នាយករដ្ឋមន្ត្រីថារដ្ឋា ភិបាលកំពុងគិតគូរដំឡើង ប្រាក់ខែឲ្យកម្មករ
លោកបន្តថា ប្រាក់ខែអប្បបរមា
១០០ដុល្លាររបស់កម្មករខ្មែរបច្ចុប្បន្ននេះ
គឺមានចំនួនខ្ពស់ជាងកម្មករនៅប្រទេសបង់ក្លាដេស (Bangladesh)
ដែលទទួលបានចំនួន ៧០ដុល្លារ៖ «ស្ថានភាពបៀវត្សមិនដូចគ្នាទេៗ។
នៅប្រទេសរបស់យើង យើងទទួលស្គាល់ថា វាមានចំនួនទាបជាង
ប៉ុន្តែទាបនៅប្រទេសយើង ប្រៀបធៀបនឹងបង់ក្លាដេស…។
ខ្ញុំទស្សនកិច្ចនៅបង់ក្លាដេស
តំបន់ឧស្សាហកម្មកែច្នៃសម្រាប់ការនាំចេញ
ដែលបៀវត្សខ្ពស់ជាងកន្លែងដទៃ ហើយដែលវិនិយោគដោយប្រទេសជប៉ុន
ប្រាក់ខែតែ ៧០ដុល្លារទេ ទើបនឹងដំឡើងហើយថ្មីៗទៀត
មិនទាន់អនុវត្តបានអស់។ ជាទូទៅបៀវត្សកម្មករនៅបង់ក្លាដេស គឺ
៦៥ដុល្លារ សម្រាប់យើង ១០០ដុល្លារអប្បបរមា
ហើយយើងកំពុងតែរកវិធីដើម្បីដំឡើងឲ្យកម្មករ កម្មការិនីរបស់យើង»។
ពាក់ព័ន្ធនឹងប្រាក់ខែកម្មករខ្មែរនេះ
ប្រធានសហភាពសហជីពកម្ពុជា
និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន
បានប្រតិកម្មតបថា
រដ្ឋាភិបាលត្រូវតែគិតគូរពីបញ្ហាដំឡើងប្រាក់ខែកម្មករឲ្យបាន
១៧០ដុល្លារ នៅមុនខែតុលា ឆ្នាំ២០១៤ ខាងមុខ៖ «យើងមិនអាចទៅ
ប្រៀបធៀបជាមួយប្រទេសបង់ក្លាដេស ឬប្រទេសណាផ្សេងៗទេ
យើងគួរតែប្រៀបធៀបជាមួយប្រទេសជិតខាង ដូចប្រទេសសៀម
ដែលគេមានប្រាក់ឈ្នួលខ្ពស់ជាងយើង។ ការដំឡើងប្រាក់ឈ្នួលសមរម្យ
ជាការរក្សាកម្លាំងពលកម្មមិនឲ្យពលករធ្វើចំណាកស្រុកទៅប្រទេសសៀម
អី ដូចឃើញពលករយើងគេយកមកចាក់ចោលដូចសត្វធាតុ។
រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់»។
លោក ឈុន បន្តថា
កម្មករកម្មការិនីមានស្ថានភាពរស់នៅលំបាកណាស់បច្ចុប្បន្ន
ដោយសារប្រាក់ខែទាប មិនអាចទប់ទល់នឹងតម្លៃទំនិញសព្វសារពើឡើងថ្លៃ។
បន្ថែមពីនេះ បញ្ហាដែលកម្មការិនីដួលសន្លប់ជាញឹកញាប់នេះ
គឺដោយសារខ្វះជីវជាតិ និងធ្វើការច្រើនម៉ោង បាក់កម្លាំង៕
ប្រភពពី វិទ្យុអាស៊ីសេរី