សមត្ថកិច្ច​រារាំង​យុវជន​និង​ ព្រះសង្ឃ​មិន​ឲ្យ​ទៅ​មើល​ បង្គោល​សីមា​ព្រំដែន

7/14/2014 0 Comments A+ a-


20140714_05កណ្តាលៈ សមត្ថកិច្ច ​ចម្រុះ​ទាហាន និង​នគរបាល ខេត្ត​កណ្តាល បាន​ធ្វើ​ការ​រារាំង​យុវជន​និង​ព្រះសង្ឃ​ជាង ២០០ នាក់​និង​អង្គ​ដែល​បាន​ព្យាយាម​ចូល​មើល​ការ​កំណត់​បង្គោល​សីមា​រវាង កម្ពុជា និង វៀតណាម កាល​ថ្ងៃ​សុក្រ​កន្លង​មក ខណៈ​ពួក​គេ​បាន​ទៅ​ធ្វើ​ពិធី​បុណ្យ​ពុទ្ធ​សាសនា​មួយ នៅ​ក្នុង ឃុំ​ព្រែក​ថ្មី ស្រុក​កោះ​ធំ ខេត្ត​កណ្តាល។
មន្រ្តី​ម្នាក់​ក្នុង​ចំណោម​មន្រ្តី​នគរបាល​ដែល ​បាន​ព្យាយាម​រារាំង យុវជន និង​ព្រះ​សង្ឃ ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ទៅ​ក្រុម​សកម្មជន​ទាំង​នោះ​ថា អាជ្ញាធរ​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​ទាំង​នោះ​ទៅ​មើល​បង្គោល​ព្រំដែន កម្ពុជា‑វៀតណាម ទេ ពីព្រោះ​សកម្មជន​ទាំង​នោះ​មិន​បាន​ជម្រាប​ទៅ​អាជ្ញាធរ​ជា​មុន។
មន្រ្តី​នគរបាល​បាន​បន្ត​ទៀត​ថា៖ «អ្នក​ទាំង​អស់​គ្នា​មិន​អាច​ទៅ​ក្រៅ​វត្ត​ជា​ដាច់​ខាត ពីព្រោះ​បន្ទាត់​ព្រំដែន​គឺ​នៅ​ជិត​មុខ​វត្ត។ ពាក់​ព័ន្ធ​នឹង​ថ្នាក់​មូលដ្ឋាន នៅ​ពេល​អ្នក​ទាំង​អស់​គ្នា​មក​ដូច​នេះ ត្រូវ​តែ​ជម្រាប​អាជ្ញាធរ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​មិន​បាន​ជម្រាប​អាជ្ញាធរ។ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​អាច​មក​បាន​ត្រឹម​តែ​វត្ត​ប៉ុណ្ណោះ»។
ស្រ្តី​ម្នាក់​ក្នុង​ចំណោម​សកម្មជន​ទាំង​នោះ​ បាន​ប្រាប់​នគរបាល​ខណៈ​ពួក​គេ​កំពុង​តែ​ប្រឈម​មុខ​គ្នា​នៅ​ជិត​ព្រំដែន​ បង្ហោះ​នៅ​ក្នុង​វីដេអូ​គ្លីប​មួយ​បាន​ថ្លែង​ថា៖ «ប្រជាជន​របស់​យើង​បាន​និយាយ​ថា ពួក​គេ​ចង់​ទៅ​លេង​ព្រំដែន។ យើង​ទៅ​មើល​ព្រំដែន​ទេ។ យើង​ជា​ពលរដ្ឋ យើង​មាន​សិទ្ធិ»។
សៀង អុល អ្នក​ភូមិ​ម្នាក់​បាន​ថ្លែង​ថា បង្គោល​ព្រំដែន​ត្រូវ​បាន​ដាំ​នៅ​លើ​ដី​ខ្មែរ ហើយ​អាជ្ញាធរ​តែង​តែ​រារាំង​ប្រជាជន​មិន​ឲ្យ​ទៅ​មើល។ លោក​ថា៖ «នគរបាល​មិន​អនុញ្ញាត​ឲ្យ​យើង​ចូល​ទៅ​កន្លែង​បង្កោល​ព្រំដែន។ យើង​នៅ​ទី​នេះ​ក្រោម​ការ​បញ្ជា​របស់​ពួក​គេ»។
អឿ ណារិទ្ធ ប្រធាន​ក្រុម​យុវជន​សន្តិភាព ដែល​បាន​ដឹក​នាំ​យុវជន​ទៅ​មើល​បង្កោល​ព្រំដែន កម្ពុជា‑វៀតណាម ថ្លែង​ថា យុវជន​និង​ព្រះសង្ឃ​ជិត ២០០ នាក់​បាន​ទៅ​មើល​ខ័ណ្ឌ​សីមា​ព្រំដែន​កាល​ថ្ងៃ​សុក្រ ប៉ុន្តែ​ពួក​គេ​មិន​បាន​ទៅ​ដល់​ទីតាំង​នៃ​បង្គោល​ព្រំដែន​ដោយ​សារ​ការ​ រារាំង​របស់​នគរបាល។
លោក អឿ ណារិទ្ធ ថា៖ «ខ្ញុំ​ត្រូវ​តែ​ឈឺចាប់​ដែល​រដ្ឋាភិបាល​របស់​យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ​អំពី​ព្រំដែន​ឲ្យ វៀតណាម រំកិល​ចូល​មក​ក្នុង​ដី​កម្ពុជា។ ខ្មែរ​រារាំង​ខ្មែរ​មិន​ឲ្យ​ទៅ​មើល​ព្រំដែន​ដូច​នេះ យើង​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​យើង​ថ្កោល​ទោស​ចំពោះ​ការ​រារាំង​បែប​នេះ»។
អធិការ​នគរបាល ស្រុក​កោះធំ លោក មុយ ចាន់ពេជ្រ បាន​បញ្ជាក់​ពី​ម្សិល​មិញ​ថា នគរបាល​របស់​លោក​មិន​បាន​រារាំង​សកម្មជន​ទាំង​នោះ​មិន​ឲ្យ​ទៅ​មើល​ព្រំដែន​ ទេ ផ្ទុយ​ទៅ​វិញ​នគរបាល​បាន​ការពារ​និង​អម​ដំណើរ​ពួក​គេ​ទៅ​មើល​ព្រំដែន ហើយ​អាជ្ញាធរ​មូល​ដ្ឋាន​មិន​ស៊ី​ជម្រៅ​អំពី​បញ្ហា​ព្រំដែន​ទេ។
លោក​បាន​ថ្លែង​បន្ត​ថា៖ «យើង​អម​ដំណើរ​ពួក​គេ​ទៅ​ដល់​ព្រំដែន​ហើយ​បាន​ប្រាប់​ពួក​គេ​មិន​ឲ្យ​ឆ្លង​ ព្រំដែន​ក្រែង​ខាង វៀតណាម ចាប់​ខ្លួន»៕