នគរបាលព្រមលែង មេសហជីពវិញពេល កម្មករទៅតវ៉ា
ក្រុមសហជីពបានឲ្យដឹងថា កម្មករប្រមាណ ៧០០ នាក់បានធ្វើការតវ៉ារយៈពេល ៥ ថ្ងៃមកហើយ ដើម្បីទាមទារឲ្យរោងចក្រ You Li International ផ្តល់ប្រាក់រង្វាន់និងប្រាក់ដល់អ្នកជំនាញដេរម៉ាស៊ីនប៉ុន្តែមិនទាន់មានដំណោះស្រាយ។ លុះមកដល់ថ្ងៃម្សិលមិញ កម្មករក៏បាននាំគ្នាធ្វើការតវ៉ាដោយបិទផ្លូវជាតិលេខ ១ មុខរោងចក្រស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង (Shandong)។
ជាមួយគ្នានោះ លោក ទួន សារ៉ែន ប្រធានសាខាសហជីពចលនាកម្មករ ប្រចាំ ខេត្តស្វាយរៀង អាយុ ២៥ឆ្នាំ ត្រូវបាននគរបាលចាប់ឃាត់ខ្លួននៅម៉ោង ៩ និង ៣០ នាទីព្រឹកម្សិលមិញនិងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង។ ក្រោយមកកម្មករដែលកំពុងធ្វើការតវ៉ានៅមុខរោងចក្រ ដែលមានកំហឹងចំពោះការចាប់ខ្លួននេះបាននាំគ្នាដើរជាក្បួនសំដៅទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីទាមទារឲ្យមានការដោះលែងតំណាងរបស់ពួកគេ។ នេះបើតាមតំណាងកម្មករម្នាក់ឈ្មោះ ពុំ សុគន្ធី។
លោក សុគន្ធី និយាយថា៖ «ខ្ញុំនិងតំណាងសហជីពចលនាកម្មករផ្សេងទៀត កំពុងធ្វើការចរចាជាមួយមន្ត្រីការងារ និងអភិបាលរងក្រុង នៅក្នុងសហជីព ក៏មានអ្នកតេមកប្រាប់ថា លោក ទួន សារ៉ែន ត្រូវបានចាប់ខ្លួន។ យើងក៏បានផ្អាកការចរចា»។ លោកបានបន្តថា ការចរចាមានជាង ១០ ចំណុចដែលដោះស្រាយបាន ៨ ចំណុចហើយ ប៉ុន្តែសំខាន់គឺត្រង់ប្រាក់ជំនាញ និងប្រាក់រង្វាន់ដែលកម្មករម្នាក់ៗ មានជំនាញប្រើប្រាស់ម៉ាស៊ីនលើសពីមួយឆ្នាំទៅ។ តាមក្រុមហ៊ុនគេផ្តល់ឲ្យអ្នកចេះដេរម៉ាស៊ីន ១ បាន ៣ ដុល្លារ ប៉ុន្តែកម្មករទាមទារចំនួន ៥ ដុល្លារ។
លោក ទួន សារ៉ែន បានថ្លែងបន្ទាប់ពីត្រូវបានដោះលែងថា លោកត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តឲ្យលោកធ្វើការសន្យាផ្តិតមេដៃដើម្បីបញ្ឈប់ការតវ៉ា ប៉ុន្តែលោកមិនព្រមឡើយ ហើយចាត់ទុកថា ជាទង្វើបំបិទសិទ្ធិសេរីភាពក្នុងការធ្វើកូដកម្មដោយអហិង្សារបស់កម្មករ។ លោកនិយាយថា៖ «គេឲ្យខ្ញុំផ្តិតមេដៃទទួលខុសត្រូវ លើករណីកម្មករបិទផ្លូវ និងឲ្យបញ្ឈប់កូដកម្មតែខ្ញុំអត់ផ្តិតឡើយ។ ខ្ញុំផ្តិតមេដៃតែលើកំណត់ហេតុនៃការធ្វើកូដកម្មរបស់កម្មករ និងកំណត់ហេតុប្រគល់ទូរស័ព្ទមកឲ្យខ្ញុំវិញ»។ លោកបន្តថា៖ «ខ្ញុំនឹងមិនតក់ស្លុតចំពោះការគំរាមនេះឡើយ ហើយខ្ញុំនិងកម្មករនៅតែបន្តធ្វើការតវ៉ាដើម្បីទាមទារឲ្យថៅកែរោងចក្រដោះស្រាយបញ្ហា»។
លោក សួស សារិន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តដែលបានធ្វើកំណត់ហេតុ ជាមួយលោក ទួន សារ៉ែន បានបដិសេធផ្តល់ការអធិប្បាយឡើយ ដោយគ្រាន់តែឆ្លើយថា៖ «យើងបានឲ្យគាត់ទៅវិញហើយ»។
លោក យិន ចន្ធី អភិបាលរង ក្រុងបាវិត បដិសេធផ្តល់អធិប្បាយដោយថ្លែងថា លោកកំពុងដោះស្រាយបញ្ហាឲ្យកម្មករ។
ប្រធានសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានចាត់ទុកការចាប់ខ្លួនសកម្មជនរបស់លោកថា ជាការគំរាមកំហែង បំបាក់ស្មារតី លើក្រុមសហជីព។ លោកបញ្ជាក់ថា៖ «យើងគ្រាន់តែប្រើប្រាស់តួនាទីដើម្បីការពារកម្មករ ប៉ុន្តែបែរជារងការគំរាមកំហែងចាប់ខ្លួនដែលជារូបភាពឲ្យសហជីពនិងកម្មករបាក់ស្មារតីលែងហ៊ានតវ៉ា។ គ្នាយើងជាច្រើនត្រូវគេតាមដាន និងគំរាមកំហែងព្រមទាំងសមត្ថកិច្ចធ្លាប់បានឡោមព័ទ្ធស្នាក់ការយើងទៀតផង»។
កាលពី ខែមេសា មន្ត្រីសហជីពចលនាកម្មករត្រូវបានឃាត់ខ្លួនម្តងដែរនៅពេលដែលចែកផ្សាយខិត្តប័ណ្ណអំពាវនាវឲ្យកម្មករនៅ ខេត្តស្វាយរៀង ចូលរួមតវ៉ា។
អនុប្រធានមន្ទីរការងារ ខេត្តស្វាយរៀង លោក អ៊ូ សុខឿន និងតំណាងថៅកែរោងចក្រ You Li ដែលចូលរួមដោះស្រាយការតវ៉ារបស់កម្មករកាលពីថ្ងៃម្សិលមិញ មិនអាចធ្វើការទាក់ទងដើម្បីសុំការអធិប្បាយបានទេ។
ជាមួយគ្នានេះ រោងចក្រ Newpex នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ ក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករមួយចំនួនបានវិលមុខដួលសន្លប់ជាបន្តបន្ទាប់កាលពីព្រឹកម្សិលមិញ នៅពេលកម្មករកំពុងដើរចូលធ្វើការ។
លោក តឹប ប៊ុនថេន នាយប៉ុស្តិ៍ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានឲ្យដឹងថា មានកម្មការិនីចំនួន ៨នាក់ បានដួលសន្លប់ នៅពេលកំពុងចូលធ្វើការ។
លោកថ្លែងថា៖ «ដោយសារនៅតែតក់ស្លុត មិនទាន់ស្រួលបួលកម្មករ ៨ នាក់បានដួល និងបញ្ជូនទៅគ្លីនិកអស់ហើយ។ គេឲ្យបិទទ្វាររោងចក្រពីរបីថ្ងៃសិន»។
កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ រោងចក្រចំនួន ៦ នៅសួនឧស្សាហកម្មវឌ្ឍនៈ២ មានករណីកម្មករដួលសន្លប់ចំនួន ១៣០ នាក់ដោយមន្ត្រីបានឲ្យដឹងថា ការដួលសន្លប់នេះ គឺដោយសារពួកគេមានសុខភាពខ្សោយខ្លាំងដេកនិងការហូបមិនបានគ្រប់គ្រាន់៕
ប្រភពពី ភ្នំពេញប៉ុស្តិ