សំរាម នៅគ្រប់ទីកន្លែង ក្នុងក្រុងភ្នំពេញ ដោយសារតែកម្មករ ក្រុមហ៊ុនស៊ិនទ្រីវេន យប់មិនប្រមូល
ភ្នំពេញ៖ សំរាមនៅពាសពេញ
គ្រប់កន្លែង នៅរាជធានីភ្នំពេញ ដោយសារតែ ក្រុមកម្មករ ក្រុមហ៊ុន ស៊ិនទ្រី
វេនយប់ មិនព្រមចេញមកប្រមូល ដោយសារតែពួកគេបាន ធ្វើបាតុកម្មប្រឆាំងប្រធាន
ក្រុមហ៊ុន ដែលបាន ចោទពួកគេថា បានលួចបូមប្រេង យកទៅលក់
ហើយគំរាមប្តឹងសមត្ថកិច្ច ចាប់ខ្លួនពួកគេទៀត។
លោក ឃឹម ដែលជាប្រជាពលរដ្ឋ
ម្នាក់រស់នៅជិតផ្សារចាស់ ក្នុងសង្កាត់ផ្សារ ខណ្ឌដូនពេញ បានរអ៊ូរទាំថា សំរាម
បានចាក់គរ នៅជិតផ្ទះរបស់គាត់ ហើយបានជះក្លិនស្អុយ បាចសាចចូលពេញផ្ទះ
ធ្វើឲ្យពិបាកដកដង្ហើម ជាពិសេស វាអាច នឹងធ្វើឲ្យប៉ះពាល់សុខភាព កូនរបស់គាត់។
លោកបានស្នើឲ្យបុគ្គលិក ប្រមូលសំរាមវេនយប់ទាំងនោះ ចេញមកប្រមូលសំរាម ដូចសព្វដងមក បើមិនចឹងទេ សំរាមពិតជាគរដូចភ្នំ ជាក់ជាមិនខានឡើយ។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ដែលផ្ទះរបស់គាត់នៅ
មុខផ្សារកណ្តាល បានឲ្យដឹងស្រដៀង លោក ឃឹម ថា សំរាម បាននៅគរ ជាពំនូកយ៉ាងធំ
ដោយសារតែប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សេងទៀត បានយកមកចោល។
កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤
ក្រុមកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ប្រមាណ ជា៥០នាក់ បាននាំគ្នាតវ៉ា ប្រឆាំង
ថៅក្រុមហ៊ុន ដែលបានចោទពួកខ្លួនថា បានលួចបូមប្រេង យកទៅលក់
ដោយបានគំរាមប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនទៀត ដូច្នេះកម្មករក៏បាននាំផ្អាក
ប្រមូលសំរាម ប្រសិនបើភាគីក្រុមហ៊ុន មិនព្រមដកការចោទប្រកាន់
និងមិនបញ្ជាក់ឲ្យ បានច្បាស់ពី បញ្ហានេះទេ ពួកគេនឹងមិនចេញធ្វើការឡើយ។
សូមបញ្ជាក់ថា ក្រុមកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រី
កាលពីខែកុម្ភៈ ឆ្នាំនេះ ពួកគេបានតវ៉ាអស់ ជាច្រើនថ្ងៃម្តង មកហើយ
ទាមទារឲ្យក្រុមហ៊ុន ដំឡើងប្រាក់ខែជូនពួកគេ។ ទម្រាំការចរចាឈាន
ដល់ការព្រមព្រៀង សំរាមត្រូវ បានគរចោល ក្នុងរាជធានីភ្នំពេញ
ជាច្រើនថ្ងៃបង្អួតក្រុមអ្នកទេសចរ ៕