ពលរដ្ឋ ស្រុកមេមត់ រិះគន់ថា មេព្រៃខេត្តត្បូងឃ្មុំ បើកភ្លើងខៀវ ឲ្យឈ្មួញដឹកឈើ អត់ច្បាប់តាមអំពើចិត្ត
ត្បូងឃ្មុំ ៖ ពលរដ្ឋស្រុកមេមត់
ពិសេសពលរដ្ឋ ដែលរស់នៅជាប់ច្រកចាន់មូល បានរិះគន់ត្រង់ៗចំពោះ
មន្ត្រីរដ្ឋបាលព្រៃឈើ ថ្នាក់តំបន់ រហូតដល់ថ្នាក់ខេត្តថា បានបណ្តែតបណ្តោយ
ឲ្យក្រុមឈ្មួញដឹកឈើ អត់ច្បាប់គ្រប់ប្រភេទ តាមអំពើចិត្ត ចែកចាយក្នុងស្រុក
ក៏ដូចជានាំយកទៅលក់ នៅប្រទេសវៀតណាម តាមច្រកចាន់មូល និងតាមច្រករបៀង
ក្នុងទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពពីប្រជាពលរដ្ឋ
ក៏ដូចជាសមត្ថកិច្ចដែលមានភារៈកិច្ច ការពារតាមដងផ្លូវក្នុងតំបន់ បានបង្ហើបឲ្យ
ដឹងថា មួយរយៈចុងក្រោយនេះ ក្រុមឈ្មួញ បានកម្រើកសម្រុកដឹកឈើ ប្រណីតប្រភេទ
បេង គ្រញូង ធ្នង់ តាមរថយន្តស៊េរីទំនើប និងរថយន្តធំ
នាំយកទៅលក់នៅប្រទេសវៀតណាម ចេញតាមច្រកចាន់ មូល និងច្រករបៀងមួយចំនួនទៀត
ក្នុងទឹកដីស្រុកមេមត់ ។
ប្រការនេះ ត្រូវបានមជ្ឈដ្ឋានខាងលើ រិះ គន់ថា
ជាការបើកភ្លើងខៀវ ពីសំណាក់នាយសង្កាត់រដ្ឋបាល ព្រៃឈើស្រុកមេមត់
ក៏ដូចជាមេខណ្ឌរដ្ឋ បាលព្រៃឈើ ខេត្តត្បូងឃ្មុំតែម្តង ទើបឈ្មួញទាំងនោះ អាច
ដឹកនាំបទល្មើសព្រៃឈើទាំងនោះចេញទៅ លក់នៅប្រទេសវៀតណាម បានយ៉ាងរលូនដូច្នេះ ។
ហើយ ឈ្មួញដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនោះ មានឈ្មោះ ជួប ភារម្យ ហៅលាភ
មានតួនាទី ជានាយ ផ្នែក សេនាធិការនគរបាលវរៈព្រំដែន ៦១៧
និងមានឈ្មួញមួយចំនួនទៀត ដែលកំពុងធ្វើសកម្មភាព ដូចគ្នានេះ ។ យ៉ាងណាក៏ដោយ
ភ្លាមៗនេះមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចធ្វើការទំនាក់ទំនង
សុំការបំភ្លឺពីលោក ជួប ភារម្យ ហៅលាភ បានទេ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា នេះ ។
ពាក់ព័ន្ធទៅនឹងការរិះគន់ចំៗ
ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៤
នៅចំណុចតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិចំបក់ ឃុំថ្មពេជ្រ
ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គេបានឃើញរថយន្តយីឌុប មួយគ្រឿង
គ្មានស្លាកលេខ បានជាប់ផុង ដែលមានដឹកឈើ ក្រហមអត់ច្បាប់ជាច្រើនម៉ែត្រគូប
នាំមកពីខេត្តមណ្ឌលគីរី បម្រុងយកទៅលក់ចែកចាយ នៅស្រុកក្រូច ឆ្មារ ។ ប៉ុន្តែ
ក្រោយពីរថយន្តនោះជាប់ផុង នៅចំណុចកើតហេតុអស់ជាច្រើនម៉ោង គេមិនបានឃើញ
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ មានចំណាត់ការទៅលើឈើអត់ច្បាប់ទាំងនោះទេ
។ ប្រការនោះ បាន ធ្វើឲ្យមានការសង្ស័យថា មន្ត្រីរដ្ឋបាលព្រៃឈើ
អាចទទួលផលប្រយោជន៍ពីក្រុមឈ្មួញទាំងនោះ ទើប ពួកគេ
បណ្តែតបណ្តោយឲ្យមានបទល្មើសព្រៃឈើគ្រប់ប្រភេទ នៅលើដែនសមត្ថកិច្ចរបស់ខ្លួន
ដោយ មិនអើពើពីការបង្ក្រាប ហើយបើមានការបង្ក្រាបម្តងៗ បានន័យថា ឈ្មួញនោះ
លួចដឹកឈើលោតឆ័ត្រ មិនទំនាក់ទំនងជាមួយមន្ត្រីជំនាញជាមុន ៕