គរុសិស្សជាង២០០នាក់នៅសៀមរាប តវ៉ាទាមទារឲ្យទទួលបេក្ខជន២នាក់ ចូលរួមការប្រឡងបញ្ចប់វគ្គ
បេក្ខជនទាំងពីរនាក់នោះ មានឈ្មោះ វិន សាវី
និងសិញ លីហុង។អ្នកតវ៉ាលើកឡើងថា ពួកគេទាំងពីរ
ត្រូវបាននាយកសាលាដកបេក្ខភាពប្រឡងចេញពីបញ្ជីប្រឡងបញ្ចប់ជំនាន់
ក្រោមហេតុផលថាមិនមានសីលធម៌
បន្ទាប់ពីពួកគេផ្ដល់ព័ត៌មានដល់វិទ្យុVOD កាលពីដើមឆ្នាំ២០១៤។
លោក សិញ លីហុង ប្រាប់VODថា
លោកត្រូវប្រឡងបញ្ចប់ឆ្នាំនៅថ្ងៃទី០៤ខែកក្កដានេះ
ប៉ុន្ដែនាយកសាលា លោក នាវ ឱរ៉ា បានដកឈ្មោះលោកចេញពីបញ្ជីប្រឡង
ក្រោមហេតុផលថាមិនមានសីលធម៌ ខុសបច្ចេកទេសការស្លៀកពាក់។ លោកបន្ដថា
ការចោទប្រកាន់លើបញ្ហាសីលធម៌នោះ ជារឿងតូចតាច
ប៉ុន្ដែអ្វីដែលនាំឲ្យមានការស្អប់ខ្ពើម និងរើសអើងនោះ
ដោយលោកសង្ស័យថា បណ្ដាលមកពីការផ្ដល់ព័ត៌មានដល់វិទ្យុVOD
ករណីនាយកសាលារូបនោះ ប្រើលោកឲ្យធ្វើការលើសម៉ោង
និងបិទសិទ្ធិសេរីភាពពួកលោក។
គរុសិស្សមួយរូបទៀត លោក វិន សាវី ឲ្យដឹងថា
ពួកគេពីរនាក់ ត្រូវនាយកសាលារូបនោះ ឲ្យប្រឡងនៅឆ្នាំក្រោយ
ដែលធ្វើពួកគេខាតបង់ពេលវេលាច្រើន
ក្នុងការប្រឡងចេញទៅបង្រៀនសិស្សនៅមូលដ្ឋាន។ លោកបន្ដថា
បន្ទាប់ពីផ្ដល់ព័ត៌មានដល់VODរួចមក លោក នាវ ឱរ៉ា តាមឃ្លាំមើល
និងចាំចាប់កំហុសពួកគេជាបន្ដបន្ទាប់។
លោកបន្ដថាពួកលោកទទួលស្គាល់កំហុសដែលកើតឡើងមែន ដូចជាស្លៀកពាក់ខោអាវ
និងស្បែកជើង មិនត្រឹមត្រូវ
ប៉ុន្ដែមិនជាកំហុសអាចឈានដល់ការលុបឈ្មោះប្រឡងនោះទេ។
ប៉ុន្ដែករណីនេះ នាយកសាលាគរុកោសល្យ និងវិក្រិត្យការខេត្ដ លោក នាវ ឱរ៉ា បដិសេធថា មិនមែនដូចការលើកឡើងរបស់គរុសិស្សនោះទេ។
នៅព្រឹកថ្ងៃអង្គារនេះ មន្ត្រីសាលាខេត្ត បានចុះមកអង្កេត និងកំពុងស្វែងរកដំណោះស្រាយជូនគរុសិស្ស៕
ប្រភពពី vodhotnews.com