សហជីព​ជាតិ​និង​អន្តរជាតិ​ ជាង​៣០​ផ្ដល់​អនុសាសន៍​លើ ​សេចក្ដី​ព្រាង​ច្បាប់​សហជីព

7/15/2014 0 Comments A+ a-


image (3)តំណាង ​សហជីព​ជាតិ​ជាង ៣០​អង្គភាព បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​សហជីព​អន្តរជាតិ ហៅ​កាត់​ថា អាយ.ធី.យូ.ស៊ី ស៊ី.ស៊ី (ITUC-CC) លើក​ឡើង​អំពី​អនុសាសន៍​មួយ​ចំនួន សុំ​ឲ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​សហជីព។ រដ្ឋាភិបាល​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដើម្បី​ដាក់​ ឲ្យ​សភា​ពិនិត្យ​និង​អនុម័ត​នៅ​ពេល​ខាង​មុខ។
តំណាង​សហជីព​ជាតិ​បាន​រិះគន់​សេចក្ដី​ព្រាង​ ច្បាប់​សហជីព​ដែល​រដ្ឋាភិបាល​បាន​រៀបចំ​ថា បាន​រឹត​បន្តឹង​ដល់​សេរីភាព​បង្កើត​សហជីព​របស់​កម្មករ និង​មាន​ចំណុច​ខ្លះ​ផ្ទុយ​ពី​អនុសញ្ញា​អន្តរជាតិ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ ជា​ហត្ថលេខី​ទៀត​ផង។
កិច្ចប្រជុំ​ផ្ដើម​ដោយ​សហជីព​ធំៗ ស្ដីពី​ការ​ផ្ដល់​យោបល់ និង​អនុម័ត​សំណើ​រួម​របស់​ក្រុម​ដឹកនាំ​សហជីព​ជាតិ និង​អន្តរជាតិ​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​បាន​រៀបចំ​ឡើង​នៅ​ព្រឹក​ ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កក្កដា នា​សណ្ឋាគារ​ហ្គ្រីន ផាលេស ក្រុង​ភ្នំពេញ។
លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់ ស៊ីខាវឌូ (CCAWDU)។ លោក​បាន​រិះគន់​សេចក្ដី​ព្រាង​ច្បាប់​សហជីព​របស់​ក្រសួង​ការងារ ថា​រារាំង​ការ​តវ៉ា​របស់​កម្មករ និង​ប៉ះពាល់​សិទ្ធិ​របស់​កម្មករ​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​អនាគត។ លោក​ទទូច​ដល់​ក្រសួង​ការងារ ត្រូវ​ដាក់​បញ្ជូន​អនុសាសន៍​របស់​សហជីព​ចូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ សហជីព​ឲ្យ​បាន​ច្រើន មុន​នឹង​ដាក់​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​សមាជិក​រដ្ឋ​សភា អនុម័ត​ច្បាប់​នេះ៖ «អ្វី​ដែល​សហជីព​បាន​ដាក់​ជូន​អនុសាសន៍​ជូន​ រដ្ឋាភិបាល​ថ្ងៃ​នេះ ជូន​ដល់​ក្រសួង ក្រសួង​គួរ​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង។ បើ​មិន​អ៊ីចឹង​ទេ សហជីព​គេ​នឹង​មិន​សុខ​ចិត្ត​ទេ គេ​នឹង​តវ៉ា​បន្ថែម​ទៀត ព្រោះ​ជា​បាន​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន។ ហើយ​ច្បាប់​នេះ មិន​មែន​មាន​ន័យ​ថា ពេល​ហ្នឹង​មិន​មែន​អនុវត្ត​ទៅ​សហជីព​ពេល​បច្ចុប្បន្ន​ហ្នឹង​ទេ? គឺ​ច្បាប់​នេះ​អនុវត្ត​រហូត។ អ៊ីចឹង​មិន​ថា សហជីព​មាន​និន្នាការ​នយោបាយ​ណា ឬ​អ្នក​ណាមួយ​នោះ​ទេ បើ​អ្នក​ឯង​ធ្វើការ​នៅ​ក្នុង​រដ្ឋាភិបាល ឬ​អី​ក៏ដោយ ក៏​មាន​បង​ប្អូន ឬ​កូន​ក្មួយ​ធ្វើ​ការ​ជា​កម្មករ​ដែរ។ ប៉ុន្តែ​បើ​សហជីព​ត្រូវ​បាន​រឹត​បន្តឹង ហើយ​គ្មាន​សេរីភាព​សហជីព បាន​ន័យ​ថា សិទ្ធិ​កម្មករ​ត្រូវ​ធ្លាក់​ចុះ ប្រាក់​ចំណូល​ធ្លាក់​ចុះ និង​សេរីភាព​កម្មករ​ក៏​បាន​ធ្លាក់​ចុះ។ អ៊ីចឹង​បាន​សេចក្ដី​ថា កម្មករ​ហ្នឹង​ត្រូវ​បាន​គេ​គាបសង្កត់​ខ្លាំង​ណាស់។ អ៊ីចឹង​វា​បាន​ប៉ះពាល់​ជា​ទូទៅ»
​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដែល​មាន​ ចំនួន ១៧​ជំពូក និង ៩១​មាត្រា ត្រូវ​តំណាង​ក្រសួង​ការងារ សហជីព​កម្មករ និង​តំណាង​ថៅកែ​រោងចក្រ លើក​យក​មក​ពិភាក្សា​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២៨- ២៩ ខែ​ឧសភា មុន​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​ពិនិត្យ​ជា​ថ្មី និង​ឈាន​ដល់​ស្នើ​សេចក្ដី​ទុក​ចិត្ត​ពី​សមាជិក​រដ្ឋ​សភា។ ប៉ុន្តែ​សេចក្ដី​ព្រាង​នេះ ត្រូវ​មេដឹកនាំ​សហជីព​ធំៗ​ជា​ច្រើន​មិន​យល់​ស្រប និង​ស្នើ​ដាក់​បញ្ចូល​អនុសាសន៍​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ចូល​ទៅ​ក្នុង​ច្បាប់​ នេះ។
​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ផ្ដល់​យោបល់​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នេះ ក្រុម​មេដឹកនាំ​សហជីព​ជា​ច្រើន​បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ លុប​ចោល​មាត្រា​ខ្លះ​នៅ​ក្នុង​ច្បាប់​នេះ ព្រោះ​បាន​រឹតត្បិត​ធ្ងន់ធ្ងរ​ដល់​សេរីភាព​បង្កើត​សហជីព និង​កម្មករ​នា​ថ្ងៃ​អនាគត៖ «នៅ​ក្នុង​ហ្នឹង​ដែរ យើង​បាន​លើក​ឡើង​នៅ​ក្នុង​មាត្រា ១០ មាត្រា ១២ មាត្រា ១៣ មាត្រា ២៣ មាត្រា ៨០ និង​មាត្រា ៨១ រួម​ទាំង​មាត្រា​ផ្សេង​ទៀត​ដែល​យើង​លើក​ឡើង​លម្អិត។ ហើយ​នៅ​ក្នុង​មាត្រា​ទាំង​អស់​ហ្នឹង យើង​ស្នើ​សុំ​ឲ្យ​មាត្រា​ខ្លះ ត្រូវ​លុប​ចោល​ទាំងស្រុង​តែម្ដង​មាន​ដូចជា៖ មាត្រា ៨០ និង​មាត្រា ដែល​ចែង​ពី​ទោស​បញ្ញត្តិ​របស់​សហជីព និង​ការ​អនុវត្ត​មិន​ត្រឹមត្រូវ​របស់​សហជីព​ជាដើម គឺ​ស្នើ​ឲ្យ​លុប​ចោល។ ពីព្រោះ​មាត្រា​នីមួយៗ ដែល​យើង​បាន​លើក​ឡើង​នេះ​វា​ផ្ទុយ​ពី​បទដ្ឋាន​ការងារ​របស់​អង្គការ​ពលកម្ម​ អន្តរជាតិ អាយឡូ (ILO) ឬ​អនុសញ្ញា​អាយឡូ លេខ ៨៧ និង ៩៨ ជាដើម»
បន្ថែម​លើ​នេះ ក្រុម​មេដឹកនាំ​សហជីព​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាស់​សហជីព​ដែល​កំពុង​ពិភាក្សា​គ្នា​នេះ រដ្ឋាភិបាល​បាន​ដាក់​លក្ខខណ្ឌ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​ច្បាប់​ស្ដីពី​ ការងារ និង​ផ្ទុយ​ពី​អនុសញ្ញា​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ថែម​ទៀត ដែល​យើង​បាន​លើក​ឡើង​លំអិត។
​ទោះ​យ៉ាង​ណា លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​សហជីព គឺ​មាន​គោលបំណង​ផ្ដល់​សិទ្ធិ​សេរីភាព​ជូន​ដល់​សហគ្រាស គ្រឹះស្ថាន ឬ​ជន​ទាំង​ឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ ការងារ។
លោក​បាន​បញ្ជាក់​ថា ច្បាប់​សហជីព​នេះ​ជួយ​សម្រួល​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គការ​វិជ្ជាជីវៈ​ នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ។ បន្ថែម​លើ​នេះ សេចក្ដី​ព្រាង​ច្បាប់​សហជីព​ក៏​នឹង​កំណត់​ពី​គោលដៅ​ច្បាប់​ដើម្បី​ជួយ​ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ជន​ទាំង​ឡាយ​ដែល​ស្ថិត​ក្រោម​បទប្បញ្ញត្តិ ​ច្បាប់​ការងារ ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ចរចា​ជា​សមូហភាព​រវាង​និយោជក កម្មករ ឬ​និយោជិត។ ច្បាប់​នេះ​ក៏​នឹង​ជំរុញ​ឲ្យ​មាន​សុខដុមរមនា​ការងារ​ជាដើម៕
ប្រភពពី វិទ្យុអាស៊ីសេរី