បណ្ដាសា លើត្បូងកណ្ដៀង (ភាគទី២)
«អូសវាទម្លាក់ទឹកចោលទៅ អត់ពីណាដឹងទេបង!»ស្រីសហាយខ្សឹបបន្ថែម។
បុរសងប់តណ្ហាស្ដាប់ពាក្យស៊កសៀតរហូតដល់មារបាំងធម៌ ទីបំផុតសុខចិត្តបីប្រពន្ធដើរបំបាំងពីពួកអ្នកស្រុកចូលក្នុងព្រៃតម្រង់ទៅស្ទឹងនឹងអាលបំបាត់ភស្តុតាងការពារខ្លួន។
នៅពេលរៀបទម្លាក់ភិនទៅក្នុងទឹក នាងសហាយចោលភ្នែកទៅប្រទះចិញ្ចៀនក្បាលនាគ ក៏កើតចិត្តចង់បានស្ទុះទៅទាញដៃភិនមកសិននឹងអាលហូតយក ដឹងអីស្រីរងគ្រោះនៅសុខៗភ្ញាក់មកវិញមួយរំពេចប្រហែលដោយសារការដែលស្រីជួរជាតិលូកមកប៉ះម្រាមនាងដៃខ្លួន។
នាងជិតស្លាប់បើកភ្នែកធំៗ ធ្វើឲ្យស្វាមីទុរយសភ័យស្លេករបូតដៃទម្លាក់នាងភ្លូកទៅក្នុងទឹកស្ទឹង។
នាងស្មីមិនគិតខ្លាចដូចជាងមាសឯណា គិតពីស្រែកតាមសន្តានជាអ្នកលោភដ៏អន្យតិរ្ថិយ៖
«ដោះចិញ្ចៀន! ដោះចិញ្ចៀនវាសិន! ឮទេ! យកចិញ្ចៀន!»
នាងភិនលិចស្រឹមទៅក្នុងទឹកទំាងបើកភ្នែកក្រឡោតៗ ក្រោមភាពញ័ររន្ធត់របស់បុរសជាប្ដី។ ចំណែកនាងស្មីជាស្រីសហាយក្ដៅចិត្តណាស់ព្រោះមិនបានចិញ្ចៀន តែក៏ត្រេកអរសន្សឹមៗដែរពេលដែលនាងភិនលិចទៅ។
«ទោះបីមិនបានអាចិញ្ចៀននាគនោះ! តែយើងក៏នឹងបានធ្វើជាប្រពន្ធជាងមាសតែម្នាក់ឯង រស់នៅសោយសុខ មិនបាច់លបលួចទៀតទេ។ ចំណែកត្បូងអីអស់នេះចង់បានថ្មើរណាក៏គង់តែបាន!»
………………………………………
លោកយាយបញ្ជាន់រូបបើកភ្នែកខ្វាក ស្របពេលម្ដាយតារានិងលក្ខិណាពោរពេញដោយក្តីរន្ធត់ក្នុងរង្វង់ភ្នែក។
សម្លឹងម្ដាយដារា ទឹកមុខគាត់ពោរពេញដោយភាពស្រពោនហួសថ្លែង ព្រោះកំសួលចិត្តអាណិតខ្មោចប្រពន្ធជាងមាសពេក មិនគួរណាមានប្ដីជាមនុស្សក្បត់ចិត្តមានមិត្តភ័ក្ដិជាមនុស្សថ្លើមខ្មៅសោះ។
យាយបញ្ជាន់រូបសម្រួលអារម្មណ៍បានមួយស្របក់ ទើបគាត់តាំងចិត្តធម្មតាឡើងវិញបាន៖
«ចៅប្រុសនេះមានខ្មោចស្រីកាន់រូបហើយ»
លក្ខិណានិងអនាគតម្ដាយក្មេកសម្តែងទឹកមុខភ័យរន្ធត់ លោកយាយបន្ថែម៖
«អ្វីដែលខ្ញុំចូលរូបនិយាយអម្បាញ់មិញ គឺជាការពិតវាជាប្រវត្តិរបស់ចិញ្ចៀនត្បូងកណ្ដៀងនោះ! មុនពេលស្លាប់នាងភិនបានសច្ចាដោយបណ្ដាសាថា អំណើះតទៅបើអ្នកណាពាក់ចិញ្ចៀនត្បូងកណ្ដៀងរបស់នាង ចូលដល់ម្រាមដៃគឺនាងនឹងអាចមានរិទ្ធិគ្រប់គ្រងលើអ្នកនោះបានគ្រប់យ៉ាង!»
លក្ខិណាភ្ញាក់ព្រើតពេលរលឹកដល់រឿងចិញ្ចៀនត្បូងកណ្ដៀង ព្រោះនាងជាអ្នកទិញឲ្យគូដណ្ដឹង ដូច្នេះនាងកាន់តែស្លន់ស្លោ។
នាងពោលសួរយ៉ាងប្រញាប់៖
«លោកយាយត្រូវធ្វើម៉េចទៅអីចឹង?»
«ខ្មោចស្រីនេះចង់សងសឹកមនុស្សដែលបានសម្លាប់នាងវិញ។»
លក្ខិណាសួរទាំងញ័រដៃ៖
«គឺប្ដីរបស់គាត់? ជាងមាសនោះមែនទេ?»
ម្ដាយក្មេកនាងសួរមកបន្ថែម៖
«ចុះអីឥលូវគេនៅរស់ទេ?»
«នៅរស់សោយសុខជាមួយប្រពន្ធក្រោយវា! គឺស្រីសហាយនោះ!»
យាយឆ្លើយភ្លាមមិនខ្វល់ម្ដាយនិងកូនបើកភ្នែកធំៗ ព្រោះភិតភ័យលោកយាយបន្ថែមទៀតតាមអ្វីដែលគាត់ដឹង៖
«ខ្មោចស្រីនេះរងទុក្ខវេទនាមិនបានទៅចាប់ជាតិ ព្រោះព្រលឹងនៅមានការចងអាឃាតមួយពាន់រឿង!នាងត្រូវការសងសឹក ហើយកូនប្រុសអ្នកព្រមពាក់ចិញ្ចៀននាងនោះដូចព្រមធ្វើជាបរិវារគេអញ្ចឹងឯង!»
«ចុះធ្វើម៉េចទៅលោកយាយ?»
ឃើញលក្ខិណាឈឺឆ្អាលគូដណ្តឹងពិតៗលោកយាយមានមនោសញ្ចេតនាអាណិតនាង ក៏ខំស្មិងស្មាធិ៍ម្ដងទៀតនឹងអាលរកវិធីជួយ។
បានបន្តិចគាត់ក៏បើកភ្នែកមកវិញហើយពោលពន្យល់ប្រាប់៖
«ចាំបាច់ត្រូវរកមធ្យោបាយ នាំប្រុសសហាយស្រីស្មន់នោះទៅទទួលទោសទើបខ្មោចនោះវាអស់ចិត្ត!»
«ខ្ញុំមិនស្គាល់បុរសម្នាក់នោះទេលោកយាយ! គឺជាងមាសនោះ!»នាងតបទាំងអស់សង្ឃឹម។ ស្រាប់តែលោកយាយតបវិញភ្លាម៖
«ប្ដីខ្មោចនោះសម្បុរស្រអែម មានមាឌក្រអាញ! វាដាច់កូនដៃខាងឆ្វេងមួយ!»
ម្ដាយនិងកូនងាកមើលមុខគ្នា។
លោកយាយនិយាយមកបន្ថែមម៉ាត់ៗ៖
«ពីរនាក់ម្ដាយនឹងកូនត្រូវស្រូត មិនយូរមិនឆាប់កូនប្រុសនោះអាចនឹងឈឺធ្ងន់បើមិនព្រមធ្វើឲ្យប្ដីខ្មោចនោះជាប់ពិរុទ្ធទេ!»
លក្ខិណាទម្លាក់ខ្លួនដោយអស់សង្ឃឹម ព្រោះនាងជិតដល់ពេលរៀបការហើយ មិនសមថាមកជួបរឿងអពមង្គលអស់នេះសោះ នាងបន្ទោសខ្លួនឯងថាវិលវល់តែលើការចង់បានចិញ្ចៀននោះពេក ឥឡូវមានរឿងធំកើតឡើង តើនាងអាចមានអ្វីជួយតារាបាន?
លោកយាយសម្លឹងមកនាងត្លែហាក់ដូចយល់ពីអ្វីដែលនាងកំពុងរារែក គាត់និយាយរំលឹកចុងក្រោយ៖
«ផ្លែមកពីណាដើមនៅត្រង់ណោះ!»
ថាហើយគាត់ក្រោកចូលទៅក្នុងបន្ទប់ភាវនាបាត់ទុកឲ្យនាងនៅឡិងឡង់ម្នាក់ឯង ពិចារណាទន្ទេញពាក្យគាត់រហូតដល់ចាំមាត់ក៏នៅតែមិនយល់ពីន័យពិតរបស់ឃ្លានេះឡើយ។
«ឬមួយគាត់ចង់ប្រាប់ខ្ញុំថា ទិញមកពីកន្លែងណាទៅរកប្រភពនៅកន្លែងនោះ?»
គិតពេញមួយយប់រហូតដល់គេងមិនលក់។
ព្រលឹមស្រាងៗ លក្ខិណាសុំច្បាប់ឈប់ធ្វើការពីរថ្ងៃ ហើយស្រូតដំណើរមកប៉ែលិនស្វែងរកផ្ទះបុរាណ ដែលបានលក់ចិញ្ចៀនឲ្យនាងកាលពីលើកមុន ដើម្បីស្វែងរកតម្រុយខ្លះៗ។
មកដល់ផ្ទះលក់ចិញ្ចៀនបានជួបនឹងម្ចាស់ផ្ទះដូចបំណង នាងអរណាស់នឹកថាតែប៉ុណ្ណេះបានដឹងដំណឹងខ្លះមិនខាន។
«អ្នកមីងខ្ញុំជាអ្នកទិញចិញ្ចៀនត្បូងកណ្ដៀងកាលពីប៉ុន្មានថ្ងៃមុននេះ មីងចាំខ្ញុំបានទេ?»
«អ៎! ក្មួយស្រីទេមីងចាំបានតើ ហើយក្មួយមានការអីដែរ?»
«ក្មួយចង់សួរពីប្រវត្តិចិញ្ចៀនថាបានមកពីណាដែរ?»
អ្នកមីងម្ចាស់ផ្ទះសម្ដែងអាកប្បកិរិយារកនឹកបន្តិច ទើបប្រញាប់ពោលតបវិញ៖
«ចិញ្ចៀននោះមានស្រីម្នាក់គាត់យកមកលក់ មីងឃើញល្អក៏ទិញទុកទៅ ហើយមុននេះបន្តិចក៏មានប្រុសម្នាក់មកសួររកចិញ្ចៀននេះដែរ គេចង់ទិញវាណាស់ តែខ្ញុំថាលក់បាត់ទៅហើយ។»
«ហើយមីងមានដឹងថា អ្នកលក់ចិញ្ចៀននៅឯណាទេ?»
«អូ! គាត់ឈ្មោះភាពនៅភូមិមុខនេះ ផ្ទះគាត់មានកូនតូបលក់នំនៅខាងមុខផ្ទះ ក្មួយទៅសួរគេទៅ ថាផ្ទះមីងភាពលក់នំនៅត្រង់ណា គេនឹងប្រាប់ក្មួយហើយ។»
«អរគុណមីង!»
អារម្មណ៍លក្ខិណានាំកាយដ៏ល្អស្រស់ស្អាតរបស់នាងមកឈប់ចំពីមុខផ្ទះមីងភាពតែម្ដង បន្ទាប់ពីប្រទះភ្នែកនឹងកូនតូបលក់នំមួយ តែគ្មាននំដាក់លក់ទេគឺមានតែតូបទទេស្អាត។ នាងចុះពីរថយន្តសម្លឹងជុំវិញតូបគ្មានឃើញអ្នកណាក្រៅពីក្មេងប្រុសតូចម្នាក់ ដែលនៅលេងក្បែរនោះតែម្នាក់ឯង។ លក្ខិណាឈានជើងដើរទៅជិតក្មេងប្រុស រួចក៏ពោលសួរយ៉ាងទន់ភ្លន់៖
«ក្មួយប្រុស នេះផ្ទះមីងភាពមែន?»
«បាទ! មីងមានការអី?»
«ហើយគាត់នៅទេឥលូវ?»
«ម៉ែខ្ញុំគាត់មិននៅទេ។»
លក្ខិណាញញឹមពព្រាយលើមុខ ពោលសំណួរបន្ត៖
«គាត់ទៅណាហើយ?»
«គាត់…គាត់…ស្លាប់ហើយ!»
លក្ខិណាធ្លាក់ថ្លើមក្ដុកស្រាលខ្លួនស្ងើកស្ទើរងងឹតមុខ ពេលឮក្មេងប្រុសឧទានថាមីងភាពស្លាប់ហើយ ក្នុងចិត្តនាងវិលខ្ញាល់គិតថា តើឲ្យនាងបានដំណឹងពីណាមក បើគាត់ស្លាប់បាត់ទៅហើយនោះ។ មានតែរូបគាត់ទេទើបដឹងច្បាស់ថាចិញ្ចៀននោះមកពីប្រភពណាកន្លែងណា? នាងសម្រួលផ្លូវចិត្តមកវិញដើរមកកាន់តែកៀកក្មេងប្រុសដ៏គួរឲ្យអាណិតពោលដោយសម្ដីក្រៀមក្រំ៖
«អ៊ើ!… ហើយចុះពីមុនម៉ែអូនឯងគាត់ធ្វើអី?»
«ពីមុនគាត់លក់នំ ក្រោយមកបងស្រីខ្ញុំគាត់លក់វិញ ម៉ែគាត់ឈប់លក់ តែគាត់ឧស្សាហ៍ទៅវត្តណាស់ ជួយធ្វើការតិចតួច ដូចជាលាងចាន បោសដីនៅសាលាឆាន់ កុដិ អីណឹង គាត់គ្មានការងារអីទេ។»
លក្ខិណាងក់ក្បាលផ្ងក់ៗសម្ដែងថាបានតម្រុយខ្លះដែរ ទោះជាមិនច្បាស់លាស់ក៏ដោយ៖
«ចុះឥលូវបងស្រីប្អូនទៅណាហើយ?»
«ទៅផ្ទះអ៊ំ តិចទៀតប្រហែលមកហើយ!»
មើលមុខដ៏រួសរាយរបស់ក្មេងប្រុសនេះរួច លក្ខិណាញញឹមស្ងួតលូកដៃយកលុយមួយចំនួនហុចឲ្យកូនតូចដោយក្ដីស្រលាញ់។ នាងប្រុងប្រៀបរៀបនឹងចាកចេញទៅហើយ តែជួនពេលល្មមបងស្រីអូនតូចនោះមកដល់។ សួរនាំរឿងរ៉ាវសាជាថ្មីទើបលក្ខិណាដឹងរឹតតែច្បាស់ ព្រោះកូនស្រីគាត់ប្រាប់ថាចិញ្ចៀននោះមីងភាពរើសបាននៅក្បែរសាលាឆាន់ ពេលដែលគាត់កំពុងបោសដីសុខៗក៏ប្រទះភ្នែកឃើញចិញ្ចៀននៅក្រោមសំរាម នៅថ្ងៃនោះបើកុំតែត្បូងចាំងពន្លឺចេញមកម្ល៉េះក៏មិនបានឃើញចិញ្ចៀនអីដែរ។
នៅទីធ្លាវត្តដែលមីងភាពធ្លាប់មកជួយកិច្ចការផ្សេងៗ លក្ខិណាឈរមើលបរិវេណមួយសន្ទុះទើបចោលភ្នែកសម្លឹងទៅសាលាឆាន់ នាងគិតក្នុងចិត្តភ្លាមថា៖
«ចិញ្ចៀនអាចថារសាត់មកតាមទឹក ពេលមានជំនន់ជន់លិចហើយមើលទៅ ព្រោះវត្តនេះនៅទីទួលមិនសូវខ្ពស់ប៉ុន្មានទេ កុំថាឡើយទឹកជំនន់ បើមានភ្លៀងតែមួយមេធំក៏អាចនឹងលិចបានដែរ។ តាមមើលចិញ្ចៀននេះពិតជាដោយមកពីកន្លែងនៅជិតៗនេះដែរហើយ មិនមែនមកពីកន្លែងណាឆ្ងាយឡើយ!»
លក្ខិណារេភ្នែកមើលពីឆ្វេងទៅស្ដាំមួយទ្រួស ទើបដឹងថាមានស្ទឹងមួយនៅមិនឆ្ងាយប៉ុន្មានពីវត្ត ព្រោះបើសម្លឹងមើលពីលើសាលាឆាន់ទៅទិសខាងលិច ឃើញច្បាស់ណាស់ថាមានស្ទឹងហូរវែងអន្លាយ ប៉ប្រះថ្មខ្លះតែទឹកជ្រៅហើយហូរលឿន។
ស្រស់ស្រីលក្ខិណាទទួលបានភាពក្លាហានដោយមិនដឹងខ្លួន បោះជំហានវែងៗដើរតម្រង់ទៅទឹកនោះដោយគ្មានគិតអ្វីច្រើនទេ។ នាងដើរកាត់ព្រៃយ៉ាងលឿនដូចជាស្គាល់ផ្លូវច្បាស់ណាស់អីចឹង។ មកដល់ដីមួយកន្លែងមានព្រៃដុះស៊ុបទ្រុប លក្ខិណាដូចមានអារម្មណ៍ដឹងច្បាស់ថាខ្មោចស្រីម្ចាស់ចិញ្ចៀនពិតជាស្លាប់នៅម្ដុំនេះមិនខានឡើយ។
មិនដឹងអ្វីមួយបណ្ដាលអារម្មណ៍ឲ្យភាពភ័យខ្លាចគ្មានសូម្បីបន្តិចក្នុងចិត្តលក្ខិណា។ នាងដើរតត្រុកភ្នែកសម្លឹងមើលយ៉ាងល្អិតល្អន់ ភ្លាមនោះមានខ្យល់ត្រជាក់ស្រេបបក់មកវឺបៗប៉ះខ្លួននាងស្ទើរដួល ហើយក្នុងខួរក្បាលរបស់លក្ខិណាក៏ត្រលប់ទៅអតីតកាលរបស់ប្ដីប្រពន្ធជាងមាស។
«បង! ម៉េចខ្មោចវាមិនហូរទៅតាមទឹក មិនលិចទៅបាតសោះ?»
«កប់វិញទៅវ៉ី! ទុកចោលមិនកើតទេ! មុនក្រោយវាគង់តែអណ្តែតមកវិញនាំរឿងស្មុគស្មាញ!»
«អីចឹងកប់វាចោលនៅកន្លែងនោះម៉ង់ទៅ»
សហាយជាងមាសចង្អុលទៅកន្លែងកប់។
ជាងរិទ្ធិចុះទឹកទៅស្រង់ខ្មោចប្រពន្ធ ឯនាងស្មីត្រូវជាសហាយរត់ញាប់ជើងស្មេទៅយកចបមកឲ្យជាងមាស។ ពេលសពឡើងមកដល់ នាងស្មីខំបោះក្រមាគ្របមុខនាងភិននោះមិនចង់ឃើញភ្នែកក្រឡែតហើយងាកមករកចិញ្ចៀននៅដៃ តែវារបូតបាត់ទៅណាទៅហើយ។
នាងរអ៊ូតិចៗទំាងគ្នាន់ក្នាញ់៖
«ស្រីចង្រៃនេះងាប់ហើយ ក៏មិនទុកចិញ្ចៀនឲ្យអញដែរ! ស្រីល្អឯងមកចោលឆ្អឹងកណ្តាលព្រៃនេះវាសមមុខពេកហើយ!»
ពួកគេពីរនាក់កប់ខ្មោចនារីកម្សត់បានសម្រេចតាមបំណង ព្រោះអីគ្មានអ្នកណាដើរកាត់ដឹងថាពួកគេធ្វើអ្វីទេ។
«ខ្ញុំស្តាយចិញ្ចៀននោះណាស់បង»សំឡេងស្រីសហាយ។
«ស្ដាយធ្វើអ្វីទឹកហូរទៅបាត់អស់ហើយ! មុនក្រោយគង់តែបានត្បូងល្អមកបងធ្វើឲ្យមួយទៀតកុំភ័យមើល៍! សំខាន់រឿងនាងភិនមិនត្រូវនិយាយទេ!!! មិនត្រូវទុកចិត្តអ្នកណាទាំងអស់បើមិនចង់ជាប់គុកច្រវ៉ាក់!»
«ដឹងហើយ! តែបើបងឯងមិនការខ្ញុំជាប្រពន្ធពេញច្បាប់ ថាមិនបានខ្ញុំនឹងនិយាយប្រាប់គេថាបងឯងសម្លាប់ប្រពន្ធ!»នាងស្មីនិយាយលេងប៉ុន្តែប្ដីទៅជាខឹងព្រោះមិនចង់ឮរឿងអពមង្គលអស់នេះឡើយ។
«ប្រឹងទៅអ្នកណាជាអ្នកវាយវាមុន?»
«តែវាមិនទាន់ងាប់ឯណា? បងឯងទម្លាក់វាទៅក្នុងទឹកបានវាលង់ងាប់»
«ទោះយ៉ាងណាបើជាប់គុគគឺជាប់ទាំងអស់គ្នាវី!»
លក្ខិណាភ្ញាក់ដឹងព្រោះឮសំឡេងស្លឹកឈើប្រោកៗនៅក្បែរខ្លួន។
សំឡេងនោះបានទាញនាងឲ្យចាកចេញពីក្ដីស្រមៃភ្នែកស្រស់មកនៅក្នុងពេលបច្ចុប្បន្នវិញ។ នាងក្រឡេកភ្នែកទៅប្រភពសំឡេង ដោយបោះជើងលបៗដើរមើលតាមទិសសំឡេងដែលកាន់តែឃ្លាតឆ្ងាយពីនាង។
លក្ខិណាសម្លឹងឃើញបុរសម្នាក់ពីក្រោយខ្នង គេម្នាក់នោះនៅដៃខាងឆ្វេងកំបុតកូនដៃមួយ ហើយរូបរាងភិនភាគគឺដូចនឹងការរៀបរាប់របស់លោកយាយបញ្ជាន់រូបបានប្រាប់ណាស់។ ឃើញបែបនេះនាងប្រាកដក្នុងចិត្តថាពិតជាបុរសជាងមាសនោះហើយ។ នាងតាំងចិត្តថាត្រូវតែតាមដានគេម្នាក់នេះឲ្យដឹងថាគេចង់ធ្វើអី អាចថាគេកំពុងដើរទៅផ្នូរប្រពន្ធផងក៏មិនដឹង គិតហើយក៏បោះជើងលបៗតាមពីក្រោយបុរសជាងមាស។
គ្រាន់តែប្រហែសសម្រិបជើងបន្តិច ធ្វើឲ្យបុរសជាងដឹងខ្លួនគេចប្រូចចូលព្រៃខាងស្ដាំដៃបាត់។ ដោយសារមានដើមឈើធំមួយក្បែរនោះជួយបាំងផង គឺអាចឲ្យគេលាក់ខ្លួនបានដោយងាយ។ លក្ខិណាគិតក្នុងចិត្តស្ងាត់ៗម្នាក់ឯងថា បុរសនោះពិតជាដឹងខ្លួនបានជាគេរត់គេចបាត់ស្រមោលលឿនបែបនេះ បើនៅតែហ៊ានដើរតាមទៀតអាចនឹងមានគ្រោះថ្នាក់ ព្រោះនៅខាងមុខគឺចូលទៅព្រៃកាន់តែជ្រៅ ហើយណាមួយបុរសកំហូចបានដឹងខ្លួនថាមានគេតាម បើឲ្យគេចាប់បានប្រាកដជាមានរឿងអាក្រក់ច្រើនជាងល្អមិនបាន។ គិតពិចារណាហើយនាងបែរក្រោយដើរតម្រង់ទៅវត្តវិញវឹង បានប្រហែលមួយស្របក់ស្រាប់តែមានដៃមួយយ៉ាងមាំស្ទុះមកខ្ទប់មាត់នាងទាយចូលព្រៃជ្រៅយ៉ាងរហ័ស។ លក្ខិណាខំរើបម្រះណាស់ដែរ តែនាងជាមនុស្សស្រីមានកម្លាំងឯណាទៅប្រឈមនឹងមនុស្សប្រុសពេញកម្លាំងបាន។
«នាងកុំស្រែកខ្ញុំនឹងលែងនាងភ្លាម!»
និយាយខ្សឹបៗហើយបុរសជាងមាសបន្ធូរកម្លាំងដៃតិចទៅៗ លក្ខិណាយល់ភ្លាមថា ពិតជាបុរសក្បត់ប្រពន្ធដ៏អាក្រក់នោះហើយ។ នាងស្អប់ជាងមាសនេះសម្បើមណាស់មិនចង់ស្ដីនិយាយរកទេ ថែមទាំងមិនចង់យកកាយមកប៉ះបុរសស្មោកគ្រោកនេះឡើយ។ លក្ខិណាលែងខំប្រឹងរើ ហើយបុរសក្បត់ចិត្តក៏លែងខ្ទប់មាត់នាងតាមសន្យាមែន។
«នាងមកតាមខ្ញុំធ្វើអី? មានបំណងអី?»
«លោកជាជាងមាសរិទ្ធិមែនទេ?»
«ម៉េចបានស្គាល់ឈ្មោះខ្ញុំ?»
«មិនត្រឹមតែស្គាល់ឈ្មោះលោកទេ គឺដឹងទាំងរឿងអាក្រក់របស់លោកទៀតផង!»
លក្ខិណានិយាយចុងមាត់ចុងករបៀបស្អប់ខ្ពើមគេណាស់ ហើយចោលកន្ទុយភ្នែកទៅឯម្ខាងទៀតមិនមើលបុរសនោះចំមុខឡើយ។ ឯបុរសកំបុតកូនដៃភ្ញាក់ព្រើតពេលឮសម្ដីស្រីស្រស់និយាយបែបដូចដឹងរឿងខ្លួនច្បាស់ពេក។
«នាងប្រហែលច្រឡំមនុស្សហើយ យើងមិនដែលស្គាល់គ្នាទេ!»
«មិនដែលស្គាល់មិនមែនបានសេចក្ដីថាមិនដឹងរឿងនោះទេ។»
«ម៉េចបាននាងដឹង?»
«លោកជាប្ដីចិត្តអាក្រក់បំផុតយកប្រពន្ធខ្លួនទៅទម្លាក់ចោលក្នុងទឹកសម្លាប់នាងផ្ទាល់ដៃ ព្រោះតែចង់រស់នៅជាមួយសហាយ លោកមិនមែនជាមនុស្សទេ!!!»
បុរសជាងមាសខាំធ្មេញគ្រឺតលេបទឹកមាត់ក្អឹកប្រឹងសង្កត់ចិត្ត ភ្នែកប្រែជាធំជាងពេលមុនៗហើយបោះសំណួរបែបមាំទៅលក្ខិណា៖
«នាងជាអ្នកណាបានចេះតែដើរចោទគេបែបនេះ?»
«ខ្ញុំអ្នកណាមិនសំខាន់ទេ សំខាន់គឺលោកជាមនុស្សដែលខ្ញុំបាននិយាយមែនអត់? លោកថាមកមើល?»
«ឆ្កួតទេអី! ខ្ញុំមិនមែនជាមនុស្សនាងនិយាយទេ នាងមកទីនេះមិនខ្លាចមានអ្នកណាចាប់ទេអី?»
«ជំនាន់នេះទៅហើយខ្លាចអ្នកណាចាប់។»
«មិនប្រាកដដែរ បើចេះតែដើរតាមដានគេ ដើរចោទប្រកាន់គេតែផ្ដាសបែបនេះ គង់ជួបរឿងអាក្រក់ថ្ងៃណាមួយជៀសមិនរួច។»
«មិនបាច់បារម្ភពីខ្ញុំពេកទេ គិតតែខ្លួនឯងទៅ។»
បុរសកំបុតដៃសើចបែបបញ្ឈឺលាយដោយក្រសែភ្នែកកាចសហាវ តែលក្ខិណានាងមិនខ្លាចសម្លុតនាយនោះឡើយ មិនដឹងនាងបានសេចក្ដីក្លាហានពីណាមក បានជាឈរនិយាយគ្មានព្រឺរោមញញើតគេអីបន្តិចបែបនេះ។
«គ្មានអីត្រូវខ្លាចទេ! នាងច្រឡំមនុស្សហើយ!»
នាយបោះសម្ដីបែបព្រងើយ ហើយក៏ដើរចាកចេញទៅបាត់ស្រមោល ទុកឲ្យលក្ខិណាឈរមើលពីក្រោយដោយក្រសែភ្នែកស្មុគស្មាញ តែនាងមិនបញ្ចេញវាចាអីទេ ក្នុងចិត្តគិតថាបើដើរតាមគេទៀតអាចនឹងត្រូវបុរសនោះធ្វើបាប មានតែត្រលប់ទៅផ្ទះវិញសិន ព្រោះថាបានស្គាល់មុខគេប៉ុណ្ណេះក៏ចាត់ជាសំណាងដែរ។ គិតហើយនាងក៏ដើរត្រឹកៗបកក្រោយតែម្នាក់ឯងតាមផ្លូវតូចមួយ ដែលមានព្រៃដុះអមសងខាងក្រាសឃ្មឹក។
រថយន្តលក្ខិណាបរចេញពីទីធ្លាវត្តបត់ខាងស្ដាំដៃកាត់តាមភូមិមួយ។ ភូមិនេះមិនធំពេកមិនតូចពេក អ្នកស្រុករស់នៅទីនេះភាគច្រើនជាអ្នកមានជីវភាពធូរធារ ព្រោះគ្រួសារនីមួយសុទ្ធតែមានផ្ទះធំៗខ្ពស់ៗណាមួយជាភូមិដែលនៅក្បែរទីរួមស្រុកផង។ ចូលមកដល់ទីរួមស្រុកភ្លាមលក្ខិណាដូចមានគេដាស់អារម្មណ៍ប្រាប់ខ្លួនថា ផ្ទះមួយនៅស្ដាំដៃខាងមុខបន្តិចនេះ គឺជាផ្ទះជាងមាសចិត្តអាក្រក់នោះហើយ។ ដោយសារនាងទប់ចិត្តមិនបានក៏បង្អង់លឿនឡានហើយចោលកន្ទុយភ្នែកទៅមើលផ្ទះនោះយ៉ាងមុត។ មិនខុសទេផ្ទះនោះពិតជាមានដាក់លក់គ្រឿងអលង្ការពិតមែន តែមិនច្បាស់ថាជាផ្ទះប្ដីខ្មោចស្រីនោះឬអត់?
នៅភ្នំពេញឯណេះវិញ ដារាហាក់មានទឹកមុខស្រស់ស្រាយភ្នែកមានពន្លឺភ្លឺថ្លា ដើរទាំងញញឹមពព្រាយមកម្ដាយរបស់ខ្លួន។
«ម៉ាក់ថ្មើរណេះហើយមិនឃើញលក្ខិណាមកលេងសោះ នាងទៅណាបានមិនឃើញមកដូចរាល់ដងចឹង!»
ម្ដាយដារាសម្លឹងមុខកូនទាំងគាត់លួចគិតក្នុងចិត្តស្ងាត់ៗដោយអំណរថា ថ្ងៃនេះទំនងជាដារាដឹងខ្លួនវិញហើយ បានជានិយាយស្ដីធម្មតាវិញ។ គិតហើយទើបគាត់ពោលតបទៅកូនប្រុសសំណព្វចិត្តវិញ៖
«ប្រហែលជាមានរវល់អីហើយ ចាំមើលបន្តិចសិនទៅកូន។»
«តែនេះរសៀលហើយម៉ាក់! កូនចង់ទៅរកលក្ខិណា ទូរសព្ទនាងតេចូលតែនាងមិនលើកសោះ មិនដឹងនាងមានរឿងអីទេ កូនបារម្ភណាស់គិតទៅរកនៅឯផ្ទះសិន។»
ស្រដីយ៉ាងពិសេសដោយក្ដីនឹករលឹកហើយក៏ឈានជើងសំដៅរថយន្តភ្លាម តែបែរជាទច់ដំណើរវិញ ព្រោះសម្ដីពោលបែបលួងរបស់ម្ដាយលាន់ឡើងមកបង្អាក់ដំណើរ។
«ចាំសិនទៅកូនក្រែងលោនាងកំពុងមក បើមិនឃើញតិចទៀតចាំទៅក៏មិនហួសពេលដែល។»
ដារារេរាបន្តិចបម្រុងនៅចាំលក្ខិណា តែដោយក្នុងចិត្តរសាប់រសុខពេកនៅមិនស្ងៀមក៏សម្រេចចេញមករកនាងឯផ្ទះចង់ដឹងថានាងទៅកន្លែងណា។ ក្នុងចិត្តនាយគិតថា ប្រសិនបើលក្ខិណាកំពុងធ្វើដំណើរមកផ្ទះនេះមែន ពេលមកដល់គង់នឹងដឹងថាខ្ញុំទៅរក នាងប្រាកដជានៅរង់ចាំខ្ញុំត្រលប់មកវិញមិនខាន។ គិតហើយក៏បើករថយន្តចាកចេញពីផ្ទះតម្រង់មកផ្ទះលក្ខិណា។
រថយន្តក្រញែងខ្លួនបន្តិចមុននឹងឈប់នៅមុខផ្ទះលក់គ្រឿងអលង្ការ លក្ខិណាចុះពីឡានដើរតម្រង់ស្រីម្នាក់នៅទីនោះ ដែលមើលទៅទំនងជាម្ចាស់ផ្ទះ។
«អ្នកនាងមានការអីដែរ?»
«ខ្សែកនេះវាដាច់ ខ្ញុំចង់ផ្សារវាវិញ។»
លក្ខិណាលើកខ្សែកមាសដែលដាច់ជាពីរចំណែកបង្ហាញនារីម្ចាស់ផ្ទះ។
«ចាស! អ្នកនាងអាចចាំបន្តិចបានទេ ប្ដីខ្ញុំគាត់មកឥលូវហើយ អញ្ជើញអង្គុយលេងនេះសិន។»
ស្ត្រីលក់គ្រឿងអលង្ការរួសរាយដាក់លក្ខិណា ហាក់មិនចាប់អារម្មណ៍នឹងកែវភ្នែកដ៏មុតរបស់នាង ដែលកំពុងប្រឹងពិនិត្យរកចម្លើយអ្វីមួយពីទីនេះ។ លក្ខិណាថយរកមកកន្លែងដែលម្ចាស់ផ្ទះបង្ហាញប្រាប់ នាងអង្គុយរង់ចាំជាងមាសយ៉ាងអន្ទះសាចង់ដឹងច្បាស់ថា តើគេជាជាងមាសរិទ្ធិមែនឬមិនមែន?
បុរសម្នាក់ដើរចេញពីផ្ទះមកទឹកមុខញញឹមពព្រាយ តែនៅពេលក្រឡេកភ្នែកឃើញលក្ខិណាភ្លាម គេភ្ញាក់ចង់ត្រលប់ទៅក្រោយវិញដោយមិនដឹងខ្លួន តែដោយសារស្ត្រីជាប្រពន្ធពោលនិយាយទើបធ្វើឲ្យជាងរិទ្ធិអាចគ្រប់គ្រងអារម្មណ៍ខ្លួនឡើងវិញបាន។
«បងនេះខ្សែក… គាត់យកផ្សារបងជួយធ្វើឲ្យគាត់បន្តិចទៅ គាត់ប្រញាប់ផងណា!»
លក្ខិណាងើបមុខមើលឃើញបុរសជាងមាស ទាំងប្រាកដចិត្តថាពិតជាគេម្នាក់នេះមែន ហើយទីនេះគឺជាផ្ទះរបស់ពួកគេ។
ជាងមាសបន្លំស្ថានការណ៍ធ្វើជាមិនស្គាល់ហើយដើរទៅយកខ្សែកមកកាន់មើល លក្ខិណាពោលដោយសម្ដីស្ងួតធេងទៅកាន់ជាងមាស៖
«ជាងរិទ្ធិជួយផ្សារវាឲ្យស្អាតវិញផង បើវាដាច់អីចឹងមានតាជាងទេទើបធ្វើឲ្យល្អវិញបាន។»
ប្រពន្ធជាងមាសភ្ញាក់ព្រើតក្រឡេកផូងមើលមុខលក្ខិណាក្នុងន័យងឿងឆ្ងល់៖
«អ្នកនាងស្គាល់គាត់ដែរ?»
«ស្គាល់! …រឿងអីមិនស្គាល់មនុស្សធ្លាប់ជួបគ្នា… មែនទេ?»
និយាយចោលពាក្យទុកឲ្យបុរសជាងមាសឆ្លើយតបវិញ៖
«ហេតុអីបានដាច់?»
«ខ្ញុំផ្ដាច់វាចោល?»
«អ្ហា! ម៉េចអីចឹង…ខឹងគ្នាមែន?»
«មិនមែនខឹងទេ តែមិនស្អាតចង់ដូរថ្មី។»
«ចុះម៉េចមិនដូរទៅ យកមកផ្សារធ្វើអី?»
«មកជួបលោកសួរយោបល់ថាគួរដូរយ៉ាងម៉េចឬក៏ផ្សារវាវិញ ព្រោះលោកធ្លាប់ចេះដឹងច្រើនរឿងផ្ដាច់អ្នកចាស់យកអ្នកថ្មី។»
នាងសើចចុងម៉ាត់ខឹកៗ តំណាលនឹងគំនិតប្រពន្ធជាងមាសដែលគិតមិនយល់បានត្រឹមតែសើចលេងនឹងគេដែរទៅ។ តែមុខបុរសជើងល្អវិញមិនបានរីករាយជាមួយប្រពន្ធឯណា នាយមានទឹកមុខស្មើធេង ខំទ្រាំធ្វើជាមនុស្សមិនដឹងអី មិនដឹងថាគេអាចដើរតួបានប៉ុន្មានម៉ោងទៀតទេ?
លក្ខិណាក្រោកឈរដើរទៅក្បែរជាងមាសនិយាយយ៉ាងក្លាហាន៖
«លោកសារភាពទេថាលោកឈ្មោះរិទ្ធិ?»
«មានអីត្រូវសារភាពបើខ្ញុំឈ្មោះរិទ្ធិ អ្នកនាងមិនកើតអីទេឬ?…»
«លោកធ្លាប់មានប្រពន្ធឈ្មោះភិនមែនអត់? ហើយប្រពន្ធក្រោយនេះឈ្មោះស្មីត្រូវទេ?»
ស្ត្រីដែលឈ្មោះស្មីរឹងខ្លួនស្ដូក ពេលឮគេចាប់ផ្ដើមរំលឹករឿងពិតរបស់ខ្លួនកាលពីមុន ឯបុរសចិត្តពាលវិញបើកភ្នែកក្រឡោតសម្លឹងមុខលក្ខិណា។
«នាងជាតុលាការឬបានមកសួរខ្ញុំ មើលតែខ្ញុំជាអ្នកទោស នាងជាអ្នកណា?»
«លោកមិនបាច់អូសក្រឡាបំភ្លៃការពិតទេ ព្រោះលោកមិនអាចជៀសរួចឡើយ លោកនិងប្រពន្ធម្នាក់នេះនឹងចូលគុកទាំងអស់គ្នា លោកចាំមើលចុះ?»
«ណែនាង! បើនៅតែនិយាយផ្ដេសផ្ដាសទៀត ខ្ញុំនឹងប្ដឹងប៉ូលិសមកចាប់នាងហើយ!»
«ប្ដឹងចុះ! បានប្ដឹងមកនឹងអាលបានអូសកលោកចូលគុក ព្រោះលោកសម្លាប់ប្រពន្ធខ្លួនឯង លោកស្មានថាគេមិនដឹងអីលោករិទ្ធិ លោកពិតជាមនុស្សអាក្រក់ណាស់។»
នាងស្មីក្ដៅឆេះឆួលចិត្តទ្រាំមិនបានតបនឹងលក្ខិណាវិញផាំង៖
«នែ!!! ហើយនេះនាងមកពីណា? បាននិយាយរឿងបង្ខូចគេឯងបែបនេះ ឆាប់ចេញពីផ្ទះខ្ញុំភ្លាមទៅ!»
សហាយស្រីយកខ្សែកហុចឲ្យលក្ខិណា ហាក់ចង់បញ្ជាក់ថាឲ្យនាងចាកចេញពីផ្ទះរបស់គេក្នុងពេលឥលូវនេះភ្លាម រួមនឹងវាចាគ្រោតគ្រាតផង។
«នេះយករបស់នាងទៅវិញទៅ កន្លែងនេះមិនស្វាគមន៍នាងទេ។»
មាត់និយាយឯដៃខំរុញលក្ខិណាមួយទំហឹងចេញមកក្រៅ តែជួនពេលសំណាងល្អកាយស្រីស្រស់ដួលទៅប៉ះប្រាណកំលោះដារាដែលទើបតែមកដល់ល្មម កុំអីលក្ខិណាត្រូវដួលញ៉ាំដីលេងទទេៗ ឃើញបែបនេះដារាខឹងចិត្តណាស់ប្រឹងទប់គូដណ្ដឹងខ្លួនរួចហើយ ក៏ស្ទុះចូលទៅគំហកដាក់នាងស្មីវិញភ្លាម។
«នេះមានរឿងអី ចាំបាច់រុញគេដល់ថ្នាក់នេះ?»
ជាងមាសឆ្លើយជំនួសប្រពន្ធខ្លួន៖
«លោកសួរនាងខ្លួនឯងទៅ!»
លក្ខិណាដើរមកក្បែរដារាសម្លឹងមុខគូដណ្ដឹងហើយនិយាយដោយក្ដីស្រលាញ់ពេញបេះដូង៖
«មិនអីទេបង មានរឿងយល់ខុសខ្លះៗប៉ុណ្ណោះ!»
ដារាលើកដៃចង្អុលមុខពីរនាក់ប្ដីប្រពន្ធ។
«លើក្រោយកុំធ្វើបាបគេបែបនេះទៀត មានការអ្វីអាចនិយាយគ្នាស្ដាប់បានតើ ចាំបាច់ប្រើដៃប្រើជើង!»
ភាពភ័យខ្លាចបំផុតលេចឡើងក្នុងចិត្តម្ចាស់ផ្ទះ រហូតប្រែទឹកមុខទៅជាស្វាយមួយរំពេច តែមិនមែនភ័យនឹងសម្ដីសម្លុតរបស់ដារាទេ គឺព្រោះឃើញចិញ្ចៀនពាក់នៅដៃរបស់ដារាទៅវិញទេ។ ដារាបែរដើរត្រលប់ទៅរករថយន្តវិញ ជាងមាសស្ទុះប្រញាប់ប្រញាល់មកចាប់ស្មាពីក្រោយបំណងឃាត់នាយសួរនាំ តែដោយសារដារាស្មានថានាយរិទ្ធិប្រុងសម្រុកចូលវាយឆ្មក់ពីក្រោយខ្នង ទើបនាយគ្រវាសដៃមួយទំហឹងតបយ៉ាងរហ័សត្រូវចំមុខជាងមាសផាច់ស្ទើរតែដាច់ផ្ងារ។
«លោកចង់ធ្វើអី?»
«ខ្ញុំគ្មានគំនិតអាក្រក់អីទេ តែចង់សួរថាចិញ្ចៀនត្បូងកណ្ដៀងលោកពាក់បានមកពីណា?»
«បានមកពីទិញណឹងហើយ ខ្ញុំមានទៅលួចឯណា?»
«ខ្ញុំចង់សួរថាទិញមកពីណា?»
ដារាប្រុងពោលផ្ដល់ចម្លើយទៅហើយ តែលក្ខិណាឆ្លើយជំនួសទៅវិញ។
«ទិញនៅផ្ទះដែលលោកទៅរកនោះហើយ មិនបាច់សួរច្រើនទេ ត្រៀមខ្លួនទៅគង់តែដល់ថ្ងៃទេ។»
និយាយចប់ប្រយោគហើយ កំលោះក្រមុំមួយគូនេះក៏ឈានជើងចាកចេញទៅបាត់ ទុកឲ្យប្ដីប្រពន្ធម្ចាស់ផ្ទះនូវកង្វល់ក្នុងចិត្តយ៉ាងធំមហិមា។ ប្រពន្ធពោលតិចៗក្បែរប្ដីដោយក្ដីព្រួយបារម្ភ៖
«អូនមើលទៅស្រីម្នាក់នោះដឹងរឿងពីមុនយើងច្រើនណាស់ ហើយវាប្រហែលមិនព្រមបញ្ចប់ទេមើលទៅ យើងគិតយ៉ាងម៉េច?»
ការចងចាំដ៏អាក្រក់ៗលោតឡើងក្នុងចិត្តរបស់ប្ដីវិញទាំងអស់។
«មែនហើយ យើងមិនត្រូវអង្គុយរង់ចាំទេ ត្រូវដោះស្រាយរឿងនេះឲ្យបានមុនគេ បើគេរកភស្តុតាងឃើញប្រាកដជាជៀសគុកមិនរួចឡើយ។»
សូមរង់ចាំតាមដានអានភាគបញ្ចប់នៅថ្ងៃស្អែក…