យុវជនម្នាក់ស្លាប់ និង ៤នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ ចរាចរ នៅស្ពានអាកាសស្ទឹង មានជ័យ
ភ្នំពេញ ៖ យុវជនម្នាក់
បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯមនុស្សចំនួន ៤នាក់ទៀត បានរង
របួសធ្ងន់ធ្ងរ ដោយសារតែពួកគេ ជិះម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង កាលវេលាម៉ោង
១២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤
ស្ថិតនៅចំណុចស្ពានអាកាសស្ទឹងមាន
ជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា
មុនពេលកើតហេតុ គេបានឃើញយុវជន ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ
ពាក់ស្លាកលេខ ភ្នំពេញ 1X-2429 ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត
ក្នុងទិសដៅ ពីកើតទៅលិច ឆ្លងស្ពានស្ទឹងមានជ័យ ខណៈមកដល់ចំណុចពាក់កណ្តាលស្ពាន
ស្រាប់តែមានយុវជន ៣ នាក់ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ
1AG-1641 ធ្វើដំណើរក្នុងល្បឿនលឿន និងបញ្ច្រាសផ្លូវ បានបុកគ្នា
ចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូសេ១២៥ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ
និងម្នាក់ទៀត ដែលរួមដំណើររងរបួសស្រាល ចំណែកម្ខាងទៀត រង របួសធ្ងន់ ៣នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ
ដែលស្លាប់នៅនឹងកន្លែងឈ្មោះ រៀម យ៉ាន អាយុ ២១ឆ្នាំ ស្នាក់ នៅផ្ទះជួល
ក្នុងសង្កាត់ស្ទឹងមានជ័យ មានមុខរបរជាជាងដែក និងមានស្រុកកំណើត នៅស្រុកខ្សាច់
កណ្តាល ខេត្តកណ្តាល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់
ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យ រីឯសពសមត្ថកិច្ចស្រាវជ្រាវ
រកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត ចំណែកម៉ូតូ
សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋានគរបាលខណ្ឌមានជ័យ
ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕
__________________