ប៉ូលិស​ប៉ុស្តិ៍​កំពង់ ព្រះ​គគីរខឹង​ទារ​លុយ ១០០ ដុល្លារ មិនបាន កាប់​លប​ប្រជាពលរដ្ឋ​ចោល​

8/12/2014 0 Comments A+ a-

fish_cenកំពង់ឆ្នាំង: មន្ត្រីប៉ូលិស ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ ២ នាក់ បាន​ចុះ​ទៅ​កាប់បំផ្លាញ​ឧ​ករណ៍នេសាទ​របស់​ប្រជាពលរដ្ឋ និង​បាន​យក​ឧបករណ៍​មួយចំនួនទៀត មក​រក្សាទុក​នៅ​ផ្ទះ​របស់ខ្លួន ដោយសារតែ​ខឹង​ទារលុយ ១០០ ដុល្លារ មិនបាន​។ 
​    ​
​ប្រជា​នេសាទ​ម្នាក់​ឈ្មោះ ជា មាន​ទីលំនៅ​ភូមិ​កោះ​កែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បានអោយដឹងថា កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤ មាន​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ ចំនួន ២ នាក់ ក្នុងនោះ ម្នាក់​ឈ្មោះ ទុំ សារ៉ុន និង​ម្នាក់​ទៀត ឈ្មោះ ញ៉ែម សារី បាន​ចុះ​ទៅ​កាប់រ​បាំង​ព្រួល និង​ឡុក ដែល​គាត់​ដាក់​ចាប់​ត្រី នៅត្រង់ចំណុច ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍​។ ក្រៅពី​កាប់បំផ្លាញ​ឧបករណ៍​ទាំងនេះ មន្ត្រីប៉ូលិស​ខាងលើ បាន​យក​លប​ចំនួន ៣ ទៅ​រក្សាទុក​នៅ​ផ្ទះ​របស់​ខ្លួន​។​
​    ​
​ប្រជា​នេសាទ​ខាងលើ បានអោយដឹង​ទៀត​ថា ការចុះ​ទៅ​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​របស់គាត់ ក្នុងពេលនោះ មន្ត្រីប៉ូលិស​ទាំង ២ នាក់​នេះ មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ មន្ត្រី​ជំនាញ​ជលផល និង​សហគមន៍​នេសាទ​ឡើយ គឺ​ពួកគេ​ធ្វើ​ដោយ​កំហឹង បន្ទាប់​ពី​ជម្រិត​ទារលុយ​ពី​គាត់​ចំនួន ១០០ ដុល្លារ មិនបាន​។​
​    ​
​ប្រជា​នេសាទ​រូបនេះ បានអោយដឹង​ទៀត​ថា នៅ​មុន​ពេល​ប៉ុន្មាន​ថ្ងៃ ដែល​មន្ត្រី​ប៉ូលិស​ទាំងនោះ ចុះ​ទៅ​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​របស់គាត់ គឺ​លោក ប៉ាង ពុំ​សែន ដែល​ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ព្រះ​គគីរ បាន​ទូរស័ព្ទ​ទៅ​ទារលុយ​គាត់ ចំនួន ១០០ ដុល្លារ ប៉ុន្តែ​គាត់​គ្មាន​លុយ​អោយ សុំ​អង្វរ​ត្រឹម ៥០ ដុល្លារ ប៉ុន្តែ​លោក​មេ​ប៉ុស្តិ៍ មិន​ព្រម ក៏​បញ្ជា​កូនចៅ​អោយ​ចុះ​ទៅ​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​គាត់​ចោល​តែម្តង ​។​
​    ​
​ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៤ លោក ឃួន សៅរ៉ុម ដែលជា​អភិបាល​ស្រុក​បរិបូរណ៍ លោក​មេឃុំ​កំពង់ព្រះ​គគីរ និង​មន្ត្រី​សហគមន៍​នេសាទ​មួយចំនួន​ទៀត​បាន​ចុះ​ទៅ​ដោះស្រាយ​ដោយ​កំណត់​អោយ​ មន្ត្រី​ប៉ុស្តិ៍ ប្រគល់​ឧបករណ៍​លប​ចំនួន​៣​គ្រឿង ទៅអោយ​ម្ចាស់​ឈ្មោះ ជា វិញ និង​បាន​ហាម​មិន​អោយ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​កំពង់ព្រះ​គគីរ ចុះ​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ឧបករណ៍​នេសាទ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ទៀតឡើយ​។​
​    ​
​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ បាន​និយាយ​អោយដឹង សព្វថ្ងៃនេះ លោកនាយ​ប៉ុស្តិ៍ ប៉ាង ពុំ​សែន បានធ្វើអោយ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នេះ​ជាច្រើន មិន​សប្បាយចិត្ត ដោយសារតែ​គាត់​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សន្តិសុខ នៅក្នុង​មូលដ្ឋាន​ឡើយ គឺ​លោក​នាយប៉ុស្តិ៍​រូប​នេះ​ពួកែ​តែ​ម្យ៉ាង​គត់ គឺ​ដើរ​ជម្រិត​លុយ​ពី​ប្រជា​នេសាទ និង​បាន​បង្ក​នូវ​រឿងអាស្រូវ​ជាច្រើន​ផងដែរ​។
​ករណីនេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ ដល់​លោក​ស្នងការ និង លោក​អភិបាល ខេត្ត​កំពង់ឆ្នាំង មេត្តា​ជួយ​មាន​វិធានការ ចំពោះ​លោក​មេ​ប៉ុស្តិ៍​ឈ្មោះ ប៉ាង ពុំ​សែន នេះ​ផង ពី​ព្រោះ​សព្វថ្ងៃ​លោក​មេ​ប៉ុស្តិ៍​ម្នាក់នេះ បាន​បង្ក​ភាព​ក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​។​
​លោក ប៉ាង ពុំ​សែន នាយប៉ុស្តិ៍​រដ្ឋបាល​កំពង់​ព្រះ​គគីរ បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​បាន​បញ្ជា​មែន ប៉ុន្តែ​មិន​បាន​ទៅ​កាប់​បំផ្លាញ​ទេ គ្រាន់តែ​ទៅ​កាត់​យក​លប​មក​ទុកអោយ​គាត់​មក​ជួប ដើម្បី​ណែនាំ​គាត់ អោយ​គាត់​បញ្ឈប់​សកម្មភាព​នេសាទ ពីព្រោះ​រដូវ​នេះ គឺជា​រដូវ​បិទ​វា​ខុសច្បាប់​។ លោក​ក៏​មិន​បាន​ទៅ​ជម្រិត​ទារប្រាក់​ពី​ឈ្មោះ​ជា​នោះដែរ​។​
​លោក ប៉ាង ពុំ​សែន បាន​បញ្ជាក់ទៀតថា ពាក់ព័ន្ធ​ទៅនឹង​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​ដោយសារតែ​លោក​ទៅ​ទារលុយ​ទារ​កាក់ ពី​ប្រជាពលរដ្ឋ​ទាំងនោះ ជា​រឿង​មិន​ពិត​ទេ កន្លងទៅនេះ លោក​មិន​ដែល​បាន​លុយ​ពី​ពួក​ល្មើស​នេសាទ​នោះ​មួយ​រៀល​ឡើយ​៕​
ប្រភពពី CEN