រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ស្នើ​ឲ្យ​បក្ស​សង្រ្គោះ​ជាតិ​ចូល​សភា

7/10/2014 0 Comments A+ a-

ក្រោមហេតុផលរក្សាស្ថិរភាពនយោបាយ ដើម្បីផ្តល់ជំនឿចិត្ដ ដល់អ្នកវិនិយោគទុនបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទូចគណបក្សសង្រ្គោះជាតិ បោះបង់ការធ្វើពហិកា ហើយចូលសភាធ្វើការ ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
នយោបាយ - ដោយផ្អែកទៅលើរបាយការណ៍ ដែលបានរកឃើញរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជាលោក ស៊ុន ចាន់ថុល បានលើកឡើងថាប្រទេសកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកវិនិយោគទុនអាមេរិក ហើយ ថាក្រុមហ៊ុនធំៗបីរបស់សហរដ្ឋអាមេរិក នឹងមកដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងពេលខាងមុខ តែកម្ពុជា​នៅតែមានបញ្ហាជាកង្វល់ច្រើន ដល់បណ្តាក្រុមហ៊ុនទាំងនោះ។
ក្នុងន័យនេះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានរំលេចឲ្យឃើញថា ភាពមិនប្រាកដប្រជាខាងផ្នែក​នយោបាយ​បានធ្វើឲ្យអ្នកវិនិយោគទុនបរទេស មានការស្ទាក់ស្ទើរក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ ទំនងជាងចង់ផ្តោតថា បណ្តាលមកពីការធ្វើពហិការ របស់គណបក្សសង្រ្គោះជាតិ លោកស៊ុន ចាន់ថុល បានជំរុញដល់គណបក្ស​សង្រ្គោះ​ជាតិ ត្រូវចូលប្រជុំសភាឲ្យបានឆាប់។ ក្នុងសន្និសីទការសែត នៅស្ថានទូតអាមេរិក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ នេះលោក ស៊ុន ចាន់ថុល បានថ្លែងថា មានតែការជជែកគ្នារវាងអ្នកតំណាងរាស្រ្ត នៅក្នុងរដ្ឋសភាទេ ទើបជា​ដំណោះស្រាយត្រឹមត្រូវរាល់គ្រប់បញ្ហា។
គណបក្សសង្រ្គោះជាតិ ដែលបានធ្វើពហិការ មិនចូលប្រជុំសភា ចាប់តាំងពីក្រោយការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៣មកនោះ នៅតែមិនទាន់សម្រេចចូលប្រជុំសភានៅឡើយទេ។ គណបក្សជំទាស់នេះអះអាងថា ដរាបណា​មិនទាន់មានការធានាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មានភាពឯករាជ្យតាម​រយៈការជ្រើស​រើសយករូបមន្តពីរភាគបី នៃសមាជិកសភា ដើម្បីបោះឆ្នោតអនុម័ត គណបក្សសង្រ្គោះជាតិដាច់ខាតមិន​ចូល​ប្រជុំ​សភាដាច់ខាត។
ចំពោះការរារែកចិត្តរបស់អ្នកវិនិយោគទុនបរទេស ដើម្បីធ្វើពាណិជ្ជកម្មនៅកម្ពុជា គណបក្សសង្រ្គោះជាតិ មិនបាន​យល់​ស្របតាមលោក ស៊ុន ចាន់ថុល ទាំងស្រុងនោះទេ ព្រោះគណបក្សជំទាស់ដដែលនេះ បានលើកឡើង​ជា​រឿយៗ ពីបញ្ហាអំពើពុករលួយ អភិបាលកិច្ចមិនបានល្អ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធយុត្តិធម៌ទន់ខ្សោយ ការរំលោភ​សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យផុយស្រួយ ជាដើម ទើប ជាឬសគល់ពិតប្រាក ដែលធ្វើឲ្យអ្នកវិនិយោគទុន​បរទេស ខ្លាចរអាក្នុងការបោះទុនវិនិយោគនៅកម្ពុជា៕