ក្នុងការបំពេញការងារបម្រើជាតិបានពេញដៃពេញជើង
ជាងការមិនកំណត់ដែរ ជាពិសេស នៅក្នុងអាណត្តិចុងក្រោយ។ ដោយមេដឹកនាំ
និងក្រុមបក្ខរបស់ខ្លួនដឹងច្បាស់ថា
នឹងលែងមានសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រី
ទៀតនោះ
គាត់អាចលែងខ្វល់ពីការខិតខំរិះរកយុទ្ធសាស្ត្ររកសំឡេងឈ្នះឆ្នោត
សម្រាប់អាណត្តិក្រោយទៀតហើយ ហើយពេលនោះ
ពួកគាត់អាចបង្វែរការយកចិត្តទុកដាក់ទាំងស្រុង
ទៅនឹងការកសាងជាតិពិតៗ
និងកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនពេលអស់អំណាចទៅនោះផង។
ទោះជាយ៉ាងណាក៏ដោយ
អ្នកដែលនៅក្រាញនឹងអំណាច
តែងលើកហេតុផលផ្សេងពីការនៅបន្តកាន់អំណាចគ្មានព្រំដែនរបស់ខ្លួន
នោះ។ គេតែងលើកឡើងថា មិនមែនមកពីការស្រឡាញ់អំណាច
ហើយក្រាញននៀលនឹងអំណាចនោះទេ
តែមកពីថាខ្លួនជាអ្នកចេះជាងគេក្នុងកាច់ចង្កូតដឹកនាំបានល្អ
ព្រោះខ្លួនស្គាល់កន្លុកកន្លៀតសព្វគ្រប់រាប់សិបឆ្នាំហើយ
គ្មាននរណាចេះជាងខ្លួននោះទៀតទេ។
នេះប្រហែលជាគ្រាន់តែជាពាក្យដោះសាការពារអំណាច
ដែលផ្ទុយស្រលះពីពាក្យចាស់ខ្មែរពីបរមបូរាណ ដែលប្រដៅថា
«ចេះឯងអោយក្រែងចេះគេ»៕
ប្រភពពី វិទ្យុអាស៊ីសេរី