អ.ស.ប ជំរុញឲ្យកម្ពុជាអនុវត្ត អនុសាសន៍របស់ UPR
ការជំរុញឲ្យរដ្ឋាភិបាលអនុវត្តអនុសាសន៍
ទាំងនេះធ្វើឡើងនៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ
និងសិក្ខាសាលាតស៊ូមតិបន្ទាប់ពីការត្រួតពិនិត្យជាសាកលតាមពេលវេលា
កំណត់របស់កម្ពុជា ដែលធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧
និងថ្ងៃទី១៨ កក្កដា នៅរាជធានីភ្នំពេញ។
មន្ត្រីជាន់ខ្ពស់នៃការិយាល័យឧត្ដមស្នងការ
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលើកឡើងថា
រដ្ឋាភិបាលកម្ពុជា ត្រូវតែអនុវត្តនូវអនុសាសន៍ចំនួន ១៦៣
និងកត់សម្គាល់អនុសាសន៍ ៤២ នោះ ឲ្យមានប្រសិទ្ធភាព។
តំណាងការិយាល័យឧត្ដមស្នងការអង្គការសហ
ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី វ៉ាន់
ហ៊ាលី (Wan Hea Lee) មានប្រសាសន៍ថា
រដ្ឋាភិបាលបានទទួលយកអនុសាសន៍ទាំងនេះ
ហើយវាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ទាំង
នោះ។
អ្នកស្រីបញ្ជាក់ទៀតថា អង្គការសង្គមស៊ីវិល
មានតួនាទីយ៉ាងសំខាន់ក្នុងការតាមដានរដ្ឋាភិបាល
និងជំរុញឲ្យរដ្ឋាភិបាលអនុវត្តអនុសាសន៍ទាំងឡាយដែលខ្លួនបានទទួលយក
ហើយនោះ៖ «សំឡេង»។
អនុសាសន៍១៦៣ ក្នុងចំណោមអនុសាសន៍ជាង ២០០
ដែលរដ្ឋាភិបាលទទួលយកកាលពីខែមិថុនា ឆ្នាំ២០១៤ នោះ
ដែលអនុសាសន៍ទាំងនោះគ្រប់ដណ្ដប់ទៅលើបញ្ហាមួយចំនួន
រួមមានការបង្កើនកិច្ចសហប្រតិបត្តិការជាមួយការិយាល័យឧត្ដមស្នងការ
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
ការលុបបំបាត់ការរើសអើងដោយផ្អែកលើយេនឌ័រ ជាតិសាសន៍ សញ្ជាតិ
និងការធ្វើឲ្យប្រសើរឡើងចំពោះលក្ខខណ្ឌនៃការឃុំខ្លួន
ការលុបបំបាត់ពលកម្មកុមារ ពង្រឹងឯករាជ្យនៃប្រព័ន្ធតុលាការ
និងប្រព័ន្ធផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស
និងការបង្កើតស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិ ។ល។
ការត្រួតពិនិត្យជាសកលតាមពេលវេលាកំណត់
យូ.ភី.អ
គឺជាដំណើរការដែលរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់
ទទួលការពិនិត្យលើរបាយការណ៍សិទ្ធិមនុស្សរបស់ប្រទេសនីមួយៗ។ យូ.ភី.អ
ធ្វើឡើងរៀងរាល់ ៤ឆ្នាំម្ដង ចំណែកកម្ពុជា
ក៏បានបញ្ចប់ការត្រួតពិនិត្យលើកទី២ របស់ខ្លួនរួចហើយ
កាលពីដើមឆ្នាំ២០១៤។
ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោក
ម៉ក់ សម្បត្តិ មានប្រសាសន៍ថា
គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលរីករាយក្នុងការធ្វើការសហការ
ជាមួយអង្គការសង្គមស៊ីវិល ដើម្បីអនុវត្តទៅលើអនុសាសន៍ទាំងនេះ។
លោកបញ្ជាក់ថា គណៈកម្មការសិទ្ធិមនុស្សកម្ពុជា
នឹងរៀបចំប្រជុំនៅខែសីហា
និងអញ្ជើញតំណាងអង្គការសង្គមស៊ីវិលចូលរួមជាមួយគ្នា
ដើម្បីរិះរកនីតិវិធីអនុវត្តទៅលើអនុសាសន៍ទាំងនេះ៖ «សំឡេង»។
តំណាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
អ្នកស្រី ជ័រ ច័ន្ទធីតា មានប្រសាសន៍ថា
ទោះបីជារដ្ឋនីមួយៗមិនជាប់កាតព្វកិច្ចក្នុងការអនុវត្តអនុសាសន៍
ដែលខ្លួនទទួលយកនោះហើយក្ដី
ក៏ប៉ុន្តែរដ្ឋនីមួយៗត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍
អន្តរជាតិ
ហើយក៏ត្រូវចាប់បង្ខំរដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ទាំងនោះ
ឲ្យមានប្រសិទ្ធភាព៖ «សំឡេង»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
រៀបចំកិច្ចពិគ្រោះថ្នាក់ជាតិ
និងសិក្ខាសាលាតស៊ូមតិបន្ទាប់ពីការត្រួតពិនិត្យជាសាកលតាមពេល
វេលាកំណត់របស់កម្ពុជា រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨
កក្កដា នេះ
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីដំណើរការក្នុងចំណោមអង្គការ
សង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ
ដើម្បីធានាឲ្យមានការតស៊ូមតិជាប្រព័ន្ធក្នុងការតាមដានទៅលើការ
អនុវត្តអនុសាសន៍ក្នុងពេលបន្ទាប់ៗទៀត
និងពិភាក្សារកមធ្យោបាយក្នុងការតាមដានទៅលើការអនុវត្តអនុសាសន៍
យូ.ភី.អ របស់រដ្ឋាភិបាល៕
ប្រភពពី វិទ្យុអាស៊ីសេរី
