ជនជាតិញូហ្សេលែន ជិះម៉ូតូធំ ដួលបាក់កស្លាប់ នៅក្នុងស្រុកគូលែន
ជនជាតិញូហ្សេលែនខាងលើមិនត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ប្រាប់ឈ្មោះឡើយ គឺគេប្រាប់តែអាយុ៥៥ឆ្នាំ មានមុខរបរធ្វើការនៅអង្គការ AOC ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងឯណោះ។ សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើត ហេតុគាត់ធ្វើដំណើរដោយម៉ូតូធំមួយគ្រឿងតែម្នាក់ឯង មានស្លាកលេខកំពង់ចាម 1L-5725 បើកបរចេញពីខេត្តសៀមរាប ក្នុងគោលបំណងទៅកាន់ខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ខេត្តព្រះវិហារ។
ប្រភពបានរាយការណ៍ទៀតថា រហូតល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ ទើបសាកសពត្រូវបានគេប្រទះ ឃើញនៅក្នុងព្រៃត្រែងក្រាស់មួយ ដែលមានចំងាយឆ្ងាយពីម៉ូតូជាច្រើនម៉ែត្រ ហើយសាកសពក៏មានពាក់មួកសុវត្ថិភាពថែមទៀតផង។
ប្រភពមានរាយការណ៍ថា ជនបរទេសរូបនោះបានដួលម៉ូតូដោយខ្លួនឯងនៅប្រហែលវេលាម៉ោង១២ ថ្ងៃត្រង់ ទី១៦ ខែសីហា ឆ្នាំ២០១៤ លុះថ្ងៃទី១៧ ខែសីហា ទើបមានគេប្រទះឃើញសាកសព និងម៉ូតូស្ថិតនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនបរទេសរូបនោះទំនងជាបើកម៉ូតូធំលឿន ហើយគាប់ជួនផ្លូវកន្លែងកើតហេតុកោ ងក៏ជ្រុលធ្លាក់ផ្លូវដោយទាំងមនុស្ស ទាំងម៉ូតូបានដួលជាច្រើនត្រលប់ ក៏ស្លាប់តែម្តង មិនមាននរណាធ្វើឃាតនោះទេ។ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤នេះ សមត្ថកិច្ចខេត្តព្រះវិហារ បានប្រគល់សាកសពជនជាតិញូហ្សេលែន ទៅឲ្យខាងស្ថានទូតអង់គ្លេស ដើម្បីដឹកទៅកាន់ទីក្រុងភ្នំពេញ៕L