ពលរដ្ឋក្នុងខណ្ឌសែនសុខជិត ១ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុនលុបបឹងរបស់រដ្ឋ
ប្រជាពលរដ្ឋប្រមាណជា ៨០០នាក់
ក្នុងខណ្ឌសែនសុខជាយរាជធានីភ្នំពេញ
ប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាថ្មីទៀតប្រឆាំងនឹងក្រុមហ៊ុនមួយ
កំពុងបូមខ្សាច់លុបបឹងសំរោង
ដែលប្រជាពលរដ្ឋអាស្រ័យផលតាំងពីយូរមកហើយ។
ពលរដ្ឋរងគ្រោះលោក ហៀង វុត្ថា ប្រាប់ VOD នៅព្រឹកថ្ងៃអាទិត្យទី ៦ ខែ មិថុនានេះ ឲ្យដឹងថា
ប្រជាពលរដ្ឋជាង ៨០០នាក់ ក្នុងចំណោម
៥០០គ្រួសារ ប្រមូលផ្តុំគ្នានៅលើបឹងមានជម្លោះនោះ
ដើម្បីការពារកុំឲ្យក្រុមហ៊ុន បន្តបូមខ្សាច់ពន្លិចបឹងនោះ។ លោក
បន្តថា ប្រជាពលរដ្ឋបេ្តជ្ញាមិនអនុញ្ញាតឲ្យក្រុមហ៊ុន
បូមខ្សាច់ពន្លិចបឹងទេ
ព្រោះបឹងនោះបានផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងធ្វើស្រែចំការ
និងការនេសាទជាដើម។ លោកឲ្យដឹងបន្ថែមទៀតថា
លោកនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យ អភិរក្សបឹងសំរោងនេះ
ទុកឲ្យប្រជាជនប្រើប្រាស់ទឹកសម្រាប់ធ្វើស្រែទៀតផង។
ចៅសង្កាត់សំរោង លោក យឹន អ៊ីម មានប្រសាសន៍ថា
កាលពីថ្ងៃទី ៤ ខែមិថុនា លោក បានបញ្ជូនរបាយការណ៍ទៅថ្នាក់លើ
ដោយស្នើសុំឲ្យក្រុមហ៊ុនផ្អាកការបូមខ្សាច់សិន
រង់ចាំមានដំណោះស្រាយសមរម្យ។ លោកបន្តថា
របាយការណ៍ទាំងនោះក៏បានសំណូមពរឲ្យក្រុមហ៊ុន ផ្តល់សំណងជាមុន
និងត្រូវរក្សាផ្ទៃបឹង ៣៣៦ ហិកតា ដែលមានក្នុងអនុក្រឹត្យ
មុននឹងចាប់ផ្តើមធ្វើការអភិវឌ្ឍ។
លោក យឹន អ៊ីម ឲ្យដឹងទៀតថា
កន្លងទៅក្រុមហ៊ុនដាក់លិខិតឲ្យលោកចុះហត្ថលេខាទទួលស្គាល់
ដើម្បីលុបបឹងនោះ ព្រោះខណ្ឌ
និងរាជធានីបានអនុញ្ញាតឲ្យក្រុមហ៊ុននោះលុបបឹងហើយ។
តែទោះជាយ៉ាងលោកមិនបានចុះហត្ថលេខាព្រមព្រៀងទេ
ព្រោះប្រជាពលរដ្ឋរាប់រយគ្រួសារកំពុងតែអាស្រ័យផលលើបឹងនេះ។
លោកបន្តថា ប្រជាពលរដ្ឋ១១០១នាក់បានផ្តិតមេដៃសុំអន្តរាគមន៍ពីលោក
ដើម្បីបញ្ឈប់គម្រោងចង់លុបបឹងសំរោងនេះ។
VOD មិនទាន់អាចទាក់ទងលោកស្រី ឡាយ ហៀង ប្រធានក្រុមហ៊ុនឡាយងី ដើម្បីសុំការអធិប្បាយបានទេ។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេស
សិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ មានប្រសសាសន៍ថា
ការដែលប្រជាពលរដ្ឋគ្រោងតវ៉ាប្រឆាំងនឹងការលុបបឹងនោះជា
ការត្រឹមត្រូវ ព្រោះបឹងនោះកើតមានតាំងពីបុរាណ
ហើយពលរដ្ឋពឹងផ្អែកលើបឹងនេះ ដើម្បីធ្វើកសិកម្ម។ លោកបន្តថា
អាជ្ញាធរដែលអនុញ្ញាតឲ្យក្រុមហ៊ុនលុបបឹងនោះគួរបញ្ឈប់ជាបន្ទាន់។
អាជ្ញាធរមូលដ្ឋានឲ្យដឹងថា
ប្រជាពលរដ្ឋ៨០ភាគរយនៅទីនោះ បានធ្វើស្រែដល់ទៅ៤៥៤ហិកតា
ដោយពឹងលើទឹកបឹងដែលមានទំហំ៣៣៦ហិកតានេះ៕
ប្រភពពី vodhotnews.com