ទាហាន កងពលធំ អន្តរាគមន៍លេខ២ យកគ្រឿងចក្រ កាយព័ទ្ធ យកដីព្រៃ សហគមន៍ ភ្នំព្រះ និងគំរាមបាញ់សម្លាប់ ប្រជាសហគមន៍

7/12/2014 0 Comments A+ a-


prevent woodបន្ទាយមានជ័យ ៖ មានការប៉ះទង្គិច ពាក្យសម្តីគ្នា មួយប្រាវ រហូតឈានដល់ មានការ បេះសោរកាំភ្លើង គំរាមប្រជាពលរដ្ឋ ពីសំណាក់ ក្រុមទាហាន របស់កងពលធំ អន្តរាគមន៍ លេខ២ ដែលប្រចាំបញ្ជាដោយ លោក លន់ សុផល ជាមនុស្សរបស់ លោកឧត្តម សេនីយ៍ទោ ឈិន ឆន មេបញ្ជារការរង កងពលធំមួយនេះ ដែលកំពុងការពារ គ្រឿងចក្រ ចូកកាយ ក្រវ៉ាត់ព័ទ្ធ យកដីព្រៃសហគមន៍ភ្នំព្រះ ទៅលើប្រជាសហគមន៍ ដែលមានបំណង រារាំង និងការពារ ដីព្រៃសហគមន៍ ពីការទន្រ្ទានយក ។
ក្នុងការប៉ះទង្គិចពាក្យ សម្តី និងឈានដល់ការបេះសោកាំភ្លើង គំរាមនោះ មន្ត្រីយោធាដែលកំពុង ការពារគ្រឿងចក្រ បាននិយាយគំរាម និងចម្អកអោយ គណៈកម្មការ និងប្រជាសហគមន៍ និងមន្ដ្រីរដ្ឋបាលព្រៃឈើ ថា គួរកុំព្យាយាមនាំគ្នា ចូលទៅជិតព្រៃនេះ អីប្រយត្ន័ពួកគេបាញ់ ងាប់ចោល និងគួរបោះបង់ ចោលនូវក្តី ស្រមើស្រម៉ៃ និងគំនិតអភិរក្សដីព្រៃឈើ សហគមន៍ ភ្នំព្រះ ដ៏ឆ្គួតលីលានោះចោលទៅ ហើយមួយវិញទៀត បើចង់បានដីព្រៃឈើ សហគមន៍នេះវិញ នាំគ្នាកើបយក១ គីឡូប្រហុក ចុះតែបើចង់បាន ឈើសុំកាប់ យកម្នាក់មួយលីទៅ” ។
ហេតុការណ៏នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៤ នៅក្នុងព្រៃសហគមន៍ ចំណុចភ្នំវែង នៃព្រៃសហគមន៍ ភ្នំព្រះ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈដែលគណៈកម្មការ និងប្រជាសហគមន៍ ព្រមទាំងមន្ដ្រី រដ្ឋបាល ព្រៃឈើ មន្រ្ដីអាជ្ញាធរ ដែនដីឃុំ នគរបាល ទាហាន ចារកម្មមានគ្នា ប្រមាណជាង ៣០០នាក់ បានទៅស្នើសុំអោយគ្រឿងចក្រ របស់ទាហានកងពលធំ អន្តរាគមន៍លេខ ២ បញ្ឈប់ការ រំលោភយកដី ព្រៃសហគមន៍។
លោក ដា ឈាន មេឃុំថ្មពួកបាន អោយដឹងថា ព្រៃសហគមន៍ ភ្នំព្រះស្ថិតក្នុង ឃុំបន្ទាយឆ្មារ ឃុំថ្មពួក ឃុំភូមិថ្មី ឃុំគោកកឋិន នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងឃុំបេងនៃ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ លោកបានបន្តថា បន្ទាប់ពីបានទៅឃើញ សកម្មភាពទាហាន កាយយកដីព្រៃឈើ សហគមន៍ ភ្នំព្រះនេះ ហើយលោកបានបង្ហាញ ពីវិប្បដិសារី និងភាពខកចិត្តយ៉ាងខ្លាំង ដែលកន្លងមក បានខិតខំរួមគ្នា ថែរក្សាការពារ និងអភិរក្សព្រៃសហគមន៍ តែមួយគត់ និងចុងក្រោយក្នុងស្រុកថ្មពួក ពិសេសសត្វព្រៃ ដែលនៅសេសសល់ តិចតួចនេះ កុំអោយបាត់បង់ ។ ប៉ុន្ដែឥឡូវនេះ ប្រជាសហគមន៍ អស់ជំនឿដោយសារ មិនអាចទប់ស្កាត់ការ ទន្រ្ទានយកដោយក្រុមទាហាន ដែលប្រើគ្រឿងចក្រ និងកម្លាំងការពារប្រដាប់ ដោយអាវុធគ្រប់ដៃ មកហ៊ុំព័ទ្ធយកដីព្រៃមួយនេះ ។
ដោយឃើញសន្ទុះនៃសំឡេង ស្រែកកងរំពងពី សំណាក់ ប្រជាពលរដ្ឋដែលសុំអោយ បញ្ឈប់គ្រឿងចក្រជាបន្ទាន់ លោក លន់ សុផល បានបញ្ជារអោយ ក្រុមទាហាន របស់គេបើកសោរ អាមេកាំភ្លើង ហើយលើកភ្ជង់តម្រង់ ទៅលើប្រជាសហគមន៍ ដោយស្រែកថា បាញ់មួយគ្រាប់ងាប់៤ ទៅ៥នាក់ ។ បន្ទាប់មកក៏យក ក្រដាសថតចម្លង ជាច្រើនសន្លឹក ទៅអោយលោក ចាន់ សារ៉ន (ហៅ សិត) អានអោយ ប្រជាសហគមន៍ ស្ដាប់ក្នុងនោះ មានការលើកឡើងពី នាយឧត្តមសេនីយ៍ គន់ គីម ស្នើសុំសម្ដេច នាយករដ្ឋមន្រ្ដី ដើម្បីកសាងបន្ទាយ ជុំរំជម្រកទ័ព និងសុំដីកាត់ ជូនគ្រួសារទ័ព មានទំហំប្រមាណ ៦០០០ ហ.ត ស្ថិតក្នុង ភូមិសាស្រ្ដឃុំបេង ខេត្តឧត្តរមានជ័យ ។ ខ្លឹមសារនោះពុំទាន់ឃើញ មានការឯកភាពនៅឡើយទេ។
ប៉ុន្ដែមន្រ្ដី យោធាបានប្រាប់ថា សហគមន៍ មន្រ្ដីរដ្ឋបាលព្រៃឈើ និងអ្នកពាក់ព័ន្ធ បើចង់ដឹងរឿងនេះបន្ថែមសូម ទៅលោកឧត្តមសេនីយ៍ទោ ឈិន ឆន មេបញ្ជាការរង កងពលធំលេខ២ និងសួរទៅថ្នាក់លើពាក់ព័ន្ធ។ លោក ស៊ិន អឺណាបុត្រ នាយរងខណ្ឌរដ្ឋបាល ព្រៃឈើ បន្ទាយមានជ័យ និង លោក អ៊ឹង វុធារ៉ា នាយផ្នែក រដ្ឋបាលព្រៃឈើថ្មពួក អោយដឹងថា ទាហានថ្នាក់ក្រោម នៃកងពលធំលេខ ២ ពុំមានឯកសារ គតិយុត្ដិ និងការទទួលស្គាល់ត្រឹមត្រូវ ដើម្បីហ៊ុំព័ទ្ធ យកដីព្រៃសហគមន៍ នោះទេ ។ ប៉ុន្ដែបើពួកគេ ធ្វើបានដូច្នេះ វាជះឥតទ្ធិលអវិជ្ជមាន ទៅលើគោល នយោបាយអភិរក្ស និងអភិវឌ្ឍន៍ ព្រៃឈើសហគមន៍ របស់រាជរដ្ឋាភិបាល កម្ពុជា ។
ពលរដ្ឋទូទៅ ពិសេស ប្រជាសហគមន៍ព្រៃឈើ អស់ជំនឿ ហើយលែង មានចិត្តចង់ចូលរួម ថែរក្សាការពារ ព្រៃឈើ សហគមន៍ទៀត តែនឹងបែរជាមានគំនិតមើល បំណាំពីគំរូអាក្រក់នេះ ហើយឆក់ឱកាសនាំគ្នា ចូលរំលោភយកដីព្រៃឈើរដ្ឋ ធ្វើជាកម្មសិទ្ធិ ។ យោងតាមប្រភពព័ត៌មាន ដែលអាចជឿទុកចិត្តបាន បានបង្ហើបអោយ មជ្ឈមណ្ឌលដើមអំពិលដឹងថា ខណៈដែលមានទាហាន កំពុងកាយព័ទ្ធយកដីព្រៃ សហគមន៍ភ្នំព្រះ ក៏មានឈ្មួញដីមួយចំនួន បានជជីកសួរទៅមន្ដ្រី រដ្ឋបាលព្រៃឈើថា តើពួកគេអាចទិញដីនោះ បានឬទេ? ព្រោះមានគេរត់ការថាដីនោះ គេលក់១ហិចតា ក្នុងតម្លៃយ៉ាងតិច ២០.០០០ បាត(ប្រាក់ថៃ) ប្រហែលជាង២ លានរៀល។
លោក បាន យួយ ប្រធានគណៈកម្មការ សហគមន៍ និងលោក ឈុំ សុខ សមាជិក ព្រមទាំងប្រជាសហគមន៍ ជាច្រើនទៀតបាននិយាយថាៈ ពួកខ្លួនទទូចសុំ អន្ដរាគមន៍ពីរដ្ឋបាល ព្រៃឈើ អាជ្ញាធរដែនដី ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីដើម្បី ជួយការពារដីព្រៃសហគមន៍ ភ្នំព្រះ ទំហំជាង ៣០០ ហ.ត ដែលទាហានកងពលធំលេខ ២ បាននឹងកំពុង កាយព័ទ្ធយក ។ ពួកគេបន្ដថា នេះជាព្រៃសហគមន៍ តែមួយគត់ ដែលនៅសេសសល់ ចុងក្រោយ ក្នុងស្រុកថ្មពួកដូច្នេះ វាគួរតែមានសុវត្ថិភាព សម្រាប់ព្រៃឈើ សត្វព្រៃ និងសហគមន៍យើង ៕














________________
ផ្តល់សិទ្ទិដោយ៖dap-news