ទី​បំផុត ទឹម រដ្ឋា ព្រម​ទម្លាយ​អាថ៌កំបាំង​ជាមួយ ​បុរស​ជនជាតិ​ប៉ាគីស្ថាន​ហើយ!

7/08/2014 0 Comments A+ a-

តារា​ម៉ូដែល ទឹម រដ្ឋា មិន​មែន​ទើប​ស្និទ្ធ​ស្នាល​ជាមួយ​បុរស​មាន​ធំ​សាច់​ដុំ​មាំ​ជន​ជាតិ​ ប៉ាគីស្ថាន​ថ្មី​ៗ​នេះ​ទេ ប៉ុន្តែ​២-៣​ឆ្នាំ​ហើយ។ យ៉ាង​ណា កញ្ញា​តែង​គេច​ចេញ​ពី​ការ​សាក​សួរ​ជុំ​វិញ​បញ្ហា​នេះ លើក​លែង​តែ​ពេល​នេះ​ប៉ុណ្ណោះ ដែល​នាង​សុខ​ចិត្ត​បើក​ទូលាយ។

កញ្ញា ទឹម រដ្ឋា និង​គូ​ស្នេហ៍ ក្នុង​ថ្ងៃ​បើក​បញ្ចាំង​សាក​ល្បង​រឿង​ទី​១​របស់ រោងភាពយន្ត​លំដាប់​អន្តរជាតិ Major Cineplex
នៅ​ក្នុង​ជំនួប​ដាក់​បញ្ចាំង​រឿង​ទី​១​របស់​រោងភាពយន្ត​លំដាប់​អន្តរជាតិ Major Cineplex ថ្មី​ៗ ទឹម រដ្ឋា ឲ្យ​ដឹង​ថា ទំនាក់​ទំនង​រវាង​នាង និង​បុរស​សាច់​ដាំ​មាំ​ជនជាតិ​ប៉ាគីស្ថាន​ឈ្មោះ Zakie នោះ ឥឡូវ​ឈាន​ឡើង​ហើយ។ រដ្ឋា ថ្លែង​ទាំង​សើច​ញឹម​ៗ​ថា “ខ្ញុំ​លែង​លាក់​ហើយ គឺ​ខ្ញុំ​នឹង​គាត់​ជា​សង្សារ​ហ្នឹង​គ្នា ពួក​ខ្ញុំ​ស្និទ្ធស្នាល​គ្នា​យូរ​ហើយ ប៉ុន្តែ​បង​ៗ​សារព័ត៌មាន​ទំនង​មិន​សូវ​ចាប់​អារម្មណ៍”។
នេះ​ជា​លើក​ដំបូង​បំផុត​ហើយ ដែល​តារា​សម្ដែង និង​ដើរ​ម៉ូដ​ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​លក់​បង្អែម​នោះ បាន​បើក​បង្ហាញ​ពី​រឿង​រ៉ាវ​បេះដូង​ជាមួយ​ជនជាតិ​ប៉ាគីស្ថាន​ឈ្មោះ Zakie នេះ ខណៈ​កន្លង​មក​មាន​សារព័ត៌មាន​ជា​ច្រើន​ដែល​បាន​រាយការណ៍​ព័ត៌មាន​ពី​ទំនាក់​ ទំនង​របស់​ពួក​នាង ប៉ុន្តែ​ជា​រឿយ​ៗ នាង​តែង​គេច​មិន​អធិប្បាយ ឬ​បើ​អធិប្បាយ ក៏​ត្រឹម​ពាក្យ​ថា​ជា​មិត្តភ័ក្ដិ​ធម្មតា​ប៉ុណ្ណោះ បើ​ទោះ​មាន​អ្នក​ខ្សឹប​ប្រាប់​ថា ពួក​គេ​ជា​សង្សារ​ចាក់​ទឹក​មិន​លិច​នឹង​គ្នា​យូរ​ហើយ​ក៏​ដោយ ខុស​ពី​ពេល​នេះ​ស្រឡះ​តែ​ម្ដង។
កញ្ញា ទឹម រដ្ឋា បន្ត​ពី​ទំនាក់​ទំនង​មួយ​នេះ​ទៀត​ថា នាង និង​សង្សារ​បាន​ស្គាល់​រាប់​អាន​គ្នា​ប្រមាណ​ជា ៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​បាន​អធិប្បាយ​លម្អិត​ឡើយ​ពី​កាល​ជួប​គ្នា​ដំបូង។ យ៉ាង​ណា នាង​បញ្ចេញ​ថា សង្សារ​របស់​នាង​រូប​នោះ ជា​និស្សិត​វិស្វករ​ត្រៀម​បញ្ចប់​សិក្សា ហើយ​បច្ចុប្បន្ន​ធ្វើ​ជា​អ្នក​ជំនួញ​នាំ​ថ្នាំ​ពេទ្យ​ពី​ប្រទេស​ប៉ាគីស្ថាន​ មក​លក់​នៅ​ស្រុក​ខ្មែរ។

កញ្ញា ទឹម រដ្ឋា និង​គូស្នេហ៍ នៅ​សាល​នៃ​រោងភាពន្ត​ Major Cineplex
ក្រោយ ​សេពគប់​គ្នា​អស់​ពេល​យ៉ាង​យូរ​នេះ មក​ទល់​បច្ចុប្បន្ន​ចាស់​ទុំ​បាន​ដឹង​លឺ​អស់​ហើយ ហើយ​ពួក​គាត់​អត់​មាន​ថា ឬ​រារាំង​អី​ទេ ក្នុង​នោះ​សង្សារ​របស់​កញ្ញា បាន​ជួប​ស្គាល់​គ្រួសារ​កញ្ញា​អស់​ហើយ គឺ​នៅ​តែ​កញ្ញា​ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​ជួប​ផ្ទាល់​ជាមួយ​គ្រួសារ​ខាង​ប្រុស ព្រោះ​នៅ​ឆ្ងាយ​ពេក។ យ៉ាង​ណា រដ្ឋា បញ្ជាក់​ថា ចាស់​ៗ​ខាង​ប្រុស​ក៏​អត់​មាន​រារាំង​អី​ដែរ។
រដ្ឋា មិន​ទាន់​ដាក់​ផែនការ​ទៅ​ជួប​ផ្ទាល់​ស្គាល់​ចាស់​ទុំ​ខាង​ប្រុស​នៅ​ពេល​ណា​ នៅ​ឡើយ​ទេ ដោយ​ហេតុ​ថា​ពេល​វេលា​មិន​ទាន់​អំណោយ​ផល។ ក្រៅ​ពី​នេះ គម្រោង​ផែន​ការ​ក្រាប​ផ្ទឹម​ក្លាយ​ជា​គូស្វាមី​នឹង​គ្នា​ពេញ​ច្បាប់ ក៏​មិន​ទាន់​មាន​ដែរ  ព្រោះ​ត្រូវ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។ ដូច្នេះ រឿង​ទៅ​ថ្ងៃ​មុខ​មាន​រឿង​អ្វី​កើត​ឡើង ក៏​គ្មាន​នរណា​អាច​ដឹង​ដែរ៕