តើហេតុអ្វីរដ្ឋាភិបាលកម្ពុជា ចាប់អារម្មណ៍តិចតួចពី ប្រវត្តិសាស្ត្រកម្ពុជាក្រោម?
មន្ត្រីស្ថានទូតវៀតណាម អះអាងថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់ប្រទេសវៀតណាម ជាយូរយារណាស់មកហើយ។
ចំណែកខ្មែរ
ក្រោមវិញ ទាមទារឲ្យរដ្ឋាភិបាលវៀតណាម
បង្ហាញឯកសារប្រវត្តិសាស្ត្រដែលថា ទឹកដីនេះជារបស់ជនជាតិយួន
ហើយបើគ្មានឯកសារទេ វៀតណាម ត្រូវសុំទោសពលរដ្ឋខ្មែរជាសាធារណៈ។
រីឯពីខាងរដ្ឋាភិបាលកម្ពុជា វិញ
ហាក់នៅសម្ងំស្ងៀមចំពោះបញ្ហានេះនៅឡើយ។
តើហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជា ចាប់អារម្មណ៍តិចតួចពីបញ្ហាប្រវត្តិសាស្ត្រកម្ពុជាក្រោម?3
ការឆ្លើយឆ្លងពាក្យសម្ដីគ្នារវាងមន្ត្រី
ស្ថានទូតវៀតណាម ប្រចាំកម្ពុជា និងអង្គការសមាគមខ្មែរកម្ពុជាក្រោម
បានកើតឡើងអស់រយៈពេលជិត ១ខែមកហើយ
គឺបន្ទាប់ពីអង្គការសមាគមខ្មែរកម្ពុជាក្រោម
ប្រារព្ធខួបបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ ខែមិថុនា
មកម្ល៉េះ ដែលចាប់ពីពេលនោះមក
ខ្មែរក្រោមសម្ដែងការខកចិត្តចំពោះការថ្លែងរបស់មន្ត្រីវៀតណាម
ដែលពួកគេអះអាងថា ជាការបំភ្លៃប្រវត្តិសាស្ត្រ
និងជាការប្រមាថមើលងាយរបស់វៀតណាម មកលើប្រជាពលរដ្ឋខ្មែរទាំងមូល។
ចំណែកមន្ត្រីស្ថានទូតវៀតណាម
ក៏សម្ដែងការមិនសប្បាយចិត្តចំពោះខ្មែរក្រោម ដែលគេចោទប្រកាន់ថា
បានលើកឡើងនូវរឿងរ៉ាវដែលគ្មានភស្តុតាងប្រវត្តិសាស្ត្រ
គ្មានមូលដ្ឋានច្បាប់ និងជាការបោកប្រាស់មួលបង្កាច់មតិមហាជន។
ជុំវិញបញ្ហានេះ រដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
មានប្រសាសន៍នៅថ្ងៃទី២៦ ខែមិថុនា ថា
រដ្ឋាភិបាលមិនត្រូវការឆ្លើយឆ្លង
ឬក៏ប្រតិកម្មចំពោះពាក្យសម្ដីរបស់បុគ្គលណាមួយឡើយ។ លោកថា
បញ្ហានេះវាមិនមានសារសំខាន់សម្រាប់រដ្ឋាភិបាលកម្ពុជា
ដែលត្រូវទៅជជែកតតាំង ឬត្រូវទៅពិចារណាអំពីបញ្ហានេះឡើយ ដោយលោកថា
ដោយសាររដ្ឋាភិបាលឈរនៅលើច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
ព្រមទាំងច្បាប់ជាតិ និងអន្តរជាតិនានា។
លោក ផៃ ស៊ីផាន អះអាងថា ទាំងនេះ
គឺជាគោលការណ៍នីតិរដ្ឋ ដែលកម្ពុជា អនុវត្តតាំងពីឆ្នាំ១៩៩៣ មក។
លោកថា ចំពោះប្រវត្តិសាស្ត្រវាពិតប្រាកដយ៉ាងណានោះ
គេអាចនាំគ្នាអានសៀវភៅបាន៖ «យើងអត់យកចិត្តទុកដាក់អ្វីដែល
យើងពិចារណា គឺស្ថិតក្នុងរដ្ឋធម្មនុញ្ញ ស្ថិតក្នុងច្បាប់ជាតិ
និងអន្តរជាតិ ដែលយើងជាសមាជិកអង្គការសហប្រជាជាតិ ជាពិសេស
យើងបានចុះហត្ថលេខាជាមួយសន្ធិសញ្ញា ឡាវីយ៉ែន (Vienna Convention)
នៅអង្គការសហប្រជាជាតិ គួរនាំគ្នាពិចារណាអាហ្នឹងវិញ»។
ជាការពិតណាស់ ពលរដ្ឋកម្ពុជា
កម្រឃើញណាស់ថា រដ្ឋាភិបាលកម្ពុជា ប្រតិកម្ម
ឬតបតជាមួយរដ្ឋាភិបាលវៀតណាម
ជាពិសេសនៅពេលដែលមានរឿងរ៉ាវពាក់ព័ន្ធនឹងបញ្ហាកម្ពុជាក្រោម។
កុំថាឡើយបញ្ហាធំដុំ
សូម្បីតែពេលខ្មែរក្រោមរៀបចំពិធីរំឭកខួបបាត់បង់ទឹកដីម្តងៗ
ក៏រដ្ឋាភិបាលកម្ពុជា បានបង្កការលំបាកដល់ខ្មែរក្រោមដែរ។ ប្រការនេះ
ត្រូវបានគេមើលឃើញថា រដ្ឋាភិបាលកម្ពុជា
ហាក់រងនូវគំនាបរបស់រដ្ឋាភិបាលទីក្រុងហាណូយ
ដែលជាអ្នកមានគុណរបស់ខ្លួន។
សម្រាប់អ្នកវិភាគព្រឹត្តិការណ៍សង្គម
ឯករាជ្យ លោក កែម ឡី យល់ឃើញថា បញ្ហានេះ
គឺមានផលប៉ះពាល់ធំធេងណាស់សម្រាប់សង្គមខ្មែរ។ លោកថា
នៅពេលដែលវៀតណាម ចេះតែលើកពីប្រវត្តិសាស្ត្រនេះម្តងហើយម្តងទៀត
ខណៈដែលរដ្ឋាភិបាលកម្ពុជា ព្យាយាមនៅសម្ងំស្ងៀម
វានឹងធ្វើឲ្យក្មេងៗជំនាន់ក្រោយបាត់បង់នូវប្រវត្តិសាស្ត្រ
ឬបាត់បង់នូវអ្វីដែលខ្លួនបាត់បង់រួច
ហើយនឹងអាចបាត់បង់នូវអ្វីៗបន្ថែមទៀតនៅពេលខាងមុខ។
លោក កែម ឡី៖ «ប្រទេសនីមួយៗគេការពារផល
ប្រយោជន៍ ដោយឡែកប្រទេសកម្ពុជា
វាហាក់បីដូចជាមានភាពស្ទាក់ស្ទើរនៅក្នុងការការពារផលប្រយោជន៍
ខ្មែរ វាសំខាន់យួន ដែលនិយាយនេះ វាជាមេរៀនមួយ
កំពុងតែបង្រៀនរដ្ឋាភិបាលកម្ពុជា ថា
អ្នកត្រូវតែរៀបចំប្រវត្តិសាស្ត្រខ្មែរឡើងវិញ
អ្នកត្រូវតែបង្រៀនកូនខ្មែរឲ្យដឹងថា ទឹកដីកម្ពុជាក្រោម ហ្នឹង
វាជាទឹកដីអ្នកណា គេកំពុងតែបង្រៀនយើង
ប៉ុន្តែបើសិនជាយើងកូនសិស្សមិនល្អ យើងអត់យកចិត្តទុកដាក់
ប្រហែលជាយើងអាចភ្លេចប្រវត្តិសាស្ត្រហ្នឹងក៏ថាបាន»។
លោក កែម ឡី កត់សម្គាល់បន្តថា
បើទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលកម្ពុជា នឹងមិនហ៊ានធ្វើអ្វីឡើយ
ដោយលោកចាត់ទុកថា រដ្ឋាភិបាលកម្ពុជា
សព្វថ្ងៃហាក់កំពុងត្រូវបានគេដាក់ឲ្យស្ថិតនៅក្នុងទ្រុងដែកមួយ
ដែលពិបាកនឹងធ្វើដំណើរ។ ទោះជាយ៉ាងណា អ្នកវិភាគរូបនេះ
ហាក់មានសុទិដ្ឋិនិយមចំពោះយុវវ័យខ្មែរជំនាន់ក្រោយ ដែលលោកថា
អាចកសាងផ្លូវមួយដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា៖ «ទាំង
ខ្មែរលើទាំងខ្មែរក្រោម ត្រូវរៀបចំឯកសារឲ្យល្អតាំងពីពេលនេះទៅ
ក្នុងកាលៈទេសៈណាមួយដែលយុវវ័យជំនាន់នេះ នឹងឡើងកាន់អំណាច
ប្រហែលជាគាត់មានបេះដូងខ្មែរច្រើនជាងអ្នកដឹកនាំជំនាន់នេះ។
គាត់អាចនឹងធ្វើការតវ៉ាបាន ឲ្យតែអ្វីជារបស់ខ្មែរ ទោះបីជា
៥០ឆ្នាំ ១០០ឆ្នាំ ១ពាន់ឆ្នាំ ក៏យើងត្រូវតែទាមទារមកវិញដែរ។
យើងមិនអាចលុបបំបាត់បានទេ ហើយឥទ្ធិពលហ្នឹងវាច្រើនហួសទៅហើយ
ដែលសូម្បីតែកោះដែលទើបតែបាត់ថ្មីៗ ក៏គេបំភ័ន្តភ្នែកថា
គេមិនមែនជាអ្នកធ្វើឲ្យបាត់ទៅទៀត។
អាហ្នឹងហើយដែលជាការដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរឈឺចាប់បន្ថែមទៅ
ទៀត»។
យុវវ័យខ្មែរក្នុងពេលបច្ចុប្បន្ន
ហាក់យល់ដឹងច្រើនអំពីបញ្ហាកម្ពុជាក្រោម។ លើសពីនេះ
ពួកគេក៏ចូលរួមយ៉ាងសកម្ម
ក្នុងការលើកកម្ពស់ការយល់ដឹងអំពីទឹកដីកម្ពុជាក្រោម ផងដែរ។
ជាក់ស្តែង ជិតដល់ថ្ងៃប្រារព្ធខួបបាត់បង់ទឹកដីកម្ពុជាក្រោម
កាលពីដើមខែមិថុនា កន្លងមកនេះ យុវជនកម្ពុជា
បានចែករំលែកព័ត៌មានគ្នា និងបញ្ចេញមតិសម្ដែងការគាំទ្រ
និងស្រឡាញ់ទឹកដីកម្ពុជាក្រោម នៅតាមបណ្ដាញសង្គមនានា ជាពិសេស
គឺបណ្ដាញសង្គមហ្វេសប៊ុក (Facebook) តែម្តង។ លើសពីនេះ
រហូតដល់មានយុវជនខ្លះពាក់អាវមានទង់ជាតិខ្មែរក្រោម ពណ៌ខៀវ លឿង
ក្រហម
និងបិទរូបទង់ជាតិខ្មែរកម្ពុជាក្រោមនៅលើថ្ពាល់របស់ពួកគេផងដែរ
ដែលករណីនេះ គេកម្របានឃើញណាស់ពីមុនមក។
ចំពោះអ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត
សុខ ទូច វិញ លោកមានប្រសាសន៍ថា បញ្ហាកម្ពុជាក្រោម
គឺជាមេរៀនប្រវត្តិសាស្ត្រទុកសម្រាប់ឲ្យកូនខ្មែរ
និងអ្នកនយោបាយខ្មែរ រៀនសូត្រតាម
ដើម្បីកុំឲ្យដើរលើគន្លងចាស់របស់អ្នកដឹកនាំជំនាន់មុន។
ទោះជាយ៉ាងណា លោកថា
ខ្មែរក្រោមមិនអាចសង្ឃឹមទៅលើអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជា
បានឡើយនៅពេលនេះ ព្រោះលោកថា កម្ពុជា
សព្វថ្ងៃទប់ខ្លួនឯងសឹងតែមិនជាប់ផង។ លោកថា
ពេលនេះខ្មែរក្រោមត្រូវពឹងលើខ្លួនឯង។
លោកបណ្ឌិត សុខ ទូច៖ «បងប្អូនខ្មែរ
កម្ពុជាក្រោមហ្នឹង គាត់ត្រូវតែក្រោកឈរឡើង។
គាត់ត្រូវបង្ហាញអំពីកម្លាំង ប៉ុន្តែកម្ពុជា គឺជាភាគីគាំទ្រ
មិនអាចភាគីកម្ពុជា ទៅចេញមុខទេ ពីព្រោះយើងដឹងហើយថា
ខ្មែរកម្ពុជាក្រោម ទទួលស្គាល់ជាអន្តរជាតិថាជារបស់វៀតណាម។
អ៊ីចឹងទេ ប្រជាជនកម្ពុជាក្រោម ជាសញ្ជាតិវៀតណាម
មានសិទ្ធិតតាំងរឿងនោះ
ដើម្បីកុំឲ្យបាត់បង់នូវជាតិពន្ធុរបស់ខ្លួននៅក្នុងទឹកដីវៀតណាម
ហើយជាតិពន្ធុនេះ មានយូរយារណាស់មកហើយ ហើយមិនមែនជារបស់វៀតណាម ទេ
ហើយកម្ពុជា គាំទ្រទៅលើឯកសារ
គាំទ្រទៅលើការស្នើសុំរបស់ខ្មែរកម្ពុជាក្រោម»។
យ៉ាងណាក៏ដោយ
បើនិយាយពីលក្ខណៈប្រវត្តិសាស្ត្រវិញ លោកបណ្ឌិត សុខ ទូច ថា កម្ពុជា
នៅតែអាចទាមទារឲ្យវៀតណាម ទទួលស្គាល់ថា ទឹកដីកម្ពុជាក្រោម
គឺជាអតីតទឹកដីរបស់កម្ពុជា បាន។ លើសពីនេះ លោកថា សិស្ស និស្សិត
បញ្ញវ័ន្ត ឬអ្នកប្រវត្តិសាស្ត្រខ្មែរ ជាដើម
មានសិទ្ធិប្រកាសទាមទារឲ្យវៀតណាម ទទួលស្គាល់ការពិត ហើយថា
អ្នកទាំងនោះអាចមានសិទ្ធិធ្វើការតវ៉ាទាមទារនៅមុខស្ថានទូតវៀតណាម
បាន ប្រសិនបើការតវ៉ានោះធ្វើឡើងដោយអហិង្សា។
ប៉ុន្តែ រហូតមកទល់ពេលនេះ
ក្រៅតែពីអង្គការសមាគមខ្មែរកម្ពុជាក្រោម
ដែលជាអ្នកចេញមុខទាមទារឲ្យរដ្ឋាភិបាលវៀតណាម
ទទួលស្គាល់ប្រវត្តិសាស្ត្រពិត ពុំឃើញមានបញ្ញវ័ន្ត
ឬក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរណាមួយ
ចេញមុខប្រកាសជាផ្លូវការទាមទារឲ្យរដ្ឋាភិបាលវៀតណាម
បកស្រាយឡើងវិញអំពីប្រវត្តិសាស្ត្រនេះឡើយ។ ប្រការនេះ
ត្រូវបានគេមើលឃើញថា
ក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរហាក់យកចិត្តទុកដាក់តិចតួចអំពី
បញ្ហានេះ។ និយាយបែបផ្សេង ពួកគេហាក់ញញើតញញើមក្នុងការចេញមុខតតាំង
ដើម្បីធ្វើឲ្យប្រជាជាតិខ្មែរអស់មន្ទិលសង្ស័យ។ ការសម្ងំស្ងៀមនេះ
ក៏ហាក់មានន័យថា
អ្នកប្រវត្តិសាស្ត្រខ្មែរមិនបានឲ្យតម្លៃទៅលើការស្រាវជ្រាវរបស់
ខ្លួនពីមុនមកនោះឡើយ ហើយក៏ហាក់មានន័យថា
ពួកគេកំពុងទទួលយកការលើកឡើងរបស់មន្ត្រីវៀតណាម តែម្តង៕
ប្រភពពី វិទ្យុអាស៊ីសេរី