នាយករដ្ឋមន្រ្តី៖ រូបមន្តរើសគ.ជ.ប ២ ភាគ ៣ ជារូបមន្តបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា
-នាយករដ្ឋមន្រ្តី ព្រមានថា បើសិនជាគណបក្សប្រឆាំង ចង់ធ្វើបាតុកម្ម! សាកមើលទៅ!
-បើគណបក្សប្រឆាំង ចង់បានទូរទស្សន៍មួយ ដែលឯករាជ្យ ទៅបង្កើតនៅឋានព្រះច័ន្ទទៅ
កំពង់ឆ្នាំង៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
អាណត្តីតី៥
បានប្រកាសនាព្រឹកថ្ងៃអង្គារនេះថា រូបមន្តរើស គណៈកម្មាធិការជាតិរៀប
ចំការបោះឆ្នោត (គ.ជ.ប) ២ ភាគ ៣
ជារូបមន្តបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ បើគណបក្សសង្គ្រោះជាតិអាច
ចូលក្នុងដំណើរការសភា តាមរយៈការចរចាដោយសមហេតុសមផល
តែប្រសិនបើមិនចូលរួមនោះស្ថាប័នទាំងអស់នឹងនៅតែដំណើរការជាប្រក្រតី
ដូចបច្ចុប្បន្នរហូតដល់ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រីបានប្រកាសយ៉ាងដូច្នេះ
នៅក្នុងពិធីទិវាមច្ឆជាតិលើកទី១២ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា
ឆ្នាំ២០១៤ ចេញពីខេត្តកំពង់ឆ្នាំង លោក ហ៊ុន
សែន បានមានប្រសាសន៏ថាក្នុងកិច្ច ប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន
កាលពីថ្ងៃទី៣០មិថុនាម្សិលមិញ
លោកបានពិភាក្សាអំពីនយោបាយជាប់គាំងក្រោយការបោះឆ្នោត
នៅកម្ពុជា។លោកលើកឡើងថា មានដំណោះ ស្រាយពីរ គឺ
ទី១-បើគណបក្សប្រឆាំងចូលរដ្ឋសភា នោះយើងស្វាគមន៍
តែបើគណបក្សប្រឆាំង មិនចូលទេ
យើងនឹងដំណើរការរបៀបនេះរហូតដល់ការបោះឆ្នោត ឆ្នាំ២០១៨
ហើយកំណែទម្រង់នៃការបោះ ឆ្នោត យើងនៅតែបន្តធ្វើ
បើទោះបីជាមិនមានជំនួយពីបរទេសក៏ដោយ។ រីឯការបោះឆ្នោត
នឹងធ្វើទៅតាមកំណែទម្រង់នោះ គឺរំកិលពីអាណត្តិមុន
មកបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០១៨។
លោក ហ៊ុន សែន បានបន្តថា
លោកបានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសជប៉ុនរួចហើយថា គណបក្សប្រឆាំង
បានទាមទារការជ្រើសរើសសមាជិកគជប តាមសំឡេង ២ ភាគ ៣។ តែការទាមទារសំឡេង ២
ភាគ ៣ នោះ វានឹងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
វានឹងសំលាប់ប្រជាធិបតេយ្យនៅកម្ពុជា ដោយសារតែការជាប់គាំង គជប
តាមសំឡេង ២ ភាគ ៣ ហើយធ្វើឲ្យជាប់គាំងអ្វីទាំងអស់។
លោក ហ៊ុន សែន ក៏បានព្រមានបន្ថែមថា
បើសិនជាគណបក្សប្រឆាំង ចង់ធ្វើបាតុកម្ម! សាកមើលទៅ!
ព្រោះគណបក្សប្រជាជនកម្ពុជា ក៏មានអ្នកគាំទ្រដែរ។ ពីមុនលោកបានឃាត់
មិនឲ្យមានបាតុកម្មតបត តែពេលនេះ បើគណបក្សប្រឆាំងហ៊ានធ្វើបាតុកម្ម
លោកលែងឃាត់អ្នកគាំទ្ររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា
ធ្វើបាតុកម្មតបនឹងគណបក្សប្រឆាំងហើយ។
សុទ្ធតែជាឆន្ទៈរាស្ត្រដូចគ្នា ហើយគណបក្សប្រជាជនកម្ពុជា
មានអ្នកគាំទ្រច្រើនជាងគណបក្សប្រឆាំងទៅទៀត។
អំពីការបង្កើតទូរទស្សន៍សម្រាប់គណបក្ស
សង្គ្រោះជាតិវិញ ក៏ត្រូវបានលោក ហ៊ុនសែន បញ្ជាក់ថា គណបក្សប្រឆាំង
ចង់បានទូរទស្សន៍មួយ ដែលឯករាជ្យ មិនស្ថិតនៅក្រោមច្បាប់សារព័ត៌មាន
គឺទាល់តែទៅបង្កើតនៅឋានព្រះច័ន្ទ ព្រោះប្រទេសណា
ក៏មានច្បាប់ដែរ។
លោកនាយករដ្ឋមន្ត្រី ក៏បានព្រមាន
គណបក្សប្រឆាំងថា នៅកម្ពុជា មិនអាចបង្កើតតំបន់អប្បគមន៍បានទេ
ហើយបើចង់សាក លើកអង់តែន បង្កើតទូរទស្សន៍នោះមើលទៅ៕
ប្រភពពី Free Press Magazine