អង្គការ​អន្តរជាតិ​អំពាវ នាវ​ឲ្យ​​រដ្ឋាភិបាល​​ដោះ លែង​តំណាងរាស្ត្រ​៥រូប​ជាបន្ទាន់

7/17/2014 0 Comments A+ a-


image (1)ក្រុម ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ដោះលែង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាបន្ទាន់ ដោយសារ​អ្នក​ទាំងនោះ​មិន​ជាប់​ពាក់ព័ន្ធ​នៃ​ការ​ប្រទូស​រ៉ាយ​រវាងក្រុម​​ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារ ទី​១៥ កក្កដា នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ឡើយ​។

 នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)លោក ប៊្រែដ អាដាម (Brad Adams) កាលពី ​ថ្ងៃ​ពុធ ទី​១៦ កក្កដា ​នេះ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​អំពើ​ហិង្សា​ដែល​ផ្ទុះឡើង​រវាង​កង​សន្តិសុខ ​របស់​រដ្ឋាភិបាល និង​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ដែល​លោក​ចាត់​ទុក​ថា​ជា​ទង្វើ​ដ៏​ អាក្រក់។
ទោះបី ​ជា​មាន​អំពើ​ហិង្សា​នេះ​កើតឡើង​ក៏ដោយ ប៉ុន្តែ​លោក ប៊្រែដ អាដាម អះអាង​ថា​ ក្រុម​តំណាងរាស្ត្រ​បក្ស​ជំទាស់​ដែល​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ​ចាប់ខ្លួន​និង​កំពុង​តាម​ចាប់ខ្លួន​នោះ គ្មាន​ភស្តុតាង​ណាមួយ​ដែល​អាច​បញ្ជាក់​ថា ពួកគេ​ជា​អ្នក​បញ្ជា ឬ មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ហិង្សា​នេះ​ឡើយ៖ «ភស្តុតាង ​ដើម្បី​ចោទប្រកាន់​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​គឺសូន្យ​តែ​ម្ដង។ ពួកគេ​មិន​អាច​ទទួលខុសត្រូវ​ខាង​ផ្លូវច្បាប់​ក្នុង​ហេតុការណ៍​នេះ​ទេ។ ការ​ចាប់​ខ្លួន​ក្រុម​តំណាងរាស្ត្រ​ទាំងនេះ​គឺ គ្រាន់​ជា​ការ​ប៉ុនប៉ង​មួយ​ទៀត​របស់​រដ្ឋាភិបាល​ដែល​ប្រើប្រាស់​ឱកាស​នេះ​ ដើម្បី​បង្ក​ភាព​លំបាក​បន្ថែម​ទៀត​ដល់​ក្រុម​ប្រឆាំង​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ត្រូវ​បញ្ចប់​ការ​រារាំង​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ និង​ការ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ​ហើយ​បើក​សេរីភាព​ឲ្យ​ពលរដ្ឋ​ឈរ​បញ្ចេញមតិ​តាម​ចិត្ត​ចង់​។ រដ្ឋាភិបាល​គួរ​ចាប់ខ្លួន​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង និង​កម្លាំង​សន្តិសុខ​ដែល​ប្រើ​អំពើ​ហិង្សា​ដាក់គ្នា​នោះ​វិញ»
សមត្ថកិច្ច ​ទីក្រុង​ភ្នំពេញ ​កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ កក្កដា ​បាន​ចាប់ខ្លួន​ក្រុម​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ​ចំនួន ៥​នាក់ រួមមាន អ្នកស្រី មូរ សុខ​ហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក កែវ ភិរម្យ និង​លោក រៀល ខេមរិន្ទ្រ ភា្លម​ៗ​ក្រោយពី​មានការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ក្រុម​អ្នក​គាំ​ទ្រ​បក្ស​ ប្រឆាំង និង​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។
មេធាវី ​ការពារ​ក្ដី​ឲ្យ​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក សំ សុខ​គង់ ឲ្យ​ដឹង​ថា អ្នក​ទាំង ​៥​នោះ ​ត្រូវ​បាន​ព្រះរាជអាជ្ញាធរ​​ចោទប្រកាន់​ពី​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ បទឧក្រិដ្ឋ និង​កុបកម្ម​ប្រឆាំង​មន្ត្រី​សាធារណៈ ដែល​អាច​ជាប់​ពន្ធនាគា​រ​ពី ១០​ឆ្នាំ ដល់ ២០​ឆ្នាំ​។ លើស​ពី​នេះ​តំណាងរាស្ត្រ​ពីរ​នាក់​ទៀត​របស់​បក្ស​ប្រឆាំង ​រួមមាន លោក នុត រំដួល និង​លោក ឡុង រី កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក្នុង​ករណី​ដូចគ្នា​នេះ​ដែរ។
ចំណែក ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​ជំរុញ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ​ដោះលែង​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥​នាក់ ដោយ​គ្មាន​លក្ខខណ្ឌ និង​បញ្ឈប់​ការ​តាម​ចាប់​តំណាងរាស្ត្រ​បក្ស​ជំទាស់​ចំនួន ​២​រូប​ទៀត​ជាបន្ទាន់។
លោក ប៊្រែដ អាដាម អះអាង​ថា​ ការចោទប្រកាន់​ក្រុម​តំណាងរាស្ត្រ​បក្ស​ជំទាស់​ទាំងនេះ ជា​ការ​ចោទប្រកាន់​ដ៏​អស់សំណើច​មួយ​ ហើយ​​ថា ​ការ​ចាប់​ខ្លួន​ពួកគេ​រឹតតែ​ធ្វើ​ឲ្យ​ស្ថានភាព​ជាប់​គាំង​នយោបាយ​នៅ​ កម្ពុជា ​កាន់តែ​មាន​ភាព​អាក្រក់​ទៅ៖ «ខ្ញុំ ​គិត​ថា ​វា​គ្មាន​សញ្ញា​ណាមួយ​សោះ​ក្នុង​ការ​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​នៅ​ កម្ពុជា​។ វា​កាន់តែ​ធ្វើ​ឲ្យ​ស្ថាន​ការ​នៅ​កម្ពុជា អាក្រក់​ទៅ​ៗ កាន់​តែ​ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ខឹងសម្បា​ ហើយ​កាន់​តែ​ធ្វើ​ក្រុម​ប្រឆាំង​លំបាក​កំណត់​ការ​ចរចា​ដោះស្រាយ​នយោបាយ​ ជាមួយ​រដ្ឋាភិបាល។ រូបភាព​នេះ​ហាក់​ដូច​ជា​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​សម្ពាធ​​របស់​ខ្លួន​ ទៅលើ​បក្ស​ប្រឆាំង ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ យើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការចោទប្រកាន់​នេះ​ជាបន្ទាន់ ​ពីព្រោះ​ការ​ចោទ​ប្រកាន់​នេះ​ដូចជា​រឿង​កំប្លុក​កំបែ្លង​អ៊ីចឹង»
ប៉ុន្តែ ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ ពុធ ទី​១៦ ប្រធាន​ស្តីទី​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី អះ​អាង​ថា ​ការ​ចាប់​ខ្លួន​ក្រុម​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ គឺ​គ្រាន់តែ​អនុវត្ត​ទៅតាម​ច្បាប់​ប៉ុណ្ណោះ ហើយ​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​ចរចា​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​ ឡើយ។
ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក បាស៊ីល ហ្វឺណាន់ដូ (Basil Fernando) នាយក​ប្រតិបត្តិ​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហុងកុង បាន ​ប្រាប់​វិទ្យុ​អាស៊ីសេរី ​តាម​ទូរស័ព្ទ​ថា ការ​ឃុំ​ខ្លួន​តំណាងរាស្ត្រ​ដែល​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គឺ​ដូចគ្នា​ទៅ​នឹង​ការ ​ឃុំ​ឃាំង​សំឡេង​របស់​ពលរដ្ឋ​អ៊ីចឹង​ដែរ។
លោក ​បន្ត​ថា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ មិន​អាច​មាន​ទៅ​បាន​ទេ ប្រសិនបើ​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ គ្រូបង្រៀន ឬ​ក្រុម​តំណាងរាស្ត្រ ត្រូវ​បាន​រឹតត្បិត​ដោយ​រដ្ឋាភិបាល៖ «រដ្ឋាភិបាល ​ត្រូវ​បើក​សេរីភាព​ឲ្យ​ពលរដ្ឋ​ពេញលេញ​ក្នុង​ការ​ធ្វើបាតុកម្ម​ដោយ​ ស្របច្បាប់ ជាពិសេស​គឺ​គណបក្ស​នយោបាយ និង​ក្រុម​តំណាងរាស្ត្រ​ដែល​ពលរដ្ឋ​បាន​បោះឆ្នោត​ឲ្យ​ទាំងនោះ»
លោក ​បន្ត​ថា​ចាប់​តាំង​ពី​ការបោះឆ្នោត​លើកដំបូង​នៅ​ឆ្នាំ​១៩៩៣ មក​មូលដ្ឋាន​គ្រឹះ​នៃ​វប្បធម៌​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ ពលរដ្ឋ​ធ្វើបាតុកម្ម​ដោយសន្តិវិធី​មិន​ដែល​ឃើញ​មានការ​កំណត់​ឲ្យ​បាន​ច្បាស់ ​លាស់​ក្នុង​ច្បាប់​ជាតិ​របស់​ខ្លួន​នោះ​ទេ ដោយសារ​គណបក្ស​កាន់​អំណាច​តែង​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​ ដើម្បី​តបត និង​ដើម្បី​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ​ជា​ញឹកញាប់។
ទាក់ទិន ​នឹង​បញ្ហា​នេះ​ដែរ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ ទី​១៦ កក្កដា ​ថា អំពើ​ហិង្សា​ដែល​កើតឡើង​កាលពី​ថ្ងៃ​អង្គារ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ការ​រួម​ចង្អៀត​នៃ​ដំណើរការ​លទ្ធិ​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បន្ត​ថា ​ចាប់​តាំងពី​ខែ​មករា ​អំពើ​ហិង្សា​នៅ​កម្ពុជា ​ជា​សញ្ញា​អវិជ្ជមាន​មួយ​ដល់​ការ​ចូលរួម​គោរព​សិទ្ធិមនុស្ស​សម្រាប់​ទាំងអស់ ​គ្នា។
ជាង ​នេះ​ទៅ​ទៀត ​បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​រូប​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ទីលាន​ប្រជាធិបតេយ្យ និង​បើក​ឲ្យ​ពលរដ្ឋ​មាន​សេរីភាព​បញ្ចេញមតិ​ជា​សាធារណៈ​ឡើងវិញ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឈប់​ប្រើ​ហិង្សា​បង្ក្រាប​ក្រុម​បាតុករ ឬ​អ្នក​តវ៉ា​ដោយ​អហិង្សា​ដូច​ពេល​កន្លង​មក​ទៀត៕
ប្រភពពី វិទ្យុអាស៊ីសេរី