ពលករស្របច្បាប់៖ បើខ្ញុំមិនលួចរត់ទេ ខ្ញុំនឹងត្រូវយកទៅចុះ ទូកនៅសមុទ្រប្រទេសថៃ
«
បើមិនរត់ទេ ខ្ញុំនឹងក្លាយជាអ្នកសុំទាន
ហើយនឹងត្រូវយកទៅចុះទូកនៅសមុទ្រប្រទេសថៃ
គ្មានឱកាសមកជួបជុំគ្រួសារវិញទេ»។
នេះជាការរៀបរាប់ទាំងទុក្ខក្រៀមក្រំរបស់ពលករខ្មែរស្របច្បាប់
ម្នាក់ លោក គិត អៀប និងពលករមួយចំនួនទៀត
ដែលទើបតែលួចរត់ទាំងភាពភ័យខ្លាចពីប្រទេសថៃមកកម្ពុជាវិញ
នាពេលថ្មីៗនេះ ក្រោយពីដឹងថា
ខ្លួនបានចាញ់បោកគេយកទៅធ្វើការលើទូកនេសាទមួយនៅសមុទ្រប្រាកាន។
ពលករទាំងនោះ
បានចោទទីភ្នាក់រកការងារឲ្យពលករធ្វើការនៅក្រៅប្រទេសឈ្មោះJob
Asiaថា
បានយកពួកគេទៅចាក់ចោលនៅប្រទេសថៃ។ប៉ុន្តែភាគីក្រុមហ៊ុនបានច្រាន
ចោលការចោទប្រកាន់នេះ។
មាឌធំក្រអាញ កម្ពស់ប្រហែល១,៦៣ម៉ែត្រ
សាច់ដុំដៃ និងទ្រូង មាំៗ លោក គិត អៀប កើតនៅឆ្នាំ១៩៨៤
មានស្រុកកំណើតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជាយុវជនរៀនបានត្រឹមថ្នាក់ទី៤ មុនពេលចេញទៅប្រទេសថៃ គិត អៀប
ជាជាងជួសជុលម៉ូតូ
និងពេលយប់បម្រើការជាសន្តិសុខយាមឲ្យក្រុមហ៊ុនមួយ ។
លោកក៏ធ្លាប់បានឆ្លងកាត់ជាកូនអ្នកនេសាទតាមសមុទ្រអស់រយៈពេលជិត២០
ឆ្នាំ។
ដោយសារតែចង់លើកកម្ពស់ជីវភាពគ្រួសារ
និងដើម្បីរកប្រាក់បន្ថែមពង្រីកមុខរបរធ្វើម៉ូតូរបស់ខ្លួននៅ
ស្រុកកំណើត គិត អៀប ដែលជាកូនទី៣ក្នុងចំណោមបងប្អូន៥នាក់
បានសម្រេចចិត្តស្វះស្វែងរកឱកាសទៅធ្វើការនៅប្រទេស
ខណៈលោកត្រូវបានណែនាំពីមិត្តភ័ក្ត្រ និងអ្នកជិតខាងថា
ធ្វើការងារនៅប្រទេសថៃ លោកអាចរកប្រាក់កម្រៃបានខ្ពស់។
លោករៀបរាប់ថា«ខ្ញុំចង់ទៅធ្វើការ
ក្រែងលោបានលុយច្រើនជួយគ្រួសារ ហើយបងប្អូន ម៉ែឪខ្ញុំ
បានឃាត់មិនឲ្យទៅដែរ ប៉ុន្តែខ្ញុំនឹកឃើញថា ទាន់ខ្លួនមួយ
ខ្ញុំដើរឲ្យហើយ បើខ្ញុំមានប្រពន្ធនឹងពិបាកដើរ
ខ្ញុំចង់ស្គាល់ស្រុកគេផង បានជាខ្ញុំទៅហ្នឹង»។
មិនខុសពីពលករផ្សេងៗទៀតទេ គិត អៀប
និងក្រុមគ្រួសារ ព្រួយបារម្ភពីការធ្វើចំណាកស្រុកដោយខុសច្បាប់
ដូច្នេះលោកក៏សម្រេចចិត្តរៀបចំឯកសារផ្សេងៗ ដូចជាលិខិតឆ្លងដែន
ដោយស្វះស្វែងរកជំនួយពីក្រុមហ៊ុនជាទីភ្នាក់ងារជ្រើសរើសពលករទៅ
ធ្វើការនៅក្រៅប្រទេស។ ទោះជាយ៉ាងណា
អារម្មណ៍ភ័យខ្លាចចាញ់បោកគេនៅតែមាន
បើទោះលោកបានទៅរកក្រុមហ៊ុនឲ្យជួយក៏ដោយ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ចុះហត្ថលេខានៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៤ ឲ្យដឹងថា
ទីភ្នាក់ងារបញ្ជូនពលករទៅក្រៅប្រទេសមានចំនួន៤៩
ក្នុងនោះមានអង្គការចំនួន០២។ចំណែកក្រុមហ៊ុនបញ្ជូនពលករទៅប្រទេសថៃ
វិញ មានចំនួន៤២ក្នុងនោះក្រុមហ៊ុនទាំងនោះ
ក៏បម្រើសេវាបញ្ជូនពលករខ្មែរទៅប្រទេសម៉ាឡេស៊ី
និងជប៉ុនផងដែរ។ក្រសួងការងារបានបង្ហាញឈ្មោះ ទីតាំង
និងលេខទំនាក់ទំនងរបស់ទីភ្នាក់ងារទាំងនោះនៅលើក្តារខៀនមួយនៅក្រសួង
ការងារ ជាការជូនដំណឹងដល់ពលករ កុំឲ្យចាញ់បោកមេខ្យល់
ឬជនខិលខូចមួយចំនួន។
គិត អៀប
មិនបានស្គាល់ឈ្មោះក្រុមហ៊ុនដែលបញ្ជូនលោកទៅស្រុកថៃឲ្យបានច្បាស់
នោះទេ ហើយក៏មិនដែលបានមកក្រសួងការងារនៅរាជធានីភ្នំពេញ
ដើម្បីសិក្សាពីក្រុមហ៊ុនមុននឹងសម្រេចចិត្តឲ្យជួយរៀបចំឯកសារ
និងស្វែងរកការងារឲ្យធ្វើ។ នៅថ្ងៃទី៣ខែមករា ឆ្នាំ២០១៤ លោក គិត
អៀប បានចាប់ផ្តើមរៀបចំធ្វើលិខិតឆ្លងដែន
តាមរយៈក្រុមហ៊ុនមួយដែលត្រូវគេណែនាំ ដោយលោកគ្រាន់តែឮឈ្មោះថាCDM។
ក្រុមហ៊ុនCDM Trading Manpower co,. Ltd
ក៏មានឈ្មោះនៅក្នុងបញ្ជីរបស់ក្រសួងការងារដែរ។ ក្រុមហ៊ុននេះ
ធ្លាប់ត្រូវបានពលករមួយចំនួនចោទប្រកាន់ថាបានបោកពួកគេទៅធ្វើការនៅ
ប្រទេសថៃ តែតំណាងក្រុមហ៊ុនបានច្រានចោលការចោទប្រកាន់នេះ។
គិត អៀប រៀបរាប់ថា
ក្រុមហ៊ុនតម្រូវឲ្យលោកបង់ថ្លៃ៣០០ដុល្លារ សម្រាប់សេវារត់ការ
ដោយសន្យានឹងមានភ្ជាប់ទិដ្ឋាការការងាររយៈពេល២ឆ្នាំដល់រូបលោក។
ប៉ុន្តែលោកថាការធ្វើលិខិតឆ្លងដែននោះត្រូវចំណាយពេលជិត៧ខែ
ទើបធ្វើរួចរាល់
ហើយមិនមានភ្ជាប់ទិដ្ឋាការការងារដូចលោករំពឹងទុកនោះឡើយ។លោក
បញ្ជាក់ថា«ចេះតែសង្ស័យដែរ
ដោយសារម្តងខលមកថាទៅ[ប្រទេសថៃ]តើថ្ងៃនេះ
ម្តងថាទៅថ្ងៃនោះ។ខ្ញុំបានសួរថាតើថ្ងៃណាឲ្យប្រាកដ
ដើម្បីងាយស្រួលរៀបចំ
មិនទិញឥវ៉ាន់ដាក់ស្តុក[កន្លែងជួសជុលម៉ូតូ]»។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ
និងបណ្តុះបណ្តាញវិជ្ជាជីវៈឆ្នាំ២០១៤-២០១៨ ឲ្យដឹងថា ចាប់ពីឆ្នាំ២០០៩
ដល់ឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជា
តាមរយៈទីភ្នាក់ងារជ្រើសរើសពលករឯកជន
បានបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសសរុបចំនួន១០៤៥១១នាក់
ក្នុងនោះស្រីមានចំនួន៥៤៩៤៨នាក់។ ក្នុងឆ្នាំ២០១៣
ពលករខ្មែរជាង១៨០០០នាក់ ត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសថៃ
តាមរយៈទីភ្នាក់ងារជ្រើសរើសពលករទៅធ្វើការ។ រហូតមកដល់ពេលនេះ
មិនមានរបាយការណ៍ណាមួយជាក់លាក់ពីចំនួនពលករខ្មែរទាំងស្របច្បាប់
និងមិនស្របច្បាប់ កំពុងតែរស់នៅ និងធ្វើការនៅប្រទេសថៃនោះទេ។
គិត អៀប
រួមនឹងមិត្តភ័ក្ត្រម្នាក់ពីស្រុកកំណើត លោក ឃុន ណេង
បានចាកចេញពីស្រុកកំណើតឆ្ពោះមករាជធានីភ្នំពេញ
ដើម្បីធ្វើដំណើរជាមួយពលករខ្មែរផ្សេងទៀតទៅប្រទេសថៃ។
លោករៀបរាប់ថា នៅវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី៣១ខែកក្កដា
និងពលករជាង១០នាក់ទៀត ត្រូវបានដឹកចេញពីរាជធានីភ្នំពេញ
តាមរយៈឡានទួរីសមួយ
រហូតទៅដល់ព្រំដែនកម្ពុជាថៃតាមច្រកឡែន។លោកបន្តថា
នៅពេលទៅដល់ច្រកព្រំដែន ពលករជាង១០នាក់នោះ
ត្រូវបានរំលែកចែកផ្លូវគ្នា ដោយក្នុងក្រុមលោក គិត អៀប
មានគ្នា៩នាក់។
លោក ឃុន ណេង មិត្តភ័ក្រ្តរបស់លោក គិត អៀប នៅឯស្រុកកំណើត
គិត អៀប
ពិតជាបានជួបនូវរឿងរ៉ាវអាក្រក់នៅប្រទេសថៃ
ស្ទើរតែធ្លាក់ជោគវាសនាទៅធ្វើការលើទូក ដែល មិនមានឱកាសឡើងដីគោក
ត្រឡប់មកកម្ពុជាដើម្បីជួបក្រុមគ្រួសារវិញ។លោកឲ្យដឹងថា
ក្រុមការងារក្រុមហ៊ុនJob Asia មិនបានយកចិត្តទុកដាក់លើរូបលោក
និងពលករផ្សេងទៀត
ដោយបានចំណាយពេលជាច្រើនថ្ងៃក្នុងការរកការងារឲ្យពលករធ្វើ
ហើយរកមិនបាន ធ្វើឲ្យពលករមិនអាចទុកចិត្តបាន។លោកថា រូបលោក
និងពលករមិនទទួលបានការងារផ្សេងទៀត
ត្រូវបានក្រុមហ៊ុនដឹកទៅតាមរោងចក្រមួយចំនួន ដើម្បីស្វែងរកការងារឲ្យ
ក្នុងនោះមានរោងចក្រជួសជុលឡាន រោងចក្រម៉ាស៊ីនត្រជាក់
និងរោងចក្រធ្វើឌីស
តែចុងក្រោយក្រុមហ៊ុនបានដាក់ពួកគេចុះនៅរោងចក្រអារដែកមួយ
ប៉ុន្តែនៅតែមិនអាចទទួលបានការងារ។ លោកឲ្យដឹងទៀតថា
ក្រុមហ៊ុនថែមទាំងបានទារយកលុយចំនួន១៨០០០បាត(ប្រមាណ៥៦៤ដុល្លារ)
ដើម្បីរៀបចំទិដ្ឋាការការងារ២ឆ្នាំដល់ពួកគេ។
លោករៀបរាប់ថា«គេយកយើងទៅពីក្រុមហ៊ុន
មួយ ទៅក្រុមហ៊ុនមួយទៀត បើយើងធ្វើមិនកើត គេយកទៅក្រុមហ៊ុនមួយទៀត
ហើយពេលយកទៅអស់ជម្រើស គេឲ្យយើងនៅធ្វើតេស្ត ធ្វើតេស្តទាល់តែជាប់
បើយើងមិនជាប់ គេឲ្យយើងធ្វើតេស្តរហូត
ហើយថ្លៃចាយវាយលើយើងទាំងអស់ តាំងពីការស្នាក់នៅ ជួលផ្ទះ
ថ្លៃបាយទឹកអី លើយើងទាំងអស់ គេអស់ដឹង»។
ដោយសារតែខ្លាចចាញ់បោកគេនៅពេលរកការងារ
ធ្វើមិនបាន លោក ឃុន ណេង ដែលជាមិត្តភ័ក្ត្ររបស់ គិត អៀប
បានសម្រេចត្រឡប់មកប្រទេសកម្ពុជាវិញមុនគេបង្អស់
ក្រោយពីស្នាក់នៅប្រទេសថៃប្រហែលជា២ថ្ងៃ។
លោកបានចំណាយប្រាក់ប្រហែល៥០ម៉ឺនរៀល សម្រាប់រកការងារនៅប្រទេសថៃ
តែនៅមិនទទួលបាន។ ដោយខ្លាចចាញ់បោក និងធ្លាក់ទៅធ្វើការលើទូក
លោកក៏សម្រេចចិត្តចាកចេញពីប្រទេសថៃ
មុនគេបង្អស់ដោយមិនមានលិខិតឆ្លងដែន
ដោយសារលោកបានព្យាយាមសុំក្រុមហ៊ុន តែក្រុមហ៊ុនមិនឲ្យ។
លោកគ្រាន់តែមានក្រដាសចម្លងលិខិតឆ្លងដែន
និងការជួយពីពលរដ្ឋខ្មែរផ្សេងទៀត ទើបអាចត្រឡប់មកដល់ស្រុកខ្មែរ
ដោយពុំមានការចាប់ពីតម្រួតថៃ។
ចំណែក លោក គិត អៀប និងពលករផ្សេងទៀត
ដែលមិនអាចរកការងារ បានព្យាយាមសុំលិខិតឆ្លងដែន
នៅពេលខ្លួនរកឃើញថាក្រុមហ៊ុនប្រហែលជាបោក។
លោកបន្តថាក្រុមហ៊ុនមិនចង់ឲ្យទេ ហើយលោកក៏បានព្យាយាមសុំ
រហូតដល់ពលករ៣នាក់ទទួលបានលិខិតឆ្លងដែន។
លោករៀបរាប់ទាំងអស់សង្ឃឹមថា«ខ្ញុំដឹងតែដើរសុំទានស្រុកគេហើយ
ព្រោះអីខ្ញុំសុំPassport ពីក្រុមហ៊ុនចេញមកហើយ ខ្ញុំអស់លុយចាយ
ចឹងខ្ញុំអត់មានពឹងអ្នកណាទេស្រុកគេ ខ្ញុំអត់ចេះភាសាទៀត
ខ្ញុំមានតែដើរសុំទាន ហើយបើសិនជាខ្ញុំនៅក្រុមហ៊ុន
ក៏ខ្ញុំសុំទានដែរ ព្រោះអី ខ្ញុំនៅក្រុមហ៊ុន ខ្ញុំអត់ទាន់ធ្វើការ
ធ្វើតេស្តអត់ជាប់ ខ្ញុំខ្ចីលុយគេអត់បានទេ គេអត់ឲ្យខ្ញុំទេ
ព្រោះគេខ្លាចខ្ញុំបោក ចឹងខ្ញុំអត់ទាំងលុយហូបបាយ
អត់ទាំងលុយធ្វើដំណើរទាំងអស់
ចឹងខ្ញុំមានសម្រេចចិត្តធ្វើដំណើរមកផ្ទះវិញ
ទាន់ខ្ញុំនៅសល់លុយតិចតួច គ្រាន់នឹងធ្វើដំណើរមកស្រុកខ្មែរវិញ»។
(វីដេអូថតដោយលោក គិត អៀប ពេលស្នាក់នៅក្នុងបន្ទប់មួយនៅប្រទេសថៃ)
បន្ទាប់ពីសុំបានលិខិតឆ្លងដែន
លោកត្រូវបានណែនាំដោយមេខ្យល់ម្នាក់ដែលមិត្តភ័ក្ត្រក្នុងក្រុម
ស្គាល់ រហូតបានទៅដល់កន្លែងមួយ ដែលលោកសង្ស័យថាជាកន្លែងឆបោក
និងយកទៅធ្វើការចុះទូក។លោកថ្លែងថា«ពេលដែលខ្ញុំសុំប៉ាស្ព័រគេ
មកវិញ ខ្ញុំថាខ្ញុំមកផ្ទះវិញ ប៉ុន្តែខ្ញុំអស់លុយធ្វើដំណើរ
ខ្ញុំនៅសល់លុយតិចតួច ខ្ញុំគិតថាបើមកវិញ
ខ្ញុំខ្មាស់អ្នកស្រុកភូមិ…។មានគ្នាខ្ញុំបីនាក់ ចេញមកជាមួយគ្នា
គេបានស្គាល់លេខមេខ្យល់ គេថាមានការងារឲ្យធ្វើ
ធ្វើការងាររោងចក្រពូក។…ទៅដល់កន្លែងគេណ្នឹង ជាលក់ថ្នាំ
ជក់ថ្នាំ និងហាងស្រី។
ពេលណ្នឹងខ្ញុំមានអារម្មណ៍ថាយើងចាញ់បោកគេហើយ។មេខ្យល់គេចេះតែ
បបួលខ្ញុំទៅទូក គេថារកលុយបានច្រើន»។
លោកបន្តទៀតថា ជាសំណាងល្អ
លោកក៏មានឱកាសរត់នៅព្រឹកថ្ងៃទី០៣ខែសីហា
នៅពេលដែលគេកំពុងតែរៀបចំដឹកពលករពីផ្ទះទៅកន្លែងមួយទៀត។
លោកបញ្ជាក់ថា«ពួកមេខ្យល់ទិញបាយឲ្យពួកខ្ញុំហូប
ពេលហូបបាយហើយអស់ គេបបួលខ្ញុំឡើងផ្ទះ។ ខ្ញុំថាខ្ញុំអត់ទៅទេ
ខ្ញុំនៅក្រោមណ្នឹងហើយ។ខ្ញុំគិតថាបើខ្ញុំមិនរត់ពេលហ្នឹង
អត់មានឱកាសទៅទេ។ មនុស្ស២នាក់ទៀតបានជាប់នៅក្នុងបន្ទប់នោះ។
តែខ្ញុំបានទាក់ទងទៅថៃ ម្នាក់ទៀតបានរត់គេចខ្លួន
និងម្នាក់ទៀតបានជាប់នៅក្នុងនោះ។ ឮថាមានការដាក់ថ្នាំ
និងបម្រុងដាក់ទូក។ រហូតមកដល់ពេលនេះ
ខ្ញុំមិនអាចទាក់ទងអ្នកណ្នឹងបានទេ»។
VODបានព្យាយាមទាក់ទងមេខ្យល់នៅប្រទេសថៃ ដែលពលករបានឲ្យលេខទូរស័ព្ទ តែមិនអាចសុំការបកស្រាយបានលើបញ្ហានេះ។
បើតាមបញ្ជីឈ្មោះរបស់ក្រុមហ៊ុន
អ្នកទាំង៩នាក់នោះ មានឈ្មោះដូចជា ឃួន ណេង(មកដល់ស្រុកកំណើត) វ៉ន
ឡោម(កំពុងស្នាក់នៅប្រទេសថៃ) ប៉េង វ៉េត(មិនដឹងនៅឯណា) គិត
អៀប(មកដល់ស្រុកកំណើត) សន ធីរិទ្ធ(មិនដឹងនៅឯណា) និន
វី(មិនដឹងនៅឯណា) និងយ៉ុង ស្រស់(មកពីខេត្តព្រៃវែង) សំ
គឹមលី(មិនដឹងនៅឯណា) និងញ៉ែត រត្តនា(មិនដឹងនៅឯណា)។
តាមការផ្ទៀងផ្ទាត់នឹងក្រដាស់ឈ្មោះពី
ក្រុមហ៊ុន បុរសម្នាក់ដែលបាត់ខ្លួន
និងសង្ស័យថាដឹកទៅធ្វើការលើទូកនោះ មានឈ្មោះថា យ៉ុង ស្រស់
កើតនៅឆ្នាំ១៩៩៤ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។
លោក គិត អៀប (ធ្វេង) និងយ៉ុង ស្រស់ ដែលកំពុងបាត់ខ្លួន (ពេលថតនៅប្រទេសថៃ)
គិត អៀប រៀបរាប់ថា
លោកបានរត់ដោយមិនបានខ្វល់ខ្វាយនឹងមិត្តភ័ក្ត្រផ្សេងទៀត
ដោយសារតែភ័យខ្លាចពេក។ នៅក្នុងប្រទេសថៃ
លោកបានទាក់ទងមកបងប្អូនជាបន្តបន្ទាប់
រហូតលោកធ្វើដំណើរមកជួបបងស្រី ដែលជាកម្មការិនីកាត់ដេរ
នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៥ខែសីហា ឆ្នាំ២០១៤។
បងស្រីរបស់គិត អៀប គឺ កញ្ញា គិត ម៉េង
រៀបរាប់ទាំងអារម្មណ៍ច្របូកច្របល់ សោកស្តាយ
លាយឡំនឹងការត្រេកអរដែលប្អូនប្រុសមានសំណាងត្រឡប់មកវិញដោយ
សុវត្ថិភាព និងបានមកស្នាក់នៅជាមួយខ្លួនវិញ ក្នុងផ្ទះជួលមួយ
នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កញ្ញាបញ្ជាក់ថា«បើសិនជាប្អូនខ្ញុំ អត់រត់មកបាន ខ្ញុំគិតថា មួយជីវិតនេះ ខ្ញុំលែងបានជួបមុនប្អូនប្រុសខ្ញុំហើយ»។
គិត ម៉េង ឲ្យដឹងថា កញ្ញាបានឃាត់ប្អូនដែរ
ព្រោះតែការងើងឆ្ងល់ពាក់ព័ន្ធនឹងនីតិវិធីនៃដំណើរការរបស់ក្រុមហ៊ុន
មួយនេះ ព្រោះក្រុមហ៊ុនចេះតែតម្រូវឲ្យបង់ប្រាក់ម្តងហើយម្តងទៀត
និងមិនមានការសន្យាជាក់លាក់។ កញ្ញាបញ្ជាក់ថា«ខ្ញុំប្រាប់ថា
ទៅត្រូវតែថតឈ្មោះក្រុមហ៊ុននោះមកឲ្យបាន
ហើយថតមនុស្សដែលគេនិយាយជាមួយយើង ណែនាំយើង
មនុស្សហ្នឹងរូបរាងយ៉ាងម៉េច ត្រូវថតមកឲ្យបាន ហើយសំខាន់ត្រូវសុំកាត
កាតភ្នាក់ងារ លេខទូរស័ព្ទដែលបានបង្ហោះនោះ ថតមកឲ្យអស់ខ្ញុំថាចឹង
កុំអស់មានអីទាំងអស់ ពេលខ្ញុំណែនាំចឹងមែន ពេលប្អូនប្រុសខ្ញុំទៅ
គឺវាថតក្រុមហ៊ុនហ្នឹង តែចៃដន្យក្រុមហ៊ុនហ្នឹងវាបិទស្លាក»។
គិត អៀប និងបងស្រី គិត ម៉េង ជាកម្មការិនីរោងចក្រកាត់ដេរនៅភ្នំពេញ
គិត អៀប សម្រេចចិត្តមិនទៅជួបក្រុមហ៊ុនទេ
ដោយយល់ថាខ្លួនមិនមានការអប់រំខ្ពស់ និងមិនអាចទទួលបានអ្វីទេ
ប្រសិនបើទៅតតាំងជាមួយក្រុមហ៊ុន។ VODបាននាំលោកគិត អៀប
ទៅជួបក្រុមហ៊ុនដើម្បីសាកសួរ
និងដើម្បីសុំការឆ្លើយតបរបស់ក្រុមហ៊ុនទៅលើការចោទប្រកាន់នេះ។
ក្រុមហ៊ុនយ៉បអេស៊ា(ខេមបូឌា) Job Asia Cambodia Limited
មានទីតាំងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ស្លាកសញ្ញា និងឈ្មោះរបស់ក្រុមហ៊ុន ត្រូវបានបិទនឹងក្រណាត់ក្រហម
ដោយបុគ្គលិកក្រុមហ៊ុនបញ្ជាក់ថា ជាក្រុមហ៊ុនថ្មី
និងរង់ចាំថ្ងៃណាមួយដើម្បីសម្ពោធ។
ស្លាកសញ្ញាក្រុមហ៊ុន ត្រូវបានបិទនឹងផ្ទាំងក្រណាត់ក្រហម ដោយបុគ្គលិកក្រុមហ៊ុនបញ្ជាក់ថារង់ចាំថ្ងៃសម្ពោធក្រុមហ៊ុនថ្មី
លោក សូ ស៊ីដែត ប្រធានមណ្ឌលរបស់ក្រុមហ៊ុន
Job Asia បានច្រានចោទការចោទប្រកាន់របស់គិត អៀប
ដែលថាក្រុមហ៊ុនមិនខ្វល់នឹងពលករដោយយកពួកគេទៅចាក់ចោលនៅប្រទេសថៃ
។ លោកបានចោទសំណួរទៅលោក គិត អៀប
ថាហេតុអ្វីបានជាពលករត្រឡប់មកផ្ទះវិញ ដោយមិនទាក់ទងមកក្រុមហ៊ុន
និងហ៊ានទៅជួលបន្ទប់ស្នាក់នៅថ្លៃៗនៅប្រទេសថៃ?។លោកបញ្ជាក់ថា«គេយកទៅ គេឲ្យយើងសម្រាក ពួកយើងអត់សម្រាក់ គេថាយើងចេះថៃ ទៅជួលបន្ទប់ម្នាក់៨០០បាត ចំណាយអស់៧២០០បាត»។
លោក គិត អៀប ឆ្លើយតបវិញថា«បន្ទប់ជួលអត់ជាងទ្រុងមាន់ បើបងក៏បងមិនដេកផង»។លោក សូ ស៊ីដែត បន្តថា«
ខ្ញុំបញ្ជូនទៅ
គេមានកូនចៅសម្រាប់ដោះស្រាយជូនបងប្អូនបងសុខចិត្តទៅជួលផ្ទះគេ
គេឲ្យចាំពីរថ្ងៃ ឥឡូវសល់៤នាក់គេឲ្យចូលធ្វើការហើយ។
…គេឲ្យបងរង់ចាំ២ថ្ងៃ គេទេមកខ្ញុំថា មានគេនាំទៅចុះទូក
ម៉េចក្រុមហ៊ុននាំទៅចុះទូកវិញ ក្រុមហ៊ុននាំទៅស្របច្បាប់»។
លោក សូ ស៊ីដែត
ទទួលស្គាល់ថានៅប្រទេសថៃពិតជាមានប្រជាជនខ្មែរមួយចំនួនដើរតួជា
មេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូលពលករខ្មែរទៅធ្វើការលើទូកនេសាទ
ឬក៏បោកបញ្ឆោតយកទៅលក់នៅកន្លែងណាមួយ។
ទាក់ទងនឹងពលករម្នាក់ឈ្មោះ យ៉ុង ស្រស់
ដែលបានបាត់ខ្លួននោះ លោក សូ ស៊ីដែត មានប្រសាសន៍ថា លោក កំពុងតែទាក់ទង
និងស្រាវជ្រាវរកគ្រួសារបស់លោក ដែលរស់នៅខេត្តព្រៃវែង។
VODមិនទាន់អាចស្រាវជ្រាវរកក្រុមគ្រួសាររបស់ពលករយ៉ុង ស្រស់ បាននៅឡើយទេ។
លោក វ៉ន់ ឡោម
ដែលជាមិត្តភ័ក្ត្ររួមដំណើរជាមួយ គិត អៀប
និងកំពុងស្នាក់នៅប្រទេសថៃ ប្រាប់VODតាមទូរស័ព្ទពីប្រទេសថៃថា
លោកទទួលបានការងារធ្វើនៅប្រទេសថៃហើយ
តែលោកបានទទួលដោយការរកងារធ្វើដោយខ្លួនឯង
មិនមែនដោយការជួយរកពីមនុស្សរបស់ក្រុមហ៊ុនJob Asiaនោះទេ។
លោក វ៉ន់ ឡោម(ធ្វេង) និងលោក គិត អៀប ពេលថតនៅប្រទេសថៃ
ក្រុមហ៊ុនបានផ្តល់ប្រាក់ឲ្យលោក គិត អៀប
ចំនួន១០ម៉ឺនរៀលដើម្បីធ្វើជាសោហ៊ុយទៅស្រុកកំណើតនៅខេត្តព្រះសីហនុ
វិញ និងផ្តល់ជម្រើសជាថ្មី
ប្រសិនបើលោកចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ។ តែគិត អៀប
ឆ្លើយថា«ឈប់ទៅហើយ ទៅធ្វើការលែងទៅហើយ»។
រស់នៅជាប់នឹងមាត់សមុទ្រក្នុងស្រុក
ស្ទឹងហាវ និងមានមុខរបរជាជាងទូក លោក គិត អាន អាយុ៦០ឆ្នាំ
ជាឪពុករបស់លោក គិត អៀប។ លោកមានប្រសាសន៍ថា
លោកបានសាកសួររកព័ត៌មានឲ្យច្បាស់ពីក្រុមហ៊ុនដែរពេលកូនចេញទៅ
តែមិនអាចដឹងច្បាស់ និងមានអារម្មណ៍ខ្លាចចាញ់បោកតាំងពីដើមដំបូង។
លោកបញ្ជាក់ថា«…តាំងពីដាក់ពាក្យមក
ឃើញថាក្រុមហ៊ុនកុហកត្រឡប់ត្រឡិន។ ខ្ញុំទេទៅ ក្រសួង ការងារ គេថា
ក្រុមហ៊ុនស្របច្បាប់ពិតប្រាកដ។ តែមានអារម្មណ៍មិនស្រួល
ដោយសារតែគេមិនចង់និយាយ»។
ចំណែកអ្នកស្រី ហៀង លឹម អាយុ៥៧ឆ្នាំ
ជាម្តាយរបស់លោក គិត អៀប រៀបរាប់ទាំងទឹកភ្នែកថា
អ្នកស្រីបានខិតខំខ្ចីលុយពីគេ
ដើម្បីចំណាយឲ្យកូនបានទៅធ្វើការនៅប្រទេសថៃ តែវាមិនបានផល
នាំឲ្យកូនចាញ់បោកគេ ប៊ិះមិនអាចត្រឡប់មកផ្ទះវិញ។អ្នកស្រីថ្លែងថា«
ពេលឮសូរថាកូនចាញ់បោកគេអញ្ចឹង ម្តាយក្តុកក្តួល
ទឹកភ្នែកក៏ហូរចេញមកដែរ ព្រោះថានៅស្រុកខ្មែរ បើនិយាយខ្មែរបាន
សុំបាយគេស៊ីក៏បានដែរ នៅស្រុកគេ មិនដឹងទៅសុំណាគេ»។
អ្នកស្រី ហៀង លឹម ជាម្តាយ និង លោក គិត អាន ជាឪពុករបស់លោក គិត អៀប
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ
គួង មានប្រសាសន៍ថា ចាប់ពីថ្ងៃទី០៦ខែមិថុនា ក្រសួងការបរទេសកម្ពុជា
បានធ្វើកំណត់ទូតទៅស្ថានទូតថៃទទួលពលករខ្មែរប្រហែល១៨០០០នាក់។
លោកបញ្ជាក់ថា
Agencyជាអ្នកជ្រើសរើសពលករស្របតាមតម្រូវការក្រុមហ៊ុននៅក្នុង
ប្រទេសថៃ។ លោកថា«គេត្រូវការប៉ុន្មានៗ
គេទាក់ទងតាមក្រុមហ៊ុនជ្រើសពលករជាដៃគូរបស់គេ។ដូច្នេះទៅតាម
ស្ថានទូតថៃ ដែលមានទិដ្ឋាការត្រឹមត្រូវបិទលើលិខិតឆ្លងដែន
ជាពលករស្របច្បាប់»។
ក្នុងករណីពលករគិតថាចាញ់បោកក្រុមហ៊ុន លោក
កុយ គួង លើកឡើងថា«គាត់ទៅមើលក្រុមហ៊ុនណ្នឹងទៅ
ប្តឹងក្រុមហ៊ុនណ្នឹងទៅ បើគាត់មិនសុខចិត្ត។
វាមានកិច្ចសន្យាថាទៅយកគេទៅណា បើយកខុសគោលដៅ
យើងអាចប្តឹងបានហើយ»។
ក្រសួងការងារបានបើកឲ្យមានកន្លែងសម្រាប់
ប្រជាពលរដ្ឋសាកសួរព័ត៌មានទៅធ្វើការនៅក្រៅប្រទេស
និងដាក់ពាក្យបណ្តឹង ប្រសិនបើពលករមិនពេញចិត្តនឹងក្រុមហ៊ុនណាមួយ។
កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៤ រដ្ឋមន្ត្រីក្រសួងការងារ លោក អិុត
សំហេង
បានអំពាវនាវឲ្យពលករចំណាកស្រុកទាំងត្រូវបំពេញបែបបទស្របច្បាប់តាម
រយៈក្រុមហ៊ុននាំពលករ ដើម្បីជៀសវាងការប្រឈមនានា «ប្រសិនជា
បងប្អូនទាំងអស់នោះ មិនមានថវិកាអប្បបរមាសម្រាប់រៀបចំ
ដូចដែលបានរៀបចំហើយនេះ បងប្អូនអាចស្នើមកក្រុមហ៊ុន
ក្រុមហ៊ុននឹងចេញឲ្យភ្លាមហ្នឹងក៏បានដែរ»។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សជាន់ខ្ពស់
របស់លីកាដូ លោក សែម ចៅសុខ កត់សម្គាល់ឃើញថា
ការបញ្ជូនពលករចំណាកស្របច្បាប់ទៅធ្វើការនៅប្រទេសថៃ
នៅតែចោទជាបញ្ហា ពាក់ព័ន្ធនឹងការគៃបន្លំ
និងការកេងប្រវ័ញ្ចពីទីភ្នាក់ងារបញ្ជូនពលករ បើទោះបីជាក្រសួងការងារ
បានកំណត់ពីតួនាទី ភារកិច្ច
និងទំនួលខុសត្រូវរបស់ទីភ្នាក់ងារទាំងនោះនៅក្នុងបទដ្ឋានគតិយុត្តិ
ហើយក្តី។លោកបន្តថា ជាគោលការណ៍ ក្រុមហ៊ុនបញ្ជូនពលករ មានតួនាទី
ក្នុងការផ្តល់វគ្គបំប៉ន រយៈពេល១ ទៅ២ខែ ដើម្បីឲ្យពលករ
អាចយល់ច្បាស់ពីការងារ
មុននឹងបញ្ជូនទៅធ្វើការនៅប្រទេសថៃ។លោកបញ្ជាក់ថា«ផ្ទុយទៅវិញ
ការអនុវត្តជាក់ស្តែង មានក្រុមហ៊ុនខ្លះ គាត់ទទួលតែលុយពីពលករហើយ
គាត់អត់បានធ្វើឯកសារពិតប្រាកដទេ គាត់ធ្វើជាឯកសារក្លែងក្លាយ
ដើម្បីបោក ដើម្បីយកផលចំណេញពីការបង់សេវារបស់ពលករ
ហើយអត់មានក្រុមហ៊ុនទំនាក់ទំនងទីផ្សារនៅម្ខាងទៀតបាន
ក៏បញ្ជូនពលករហ្នឹងទៅ ដោយគ្រាន់តែជាលេសមួយថា បានបញ្ជូនទៅដែរ
ហើយពលករធ្វើកើត ឬមិនកើតជារឿងរបស់គាត់
ហាក់បីដូចជាយកគាត់ទៅចាក់ចោល ដោយអត់មានទីលំហ្នឹងអីមួយ
ហើយអត់មានការទទួលខុសត្រូវពីភ្នាក់ងារជ្រើសរើសពលករណាមួយ»។
លោក សែម ចៅសុខ បន្តថា
អ្នកទៅធ្វើការតាមទូក ភាគច្រើន ធ្វើការច្រើនម៉ោង ហើយរាល់ពេលដែល
ទូកបុកច្រាំង ក្នុងរយៈពេល៣ខែម្តង ឬ៦ខែម្តងនោះ គឺពលករ
នឹងត្រូវបានបើកថវិការឲ្យគ្រាន់តែចាយបន្តិចបន្តួចតែប៉ុណ្ណោះ។លោក
បញ្ជាក់ថា«បើយើងតវ៉ា ចង់សម្រាកដោយនឿយហត់ ឬឈឺស្កាត់អី
ត្រូវទទួលរងការរំលោភបំពានពីថៅកែទូក គាត់វាយធ្វើបាបជាដើម
ហើយពេលខ្លះ ក៏មានការទាស់ទែងគ្នារវាងកម្មករលើទូក
ពីជាតិសាសន៍មួយទៅជាតិសាសន៍មួយ ក៏មានការវាយ ទាត់ធាក់គ្នា
ហើយក៏មានប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋជនជាតិផ្សេងៗ
ក៏ធ្លាប់មានគ្រោះថ្នាក់ ដោយសារការធ្លាក់ពីលើទូក
ចូលក្នុងទឹកសមុទ្រផងដែរ»។
លោក សែម ចៅសុខ ឲ្យដឹងទៀតថា ពលករខ្មែរ
ដែលចូលបម្រើការងារតាមទូក ស្ទើរតែទាំងស្រុង ត្រូវបានរកឃើញថា
ទទួលការបញ្ចុះបញ្ចូលពីមេខ្យល់ ដែលមេខ្យល់នេះ ក៏ធ្លាប់ជាពលករ
ឬជាភ្នាក់ងារបញ្ជូនពលករ
ដែលធ្លាប់រងពិសោធន៍នូវការបោកប្រាស់តៗគ្នា
ឲ្យមកធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុនបញ្ជូនពលករផងដែរ។
លោកបញ្ជាក់ថា«មានមេខ្យល់ មកសន្យាថា
ទៅធ្វើការត្រង់នេះ មានការងារល្អ មានប្រាក់ខែច្រើន
ធ្វើឲ្យគាត់លង់ខ្លួនទៅតាមទៀត ហើយនៅពេលដែលគាត់ទៅដល់ គឺគេមាន
ហាក់បីដូចជាបណ្តាញនៃការរៀបចំ ដើម្បីយកមនុស្ស ទៅឲ្យចុះទូកអញ្ចឹង
គឺគេមានតាំងពីកន្លែងស្នាក់នៅ
មធ្យោយបាយធ្វើដំណើរជូនគាត់ទៅទាំងអស់ ហើយពេលខ្លះ
ក៏មានជនរងគ្រោះខ្លះ ពេលដែលគាត់ត្រូវថ្នាំ
គេចាក់ដើម្បីឲ្យទៅឲ្យដល់ទូក ក្រោយពីគាត់ដឹងខ្លួន
ពីការសណ្តុំថ្នាំហ្នឹងមក គឺគាត់នៅសមុទ្រហ្នឹងស្រេច»។
ក្រោយពីការបញ្ជូនពលករខ្មែរត្រឡប់មកវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
បានចេញសារាចរណែនាំអំពីការពង្រឹងការអនុវត្តវិធានការបន្ថែម
ដើម្បីដោះស្រាយករណីពលករទេសន្តរប្រវេសន៍ខ្មែរ
ដែលទើបតែវិលត្រឡប់ពីប្រទេសថៃ។ សារាចរចុះថ្ងៃទី០៨ខែកក្កដា
ឲ្យដឹងថាពលករ
ត្រូវមានកិច្ចសន្យាការងារជាមួយក្រុមហ៊ុនដែលទទួលឲ្យធ្វើការងារ
ដោយកិច្ចសន្យាការងារនេះ
អាចធ្វើតាមរយៈទីភ្នាក់ងារជ្រើសរើសពលករស្របច្បាប់ណាមួយ
ដែលបានចុះបញ្ជិកាជាមួយក្រសួងការងារ ឬអាចធ្វើផ្ទាល់រវាងពលករ
និងក្រុមហ៊ុនដែលទទួលឲ្យធ្វើការងារតែម្តង។
ក្រសួងការងារ
ក៏បានស្នើឲ្យមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់ការអនុវត្ត
កិច្ចសន្យារបស់ទីភ្នាក់ងារជ្រើសរើសពលករ
និងចាត់វិធានការតឹងរឹងចំពោះទីភ្នាក់ងារជ្រើសរើសពលករទាំងឡាយណា
ដែលជួលអាជ្ញាប័ណ្ណបន្ត
ឬមិនបានសុំការអនុញ្ញាតខ្លឹមសារផ្សាយព័ត៌មានស្ដីពីឱកាសការងារនៅ
បរទេសតាមបណ្ដាញសារព័ត៌មានជាមុន ឬមិនបានអនុវត្តតាមបទប្បញ្ញតិ្ត
ច្បាប់ និងសេចក្ដីណែនាំរបស់ក្រសួង។
លោក គិត អៀប
បានត្រឡប់ទៅរស់នៅស្រុកកំណើតវិញ ជាមួយឪពុកម្តាយ
និងក្មួយស្រីម្នាក់អាយុ៧ឆ្នាំ
។លោកបានចាប់ផ្តើមមុខរបរជាថ្មីជាអ្នកជួសជុលម៉ូតូដោយការរកចំណូល
មិនទៀងទាត់ចាប់ពី៣ទៅ៥ម៉ឺនរៀល ដើម្បីចិញ្ចឹមឪពុកម្តាយ
ដែលមិនមានការងារធ្វើ។
លោកអំពាវនាវឲ្យអ្នកចង់ទៅធ្វើការនៅប្រទេសថៃ
ពិនិត្យក្រុមហ៊ុនឲ្យបានច្បាស់លាស់
មុននឹងសម្រេចចិត្តចេញទៅធ្វើការ។
លោក វ៉ន់ ឡោម(ធ្វេង) និងលោក គិត អៀប ពេលថតនៅប្រទេសថៃ
គិត អៀប ត្រូវបានអ្នកភូមិផងរបងជាមួយហៅលោកថា«ជាអាណិកជនមកពីប្រទេសថៃ» និង
បានសើចចំអករូបលោក
ដែលបានចាញ់បោកក្រុមហ៊ុនអស់ប្រាក់ជាង៥០០ដុល្លារ។ទោះជាយ៉ាងណាការ
សើចចំអកនេះ មិនបានធ្វើឲ្យគិត អៀប ចុះចាញ់ទេ
ដោយលោកបញ្ជាក់ជាមួយសេចក្តីសង្ឃឹមជាថ្មីថា«ឥឡូវខ្ញុំមកពីថៃវិញ
ហើយ។ ខ្ញុំលួចរត់ពីថៃមកជួបជុំគ្រួសារម៉ាក់ប៉ាវិញហើយ។
ខ្ញុំសប្បាយចិត្តពេលដែលអាចរត់រួចពីគេមកបាន។
ឥឡូវខ្ញុំធ្វើជាជាងម៉ូតូ ប៉ុន្តែថ្ងៃមុខទៀត
ខ្ញុំចង់ដាក់ម៉ាស៊ីនក្រឡឹង ដើម្បីពង្រីកមុខរបរកាន់តែធំ
ដើម្បីជួយគ្រួសារឲ្យធូរធារ»៕
ប្រភពពី vodhotnews.com