ស្ត្រីល្បីឈ្មោះក្នុង ជម្លោះដីធ្លីទទួលបាន គោរមងារជាឧកញ៉ា
ភ្នំពេញៈ ស្ត្រី
ជំនួញដ៏មានឥទ្ធិពលដែលមានឈ្មោះល្បីខាងមានជម្លោះដីធ្លីដ៏
រ៉ាំរ៉ៃនៅខេត្តរតនគិរី ត្រូវបានព្រះមហាក្សត្រ
ផ្តល់គោរមងារជា«ឧកញ៉ា» គឺលោកស្រី គាត កុលណី
ដែលជាប្អូនស្ត្រីអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាត
ឈន់ និងបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីប្រចាំការ។
ក្នុងសៀវភៅរាជកិច្ចចុះថ្ងៃទី១៥ ខែកក្កដា
ដែលទើបចេញថ្មីៗនេះបានឲ្យដឹងថា ព្រះរាជក្រឹត្យ ចុះថ្ងៃទី១១
ខែមិថុនា ព្រះមហាក្សត្រព្រះករុណា ព្រះបាទ នរោត្តម សីហមុនី
បានត្រាស់បង្គាប់ តែងតាំងជាឧកញ៉ា ដល់លោកស្រី គាត កុលណី
យោងតាមការស្នើសុំរបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកស្រី គាត កុលណី
ដែលមានស្វាមីជារដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្មនិងសំណង់
លោក ឆាន់ សាផាន់នោះ
កំពុងមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃតាំងពីឆ្នាំ២០០៦
ជាមួយអ្នកភូមិជនជាតិដើមភាគតិច នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
លើផ្ទៃដី ៤៥០ ហិកតា
ហើយមានរឿងក្តីនៅតុលាការមិនទាន់ដោះស្រាយរួចនៅឡើយ
ខណៈអ្នកភូមិចោទថា លោកស្រីដែលមានប្រាក់មានអំណាចម្នាក់នេះ
អាចធ្វើឲ្យតុលាការមិនអាចលើកយករឿងនេះមកកាត់ក្តីបាន។
អ្នកភូមិ លោក ស្វិន ធ្វែល អាយុ ២៩ឆ្នាំ
ឲ្យដឹងថា ពាក្យបណ្តឹងរបស់ពលរដ្ឋប្តឹងតាំងពីឆ្នាំ២០០៧
លើករណីក្រុមហ៊ុនលោកស្រី កុលណី ក្លែងបន្លំលិខិតស្នាមលក់ដូរដីធ្លី
មិនទាន់ដោះស្រាយកើត រហូតដល់ចៅក្រមលើសំណុំរឿងនេះ
បានផ្លាស់ប្តូររហូតមិនដឹងចៅក្រមរូបណាកាន់ឡើយមកដល់ពេលនេះ។
នៅពេលដឹងដំណឹងពីការជូនងារជាឧកញ៉ា
ដល់ស្ត្រីរូបនេះលោក ធ្វែល បាននិយាយថា
លោកហាក់គ្មានការភ្ញាក់ផ្អើលទេ ព្រោះលោកស្រីមានលុយមានអំណាច។
លោកបន្តថា ៖ «ចំពោះគាត់ គឺគាត់សមហើយ
ព្រោះគាត់មានលុយ យកទិញងារឧកញ៉ាបាន ប៉ុន្តែងារឧកញ៉ាគាត់
មិនដែលជួយរាស្ត្រយើងឡើយ មានតែរំលោភឈូសឆាយដីពួកយើងថែម»។
លោក ឆាយ ធី
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកដែលឃ្លាំមើលដំណើរការ
រឿងក្តីអ្នកភូមិ គង់យុ ថ្លែងថា
ងារឧកញ៉ាមួយនេះនឹងរឹតតែធ្វើឲ្យអ្នកស្រីមានឥទ្ធិពលថែមទៀតលើ
ប្រព័ន្ធតុលាការ។
លោកបានថ្លែងបញ្ជាក់ថា៖
«រាល់ថ្ងៃរឿងក្តីនេះស្ងាត់ ដោយសារតុលាការដឹងថា
ក្រុមហ៊ុនមិនមានឯកសាររឹងមាំ អាចឈ្នះអ្នកភូមិឡើយ។
អ៊ីចឹងបើគាត់ក្លាយជាឧកញ៉ាទៀតនឹងរឹតតែមានឥទ្ធិពលលើតុលាការ
ហើយអាចមិនមានលទ្ធផលវិជ្ជមានសម្រាប់អ្នកភូមិបាន»។
នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ
ចំនួនឧកញ៉ាមានដល់ទៅ ៧០៤ រូប គិតពីឆ្នាំ ១៩៩៤ ដល់ ២០១៤
ដែលធ្វើឲ្យមានការរិះគន់ថា មានឧកញ៉ាមួយចំនួនបានងារនេះ
ក៏ដោយសារតែខ្លួនបានយកលុយឬជំនួយរបស់ខ្លួនទៅបម្រើផលប្រយោជន៍
បក្សនយោបាយច្រើនជាង ផលប្រយោជន៍សង្គមជាតិនិងប្រជាពលរដ្ឋ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍