ស្នងការ ខេត្ដកោះកុង ចេញមកបំភ្លឺនិងបកស្រាយ ចំពោះការ ដោះលែងស្រ្តីជាម្តាយ ក្រោយចងជើង កូនស្រីចិញ្ចឹមនឹងច្រវ៉ាក់
កោះកុង៖ កាលពីព្រឹកថ្ងៃទី៧
ខែកក្កដា ឆ្នាំ២០១៤ ស្នងការ នគរបាល ខេត្ដកោះកុង លោក សំ ឃិតវៀន
បានធ្វើសន្និសីទ កាសែត មួយដើម្បីបំភ្លឺនូវការចុះផ្សាយ នូវសារព័ត៌មាន
ក្នុងស្រុកមួយចំនួន ដែលចេញផ្សាយថា លោកស្នងការដោះលែង ម្ដាយក្មេងស្រី រងគ្រោះ
ជាថ្នូរ និងទឹកប្រាក់ (ស្រ្តីជាម្តាយ មានជីវភាពក្រីក្រ ដូច្នេះពុំមានប្រាក់នោះទេ)
ដើម្បីដោះលែង ម្ដាយក្មេងស្រី ក្រោយពីចាប់ខ្លួន ដោយសារតែ ដាក់ច្រវ៉ាក់
ជើងកូនស្រីចិញ្ចឹម អាយុ៥ឆ្នាំ មួយរយៈកន្លងមក ។
នៅក្នុងសន្និសីទ កាសែត ខាងលើនេះ
ក៏មានការចូលរួមពី លោកស្រី កែវ នី ស្នងការរង ទទួលការិយាល័យ ការជួញដូរ
និងការពារអនីតិជន លោកស្រី ឡុង សុម៉ាម៉េត អនុប្រធាន មន្ទីរកិច្ចការនារី
ខេត្ដ លោក ប៊ុន ពែល អនុប្រធាន មន្ទីរសង្គមកិច្ច លោក នាង ប៉ូរ៉ាទីណូ
អ្នកសម្របសម្រួល អង្គការអាដហុក រួមទាំងសារព័ត៌មាន ជិត១០អង្គភាព ទៀតផង
ដែលបានចុះទៅ ជួយអន្ដរាគមន៍ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ នៅវេលា ម៉ោង
៣៖១៥នាទីរសៀល ។
លោកឧត្ដមសេនីយ៍ សំ ឃិតវៀន ស្នងការ នគរបាលខេត្ដ
បានមានប្រសាសន៍ថា ការធ្វើសន្និសីទ កាសែតថ្ងៃនេះ ដើម្បីសំដៅទៅ
លើការចុះផ្សាយព័ត៌មានក្នុងស្រុកខ្លះ មិនបានទៅយកព័ត៌មានផ្ទាល់ បែរសរសេ
រចោទប្រកាន់ថា ការដោះលែង ម្ដាយក្មេងស្រី ជាថ្នូរនិងទឹកប្រាក់ នេះវាមិនមែន
ការពិតនោះទេ ។
លោកបញ្ជាក់ថា ការទៅជួយសង្គ្រោះ ក្មេងស្រី
ដែលម្ដាយក្មេងស្រី នោះដាក់ ច្រវ៉ាក់ជើង ជាប់នៅសសរផ្ទះ ហើយការ
ទៅជួយក្មេងខាងលើនេះ មិនមែនទៅតែ កម្លាំងនគរបាលនោះទេ គឺមានស្ថាប័ន
ដែលពាក់ព័ន្ធ និងអង្គការ អាដហុក ទៅជាមួយ ដើម្បីធ្វើការពិនិត្យ នូវភាព
ជាក់ស្ដែង តើម្ដាយក្មេងស្រី រងគ្រោះ ធ្វើបាបដែរ
ឬអត់ប៉ុន្ដែការពិតជាក់ស្ដែង ទៅពុំឃើញមានការធ្វើបាប ឬប្រើអំពើ ហិង្សា
អ្វីទៅលើក្មេងស្រីនោះទេ ។
លោកបានបន្ដថា ក្រោយការនាំខ្លួន សមត្ថកិច្ច
និងមន្រ្តីពាក់ព័ន្ធ បានឱ្យគាត់ធ្វើ កិច្ចសន្យា ឈប់ធ្វើរបៀបនេះទៀត
វាជាអំពើខុសច្បាប់ នាំឱ្យមានទោសដល់ខ្លួន តែបើគាត់ គ្មានលទ្ធភាព ចិញ្ចឹម
កូននេះទេ អាចនឹងប្រគល់ទៅឱ្យ មន្ទីរសង្គមកិច្ច ជួយចិញ្ចឹមបាន ។
លោកបានបន្ដថា ការចោទប្រកាន់ថា លោកដោះលែង
ម្ដាយក្មេងស្រីនោះ គួរតែពិនិត្យ នៅភាពជាក់ស្ដែង ថាតើ ជីវភាព គាត់រាល់ថ្ងៃ
យ៉ាងណា ពីព្រោះគាត់ ជាអ្នកស៊ីឈ្នួល កាប់ព្រៃចំការ ឱ្យគេ ដូច្នេះ
គាត់គ្មានលុយឯណា ហើយយើង ត្រូវយល់ពីស្ថានភាព គាត់។ តែបើគាត់ប្រើអំពើហិង្សា
ដល់កូនគាត់ និងបើ មានស្លាកស្នាម គឺគាត់ត្រូវមានទោស ទៅតាមផ្លូវច្បាប់
ហើយអ្វីដែលម្ដាយ ដាក់ច្រវ៉ាក់ជើងកូន គាត់មិនឱ្យដើរនេះ
គឺដោយសារគាត់ស្រឡាញ់កូន មិនឱ្យដើរលេង ក្នុងព្រៃព្រោះខ្លាច អាសិរបិសចឹក
ខ្លាចដើរ ទៅលេងទឹកជ្រោះលង់ស្លាប់ ខ្លាចទៅលេង នៅតាមថ្នល់ រថយន្ដកិនស្លាប់
ព្រោះមានហេតុការណ៍នេះ កើតឡើង២ទៅ៣ដង ហើយកុំតែបាន អ្នកនៅជិត ខាងឃើញ ទាន់ហេតុ
ដូច្នេះហើយ ទើបគាត់ដាក់ ជើងកូនគាត់មិនឱ្យដើរនៅ ពេលគាត់ ទៅធ្វើការនៅឆ្ងាយ ពីផ្ទះតែគាត់ មិនចាក់សោរ រហូតទេគឺ១ថ្ងៃ គាត់ចាក់សោរ ឱ្យដើរលេង៤ដង នៅពេលគាត់មកផ្ទះ។
ម្ដាយក្មេងស្រី បានធ្វើការបកស្រាយ
នៅក្នុងការធ្វើសន្និសីទកាសែតនេះថា ម្ដាយណាមិនស្រឡាញ់កូន តែគាត់ជាស្រី
មេម៉ាយ មានតែ២នាក់ ម្ដាយនឹងកូន បើកូនគាត់ត្រូវមានគ្រោះថ្នាក់
នូវប្រការណាមួយ តើឱ្យគាត់មានវិបត្ដិ ទៅជាយ៉ាងណានៅ ពេលគាត់មកពីធ្វើ ការឱ្យគេ
។
ម្ដាយក្មេងស្រី បានបញ្ជាក់ថា កូនគាត់ រពិសណាស់
នៅពេលគាត់ចាក់សោរ ឱ្យនៅផ្ទះវាទៅចាក់ អង្ករ ស្ករ ប៊ីចេង គេចោល អស់ពេលនោះ
គាត់វិលមកវិញគាត់ ទៅទិញសងគេវិញ ហើយនៅពេលខ្លះ វាយកកាំបិត ទៅកាប់កូន កៅស៊ូ
គេចោល ហើយម្ចាស់ចំការឱ្យ គាត់សងទៀតផង វាពិបាកខ្លាំងណាស់ តែបើគាត់យកកូនទៅ
កាប់ព្រៃជាមួយ គាត់ គឺធ្វើការ គេមិនកើតទេ ។
ស្រ្តីរូបនេះ បានបន្តទៀតថា ការធ្វើការកាប់ព្រៃ
ឱ្យគេនេះ ក្នុងមួយខែធ្វើបានតែ១០ថ្ងៃទេ ព្រោះខែនេះធ្លាក់ភ្លៀង
ច្រើនធ្វើការមិន កើតហេតុនេះ គាត់ត្រូវបង្ខំចាក់ច្រវ៉ាក់ ជើងកូនទាំងទឹកភ្នែក
នៅពេលគាត់ វិលត្រឡប់ មកពីធ្វើការវិញ បានឃើញមុខកូន តែនៅពេលលិច ឮព័ត៌មានថា
គាត់ចាក់ច្រវ៉ាក់ជើងកូន ក៏មានសមត្ថកិច្ច មន្ទីរសង្គមកិច្ច អង្គការអាដហុក
អ្នកកាសែតទៅដល់ផ្ទះ របស់គាត់ ទើបកើតហេតុការណ៍នេះ កើតឡើង។
ហើយការមកស្នងការនេះ គ្មាននណាដាក់ខ្នោះគាត់ទេ
គឺមកដោយសោះស្ម័គ្រ ហើយគាត់ក៏គ្មានលុយ ឯណាសូកប៉ាន់ដែរ ព្រោះគាត់រកតែអង្ករ
ច្រកឆ្នាំង មិនបានផង ទើបមានលុយឯណា ឱ្យសមត្ថកិច្ច ជាថ្នូរដោះ លែងរូបគាត់នោះ ។
ម្ដាយក្មេងស្រី បានបញ្ជាក់ យ៉ាងច្បាស់ថា នេះជាសំណាង របស់កូនគាត់ ទៅវិញទេ
ដែលបានខាង មន្ទីរសង្គមកិច្ច ទទួលយកកូនគាត់ ទៅចិញ្ចឹមរៀនសូត្រ
ឱ្យមានចំណេះដឹងនឹងគេ តែកូនគាត់ នៅជាមួយគាត់ មានតែក្ដីព្រួយ បារម្មណ៍
ពីមួយថ្ងៃ ទៅមួយថ្ងៃ ពីព្រោះការ រស់រាល់ ថ្ងៃគឺរស់នៅ
ក្នុងគ្រោលចិញ្ចឹមពពែទេ ហើយអ្នកមករស់នៅ មានគ្នាច្រើននាក់ តែគ្មានអ្នក
នៅផ្ទះទេ ។ ការប្រគល់កូនគាត់ ទៅឱ្យមន្ទីរសង្គមកិច្ច ជួយចិញ្ចឹម នេះ
គឺស្ម័គ្រចិត្ដ ពីការឯកភាព របស់គាត់ ដែរមិនមែនមានការ គំរាមគំហេងនោះទេ ។
តែលោកស្រី សុំតែម្យ៉ាង គឺឱ្យគាត់បានមកលេងកូនផង នៅពេលណាគាត់ចង់ជួប។
ទាក់ទង នៅចំណុច ចុងក្រោយនេះ លោក ប៊ុន ពែល
អនុប្រធាន សង្គមកិច្ច បាននិយាយថា មន្ទីរត្រូវ យកក្មេងស្រី នេះមកឮ
ចិញ្ចឹមថែរក្សាឱ្យ បានរៀនសូត្រ ដូចក្មេងដទៃដែរ តែបើឱ្យក្មេងស្រីនេះ
ទៅឱ្យគាត់វិញ គឺខាងមន្ទីរមិនឯកភាពទេ ព្រោះមើល ជីវភាព របស់គាត់ពិបាកណាស់
តែបើគាត់ចង មកលេងគឺខាងមន្ទីរ មិនហាមឃាត់ទេ ព្រោះជាម្ដាយនឹងកូនហើយ។
លោកបានបញ្ជាក់ នៅក្នុងសន្និសីទកាសែតនេះថា
ក្នុងរយៈពេល មួយសបា្ដហ៍គាត់ ជូនទៅលេងម្ដាយម្ដង នេះបើម្ដាយគ្មាន លទ្ធភាពមក
លេងកូន តែបើម្ដាយ មានជីវភាព ធូរធានៅក្រោយ ឬក៏កូនធំពេញវ័យ ចង់សុំកូនយកទៅវិញ
គឺយើងធ្វើទៅតាមផ្លូវច្បាប់សិន ទើបឱ្យគាត់បាន ។ សូមបញ្ជាក់ថា ហេតុការណ៍នេះ
បានកើតឡើងនៅចំណុច២៩៧ ស្ថិត ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ
ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។
សូមបញ្ជាក់ថា ក្រោយពីបែក ធ្លាយរឿងធ្វើ
ទារុណកម្ម យ៉ាងសហាវព្រៃផ្សៃ ទៅលើក្មេង ប្រុស អាយុ៩ឆ្នាំ ពីព្រះសង្ឃមួយអង្គ
នៅស្រុកព្រះនេតព្រះ ខេត្ដបន្ទាយមានជ័យ នោះស្រាប់ តែមានព័ត៌មាន
ស្រដៀងគ្នានេះ បានកើត ឡើងនៅ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង នោះ
គឺស្ដ្រីម្ដាយ ចិញ្ចឹមម្នាក់ បានដាក់ច្រវ៉ាក់កូន ស្រីចិញ្ចឹម របស់ខ្លួនអាយុ
៥ឆ្នាំឱ្យនៅក្នុងផ្ទះ មិនឱ្យចេញទៅ ណាអស់រយៈពេលជាង មួយឆ្នាំ ។
ការបែកធ្លាយរឿងរ៉ាវ ខាងលើនេះ បាន កើតឡើងក្រោយពី
ប្រជាពលរដ្ឋ នៅក្នុង ភូមិកណ្ដាលព្រៃមួយនេះ បានរាយការណ៍ មកមន្ដ្រីរបស់
សមាគមសិទ្ធិ មនុស្សអាដហុក រួចហើយ មន្ដ្រីអាដហុក បានរាយការណ៍
បន្ដទៅកាន់មន្ទីរ កិច្ចការនារីខេត្ដ និងអាជ្ញាធរពាក់ព័ន្ធ ចុះមក
ជួយអន្ដរាគមន៍ ក្មេងស្រី កំសត់រូបនេះ កាលពីវេលា ម៉ោង៣និង១៥នាទី រសៀលថ្ងៃទី៤
ខែកក្កដា ឆ្នាំ២០១៤នេះ ស្ថិតនៅចំណុច ២៩៧ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មាន
ជ័យ ក្រុងខេមរភូមិន្ទ ពោលនៅឆ្ងាយពីទីរួម ខេត្ដ ។
ប្រភពព័ត៌មានពី សមត្ថកិច្ច និងអាជ្ញាធរ
បានឱ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មានដ៏ គួរខ្លោចផ្សារលើក្មេងស្រី អាយុ៥ឆ្នាំ
រូបនេះ អនុប្រធានមន្ទីរ កិច្ចការនារី ខេត្ដកោះកុង លោកស្រី ឡុក សុម៉ាម៉េត
និងមន្ដ្រីសម្រប សម្រួល របស់សមាគមសិទ្ធិ មនុស្ស អាដហុក
ព្រមទាំងមន្ដ្រីពាក់ព័ន្ធ មួយចំនួន បាន ចុះទៅ រំដោះក្មេងស្រី
នៅក្នុងផ្ទះកណ្ដាលព្រៃ ខណៈដែលជើង ខាងឆ្វេងរបស់នាង ត្រូវចងដោយ
ច្រវ៉ាក់ភ្ជាប់នឹង សរសរផ្ទះចេញ ទៅណាមិន រួច ។
ប្រភពព័ត៌មាន បានបន្ដថា ពីមុនក្មេងស្រី រងគ្រោះ
ដែលមានឈ្មោះ ថា ពៅ ចន្ថា អាយុ៥ឆ្នាំ ត្រូវបានម្ដាយចិញ្ចឹម ឈ្មោះ ពៅ
ស៊ីផាត់ អាយុ៤៣ឆ្នាំ ជាស្ដ្រីមេមាយបាន យកមកចិញ្ចឹម តាំងពីអាយុ១ខួប៨ខែមក
ម្ល៉េះ ព្រោះតែម្ដាយ បង្កើតរបស់នាង ឈ្មោះ ខ្មៅ ពុំមានលទ្ធភាពចិញ្ចឹម
រីឯឪពុកបង្កើត មិនដឹងជាទៅណា ។
ក្រោយពីយកក្មេងស្រី មកចិញ្ចឹម ដោយ
រស់នៅជាមួយខ្លួន ក្នុងផ្ទះកណ្ដាលព្រៃស្ដ្រី ពៅ ស៊ីផាត់ ដែលមានមុខរបររកស៊ី
កាប់ឆ្កា ព្រៃឱ្យគេ បានចាប់ផ្ដើមធ្វើបាប កូនស្រីចិញ្ចឹម របស់ខ្លួន
ក្នុងរយៈពេលជាង១ឆ្នាំ ចុងក្រោយ នេះ គឺរូបគាត់បានចង ច្រវ៉ាក់ជើងរបស់នាង
ភ្ជាប់នឹងសរសផ្ទះ នៅពេលដែលរូបគាត់ចេញ ទៅកាប់ឆ្កាព្រៃម្ដងៗ ។
តាមការសួរនាំ របស់អាជ្ញាធរ បានឱ្យដឹងថា មូលហេតុ
ដែលស្ដ្រីពៅ ស៊ីផាត់ យកក្រ វ៉ាក់យកទៅចងជើង កូនស្រីចិញ្ចឹម មិនឱ្យដើរ ចេញណា
ព្រោះតែ ខ្លាចកូនស្រី ដើរចូលព្រៃ និងដើរទៅថ្នល់ ។ បើទោះបីប្រជាពលរដ្ឋ
នៅក្នុងភូមិ បានប្រាប់ទៅស្ដ្រី រូបនេះថា ខុស ច្បាប់ហើយ នូវទង្វើខាងលើនេះ
ប៉ុន្ដែស្ដ្រី ពៅ ស៊ីផាត់ មិនបានស្ដាប់ នោះឡើយ ពោល បានបន្ដសកម្មភាព បែបនេះ
រហូតដល់ ប្រជាពលរដ្ឋ រាយការណ៍ ទៅមន្ដ្រីអាដហុកហើយ មន្ដ្រីអាដហុករាយការណ៍
បន្ដទៅមន្ទីរកិច្ច ការនារី និងអាជ្ញាធរពាក់ព័ន្ធ ចុះជួយសង្គ្រោះ
ក្មេងស្រីរងគ្រោះតែម្ដង ។
កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញ ឱ្យថ្នាក់ដឹកនាំក្រសួង សង្គមកិច្ច
និងមន្ដ្រីពាក់ព័ន្ធ ទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ ការធ្វើទារុណ
កម្មលើកុមារ ដែលបានកើតឡើង ជាច្រើនលើក ជាពិសេស នៅក្នុងរយៈពេលប៉ុន្មានខែ
ចុងក្រោយនេះ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news.com