ចាប់ខ្លួនបញ្ជួនមន្ត្រី នគរបាលក្រសួង មហាផ្ទៃម្នាក់ ទៅតុលាការពាក់ព័ន្ធ ការស៊ីដាច់ប្រាក់ ជាង១លានដុល្លារ
ជនសង្ស័យដែលសមត្ថកិច្ចចាប់បញ្ជូនខ្លួននេះ
ឈ្មោះមានឈ្មោះប៉ិច ហ៊ី ភេទប្រុស អាយុ៣៦ឆ្នាំ
មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជយ័។ ការចាប់បញ្ជួន ត្រូវបានឡើងកាលពីថ្ងៃទី១៦
ខែកក្កដា ឆ្នាំ២០១៤ តាមបញ្ជាលោក ស៊ាង សុខ ព្រះរាជអាជ្ញាអមតុលាការ
ក្រុងភ្នំពេញក្រោយពីមានពាក្យបណ្តឹងរបស់ឈ្មោះ ស្រី ចាន់ថន ភេទប្រុស
អាយុ៣៣ឆ្នាំ ជាប្រធាន ក្រុមហ៊ុនកសិកម្មសុវត្ថិភាពពាណិជ្ជ
និងក្រុមហ៊ុនសេវេនអេនជី។
ទាក់ទិនមន្រ្តីនគរបាលស៊ីដាច់ប្រាក់គេជាង១
លានដុល្លារនោះ ត្រូវបានគេដឹងថា នៅក្នុងអំឡុងឆ្នាំ២០០៦
ក្រុមហ៊ុនកសិកម្មសុវត្តិភាព បានចាត់តាំងឲ្យឈ្មោះប៉ិច ហ៊ី
កាលណោះជាបុគ្គលិកក្រុមហ៊ុនទទួលខុសត្រូវរៀបចំដីនិងប្រមូលទិញដីនៅ
តំបន់ភូមិបារ៉ុង ភូមិវិហាសួគ៍ ភូមិព្រៃចាស់ ភូមិសន្លុង
និងភូមិឈូក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ រាល់ការងារចុះទិញដី
រៀបចំឯកសារទិញ-លក់ ការផ្ទេរឈ្មោះ
និងទូទាត់ប្រាក់ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ដីគឺឈ្មោះប៉ិច ហ៊ី
ជាអ្នកទទួលខុសត្រូវទាំងអស់។
ពេលនោះក្រុមហ៊ុនបានប្រគល់ប្រាក់ឲ្យទៅឈ្មោះប៉ិច ហ៊ី ជាហូរហែ
សរុបចំនួន១លាន៥សែន២៧.៦៥ដុល្លារអាមេរិក
ដោយបានធ្វើបញ្ជីដកហូតប្រាក់ពីក្រុមហ៊ុនយ៉ាងត្រឹមត្រូវ។
លុះដល់ឆ្នាំ២០០៩ ឈ្មោះប៉ិច ហ៊ី
បានរត់ចោលក្រុមហ៊ុនមិនដឹងជាទៅរស់នៅទីណា
តែពេលខ្លះក្រុមហ៊ុនមានការទំនាក់ទំនងបានតាមរយៈទូរសព្ទ័
ដោយឲ្យឈ្មោះប៉ិច ហ៊ី
ចូលខ្លួនដោះស្រាយរឿងប្រាក់យកទៅទិញដីជាង១លានកន្លះដុល្លារ
មិនមានដី១ដុំឲ្យក្រុមហ៊ុននោះ ផ្ទុយទៅវិញឈ្មោះហ៊ី
មិនបានចូលខ្លួនទេ ថែមទាំងគេចខ្លួនបាត់រហូត ដល់សព្វថ្ងៃនេះ។
សមត្ថកិច្ចឲ្យដឹងទៀតថា
ស្រាប់តែនៅថ្ងៃទី១៥ កក្កដា មានបុគ្គលិកក្រុមហ៊ុនម្នាក់
ដែលគេចេញចូល ធ្វើការនៅក្រសួងមហាផ្ទៃ បានឃើញឈ្មោះប៉ិច ហ៊ី
នៅធ្វើការទីនោះ ដោយឯកសណ្ឋានជាមន្រ្តីនគរបាលជាតិ។
ឃើញដូច្នោះគេបានយក រឿងនេះទៅប្រាប់ក្រុមហ៊ុន
ទើបក្រុមហ៊ុនចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវ
ច្បាប់
និងបានកសាងសំណុំរឿងនេះបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពពី Free Press Magazine
